កម្ពុជា-សង្គម

មន្ត្រីសិទ្ធិមនុស្ស៖មនុស្សមួយចំនួនរងរបួស និងជាង២០នាក់ត្រូវបានចាប់ខ្លួនក្នុងជម្លោះដីធ្លីព្រលានយន្តហោះថ្មី

ពលរដ្ឋដែលមានភាពមិនសុខចិត្តរឿងជម្លោះដីធ្លី (រូបភាពឯកសារ)
ពលរដ្ឋដែលមានភាពមិនសុខចិត្តរឿងជម្លោះដីធ្លី (រូបភាពឯកសារ) © សហការី

ការប៉ះ​ទង្គិចគ្នាដោយ​ហិង្សាមួយ​បាន​កើត​ឡើង​រវាង​ក្រុម​សមត្ថកិច្ច​ និង​ពលរដ្ឋ​ដែល​មានជម្លោះ​ដីធ្លី​នៅឃុំ​បឹង​ខ្យាង ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​ កាលពីថ្ងៃ​អាទិត្យ​ម្សិលមិញ​ ខណៈ​ដែល​អ្នកភូមិ​បាន​ដុត​សំរាម​នៅ​ក្បែ​របាំង​របស់​ប៉ូលីស​។ ​មានមនុស្ស​មួយចំនួន ​រាប់ទាំង​សមត្ថកិច្ចផង ​បានរងរបួស​ និង​ពលរដ្ឋ​ជាង​២០​នាក់​ត្រូវបាន​ចាប់​ខ្លួនភ្លាមៗ​។

ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋជាង២០​នាក់​ ដែល​ត្រូវបានចាប់​ខ្លួន​គឺត្រូវបញ្ជូន​ទៅ​ស្នង​ការ​នគរបាល​ខេត្ត​កណ្តាល ដែល​អាចនឹង​តម្រូវ​ឲ្យពួកគេ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់ការតវ៉ា។ នេះបើតាមលោក វណ្ណ សូផាត មន្ត្រី​សម្រប​សម្រួល​ផ្នែក​ធុរកិច្ច និង​សិទ្ធិមនុស្ស របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា។

បើតាម​មន្ត្រីសិទ្ធិមនុស្ស​ដដែល ក៏មាន​ពលរដ្ឋ​ម្នាក់​បានរងរបួស​ធ្ងន់​ដោយ​សារ​ការ​បង្ក្រាបពីសំណាក់​កម្លាំង​សមត្ថកិច្ច នៅគ្រា​ដែល​អ្នកភូមិ​បាន​ដុត​សំរាម​នៅ​ក្បែ​របាំង​របស់​ប៉ូលីស​។ របាំងប៉ូលីស​ត្រូវបាន​ដាក់​ពង្រាយជាច្រើន​ថ្ងៃមក​ហើយ ​នៅតំបន់​ដីជម្លោះ​ក្នុង​ភូមិកំពង់តាឡុង ឃុំ​បឹងខ្យាង ដែល​ជាតំបន់​អភិវឌ្ឈន៍​ព្រលាន​យន្តហោះថ្មី។

លោក គង់ សោភ័ណ្ឌ អភិបាល​កណ្តាល​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិRFIយ៉ាងខ្លីថា​ ស្ថានភាព​នៅទីនោះ​បាន​ស្ងប់​ស្ងាត់​វិញហើយ​បន្ទាប់​ពីមនុស្សជាង២០​នាក់​ត្រូវបាន​ចាប់​ខ្លួន។ លោកអះអាងថា ការ​ចាប់​ខ្លួន​ជន​ល្មើស​ទាំងនេះ​ គឺដោយសារតែពួកគេ​ប្រើ​ហិង្សាលើ​សមត្ថកិច្ច​ដែលនាំឲ្យមានរងរបួស​មួយចំនួន។

ប៉ុន្តែ​មន្ត្រី​សិទ្ធិមនុស្ស​បានហៅ​ការ​ប៉ះទង្គិចគ្នានេះថា ​ដោយសារតែ​ប្រើកម្លាំង​សមត្ថកិច្ច    ​ហួសហេតុរាប់រយ​នាក់ ប្រើ​ហិង្សា និង​បាញ់​គ្រាប់បែក​ផ្សែង​ដាក់​ក្រុម​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី ដែល​ទាមទារ​ចូល​ទៅ​មើល​ដីស្រែ​ក្នុង​ទីតាំង​ព្រលាន​យន្តហោះ​ថ្មី ដែល​ក្រុមហ៊ុន​ឈូស​ឆាយ​។

លោក វណ្ណ សូផាត ចាត់ទុក​​បញ្ហា​នេះ ថាជាការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ នៅពេលពលរដ្ឋ​ស្វែងរក​ដំណោះស្រាយ​វិវាទ​ដីធ្លីដោយមាន​បណ្ណកម្មសិទ្ធិ​ដីធ្លីដែលចេញដោយ​ក្រសួងជំនាញ។

សូមបញ្ជាក់ថា ក្រុមហ៊ុន​ OCIC ទទួល​បាន​សិទ្ធិ​សាងសង់​ព្រលាន​យន្តហោះ​ខ្នាត​អន្តរជាតិ​ថ្មី​នៅភាគ​ខាង​ត្បូងទីក្រុង​ភ្នំពេញ​ ដែលគ្រោងសង់​រួចរាល់​នៅ ឆ្នាំ​២០២៣​ ​ក្នុង​ទឹកប្រាក់​ប្រមាណ១.៥០០​លានដុល្លារ។ មូលហេតុ​ដែល​ពលរដ្ឋប្រមាណ៣០០គ្រួសារ​ ជំទាស់​នឹង​គម្រោង​នេះ​ដោយ​តែ​ការ​ផ្តល់​សំណង​ឲ្យ​ពួកគេ​តែ​ជាង៨ដុល្លារ​ក្នុង​ដី១ម៉ែត្រការ៉េ ខណៈ​ដែលអ្នកភូមិនិយាយថា​ដីតំបន់នោះ​មានតម្លៃជាង៨០​ដុល្លារ​ក្នុង​១ម៉ែត្រការ៉េ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI