កម្ពុជា-កូវីដ១៩

អង្គការសុខភាពពិភពលោក៖ កូវីដ១៩បំប្លែងថ្មី Delta នៅជាក្តីព្រួយបារម្ភសម្រាប់កម្ពុជា

កម្មាការិនីពាក់ម៉ាសការពារជំងឺកូវីដ១៩ពេលចេញពីធ្វើការ
កម្មាការិនីពាក់ម៉ាសការពារជំងឺកូវីដ១៩ពេលចេញពីធ្វើការ © AP - Heng Sinith

លោកស្រី Li Ailan តំណាង​អង្គការ​សុខភាពពិភព​លោក​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ទី២០ ខែ​សីហា បាន​ព្រមាន​ថា កូវីដ១៩​បំប្លែង​ថ្មី ដែលតា នៅ​តែ​ជា​ក្តី​ព្រួយ​បារម្ភ​សម្រាប់​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​លោក​ស្រី​បាន​លើក​សរសើរ​ពី​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​បង្ការ​កូវីដ​១៩​។ ពីថ្ងៃម្សិលមិញដែរ កម្ពុជា​បាន​ប្រកាស​រក​ឃើញ​កូវីដ​១៩បំប្លែងថ្មី ចំនួន ៧៨នាក់​ទៀត និង​បាន​ឆ្លង​ចូល​សហគមន៍ កើនឡើង​ដល់ ២៣​រាជធានី​-ខេត្ត​។

ផ្សាយពាណិជ្ជកម្ម

យើង​នៅតែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​កូវីដ១៩​បំប្លែង​ថ្មី ដែលតា ដូច​អ្វី​ដែល​ធ្លាប់​បាន​បញ្ជាក់​កាល​ពី​ពេល​កន្លង​មក​។ វីរុសនេះ​ អា​ចឆ្លង​លឿន ហើយ​ឥឡូវ​នេះ ​វា​មាន​វត្តមាន​នៅ​ក្នុង​សហគមន៍​នៃ​ប្រទេស​កម្ពុជា​តែ​ម្តង​ ជាពិសេស​ក្នុង​ចំណោម​ពលករ​ចំណាកស្រុ​ក ដែល​ចូល​មក​ក្នុង​ប្រទេស​វិញ​។ ដូច្នេះ​ត្រូវ​តែ​ធ្វើ​សកម្មភាព​ឆ្លើយ​តប​ឲ្យ​បាន​រហ័ស​ មុនពេល​ដែល​វីរុស​នេះ​ផ្ទុះ​ឆ្លង​ខ្លាំង​។” នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​លោកស្រី ​ Li Ailan តំណាងអង្គការ​សុខភាព​​ពិភព​លោក​ប្រចាំ​កម្ពុជា ​កាលពីថ្ងៃទី​២០ ខែសីហា ក្នុង​ពេល​លោក​ស្រី​ចូល​រួម​ជា​មួយ​លោស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល យក​អំណោយ​ជូន​ដល់​អ្នក​ ដែល​បានចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​១៩ នៅ​ក្នុង​ខេត្ត​រតនគិរី​។

តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ កាលពីថ្ងៃទី២០ ខែសីហា កូវីដ១៩បំប្លែងថ្មី ដែលតា បាន​ឆ្លង​រាលដាល​ចូល​ទៅ​ក្នុង​សហគមន៍​ចំនួន ២៣​រាជធានី-ខេត្ត នៅសល់​តែ​ខេត្ត​ក្រចេះ និង​ខេត្ត​កែប​ប៉ុណ្ណោះ ដែល​មិន​ទាន់​រក​ឃើញ​ករណី​ឆ្លង​នៃ​កូវីដ​១៩​បំ​​​ប្លែ​ង​ថ្មី​នេះ។​

គិតចាប់​តាំង​ពី​ថ្ងៃទី៣​១ ខែ​មីនា រហូត​ដល់​ថ្ងៃទី១៩ ខែ​សីហា កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​បំប្លែងថ្មី​ ដែលតា​ សរុប​ចំនួន​ ៨៣៦នាក់​។ ក្នុង​ចំណោម​ ២៣​រាជធានី-ខេត្ត​ រាជធានី​ភ្នំពេញ​​មា​នករណី​ឆ្លង​កូវីដ​១៩បំប្លែងថ្មី​ ដែលតា ច្រើនជាង​គេ ពោល​គឺ​សរុប​ចំនួន ១៦៨នាក់ បន្ទាប់​មក​គឺ​ខេត្ត​ឧត្តរមាន​ជ័យ​សរុប​ចំនួន​ ១៦៥​នាក់ សៀមរាប​សរុ​បចំនួន ១៣០នាក់ និង​បន្ទាប់​មក​គឺ​ខេត្ត​បន្ទាយ​មាន​ជ័យ​។

លោកស្រី  Li Ailan បាន​លើក​ឡើង​ពី​ដំណឹង​ល្អ​សម្រាប់​កម្ពុជា ដោយ​សារ​ករណី​ឆ្លង​កូវីដ១៩​ស្ថិត​នៅ​ក្នុង​សភាព​គ្រប់គ្រង​​បា​ន​ល្អ ពោល​គឺ​​ករ​ណី​ឆ្លង និង​ស្លាប់ ស្ថិត​ក្នុងស្ថានភាពនឹងនរ  ករណី​ឆ្លង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​មាន​ការ​ថយ​ចុះ បើទោះបី​ខេត្ត​មួយ​ចំនួន​មាន​ការ​កើន​ឡើង​។ ប៉ុន្តែ​លោក​ស្រី​បន្ថែម​ថា វិធានការ​អន្តរាគម​មិនមែន​ឱសថ និង​ដំណើរ​ការ​ចាក់​វ៉ាក់​សាំង អាច​ការពារ​កម្ពុជា​មិន​ឲ្យ​មាន​ការ​ផ្ទុះរាលដាល​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​នា​ពេល​អ​នាគត​។

តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំក​ម្ពុជា​ក៏​បាន​បញ្ជាក់​ដែរ​ថា យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​បង្ការ​កូវីដ​១៩​របស់​កម្ពុជា​បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​រហ័ស ដែល​នេះ​គឺ​ជា​រឿង​ល្អ ប៉ុន្តែបើ​វ៉ាក់សាំង​បាន​គ្រប់​ដណ្តប់​ដល់​ក្រុម​ដែល​ងាយរ​ង​គ្រោះ ទោះបី​កូវីដ១៩​ឆ្លង​ក្នុង​សហគមន៍​បង្ក​ដោយ​កូវីដ១៩​បំប្លែង​ថ្មី​ក៏​ដោយ ក៏​អាច​កាត់​បន្ថយការ​ឈឺធ្ងន់​ និង​អត្រាមរណភាពដែរ។

គិតត្រឹមថ្ងៃទី២០ ខែសីហា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​១៩ ដល់​ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន ៩លាន៥សែន​នាក់ ឬ​ប្រមាណ​៥៩ភាគ​រយ​ក្នុង​ចំណោម​ប្រជាជន​សរុប​ចំនួន​ជាង​១៦​លាន​នាក់​។ នេះ​បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​សុខាភិបាល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI