កម្ពុជា-អប់រំ

បើកសាលាឡើងវិញ៖ ក្រសួងអប់រំណែនាំឲ្យធ្វើតេស្តរហ័សលើសិស្សនិងគ្រូ និងត្រូវមានប័ណ្ណចាក់វ៉ាក់សាំង

ការចូលរៀនរបស់សិស្ស (រូបភាពឯកសារ)
ការចូលរៀនរបស់សិស្ស (រូបភាពឯកសារ) © Internet

ក្រសួង​អប់រំ​យុវជន​ និងកីឡា​នាថ្ងៃច័ន្ទ​ទី១៣កញ្ញា​នេះ ​បានចេញ​សេចក្ដី​ណែនាំមួយ​ស្ដីអំពី​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​ការលើក​កម្ពស់​សុខភាព​ និងសុវត្ថិភាព​សិក្សា​ក្នុងការ​បង្រៀន​ និងរៀន​តាមបណ្ដុំ ​សម្រាប់​គ្រិះស្ថាន​សិក្សា​សាធារណៈ ​និងឯកជន​។ ​សេចក្ដី​ណែនាំ​នេះធ្វើឡើង២​ថ្ងៃមុនពេល​ដែលសាលារៀនរដ្ឋ​ និងឯកជន​ទទួល​បានការ​អនុញ្ញាត​ឲ្យបើក​ដំណើរ​ការឡើងវិញ​។

ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ គឺជាថ្ងៃដែលគ្រិះស្ថានសិក្សារដ្ឋ និង​ឯកជនចាប់ផ្ដើមបើកឲ្យមានដំណើរការអប់រំឡើងវិញ ក្រោយការអនុញ្ញាតរបស់ក្រសួងអប់រំយុវជន និងកីឡា។ ជាមួយគ្នានោះ ក្រសួងអប់រំក៏បានដាក់ចេញនូវគោលការណ៍៧ចំនុច ដើម្បីធានាដល់សុខមាលភាពគ្រូ និងសិស្សក្នងអំឡុងពេលនៃការអប់រំផ្ទាល់ឡើងវិញនេះ។

គោលការណ៍ទាំងនោះរួមមានជាអាថិ៍ តម្រូវឲ្យមានការបង្កើតគណៈកម្មការសុខភាពសិក្សានៅតាមគ្រិះស្ថានសិក្សាដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកពាក់ព័​ន្ធក្នុងការកំណត់ផែនការសកម្មភាពផ្សេងៗ ក៏ដូចជាមានទីតាំងជាក់លាក់ដើម្បីផ្ទុកសម្ភារៈសង្រ្គោះបឋម។ នៅតាមសាលារៀនត្រូវមានវិធានការសុវត្ថិភាព និងអនាម័យជាប្រចាំដូចជាការវាស់កម្ដៅមុនចូលបរិវេនសាលា ការសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល និងអនាម័យក្នុងការហូបចុកជាដើម។ សាលារៀនត្រូវមាននូវសម្ភារៈបរិក្ខាអនាម័យ ដោយមានទឹកស្អាតសម្រាប់ទទួលទាន មានបង្គន់អនាម័យស្អាត ព្រមទាំងមានការលាងសម្អាតធុងសំរាមជាប្រចាំផងដែរ។

ជាការធានាបាននូវហានិភ័យឆ្លងទៀតនោះ ត្រូវមានការធ្វើតេស្ដរហ័សលើបុគ្គលិកអប់រំ និងអ្នកសិក្សាក្នុងរយៈពេលយ៉ាងតិចម្ដងក្នុងចន្លោះពី១ទៅ២សប្ដាហ៍។ មាននូវការចាក់វ៉ាក់សាំងកូវីដ១៩បន្ថែម ហើយរាល់ការចូលក្នុងបរិវេនសាលា គឺត្រូវមានប័ណ្ឌវាក់សាំងភ្ជាប់ជាមួយ។ ក្រៅពីនេះ សុវត្ថិភាពចំណីអាហារក៏ជារឿងសំខាន់ផងដែរ។ សិស្ស និងបុគ្គលិកអប់រំត្រូវមានទំនួលខុសត្រូវចំពោះអនាម័យអាហារហូបចុករៀងៗខ្លួន ដោយការចម្អិនអាហារដោយខ្លួនឯង។ ចំណុចចុងក្រោយ ជាការថែទាំសុខភាពផ្លូវចិត្តជាប្រចាំដើម្បីឆ្លើយតបនឹងស្ថានការណ៍ដ៏តឹងតែងនេះ តាមរយៈការស្វែងរកជំនួយ និងការសម្រាកឲ្យបានគ្រប់គ្រាន់ជាដើម។

គួរបញ្ជាក់ថា ​ប្រមុខរដ្ឋាភិបាល​កម្ពុជា​កាលពីថ្ងៃទី៣១​ សីហាកន្លង​ទៅបានចេញ​សារណែនាំមួយ​ដោយបញ្ជាក់ពី​ការអនុញ្ញាតឱ្យ​បើកដំណើរ​ការសាលារៀន​ឡើងវិញ​តាមបណ្តារាធានី​ខេត្តដែលមាន​កម្រិត​ហានិភ័យ​ឆ្លងតិចតួច។​ យ៉ាងណាមិញ នៅថ្ងៃទី៩ ខែកញ្ញា រដ្ឋបាលរាជធានីភ្នំពេញ​បានចេញ​សេចក្តី​ជូនដំណឹងមួយ​ អនុញ្ញាតឲ្យ​សាលារដ្ឋ​និងសាលា​ឯកជន​ បើកដំណើរការ​ឡើងវិញ​ សម្រាប់កម្រិត​អនុវិទ្យាល័យ ​និងវិទ្យាល័យ​ទាំងអស់ ក្នុង​ភូមិសាស្ត្រ​រាជធានីភ្នំពេញ​ចាប់ពីថ្ងៃទី​១៥ ខែកញ្ញាទៅដោយអនុវត្តន៍តាមស្តង់ដារប្រតិបត្តិត្រឹមត្រូវ៕​ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI