កម្ពុជា-នយោបាយ

លោក ហ៊ុន សែន៖ខ្ញុំលែងកំណត់ពេលវេលានៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ខ្ញុំទៀតហើយ!

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យពីអាយុ១២ដល់១៧ឆ្នាំ
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យពីអាយុ១២ដល់១៧ឆ្នាំ © SPM Page

ជាថ្មីម្តងទៀត​ប្រមុខរដ្ឋាភិបាល​លោក​ ហ៊ុន សែន ​បានប្រកាសថា ​លោកនឹងធ្វើជា​នាយករដ្ឋមន្ត្រី​កម្ពុជា ​រហូតដល់ពេលណាមួយ​ដែលលោក ​លែងចង់ធ្វើតែម្តង​ ដោយមិនកំណត់ពេលវេលា​ដូចមុនទៀតឡើយ​។ ការបញ្ជាក់ឡើងវិញ​យ៉ាងដូច្នេះ​របស់​ប្រមុខ​បក្ស​កាន់អំណាច​គឺទំនងជាការ​ឆ្លើយ​តប​នឹង​អ្នក​រិះគន់​ដែលថា លោក​ ហ៊ុន សែន ​មានផែនការ​ផ្ទេរអំណាច​ទៅឲ្យ​កូនប្រុសច្បង​នៅពេល​ខាងមុខ ដោយពួកគេ​ព្រមានថា​អាចនឹង​ធ្វើឲ្យ​ផ្ទៃក្នុងបក្ស​កាន់អំណាច​មានការបែកបាក់​។

ផ្សាយពាណិជ្ជកម្ម

នៅចំពោះ​មុខ​ក្រុម​អ្នកកាសែត​ក្នុងពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ លើកុមារ និងយុវវ័យ នៅថ្ងៃទី១ ខែសីហា លោក ហ៊ុន សែន ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាជិត៤០ឆ្នាំមកនេះ បានបដិសេធថា ក្រោមការដឹកនាំរបស់លោកមិនបានផ្តាច់ការ ហើយក៏មិនបានសម្លាប់នរណានោះឡើយ​។

បើតាម លោក ហ៊ុន សែន ប្រសិនបើ ការកាន់អំណាច​របស់លោក​ផ្តាច់ការ​មែននោះគឺ​មិនមាន​អ្នកគាំទ្រ​ និងមិនមានសាមគ្គីភាពដូចសព្វថ្ងៃនេះដែរ ដែលលោកសំដៅ​ដល់​ការ​ចូល​រួមជាថវិកា​សម្រាប់​ដោះស្រាយ​បញ្ហាកូវីដ១៩។

ជាថ្មីម្តងទៀតប្រមុខរដ្ឋាភិបាលលោក​ ហ៊ុន សែន បានប្រកាសថា លោកនឹងធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា រហូតដល់ពេលណាមួយដែលលោក លែងចង់ធ្វើតែម្តង ដោយមិនកំណត់ពេលវេលាដូចមុនទៀតនោះឡើយ។ ការប្រកាសបែបនេះ​របស់ ​លោក ហ៊ុន សែន មិនមែនជាលើកទី១ទេ។

កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ លោក ហ៊ុន សែន ធ្លាប់បានប្រកាសថាលោកនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីរហូតដល់ពេលលោកលែងចង់ធ្វើ បើទោះបីជាលោកបច្ចុប្បន្នមានវ័យជិត៧០ឆ្នាំទៅហើយក្តី។

ប៉ុន្តែការបញ្ជាក់ឡើងវិញយ៉ាងដូច្នេះរបស់​ប្រមុខ​បក្ស​កាន់អំណាច គឺទំនងជាការ​ឆ្លើយ​តប​នឹង​អ្នក​រិះគន់​ដែលថា លោក ហ៊ុន សែន មានផែនការ​ផ្ទេរអំណាចទៅឲ្យកូនប្រុសច្បងនៅពេល​ខាងមុខ ដោយពួកគេព្រមានថាអាចនឹង​ធ្វើឲ្យ​ផ្ទៃក្នុងបក្សកាន់អំណាចមានការបែកបាក់។

រហូតមកទល់ពេលនេះ លោក ហ៊ុន សែន បានកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល៣៦ឆ្នាំហើយ។

អង្គការឃ្លាំមើលសិទិ្ធមនុស្ស (Human Rights Watch) កាលពីថ្ងៃទី២២ តុលា ២០២០ បានចេញសេចក្តីថ្លែងការណ៍ថា កម្ពុជាកាន់តែក្លាយទៅជារបបផ្ដាច់ការ និងការដឹកនាំដោយឯកបក្ស ដោយសារតែមានការជួយគាំទ្រពីក្រុមឧត្ដមសេនីយ៍ក្នុងជួរកងកម្លាំងសន្តិសុខ ដែលជាអ្នកទទួលខុសត្រូវចំពោះការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និងជាប្រព័ន្ធ។​​

អង្គការដដែលនេះបានបរិហារ្តិ៍ថា ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលបច្ចុប្បន្នបានដើរចាកឆ្ងាយពីគន្លងប្រជាធិបតេយ្យ ដោយងាកកាន់តែខ្លាំងទៅរកចិនកុំម្មុយនីស្ត ខណៈដែលប្រកាសយកចិនជាបង្អែក ផ្នែក​វ៉ាក់សាំងកូវីដ១៩ និង​ថា​វ៉ាក់សាំងរបស់បណ្តាប្រទេសផ្សេងទៀតគឺគ្រាន់តែជា​វ៉ាក់សាំងគាំទ្រប៉ុណ្ណោះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI