កម្ពុជា-កូវិដ១៩

រកឃើញកូវីដដែលតាក្នុងសហគមន៍៖ អាជ្ញាធរក្រុងភ្នំពេញបានប្រកាសបិទខ្ទប់ជាថ្មីតំបន់ចំនួន២

សមត្ថកិច្ចកំពុងឈរណែនាំប្រជាពលរដ្ឋពីការបិទខ្ទប់មិនឲ្យចល័តចេញពីភូមិត្រពាំងថ្លឹងក្នុងរាជធានីភ្នំពេញ
សមត្ថកិច្ចកំពុងឈរណែនាំប្រជាពលរដ្ឋពីការបិទខ្ទប់មិនឲ្យចល័តចេញពីភូមិត្រពាំងថ្លឹងក្នុងរាជធានីភ្នំពេញ AP - Heng Sinith

សាលារាជធានីភ្នំពេញ​នៅថ្ងៃទី០៥​ ខែសីហានេះ ​បានសម្រេចបិទ​ខ្ទប់តំបន់​ចំនួន២ភ្លាមៗ​ ដែលមួយនៅ​ក្នុងខណ្ឌ៧មករា​ និងមួយទៀត​នៅក្នុងខណ្ឌឬស្សីកែវ ​បន្ទាប់ពី​រកឃើញថា ​មានការឆ្លងរាលដាល​ជំងឺកូវីដ-១​៩ បំប្លែងថ្មី (ដែលតា)​។​ ការបិទខ្ទប់ជាថ្មី​នៅតំបន់ខ្លះ​នៃរាជធានីភ្នំពេញនេះ ​បានធ្វើឡើងក្រោយពី​តាមបណ្តា​ខេត្តមួយចំនួន​ នៅភាគខាងលិច​ បានអនុវត្ត​វិធានការ​ដូចគ្នានេះ ​យ៉ាងតឹងរឹង​ ដើម្បីទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដ​បំប្លែងថ្មី ​ដែលតា ​ចូលក្នុងសហគមន៍​។​

ផ្សាយពាណិជ្ជកម្ម

នៅក្នុងខណ្ឌឬស្សីកែវ សាលារាជធានីភ្នំពេញបានសម្រេចបិទខ្ទប់មិនឲ្យចេញ ចូល ចំពោះទីតាំងផ្សារទួលសង្កែ ស្ថិតនៅក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ រយៈពេល១៤ថ្ងៃ ដែលមានឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលតា គិតចាប់តាំងពីថ្ងៃទី៥ ខែសីហានេះទៅ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា នៅក្នុងសហគមន៍។

សន្តិសុខ បុគ្គលិក កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធ ត្រូវបានអាជ្ញាធរមូលដ្ឋាននៅក្នុងតំបន់ជុំវិញផ្សារ ប្រាប់ឲ្យចូលរួមសហការទៅយកសំណាកដើម្បីរកមេរោគ និងត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ដោយឡែក នៅឯសង្កាត់បឹងព្រលឹត ខណ្ឌ៧មករាឯណោះវិញ អាជ្ញាធរក៏បានប្រកាសបិទការចេញ ចូលកំណាត់ផ្លូវ ១១៣ ចន្លោះផ្លូវ២៣២ រយៈពេល១៤ថ្ងៃដែរ បន្ទាប់ពីជំងឺកូវីដដែលតា បានឆ្លងរាលដាលនៅតំបន់នោះ។

អ្នករស់នៅ និងពាក់ព័ន្ធក្នុងតំបន់ទាំងពីរត្រូវបានសាលារាជធានីភ្នំពេញ ហាមប្រាមមិនឲ្យមានការចល័ត និងប្រមូលផ្តុំគ្នា លើកលែងតែក្នុងករណីចាំបាច់មួយចំនួន ដែលទាមទារឲ្យមានការអនុវត្តន៍វិធានសុខាភិបាលឲ្យបានម៉ត់ចត់។ អ្នកល្មើសនឹងបំរាម នឹងត្រូវរងការពិន័យ និងមានទោសទៅតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា មកទល់ថ្ងៃព្រហស្បតិ៍នេះ ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៨០ ២២៥នាក់ ជាសះស្បើយ ៧៣ ៤២១នាក់ និងស្លាប់សរុបចំនួន ១ ៥០៧ នាក់។ ដោយឡែកអ្នកឆ្លងជំងឺកូវីដដែលតាគិតមកត្រឹមថ្ងៃទី៣ ខែសីហា មានចំនួន ២៦០ករណី។

ទោះយ៉ាងណា ប្រទេសកម្ពុជា រយៈពេល១សប្តាហ៍ចុងក្រោយនេះ ការឆ្លងជំងឺកូវីដ-១៩ បានថយចុះពី៧០០ ឬ៨០០នាក់ក្នុងមួយថ្ងៃ មកនៅក្នុងរង្វង់ពីជាង៥០០នាក់ ទៅជាង៦០០នាក់ ក្នុងមួយថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI