កម្ពុជា-កូវិដ១៩

សមត្ថកិច្ចនឹងវាយខ្នោះអ្នកល្មើសបម្រាម ដើម្បីទប់ស្កាត់ «ដែលតា» ក្នុងសហគមន៍

កងកម្លាំងសមត្ថកិច្ចក្នុងសម្លៀកបំពាក់ពេទ្យជិះយាមល្បាតនៅទូទាំងរាជធានីភ្នំពេញ
កងកម្លាំងសមត្ថកិច្ចក្នុងសម្លៀកបំពាក់ពេទ្យជិះយាមល្បាតនៅទូទាំងរាជធានីភ្នំពេញ © FB

សមត្ថកិច្ច​រាជធានីភ្នំពេញ​បានឲ្យដឹងថា​ អំណឹះតទៅ​ សម្រាប់​បុគ្គល​ដែលល្មើស​នឹងបម្រាម​គោចរ​ ហើយនាំគ្នា​ជួបជុំនា​សេពគ្រឿងស្រវឹង​ សមត្ថកិច្ច​នឹងចាប់វាយខ្នោះ​អនុវត្ត​ទៅតាម​ផ្លូវច្បាប់​ ដោយមិនមែន​ការអប់រំ​ណែនាំ ​ឬលើកលែង​អ្វីទៀតឡើយ​។​ វិធានការក្តៅ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញនេះ ​ធ្វើឡើងក្នុងន័យ​ទប់ស្កាត់​ការរាលដាល​ជំងឺកូវីដ-១៩​ ជាពិសេសប្រភេទ ​«ដែលតា» ​ដែលរកឃើញមាន​អ្នកវិជ្ជមាន​ជាបន្តបន្ទាប់​ក្នុងរាជធានីភ្នំពេញ និងនៅ​តាម​បណ្ដា​ខេត្ត​នានា​​។

ផ្សាយពាណិជ្ជកម្ម

រយៈពេល៦ថ្ងៃ ចាប់ពីយប់ថ្ងៃទី២៩កក្កដានៃការអនុវត្តបម្រាមគោចរពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ លោកសាន សុខ សីហា អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ បានប្រាប់​វិទ្យុបារាំងអន្តរជាតិនៅថ្ងៃពុធទី០៤សីហានេះថា កងកម្លាំងសមត្ថកិច្ចបានចុះផ្សព្វផ្សាយអប់រំ ណែនាំរួចមកហើយកាលពីថ្ងៃទី២៩ ហើយរយៈពេល៥ថ្ងៃបន្ទាប់មកនេះ កងកម្លាំងសមត្ថកិច្ចបានឃាត់ទុកយានជំនិះ១២០៥គ្រឿង ក្នុងនោះមានរថយន្ត៣៤៥គ្រឿង ដែលល្មើសនឹងបម្រាម។ ក្នុងចំណោមយានជំនិះដែលឃាត់បានជាង១ពាន់គ្រឿងនេះ មានចំនួន៣១១គ្រឿងបានធ្វើការផាកពិន័យរួចរាល់ ឯចំនួននៅសល់កំពុងតម្កល់ទុកនៅតាមខណ្ឌក្នុងរាជធានីភ្នំពេញ។

ដោយឡែក កាលពីថ្ងៃទី០៣សីហាម្សិលមិញ កងកម្លាំងសមត្ថកិច្ចបានចាប់ផ្តើមអនុវត្តនូវវិធានក្តៅលើបុគ្គលណាដែលបានល្មើសនឹងបម្រាមគោចរ និងជួបជុំគ្នាសេពគ្រឿងស្រវឹងជាដើម។ បើតា​មអ្នកនាំពាក្យ ចាប់ពីពេលនេះ កងកម្លាំងសមត្ថកិច្ចនឹងមិនមានការអត់ឱន អប់រំ អ្វីទៀតនោះទេ ព្រោះថាការអប់រំធ្លាប់ធ្វើជាច្រើនលើកច្រើនសារួចមកហើយ។ ពោលគឺក្នុងករណីល្មើសនឹងត្រូវផាកពិន័យ និងឃាត់ខ្លួនវាយខ្នោះតែម្តង។ ជាក់ស្តែងកាលពីយប់ថ្ងៃទី០៣មិ្សលមិញ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន២១នាក់ ពាក់ព័ន្ធនឹងការល្មើសនឹងបម្រាមគោចរ បើកបរក្នុងស្ថានភាពស្រវឹង និងជួបជុំគ្នាសេពគ្រឿងស្រវឹង។ បន្ថែមពីនេះ លោកសាន សុខសីហា បញ្ជាក់ថា វិធានការក្តៅនេះ កងកម្លាំងអន្តរាគមន៍ពិសេសដោយមានសំលៀកបំពាក់ការពារ នឹងល្បាតក្នុងគ្រប់ច្រកល្ហកក្នុងរាជធានីភ្នំពេញ ក្នុងប្រការណាឃើញមានការជួបជុំ នោះនឹងធ្វើការឃាត់ខ្លួនភ្លាមៗ។

ជាការកត់សម្គាល់ការចាប់ផ្តើមអនុវត្តវិធានការក្តៅរបស់កងកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញពេលនេះ គឺស្របពេលដែលរាជធានីភ្នំពេញបាននិងកំពុងរកឃើញអ្នកវិជ្ជមានកូវីដ-១៩បំប្លែងខ្លួនថ្មី«ដែលតា» ជាបន្តបន្ទាប់គ្នា។ ដោយនៅថ្ងៃម្សិលមិញនេះដែរ មានករណីវិជ្ជមាន«ដែលតា»នៅរាជធានីភ្នំពេញចំនួន៥ករណីថ្មី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

យ៉ាងណាក៏ដោយ នៅក្នុងការអនុវត្តបម្រាមគោចរ និងរឹតបន្តឹងវិធានសុខាភិបាលក្នុងរាជធានីភ្នំពេញនេះ សាលារាជធានីភ្នំពេញនៅថ្ងៃអង្គារទី០៣ក៏បានសម្រេចឲ្យភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងសណ្ឋាគារ អាចទទួលអតិថិជនចូលទទួលទានជាប្រក្រតីឡើងវិញ តែត្រូវធានាវិធានសុវត្ថិភាពផ្នែកសុខាភិបាល និងស្តង់ដារអនាម័យ។ គ្រប់ភោនីយដ្ឋាន និងអាហារដ្ឋាន ដែលបើកដំណើរជាប្រក្រតីវិញ ដាច់ខាតមិនត្រូវលក់គ្រឿងស្រវឹង និងផ្អាកអាជីវកម្មខ្លួនចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺ ស្របទៅតាមការអនុវត្តបម្រាមគោចរ។ បើតាមសាលារាជធានីភ្នំពេញ ការបើកដំណើរភោជនីយដ្ឋាន និងអាហារដ្ឋានជាថ្មីនេះ គឺដើម្បីជំរុញចរន្តសេដ្ឋកិច្ច នៅអំឡុងពេលអនុវត្តវិធានការរដ្ឋបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI