កម្ពុជា-សង្គម

ក្រសួងពាណិជ្ជកម្ម នៅតែឈរលើជំហរការពារសុខុមាលភាពពលរដ្ឋ ទោះឥណ្ឌាមិនទទួលស្គាល់ថាសាច់ក្របីបង្កកឥណ្ឌាមានកូវីដក្តី

សាច់ក្របីបង្កកពីឥណ្ឌា
សាច់ក្របីបង្កកពីឥណ្ឌា © សហការី

ក្រសួងពាណិជ្ជកម្មប្រាប់វិទ្យុបារាំងនាថ្ងៃទី៣១កក្កដានេះ កម្ពុជានៅតែឈរលើគោលជំហរការពារសុខុមាលភាពប្រជាពលរដ្ឋ ទោះបីភាគីឥណ្ឌាមិនទទួលស្គាល់ថា សាច់បង្កករបស់ខ្លួនមានវីរុសកូវីដ១៩យ៉ាងណាក្តី។

ផ្សាយពាណិជ្ជកម្ម

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៣១កក្កដានេះ  អះអាងថា កម្ពុជាចាំបាច់ត្រូវតែការពារអោយបាននូវសុខភាពប្រជាពលរដ្ឋ និងសុខភាពសាធារណៈ បើទោះជាស្ថិតក្នុងកាលៈទេសណាក៏ដោយ ជាពិសេសក្នុងបរិបទរាតត្បាតកូវីដ១៩នេះ។

ការលើកឡើងរបស់ក្រសួងពាណិជ្ជកម្មដូច្នេះធ្វើឡើង ក្រោយស្ថានទូតឥណ្ឌាជំទាស់ និងស្នើឲ្យកម្ពុជាយកសាច់ក្របីដែលត្រូវបានរកឃើញមានវីរុសកូវីដ១៩ ទៅពិនិត្យឡើងវិញ។ ស្ថានទូតឥណ្ឌាក៏បានស្នើឲ្យមានការធ្វើតេស្តនៅប្រទេសសិង្ហបុរីផងដែរ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ បន្ថែមថា ប្រតិកម្មពីស្ថានទូតឥណ្ឌាចាំបាច់ត្រូវមានអំណះអំណាង និងទឡ្ហីករណ៍បែបវិទ្យាសាស្ត្រត្រឹមត្រូវ។ ចំពោះភាគីកម្ពុជា តាមរយៈក្រសួងសុខាភិបាលដែលជាស្ថាប័នជំនាញ បានរកឃើញហើយថាសាច់ក្របីបង្កកមកពីឥណ្ឌានោះ ពិតជាមានផ្ទុកវីរុសកូវីដពិតមែន។

សូមជម្រាបជូនថា ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីការរកឃើញវីរុសកូវីដ១៩នៅក្នុងសាច់ក្របីបង្កកចំនួន៣កុងតឺន័រក្នុងចំណោម៥កុងតឺន័រដែលនាំចូលមកពីប្រទេសឥណ្ឌា ដែលត្រូវបង្ហាញឱ្យដឹងជាសាធារណៈនៅថ្ងៃទី២៧កក្កដា។ ហើយសាច់ក្របីរាប់រយតោនដែលមានវ៉ីរុសកូវីដទាំងនោះ ត្រូវបានអះអាងថា បានដុតបំផ្លាញចោល នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨កក្កដា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI