កម្ពុជា-កូវីដ១៩

អង្គការសុខភាពពិភពលោកជំរុញឲ្យបង្កើនសកម្មភាពប្រឆាំងនឹងកូវីដ១៩បំប្លែងខ្លួនថ្មីនៅកម្ពុជា

ប្រជាជនកម្ពុជាក្នុងអំឡុងពេលវត្តមាននៃវីរុសកូរ៉ូណា ឬហៅថា កូវីដ១៩
ប្រជាជនកម្ពុជាក្នុងអំឡុងពេលវត្តមាននៃវីរុសកូរ៉ូណា ឬហៅថា កូវីដ១៩ REUTERS - STRINGER

អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​ចេញ​មុខ​មក​ព្រមាន​ជា​ថ្មី​ទៀត​ថា​ កម្ពុជា​កំពុង​តែ​ប្រណាំង​ប្រជែង​ជាមួយ​នឹង​មេរោគ​កូវីដ១៩​បំប្លែង​ខ្លួន​ថ្មី ​ដូច្នេះ​គឺ​ត្រូវ​បង្កើន​សកម្មភាព​នៅ​ថ្ងៃ​នេះ​ ដើម្បី​កុំ​ឲ្យ​សោក​ស្តាយ​នៅ​ថ្ងៃ​ក្រោយ​។​ បើ​តាម​WHO ​ជំងឺ​រាតត្បាត​មួយ​នេះ​ស្ថិត​នៅ​ឆ្ងាយ​ពី​ទី​បញ្ចប់​ ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយសារ​កូវីដ១៩​ជាប្រចាំថ្ងៃនៅតែមានកម្រិតខ្ពស់។

ផ្សាយពាណិជ្ជកម្ម

«ប្រទេសកម្ពុជា​កំពុង​ស្ថិត​ក្នុង​ពេល​វេលាដ៏សំខាន់មួយ។ ​រដ្ឋាភិបាល​បានសម្រេចចិត្ត​ដោយ​ម៉ឺងម៉ាត់​ក្នុង​ការ​បិទ​ខ្ទប់ភូមិ​សាស្ត្រ​ខេត្ត​ចំនួន​៨​ ដែល​ភាគ​ច្រើន​នៅជាប់​ព្រំដែន​ និង​ដាក់​ចេញ​យុទ្ធនាការ​ពង្រឹង​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​កូវីដ១៩​ទូទាំង​ប្រទេស​ដែលជា​ជំហាន​សំខាន់​មួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរាតត្បាតមួយនេះ​ជាពិសេស​ឆ្លើយតបទៅ​កូវីដបំប្លែង​ខ្លួនថ្មី Delta Variant»។ នេះ​គឺជា​លើក​ឡើង​​របស់​លោកស្រី លី អៃឡាន តំណាង​អង្គការ​សុខភាពពិភពលោក​ប្រចាំ​កម្ពុជា​នៅថ្ងៃទី៣០កក្កដា។

បើតាមWHO មិនមានវិធានការតែមួយណា​អាចទប់​ស្កាត់​ការ​ចម្លង​បានទេ គឺទាមទារ​ឲ្យ​មាន​ការសហការគ្នា​ប្រកប​ដោយ​ប្រសិទ្ធភាពនៃវិធានការ​សុខភាព​សាធារណៈ និង​សង្គម​ដែល​ផ្អែក​លើ​ហានិភ័យ។

ការ​ផ្អាក​ការ​ធ្វើ​ដំណើរដែល​មិនចាំបាច់ ការ​រឹត​បន្តឹង​ការ​ប្រមូល​ផ្តុំ​ ពិសេស​កន្លែង​បិទ​ជិត ត្រូវតែ​អនុវត្ត​ឲ្យបានពេញ​លេញ តែ​អនុញ្ញាតឲ្យអាជីវករ​ដែល​មានសុវត្ថិភាព​អាច​ដំណើរការឡើងវិញ។ ជាមួយគ្នានេះ ការដាក់​ចេញ​វិធានការ​កាត់​បន្ថយ​ហានិភ័យ​នៅក្នុង​វិស័យអាជីវកម្ម និង​នៅកន្លែង​ការងារ គឺចាំបាច់​ដើម្បី​ធានាដល់​ការ​បើក​ដំណើរ​ការ​ឡើងវិញ​ប្រកប​ដោយ​សុវត្ថិភាព។ នេះបើតាម​អង្គការ​សុខភាព​ពិភពលោក។

ការចេញ​មកព្រមានសារជាថ្មីទៀត​របស់​អង្គការWHO គឺនៅគ្រា​ដែលមេរោគ​កូវីដ១៩បំប្លែង​ខ្លួន​ថ្មី ​កំពុងត្រូវ​បាន​រក​ឃើញ​ទៅ​លើ​ពលករ​ខ្មែរដែល​វិលមកពីប្រទេសថៃ ហើយជំងឺឆ្លងសាហាវមួយនេះ ​កំពុង​វាយ​លុក​ទៅ​ដល់​សហគមន៍។​

គួរឲ្យដឹងថា យ៉ាងហោចណាស់​កូវីដ១៩បំប្លែង​ខ្លួន​ថ្មីចំនួន១១៤​ករណី​ត្រូវបាន​រកឃើញ​នៅកម្ពុជាគិត​ពី​ថ្ងៃទី៣១​មីនា​ដល់​ថ្ងៃទី២៥​កក្កដា។​ភាគ​ច្រើន​បំផុត​នៃអ្នក​ឆ្លង​ជំងឺនេះជាពលករចំណាកស្រុក​របស់​កម្ពុជា​ដែល​ចូលមកវិញ​តាម​ច្រក​អូស្មាច់​ខេត្ត​ឧត្តរមានជ័យ និង​ខេត្តបន្ទាយមានជ័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI