កម្ពុជា-សង្គម

សហជីព៣៣ស្ថាប័នស្នើឲ្យក្រុមហ៊ុនទទួលទិញផលិតរោងចក្រនៅកម្ពុជា ទទួលខុសត្រូវលើការបាត់បង់អត្ថប្រយោជន៍កម្មករ

កម្មករជិះរថយន្តឈ្នួលទៅធ្វើការរោងចក្រ នៅជាយក្រុងភ្នំពេញ
កម្មករជិះរថយន្តឈ្នួលទៅធ្វើការរោងចក្រ នៅជាយក្រុងភ្នំពេញ AP - Heng Sinith

អង្គការ​សង្គមស៊ីវិល​ និងសហជីព​ចំនួន៣៣ស្ថាប័ន​ នៅថ្ងៃពុធ​ទី០៤​សីហាម្សិលមិញ ​បានរួមគ្នា​ចេញនូវ​សេចក្តីថ្លែងការណ៍​ផ្ញើទៅក្រុមហ៊ុន​ម៉ាកល្បីធំៗ​ដែលទទួលទិញ​ផលិតផល​រោងចក្រ​នៅកម្ពុជា​ ឲ្យទទួលខុសត្រូវ​លើការបាត់បង់​អត្ថប្រយោជន៍​របស់កម្មករ​នៅអំឡុងពេល​វិបត្តិកូវីដ-១៩​ និងអំឡុងពេល​នៃការបិទខ្ទប់​កន្លងទៅ។​ អត្ថប្រយោជន៍​របស់កម្មករ​ដែលមានដូចជា​ ការបាត់បង់ប្រាក់ខែ​ ប្រាក់អតីតភាព​ និងការទូទាត់​ប្រាក់ពេល​ថៅកែបញ្ឈប់​។

ផ្សាយពាណិជ្ជកម្ម

គឺនៅក្នុងសេចក្តីថ្លែងការណ៍ចំនួន៨ច្បាប់ដាច់ឡែកពីគ្នា អង្គការសង្គមស៊ីវិលនិងសហជីព បានស្នើឲ្យក្រុមហ៊ុនម៉ាកល្បីធំៗ មានដូចជា Adidas Nike Puma Levi ជាដើម ជំរុញឲ្យមានការទទួលខុសត្រូវលើការខាតបង់អត្ថប្រយោជន៍របស់កម្មករ ស្របទៅច្បាប់ការងាររបស់កម្ពុជា ខណៈដែលកម្មករប្រមាណជាង១ម៉ឺននាក់បានបាត់បង់ការងារនៅអំឡុងពេលព្យួរការងារ និងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ កាលពីខែមេសានិងឧសភា។ ក្រុមអង្គការសង្គមស៊ីវិលនិងសហជីពសង្កេតឃើញថានិយោជកបើកប្រាក់ខែឱ្យកម្មករទាបជាងអ្វីដែលមានចែងក្នុងច្បាប់ការងារ។ ជាពិសេសសំណងជំនួសឱ្យការជូនដំណឹងជាមុន និងសំណងអតីតភាពការងារត្រូវបានគណនាក្នុងលក្ខណៈផ្ទុយពីបទប្បញ្ញត្តិនៃក្រមការងារ តួយ៉ាងដូចជាករណីនៅរោងចក្រ Hulu រោងចក្រ Sangwoo និងករណីនៅរោងចក្រ Wai Full ជាដើម។ល។ នេះបើតាមសេចក្តីថ្លែងការណ៍។

លោកគង់ អាទិត្យ ប្រធាន​សហព័ន្ធសហជីព CCAWDU បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា គោលបំណងនៃការដាក់សេចក្តីថ្លែងការណ៍ទៅក្រុមហ៊ុនម៉ាកធំៗទាំងនេះ គឺដើម្បីឲ្យពួកគេពិនិត្យមើលលទ្ធភាពផ្តល់ ប្រាក់ចំណូលដែលកម្មករបានបាត់បង់ជាប្រចាំខែចំនួន ១២២$ នៅខណៈដែលបច្ចុប្បន្នកម្មករអាចទទួលបានប្រាក់ចំណូលត្រឹម៧០$ជាប្រចាំខែ ដោយសារការព្យួរពីការងារជាបណ្តោះអាសន្ន។ ស្ថានការណ៍នេះបានធ្វើឲ្យជីវភាពកម្មករកាន់តែមានភាពលំបាកខ្លាំង ជាពិសេសនៅអំឡុងពេលកូវីដ-១៩។

បន្ថែមពីនេះទៀត នៅក្នុងសេចក្តីថ្លែងការណ៍ក្រុមអង្គការសង្គម​ស៊ីវិលនិងសហជីព បានលើកឡើងថា  ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានបដិសេធក្នុងដោះស្រាយបញ្ហាទាំងនេះ ដោយចាត់ទុកថាគ្មានស្ថានទម្ងន់ច្បាប់។ ការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្មករ។ ដូច្នេះបើតាមអង្គការសង្គមស៊ីវិលនិងសហជីព ក្រុមហ៊ុនម៉ាកល្បីធំៗត្រូវធានាថាកម្មករនៅក្នុងរោងចក្រផ្គត់ផ្គង់ទទួលបានអត្ថប្រយោជន៍ត្រឹមត្រូវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI