កម្ពុជា-នយោបាយ

បក្សប្រជាធិបតេយ្យមូលដ្ឋាន ចង់ឲ្យបក្សនយោបាយជួបពិភាក្សាគ្នា តស៊ូមតិដើម្បីកែទម្រង់ការបោះឆ្នោត

ប្រជាពលរដ្ឋធ្វើការបោះឆ្នោតកាលពីអាណត្តិកន្លងទៅ
ប្រជាពលរដ្ឋធ្វើការបោះឆ្នោតកាលពីអាណត្តិកន្លងទៅ AP - Heng Sinith

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​  កាលពីថ្ងៃចន្ទ​ ដើមសប្តាហ៍នេះ ​បានចេញមកអំពាវនាវ​ឲ្យគណបក្ស​នយោបាយ​ដទៃទៀត​ ជួបពិភាក្សាគ្នា ​អំពីលទ្ធភាព​សហការ​ ដើម្បីតស៊ូ​មតិលើ​ការកែទម្រង់​ការបោះឆ្នោត​ ខណៈ​ការបោះឆ្នោត​ឃុំ-សង្កាត់​ នឹងឈានចូលមកដល់នាឆ្នាំ​២០២២ខាងមុខនេះ​។ ​អ្នកនាំពាក្យ​គណបក្សនេះ​យល់ឃើញថា​ ការកែទម្រង់​ការបោះឆ្នោត​ គឺជាតម្រូវការ​របស់គណបក្ស​នយោបាយ​ទាំងអស់​នៅកម្ពុជា​។

ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្តីថ្លែងការណ៍ កាលពីថ្ងៃចន្ទ ទី០២ ខែសីហា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបង្ហាញការគាំទ្រខ្លួន លើអនុសាសន៍របស់អង្គការសង្គមស៊ីវិល​ អំពីលក្ខខណ្ឌអប្បរមាសម្រាប់ការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣។ ក្រៅពីនេះ បក្សប្រជាធិបតេយ្យមូលដ្ឋានក៏លើកឡើងពីបំណងចង់អញ្ជើញគណបក្សនយោបាយ ជួបពិភាក្សាគ្នា ដើម្បីតស៊ូមតិលើការកែទម្រង់ការបោះឆ្នោត ដើម្បីធានាឲ្យការបោះឆ្នោត ឆ្នាំ២០២២ និង២០២៣ ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ឡឹក សុធា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី០៤ ខែសីហានេះ ថា ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ គឺជាមូលដ្ឋានគ្រឹះនៃ​ការ​បង្រួបបង្រួមជាតិ ជាពិសេសគឺការខ្វែងគំនិតផ្នែកនយោបាយ។ លោកបន្ថែមថា ការឈ្លោះគ្នា ឬខ្វែងគំនិតគ្នានៅក្នុងឆាកនយោបាយ គឺកើតឡើងដោយ​សារ​កង្វះសេរីភាពបញ្ចេញមតិ រួមនឹងកង្វះយុត្តិធម៌ និងតម្លាភាព ក្នុងការបោះឆ្នោតជាដើម។ ដូច្នេះទើបគណបក្សរបស់លោក បង្ហាញការគាំទ្រចំពោះអនុសាសន៍របស់ក្រុមអង្គការសង្គមស៊ីវិល។  

លោក ឡឹក សុធា បញ្ជាក់ថាកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)  ក៏ដូចជាការធ្វើឲ្យបរិយាកាសនយោបាយនៅកម្ពុជា​ មុនបោះឆ្នោត ក្នុងពេលបោះឆ្នោត ឬក្រោយបោះឆ្នោត ឲ្យប្រសើរឡើង គឺមិនមែនជាតម្រូវការរបស់គណបក្សតែមួយទេ តែជាតម្រូវការរបស់គណបក្សទាំងអស់នៅកម្ពុជា។ គណបក្ស​នយោបាយ​ទាំង​អស់​នៅ​កម្ពុជា ដែលចង់ឃើញ គ.ជ.ប មានការកែទម្រង់ស៊ីជម្រៅ និងមានបរិយាកាសនយោបាយល្អ ប្រកបដោយសេរីភាពពេញលេញ។

សូមជម្រាបជូនថា កាលពីពាក់កណ្តាលខែកក្កដា កន្លងទៅ ក្រុមអង្គការសង្គមស៊ីវិល ​៦៤ស្ថាប័ន នៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីលក្ខខណ្ឌអប្បបរមា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងឆ្នាំ២០​២២។ អង្គការសង្គមស៊ីវិលចំនួន៦៤ស្ថាប័ននោះ បានបង្កើតនូវអនុសាសន៍អំពីលក្ខខណ្ឌអប្បបរមាចំនួន៦ចំណុច ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI