កម្ពុជា-សង្គម

រដ្ឋាភិបាលកម្ពុជាអះអាងថានឹងមិនដួលរលំដោយសារវិបត្តិថវិកាទេ ខណៈចំណូលពន្ធរំពឹងបាន៥ពាន់លានដុល្លារក្នុង១ឆ្នាំ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យពីអាយុ១២ដល់១៧ឆ្នាំ
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យពីអាយុ១២ដល់១៧ឆ្នាំ © SPM Page

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងនៅព្រឹក​ថ្ងៃអាទិត្យនេះថា រដ្ឋាភិបាល​របស់​លោក​នឹងមិន​ដួល​រលំ​ដូចអ្វី​ដែល​ក្រុម​អ្នក​រិះគន់​ធ្វើ​ការ​ព្យាករណ៍ទុកនោះទេ។ ក្រុមអ្នករិះគន់​ដែលភាគច្រើនជាមន្ត្រី​របស់​អតីត​បក្សប្រឆាំង​ធ្លាប់បានព្រមានថា រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន អាចអស់លុយបើក​ប្រាក់​ខែ​ឲ្យ​មន្ត្រី​រាជការនៅគ្រា​កូវីដ១៩​វាយលុក និង​មានការ​ដកហូត​ប្រព័ន្ធអនុគ្រោះពន្ធ។ ប៉ុន្តែ​បើតាមលោក ហ៊ុន សែន គ្រាន់ ប្រាក់ចំណូលពីការ​បង់​ពន្ធ​ក្នុង​១ឆ្នាំ​គឺកម្ពុជាអាចរកបាន៥ពាន់​លាន​ដុល្លារ​ដែល​លើស​ពីតម្រូវការ​នៃប្រាក់​ខែទៅទៀត។

ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខក្រុមអ្នកកាសែតរាប់សិបនាក់​ក្នុងពិធីបើក​ការ​ចាក់​វ៉ាក់សាំងការពារកូវីដ១៩​លើ​កុមារនិង​ក្មេង​ជំទង់​នៅថ្ងៃទី១សីហា លោកប្រមុខរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា ក្នុង​១ខែ​កម្ពុជា​អាច​រក​ចំណូលបាន​ពីការ​បង់​ពន្ធសរុបជាង៤០០លានដុល្លារ។ ប្រាក់ចំណូលទាំងនេះគឺបានមកពីការបង់ពន្ធដា​របស់​ពលរដ្ឋ និងបានមកពីការបង់ពន្ធរបស់វិស័យគយ។

បើតាម​លោក ហ៊ុន សែន គិតត្រឹម​ដំណាច់ខែកក្កដា គឺអគ្គនាយក​ដ្ឋាន​ពន្ធដា ​រកប្រាក់ចំណូល​បាន​ជាង​១ពាន់​៧រយ​លានដុល្លាររួចទៅហើយ ខណៈវិស័យគយ​រកបានជាង១ពាន់​៣រយ​លានដុល្លារ​ ពោលធ្លាក់ចុះ​ជាង​មុនពេលមានកូវីដ១៩​វាយលុក។

លោកប្រមុខរដ្ឋាភិបាល អះអាងថាទៀតថា គ្រាន់ប្រាក់ចំណូលបានមកពីការ​បង់​ពន្ធ​ក្នុង​១ឆ្នាំគឺកម្ពុជាអាចរកបានរហូតដល់ជាង៥ពាន់​លាន​ដុល្លារ​ដែល​លើស​ពីតម្រូវការ​នៃប្រាក់​ខែទៅទៀត។ នេះមិនទាន់​រាប់​បញ្ចូល​ប្រាក់​សន្សំជាង៣ពាន់​លានដុល្លារ​ដែល​ទើបចាយអស់ជាង១ពាន់​ដុល្លារនោះផង។ ដូច្នេះ​បើតាម​លោក ហ៊ុន សែន រដ្ឋាភិបាល​របស់លោក​នឹង​មិន​ដួរលំ​ដូចអ្វី​ដែលក្រុម​អ្នក​ប្រឆាំងធ្វើ​ព្យាករណ៍ទុកនោះឡើយ​។

បើតាម​លោក ហ៊ុន សែន ក្រៅពីប្រាក់​ចំណូល​បានមកពីការបង់​ពន្ធ និង​ប្រាក់សំន្សំ​ដែល​រដ្ឋាភិបាល​មាន​ក្នុង​ដៃចាយមិនទាន់អស់ គឺនៅមាន​ថវិកាពីសប្បុរសជនប្រមាណជា១៤០​លាន​ដុល្លារទៀត ដែល​ពួកគេ​បាន​បរិច្ចាគជាបន្តបន្ទាប់​ដើម្បី​ដោះស្រាយ​វិបត្តិកូវីដ១៩នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI