កម្ពុជា-សង្គម

ប្រមុខរដ្ឋាភិបាលបង្ហើបថា ការបើកសាលាអាចធ្វើទៅបានរវាងចុងឆ្នាំនិងដើមឆ្នាំ២០២២

សាលារៀនដែលត្រូវបានបិទដោយសារការទប់ស្ដាត់ការរីករាលដាលជំងឺកូវីដ
សាលារៀនដែលត្រូវបានបិទដោយសារការទប់ស្ដាត់ការរីករាលដាលជំងឺកូវីដ © Internet

លទ្ធភាព​នៃ​ការ​បើក​សាលារៀន​     ឡើងវិញ​នៅ​រវាង​ចុង​ឆ្នាំ​២០២១​និង​ដើម​ឆ្នាំ​សិក្សា​ថ្មី​២០២២ ​ត្រូវ​បាន​លោក​នាយករដ្ឋម​ន្ត្រី ​ហ៊ុន​ សែន ​បង្ហើប​ជា​សាធារណៈ​នៅ​ថ្ងៃទី​១​សីហា​នេះ​ ក្នុង​សន្និសីទ​កាសែត​បើក​យុទ្ធនាការ​វ៉ាក់សាំង​ជូន​កុមារ​និង​យុវវ័យ​ចាប់​ពី​១២​ដល់​១៧​ឆ្នាំ​។  លោក ​ហ៊ុន សែន ​បាន​គូស​បញ្ជាក់​ទៀត​ថា ​ទំនុកចិត្ត​នៃ​ការ​បើក​សាលា​អាស្រ័យ​លើ​ល្បឿន​ចាក់​វ៉ាក់សាំង​ជូន​កុមារ​និង​យុវវ័យ​ចាប់​ពី​១២​ដល់​១៨​ឆ្នាំ​និង​មនុស្ស​ទូទៅ​ស្រោច​ស្រព​ឲ្យ​បាន​យ៉ាង​ហោច​បាន​៨១​ភាគរយ​ស្មើ​នឹង​ប្រមាណ​១៣​លាន​នាក់​។

ផ្សាយពាណិជ្ជកម្ម

ដើម្បី​ឲ្យ​ផែនការ​បើក​សាលា​ទ​ទួល​បាន​ជោគជ័យ​តាម​គម្រោង​នៅ​ចុង​ឆ្នាំ​នេះ​ឬ​ដើម​ឆ្នាំ​ថ្មី​២០២២ ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកទឹកចិត្តឲ្យអាណាព្យាបាលនាំកូនគ្រប់អាយុមកទទួលវ៉ាក់សាំង និងយុវវ័យដែលគ្រប់អាយុស្ម័គ្រមកទទួលវ៉ាក់សាំង។ កុមារនិងយុវវ័យដែលលោក ហ៊ុន សែន ចាត់ទុកថា ជាទំពាំងស្នង់ឬស្សីចាំបាច់ត្រូវរក្សាសុខភាពល្អពីតូចរហូតដល់ធំ។ តាមគម្រោងការបើកសាលាជំហានដំបូងនៅពេលខាងមុខផ្ដើមចេញពីសិស្សានុសិស្សអនុវិទ្យាល័យទៅមុន។

នៅ​ចំពោះ​មុខ​ការ​បិទ​សាលា​ក្នុង​បរិបទ​កូវីដ​១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្គាល់​ថា ជះផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​អប់រំ ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជាទោះ​​​ជា​ការ​សិក្សា​ដោយ​ផ្ទាល់ ត្រូវ​បាន​ជំនួស​ដោយ​ការ​សិក្សា​តាម​អនឡាញ​ក៏​ដោយ។

បើតាម​ប្រមុខរដ្ឋាភិបាល ផល​ប៉ះពាល់​បែប​នេះ​មិន​អាច​បន្ត​ទៀត​បាន​ទេ ដោយ​តម្រូ​វ​ឲ្យ​កម្ពុជា​ត្រូវ​បង្កើនល្បឿន​ចាក់​វ៉ាក់​សាំងចាក់វ៉ាក់សាំងជូនកុមារ១២ឆ្នាំ និងយុវវ័យឲ្យបានយ៉ាងហោចណាស់១៣លាននាក់ ឬប្រមាណ៨១ភាគរយ។ ក្រៅពីកុមារអាយុចាប់ពី១២ទៅ១៧ឆ្នាំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ចង់ឲ្យកុមារចាប់ពីអាយុ១០ដល់១១ឆ្នាំទទួលបានការចាក់វ៉ាក់សាំងដែរ តែត្រូវរងចាំមើលការអនុញ្ញាតពីអង្គការសុខភាពពិភពលោក(WHO)ជាមុនសិន។ ទំនុកចិត្តនៃការបើកសាលាឡើងវិញ ក៏ស្របពេលដែលគ្រូបង្រៀនប្រមាណ៨៥%បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩រួចហើយដែរ។

សូមជម្រាបជូនថា លទ្ធភាពនៃការបើកសាលាក៏ជាសេចក្ដីត្រូវយ៉ាងប្រញាប់ប្រញាល់របស់អ្នកបធ្វើការផ្នែកអប់រំផងនិងអង្គការក្រៅរដ្ឋាភិបាលដែរ។ អង្គការយូនីសេហ្វកាលពីថ្ងៃទី១៧មិថុនា លើកឡើងថា កម្ពុជាគួរដល់ពេលបើកសាលាវិញហើយដើម្បីជៀសវាងបញ្ហាកើតឡើងលើកុមារ។​ បញ្ហានេះបង្កឲ្យកុមារ និងយុវជនប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ។

តាមអង្គការយូនីសេហ្វ អត្រាកុមារឆ្លងជំងឺកូវីដ-១៩ គឺមានភាគរយតិចជាងមនុស្សចាស់ សូម្បីតែនៅពេល ដែលពួកគេឆ្លងជំងឺកូវីដ-១៩ ក៏ដោយ ពួកគេច្រើនតែមានរោគសញ្ញាស្រាលជាងមនុស្សពេញវ័យ។ យូនីសេហ្វ បានអះអាងដូច្នេះដោយផ្អែកលើការសិក្សា ស្រាវជ្រាវ និងភស្តុតាងថា សាលាបឋមសិក្សា សាលា មត្តេយ្យសិក្សា និងមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារតូច មិនមែនជាទីកន្លែងដែលមាន ហានិភ័យខ្ពស់ នាំឲ្យមាន ការឆ្លងជំងឺជាសកលនេះឡើយ បើសិនអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩បានត្រឹមត្រូវ។

សូមជម្រាបជូនថា កម្ពុជាបានបិទសាលាចំនួន៣ដងមកហើយដោយលើកទី៣នេះត្រូវបានអូសបន្លាយដោយសារព្រឹត្តការណ៍សហគម២០កុម្ភៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI