កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

ប្រមុខការទូតអាស៊ាន និងអាមេរិកលើកយកបញ្ហាក្នុងតំបន់មកពិភាក្សាដោះស្រាយ

ទិដ្ឋភាពនាកិច្ចប្រជុំភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី២
ទិដ្ឋភាពនាកិច្ចប្រជុំភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី២ © FB

ប្រមុខ​ការទូតកម្ពុជា ​លោកប្រាក់ សុខុន ​នៅថ្ងៃអង្គារ​ទី០៣សីហានេះ ​បានចូលរួម​ធ្វើជា​សហប្រធាន​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ លោកអេនតូនី​ ប្លីនខេន ​ក្នុងកិច្ចប្រជុំ​ភាពជាដៃគូ​មេគង្គ-សហរដ្ឋអាមេរិក​ ជាលើកទី២​។​ កិច្ចប្រជុំ​ដែលនឹងផ្តោត​ទៅលើភាព​ជាដៃគូ​នូវបណ្តាប្រទេស​អនុតំបន់​មេគង្គ ​និងផែនការ​ស្តារសេដ្ឋកិច្ច​ក្រោយវិបត្តិ​កូវីដ១៩។​ ​ក៏ប៉ុន្តែបើតាម​ក្រសួងការបរទេស​អាមេរិក​ កិច្ចប្រជុំនេះ​ក៏នឹងផ្តោត​លើបញ្ហា​តានតឹង​ក្នុងតំបន់​និងអន្តរជាតិ​ បញ្ហាអាកាសធាតុ​ និងជាពិសេស​បញ្ហាវឹកវរ​នៅភូមា​។

ផ្សាយពាណិជ្ជកម្ម

នេះជាលើកទី២ហើយនៃកិច្ចប្រជុំភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក បន្ទាប់ពីមានកិច្ចប្រជុំបែបនេះរួចម្តងកាលពីថ្ងៃទី១១កញ្ញាឆ្នាំ២០២០កន្លងទៅ។ កិច្ចប្រជុំជាលើកទី២រវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសជាអនុតំបន់មេគង្គ ដែលមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក៏ដូចជាអគ្គលេខាធិការអាស៊ាន នឹងពិនិត្យពីវឌ្ឍនភាពកន្លងទៅដើម្បីឈានទៅរកការពង្រឹងភាពជាដៃគូរវាងបណ្តាប្រទេសក្នុងអនុតំបន់ទន្លេមេគង្ក និងសហរដ្ឋអាមេរិកប្រកបដោយសក្តានុពល និងការអភិវឌ្ឍដោយចីរភាព។

បន្ថែមពីនេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ភាពជាដៃគូនៃប្រទេសអនុតំបន់ទន្លេមេគង្គនិងសហរដ្ឋអាមេរិក នឹងពិចារណាផែនការស្តារឡើងវិញនូវសេដ្ឋកិច្ច-សង្គម ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។

យ៉ាងណាមិញ នៅលើគេហទំព័រក្រសួងការបរទេសអាមេរិក នាថ្ងៃទី៣១កក្កដា បានបញ្ជាក់ថា លោកអេនតូនី ប្លីនខេន រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងចូលរួមកិច្ចប្រជុំអនឡាញថ្នាក់រដ្ឋមន្ត្រីជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ានចំនួន៥ថ្ងៃ ពីថ្ងៃទី២ដល់ថ្ងៃទី៦សីហា។ ក្នុងរយៈពេល៥ថ្ងៃនេះ លោកអេនតូនី ប្លីនខេននឹងជុំវិញឲ្យបណ្តាមេដឹកនាំប្រទេសក្នុងតំបន់គិតគូពីបញ្ហាតានតឹងក្នុងតំបន់និងអន្តរជាតិ និងស្វះស្វែងរកដំណោះស្រាយនៃវិបត្តិអាកាសធាតុ។

បើតាមការបញ្ជាក់ ប្រមុខការទូតអាមេរិកក៏នឹងលើកយកពីបញ្ហាតានតឹងដែលកើតមានក្នុងប្រទេសភូមា មកដាក់លើតុដើម្បីពិភាក្សាបន្ត។ បញ្ហាភូមាដែលកើតមាន៦ខែ និងបន្តគ្រប់គ្រងដោយរបបយោធា។ តាមមន្ត្រីជាន់ខ្ពស់អាមេរិក អាស៊ានត្រូវជំរុញឲ្យភូមាគោរពតាមលក្ខខណ្ឌនៃការមូលមតិគ្នាទាំង៥ចំណុច ដើម្បីដោះស្រាយចលាចលដែលកើតមាន។ ហើយសម្រាប់អាមេរិកនឹងមិនដើរចេញពីអាស៊ាននោះទេ ទោះជាស្ថានការណ៍ភូមាកំពុងវឹកវរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI