កម្ពុជា នយោបាយ

បក្សនយោបាយទើបបង្កើតថ្មីចង់ឲ្យមានការរួបរួមគ្នាបានឆាប់ មុនការបោះឆ្នោតឆ្នាំក្រោយ

ប្រជាពលរដ្ឋឈរតម្រង់នៅមុខការិយាល័យបោះឆ្នោត ដើម្បីធ្វើការបោះឆ្នោត កាលពីឆ្នាំ២០១៨
ប្រជាពលរដ្ឋឈរតម្រង់នៅមុខការិយាល័យបោះឆ្នោត ដើម្បីធ្វើការបោះឆ្នោត កាលពីឆ្នាំ២០១៨ © Internet

ស្ថាបនិកនៃគណបក្សនយោបាយដែលទើបបង្កើតថ្មីមួយ បានលើកឡើងថា ការរួបរួមគួរតែត្រូវធ្វើឡើងនៅមុនការបោះឆ្នោតឃុំសង្កាត់ បើមិនដូច្នេះទេ គឺមិនអាចរកសំឡេងគាំទ្រពីមូលដ្ឋានបានឡើយ។ នៅថ្ងៃទី១៤ ខែសីហានេះ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បានលើកឡើងថា ការបង្រួបបង្រួមបក្សថ្មី នៅតែពិបាកប្រកួតប្រជែងជាមួយបក្សកាន់អំណាច។

ផ្សាយពាណិជ្ជកម្ម

លោក ​អ៊ូ ច័ន្ទរ័ត្ន​ សហស្ថាបនិក​គណបក្ស​កែ​ទម្រង់​កម្ពុជា​ ដែលជា​អ្នក​ផ្តួចផ្តើម​គំនិត​នេះ​ឡើង បាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃទី១៤ ខែ​សីហា​នេះ ថា មាន​គណបក្ស​មួយ​ចំនួនហើយ បង្ហាញ​ការ​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ ប៉ុន្តែ​ដោយ​សារ​គណបក្ស​កែទម្រង់​កំពុង​រង​ចាំ​ការផ្តល់​សុពលភាព ក្រោយ​បំពេញ​លក្ខខណ្ឌ ច្បាប់​គណបក្ស​នយោបាយ ដូច្នេះ​មិន​ទាន់​អាច​រៀបចំ​នីតិវិធី​នៃ​ការ​បង្រួបបង្រួម​បាន​នៅ​ឡើយ​។

ប៉ុន្តែ អតីត​សមាជិក​សភា​នៃ​អតីត​គណបក្ស​ង្រ្គោះជាតិ​រួប​នេះ បាន​បញ្ជាក់​ថា លោក​ចង់​ឲ្យ​មាន​ការ​រួបរួម​ត្រូវបាន​ធ្វើ​ឡើង​នៅ​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ២០២២ មិន​ដូច្នេះ​មិន​អាច​រក​សំឡេង​គាំទ្រ​ពី​មូលដ្ឋាន​បាន​ទេ ព្រោះ​សំឡេង​មូលដ្ឋាន​មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​ការពារ​ប្រយោជន៍​របស់​មូលដ្ឋាន​។

លោក អ៊ូ ច័ន្ទរ័ត្ន បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ គណបក្ស​ដែល​បង្ហាញ​គំនិត​ចង់​រួបរួម រួម​មាន គណបក្សឆន្ទៈខ្មែរ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ និង​គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន​ជា​ដើម។ ប៉ុន្តែ​ថា​តើការ​រួបរួម​នោះ​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​បែប​ណា គឺ​មិនទាន់​មាន​ការ​កំណត់​ច្បាស់​លាស់​នៅ​ឡើយ​ទេ​។

ទី​ប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​ឆន្ទៈខ្មែរ លោក គង់ គាំ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃទី​១៤ ខែ​សីហា​នេះ​ថា ការ​រួបរួម​គ្នា​នៃ​គណបក្ស​នយោបាយ​ថ្មី ដើម្បី​ប្រកួតប្រជែង​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​នាពេលបោះឆ្នោត​ខាងមុខ គឺ​ជា​ចេតនាល្អ។​ លោក គង់ គាំ បន្ថែម​ថា គណបក្ស​កែទម្រង់​កម្ពុជា មាន​ថ្នាក់​ដឹក​នាំជាន់​ខ្ពស់​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ចូល​រួម​ច្រើន​នាក់ ដូច្នេះ​គណបក្ស​ឆន្ទៈខ្មែរ​បាន​យល់​ស្រប​ជូន​តួនាទី​ដល់​បក្ស​កែទម្រង់​កម្ពុជា​ជា​អ្នក​អញ្ជើញ​អ្នក​នយោបាយនៃ​បក្ស​នយោបាយ​ថ្មី ជួប​ពិភាក្សា​គ្នា។​

ចំពោះបញ្ហានេះ​ លោកសុខ ឥសាន​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​មិនបារម្ភអ្វីបន្តិចសោះ។​ លោកសុខ ឥសាន​ បានអះអាងប្រាប់វិទ្យុបារាំងអន្តរ​ជាតិ​កាល​ពី​ពេល​ថ្មីៗ​នេះ ​ការបង្កើត​គណបក្ស​នយោបាយថ្មី​ច្រើនជារឿងល្អ​សម្រាប់កម្ពុជា​ ប៉ុន្តែបក្សថ្មី ​និងការរួបរួម​បក្សគ្នា ​មិនអាច​ក្លាយជាគូប្រជែង​របស់គណបក្ស​កាន់​អំណាច​បាន​ឡើយ។

អ្នកឃ្លាំមើលការអភិវឌ្ឍ​សង្គម លោកបណ្ឌិត សេង សារី ថាទោះបីជា​មាន​ការ​រួបរួម​គ្នា​រវាង​គណបក្សនយោបាយ​ដែល​ទើប​បង្កើត​ថ្មី​ ក៏ដោយ គឺ​លទ្ធភាព​ក្នុង​ការ​ប្រកួត​ប្រជែង លទ្ធភាព​នៅ​ក្នុង​ការ​ទទួល​បានជោគ​ជ័យ​សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ មាន​ភាព​លំបាក បើទោះបី​ជា​ពួកគាត់​ភាគ​ច្រើន​ជា​មន្ត្រីជាន់​ខ្ពស់​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ក៏​ដោយ។ លោកបន្ត​ថា ពួកគាត់​គ្រាន់​តែ​ជា​មន្ត្រីន​យោបាយ​ប៉ុណ្ណោះ មិន​មែន​លេចធ្លោរ​មាន​ទ្រព្យ​នយោបាយ ពោលគឺគាត់​មិនមាន​កម្លាំង​នយោបាយ​ទេ ដែល​ជា​ហេតុធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ប្រកួត​ប្រជែង​ជា​មួយ​គណបក្ស​កាន់​អំណាច​។

សូម​ជម្រាប​ជូនថា គណបក្ស​ដែល​ត្រូវ​បាន​បង្កើត​ឡើង ​ដោយ​អតីត​មន្ដ្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ យ៉ាងហោចណាស់មាន​ចំនួន​៦ ជា​អាថិ៍៖ គណបក្សឆន្ទៈ​ខ្មែរ គណបក្ស​​ខ្មែរ​អភិរក្ស គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ គណបក្ស​កម្ពុជា​និយម គណបក្ស​បេះដូង​ជាតិ និង​គណបក្ស​កែ​ទម្រង់​កម្ពុជា​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI