កម្ពុជា-អាមេរិក

សេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាត្រូវបានសភាអាមេរិកលើកមកពិនិត្យអនុម័តឡើងវិញ

លោក Steve Chabot និងលោក Alan Lowenthal សមាជិកសភាដែលបានរៀបចំច្បាប់ប្រជាធិបតេយ្យកម្ពុជា
លោក Steve Chabot និងលោក Alan Lowenthal សមាជិកសភាដែលបានរៀបចំច្បាប់ប្រជាធិបតេយ្យកម្ពុជា © សហការី

ជា​ថ្មី​ម្តង​ទៀត​ សភា​អាមេរិក​បាន​លើក​យក​សេចក្តី​ព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​លោក​នាយករដ្ឋមន្រ្តីហ៊ុន សែន ​និង​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ ជុំវិញ​ការ​ធ្វើ​ឲ្យ​ខូចខាត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​«ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១»​ សមាជិក​សភា​អាមេរិក​គ្រោង​រុញ​បន្ត​ទៅ​ស្ថាប័ន​ព្រឹទ្ធសភា​ដើម្បី​ពិនិត្យ​អនុម័ត​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​។ ប៉ុន្តែ​ជុំវិញ​សេចក្តី​ព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​នេះ​ លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន ​នៅ​ថ្ងៃ​អាទិត្យ​នេះ​បាន​ធ្វើការ​បដិសេធ​មិន​ឆ្លើយតប​ច្រើន​ឡើយ​។

ផ្សាយពាណិជ្ជកម្ម

«ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១» ដែលរៀបចំឡើងដោយសមាជិកសភាអាមេរិក២រូបមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ត្រូវបានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិកអនុម័តជាឯកច្ឆ័ន្ទ មុននឹងរុញបន្តទៅឲ្យស្ថាប័នច្បាប់ដែលមានរដ្ឋសភា និងព្រឹទ្ធឹសភាពិនិត្យបន្ត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានបន្ទាន់នៅលើគេហទំព័រលោក Steve Chabot សមាជិក​រដ្ឋសភា​មួយ​រូប​នៃ​គណ​បក្ស​សាធារ​ណរដ្ឋ​មក​ពី​រដ្ឋ Ohio  ចេញផ្សាយកាលពីថ្ងៃពុធទី២៨កក្កដា។

បន្ទាប់ពីនោះក្នុងលក្ខខណ្ឌដែលស្ថាប័នច្បាប់ទាំងពីរឯកភាព សេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់កម្ពុជានេះនឹងបន្តដាក់ឲ្យប្រធានាធិបតីលោកចូ បៃឌិន ពិនិត្យនិងចូលជាធរមាន។ សេចក្តីព្រាងច្បាប់នេះដែលនឹងមានលទ្ធភាពក្នុងបង្កកទ្រព្យសម្បត្តិរបស់ថ្នាក់ដឹកនាំកម្ពុជា និងមិនផ្តល់ទិដ្ឋាកាឲ្យចូលទឹកដីសហរដ្ឋអាមេរិកឡើយ។

លោក Steve Chabot ដែលជាសមាជិកសភាបានរៀបចំសេចក្តីព្រាងច្បាប់នេះ បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងបក្ខពួកត្រូវប្រឈមមុខនឹងផលវិបាកដ៏ធំពីសហរដ្ឋអាមេរិកក្នុងការឆ្លើយតបទៅនឹងការចាប់ខ្លួនលោកកឹម សុខា និងការរំលាយគណបក្សប្រឆាំងនៅឆ្នាំ២០១៧ ដែលជាការបង្រ្កាបរហូតដល់មកសព្វថ្ងៃ។

បើតាមសមាជិកសភាមកពីគណបក្សសាធារណរដ្ឋរូបនេះ «ច្បាប់ប្រជាធិបតេយ្យកម្ពុជា» នឹងធ្វើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទទួលខុសត្រូវ និងគាំទ្រសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការទទួលប្រជាធិបតេយ្យសមស្រប។

ជាមួយគ្នានេះ សមាជិកសភាមួយរូបទៀតគឺលោក Alan Lowenthal បានចាត់ទុកថា ទណ្ឌកម្មនៃច្បាប់ប្រជាធិបតេយ្យកម្ពុជាគឺជាអ្វីដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវតបស្នងចំពោះការវាយប្រហារលើសេរីភាពរបស់ពលរដ្ឋកម្ពុជា។

យ៉ាងណាមិញនៅព្រឹកថ្ងៃអាទិត្យទី០១សីហានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បដិសេធមិនធ្វើការឆ្លើយតបនឹងសេចក្តីព្រាងច្បាប់នេះ នៅពេលអ្នកកាសែតបានសាកសួរ។ តែលោកបញ្ជាក់ខ្លីថា នោះជារឿងរបស់អាមេរិក។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះត្រូវជាប់គាំងកាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់លោកដូណាល់ត្រាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI