កម្ពុជា-សង្គម

អង្គការផ្នែកអាហារូបត្ថម្ភ៖ ការផ្សព្វផ្សាយគ្មានសិលធម៌ ជាឧបសគ្គដ៏ធំរារាំងការបំបៅកូនដោយទឹកដោះម្តាយ

ការបំបៅកូនដោយទឹកដោះម្ដាយ
ការបំបៅកូនដោយទឹកដោះម្ដាយ © Internet

សមាជិក​នៃសម្ព័ន្ធ​អង្គការ​សង្គមស៊ីវិល​ដើម្បីអាហារូបត្ថម្ភ​នៅកម្ពុជា​ចំនួន​៤ នាថ្ងៃទី​៣សីហា​នេះ បាន​ចេញសេចក្តី​ថ្លែងការណ៍រួម​មួយ ជម្រុញ​ការបំបៅដោះកូន​ដោយទឹកដោះម្តាយ​នៅកម្ពុជា​។​ ការ​ជម្រុញបន្ថែមនេះ​ ធ្វើឡើងដោយសង្កេត​ឃើញថា​ការធ្វើ​ទីផ្សារផ្សព្វផ្សាយ​ផលិតផល​ទឹកដោះគោ ជា​ឧសបគ្គធំ​រារាំងដល់​ការបំបៅកូន​ដោយទឹកដោះម្តាយ​នៅកម្ពុជា​។

ផ្សាយពាណិជ្ជកម្ម

នាទិវាសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយឆ្នាំ២០២១ អង្គការចំនួន៤ រួមមាន​អង្គការទស្សនៈពិភពលោក អង្គការAlive& Thrive អង្គការHelen Keller និងអង្គការScaling up បានដាក់ឲ្យដំណើរការ​ប្រព័ន្ធអនឡាញដែលបំពេញបន្ថែម​លើប្រព័ន្ធដែល​មានស្រាប់​ សម្រាប់រាយការណ៍​ពីការរំលោភ​បំពានអនុក្រឹត្យ​​១៣៣ ចែងពីការធ្វើទីផ្សារ​ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមា​រ។ បើតាម​សេចក្តីថ្លែងការណ៍រួមនោះ កម្មវិធីថ្មីនេះសាមញ្ញ​ និងងាយស្រួលក្នុងការប្រើប្រាស់។

បើតាម​សមាជិកនៃសម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភនៅកម្ពុជាទាំង៤នោះ ការបំបៅដោះកូន មិនត្រឹមមានសារៈប្រយោជន៍ចំពោះសុខភាពមួយមុខទេ  តែវា​អាចជួយសម្រួលការចំណាយក្នុង​គ្រួសារ ដោយការ​​ទិញផលិត​ផលទឹកដោះគោ ក្នុង១ឆ្នាំ ចំនួន១០៧លានដុល្លារ និងជួយសន្សំសំចៃថវិកាក្នុងមួយឆ្នាំ ៥លានដុល្លារទៅក្នុងប្រព័ន្ធសុខាភិបាល។

គ្រោះថ្នាក់បង្ករឡើងដោយការខកខានបំបៅដោះកូន គឺកើតមានទាំង​ចំពោះម្តាយនិងកូន។ ចំពោះ​ម្តាយ នឹងបង្កកើតមានជំងឺមហារីកសុដន់ ក្រពេញអូវែ និងជំងឺទឹកនោមផ្អែម​​កម្រិត២។ ហើយក្មេងវិញ នឹងបង្កទៅជាជំងឺរាគ​រុស និងខ្វះ​សារធាតុចិញ្ចឹមជាដើម។ បើតាមស្ថិតិ នៅកម្ពុជា ជារៀងរាល់ឆ្នាំ វាបានសម្លាប់​កុមារជិត៦សែននាក់ និងម្តាយជិត ១សែននាក់ ដោយសារការបំបៅកូនតាមទឹកដោះក្នុងកម្រិតទាប។

យ៉ាងណាមិញ អត្រានៃការបំបៅកូនដោយទឹកដោះតែមួយមុខនៅកម្ពុជា ធ្លាប់​មានកំណើនខ្ពស់ពី ១១ភាគរយ ដល់ ៧៤ភាគរយ គិតចាប់តាំងពីឆ្នាំ២០០០ ដល់ឆ្នាំ២០១០។

ជាក់ស្តែង ក្រោយពីអត្រាបំបៅកូនដោយទឹកដោះម្តាយកើនឡើង នៅឆ្នាំ២០១០ ការប្រារព្វសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះ ត្រូវបានបញ្ឃប់នៅក្នុងប្រទេសកម្ពុជាដោយសំអាងទៅតាមការសន្និដ្ឋានាថា ប្រជាជនមានការយល់ដឹងបានទូលំទូលាយពីសារៈសំខាន់នៃការបំបៅកូនដោយទឹកដោះម្តាយ។ ប៉ុន្តែផ្ទុយទៅវិញ ក្រោយរយៈពេល៤ឆ្នាំការបំបៅកូនដោយទឹកដោះម្តាយមានការធ្លាក់ចុះខ្លាំង តែការប្រើប្រាស់ទឹកដោះគោសប្បនិមិត្តកើនឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI