កម្ពុជា-អាមេរិក

អ្នកនាំពាក្យ៖ ការបន្តប្រព័ន្ធអនុគ្រោះពន្ធGSP ជាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក

ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកលោក ជុំ សុន្ទរី ក្នុងជំនួបជាមួយអ្នកស្រីCarol Millerសមាជិកសភាសហរដ្ឋអាមេរិកមកពីរដ្ឋ West Virginia នៃអនុគណ:កម្មការ Ways and Means Trade Subcommittee រួមនឹងមន្រ្តីជាន់ខ្ពស់មួយចំនួន នៅឯវិមានសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោន
ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកលោក ជុំ សុន្ទរី ក្នុងជំនួបជាមួយអ្នកស្រីCarol Millerសមាជិកសភាសហរដ្ឋអាមេរិកមកពីរដ្ឋ West Virginia នៃអនុគណ:កម្មការ Ways and Means Trade Subcommittee រួមនឹងមន្រ្តីជាន់ខ្ពស់មួយចំនួន នៅឯវិមានសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោន © FB/The Royal Embassy of Cambodia to the United State

ក្រសួង​ពាណិជ្ជកម្ម​តាម​រយៈ​អ្នក​នាំ​ពាក្យ​នៅ​ថ្ងៃ​សៅរ៍​ទី​៣១​កក្កដា​​នេះ ​បាន​បញ្ជាក់​ថា​ ការ​ដែល​អាច​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​GSP​បាន​បន្ត​ទៀត​ឬ​យ៉ាង​ណា​គឺ​ ជា​ការ​សម្រេច​ចិត្ត​ជា​ឯកតោ​ភាគី​របស់​សហរដ្ឋអាមេរិក​ ខណៈ​ដែល​ភាគី​កម្ពុជា​នៅតែ​ព្យាយាម​បញ្ចុះបញ្ចូល​សហរដ្ឋអាមេរិក​។ ការ​បញ្ជាក់​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​ជួប​ពិភាក្សា​ជាមួយ​ក្រុម​មន្រ្តី​ជាន់​ខ្ពស់​អាមេរិក​ពី​ការ​ជំរុញ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​។

ផ្សាយពាណិជ្ជកម្ម

«កម្ពុជានៅតែចង់រក្សាទីផ្សារមួយចំនួននៅលើពិភពលោក ដែលជាផ្នែកមួយនៃសេដ្ឋកិច្ចការទូតកម្ពុជា»។ នេះគឺជាការបញ្ជាក់ពីលោកប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ ក្នុងគោលបំណងនេះទើបកម្ពុជាព្យាយាមបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឲ្យបន្តប្រព័ន្ធអនុគ្រោះពន្ធGSPដល់កម្ពុជា ត្បិតប្រព័ន្ធអនុគ្រោះពន្ធGSPនេះបានអស់សុពលភាពតាំងពីចុងឆ្នាំ២០២០។

បើតាមអ្នកនាំពាក្យរូបនេះ សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍដូចកម្ពុជា មិនថាប្រព័ន្ធអនុគ្រោះពន្ធGSP ប្រព័ន្ធអនុគ្រោះពន្ធEBA ឬកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនោះទេ សុទ្ធតែជាចំណែកបើកច្រកទីផ្សាររបស់កម្ពុជា។ សម្រាប់ការបន្តបាននូវប្រព័ន្ធអនុគ្រោះពន្ធGSPឬយ៉ាងណានោះ គឺជាការសម្រេចចិត្តជាលក្ខណៈឯកតោភាគីរបស់សហរដ្ឋអាមេរិក ខណៈដែលកម្ពុជាបាននិងកំពុងព្យាយាមបញ្ចុះបញ្ចូល​។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧កក្កដា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកលោក ជុំ សុន្ទរី ក្នុងជំនួបជាមួយអ្នកស្រីCarol Millerសមាជិក​សភាសហរដ្ឋអាមេរិក​មកពី​រដ្ឋ West Virginia នៃ​អនុគណ:កម្មការ​ Ways and Means ​Trade ​Subcommittee រួមនឹងមន្រ្តីជាន់ខ្ពស់មួយចំនួន នៅឯវិមានសភាក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ភាគីទាំងពីរបានពិភាក្សាផ្តោតចម្បងលើការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក និងជាពិសេសគឺការបន្តប្រព័ន្ធអនុគ្រោះពន្ធអាមេរិកGSP។

ក្រោយពីជំនួបនេះ មន្រ្តីទូតកម្ពុជារូបនេះក៏បានជួបជាមួយលោកPatrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជានៅឯក្រសួងការបរទេសអាមេរិក។ តាមរយៈបណ្តាញសង្គមធ្វីតធ័រលោក Patrick Murphy ភាគីទាំងពីរបានពិភាក្សាគ្នាពីទស្សនៈនៃទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក។

បើតាមរបាយការណ៍ កាលពីឆ្នាំ២០២០កន្លងទៅកម្ពុជា​បាន​នាំ​ទំនិញទៅ​សហរដ្ឋ​អាមេរិក​ក្នុង​ទំហំ​ជា​ទឹកប្រាក់​ចំនួន​៦,៥​ពាន់​លាន​ដុល្លារ​ដែល​ភាគច្រើន​ជា​ផលិតផល​សម្លៀក​បំពាក់។ ក្នុង​នោះទំហំ​ទឹកប្រាក់​ប្រមាណ​១ពាន់លាន​ដុល្លារ​មិនត្រូវបានគិតពន្ធក្រោមប្រព័ន្ធអនុគ្រោះពន្ធGSP។

បើតាមលោកប៉ែន សុវិជាតិ ភាគច្រើនទំនិញដែលកម្ពុជានាំចេញទៅសហរដ្ឋអាមេរិកក្រោមក្របខណ្ឌGSPនោះ មានដូចជាកាបូបធ្វើដំណើរ និងទំនិញមួយចំនួនទៀត។ រីឯការនាំចេញសំលៀកបំពាក់វិញ គឺកម្ពុជាត្រូវបង់ពន្ធក្រោមប្រព័ន្ធMFNរបស់អង្គការពាណិជ្ជកម្មពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI