កម្ពុជា-នយោបាយ

លោកហ៊ុន សែន ហៅលោកសម រង្ស៊ីថា មនុស្សអត់គុណធម៌ និងប្រាប់ឱ្យមន្រ្តីបក្សប្រឆាំងឈប់ធ្វើនយោបាយជេរគ្នា

លោក ហ៊ុន សែន ចាប់ដៃជាមួយ លោក សម រង្ស៊ី កាលពីពេលកន្លងទៅ (រូបភាពឯកសារ)
លោក ហ៊ុន សែន ចាប់ដៃជាមួយ លោក សម រង្ស៊ី កាលពីពេលកន្លងទៅ (រូបភាពឯកសារ) @The Cambodia Daily

លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​បានធ្វើឱ្យ​មានរឿង​ដ៏គួរឱ្យ​ភ្ញាក់ផ្អើល​មួយដោយរូប​លោកបានចូលរួម​នៅក្នុងកិច្ច​ពិភា​ក្សាផ្ទៃក្នុង​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​តាមប្រព័ន្ធ​អ៊ីនធើណេត ​(Zoom) ​កាលពីថ្ងៃ ​០៩ ​កញ្ញាក្រោមការ​ដឹកនាំ​ប្រជុំ​ដោយលោក​ឡុង រី​។ ​ក្នុងកិច្ច​ប្រជុំនោះ ​លោកប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ បានហៅលោក​សម រង្ស៊ី​ ថា ជាមនុ​ស្សអត់គុណធម៌​ និងបានប្រាប់​ឱ្យក្រុមអតីត​បក្សប្រឆាំង​ឈប់ធ្វើ​នយោបាយ​ជេរប្រមាថ​គ្នាតទៅទៀត​។ ​ប៉ុន្តែ​ លោកសម រង្ស៊ី ​បានចាត់ទុក​ការចូលរួម​របស់​លោកហ៊ុន សែន​នេះថា ជា​ចេតនា​ចង់ជជែក​ចរចាគ្នា​។

ផ្សាយពាណិជ្ជកម្ម

គឺជារឿងដែលគេពុំអាចនឹកស្មានដល់សោះឡើយ គឺក្នុងអំឡុងពេលលោកឡុង រី ដែលជាមន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំងកំពុងដឹកនាំកិច្ចប្រជុំផ្ទៃក្នុងតាមប្រព័ន្ធអ៊ីនធើណេត (Zoom) ស្រាប់តែលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានលេចមុខចូលរួមប្រជុំនឹងគេដែរ។ តាមរយៈវីដេអូដែលបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកមាជ សុវណ្ណារ៉ា ដែលជាអតីតមន្រ្តីអតីតបក្សប្រឆាំង និងនៅលើទំព័រហ្វេសប៊ុកក្រុមអ្នកប្រយុទ្ធCNRP នៅព្រឹកថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានចោទសួរលោកឡុង រី ចំៗ ថាបានប្រឌិតព័ត៌​មា​នថារូបលោកបានស្លាប់បាត់បង់ជីវិត។ ភ្លាមៗនោះ លោកឡុង រី បានឆ្លើយតបវិញថា រូបលោកមិនបានប្រឌិតព័ត៌មានបែបនេះឡើយ ហើយក៏គ្មានហេតុផលអ្វីដែលរូបលោកត្រូវធ្វើអ៊ីចឹងដែរ ព្រោះថា លោក គឺជាកូនខ្មែរ កាន់សាសនាព្រះពុទ្ធ និងជាមនុស្សមានគុណធម៌។

ប៉ុន្តែ លោកនាយករដ្ឋមន្រ្តីបានចង្អុលចំៗទៅលើលោកសម រង្ស៊ី និងក្រុមរបស់លោកដែលបានប្រឌិតព័ត៌មានអសីលធម៌បែបនេះ។ មិនតែប៉ុណ្ណោះ លោកប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានហៅលោកសម រង្ស៊ី និងក្រុមរបស់លោកថា ជាមនុស្សអត់គុណធម៌ដែលតែងតែធ្វើអំពើអសីលធម៌ និងមិនគប្បីមកលើរូបលោក។ លោកចង់និយាយសំដៅថា រូបលោកបានខិតខំពូនជ្រុំវប្បធម៌សន្ទនា តែលោកសម រង្ស៊ី ជាអ្នកបានបំផ្លិចបំផ្លាញទៅវិញ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានប្រាប់លោកឡុង រី និងសមាជិកអតីតបក្សប្រឆាំងដែលបានចូលរួមប្រជុំតាមប្រព័ន្ធអ៊ីនធើណេត(Zoom)ថា ការធ្វើនយោបាយ បើអាចធ្វើទៅរួច គឺបញ្ឈប់ការជេរគ្នា និងលាបពណ៌គ្នាទៀតទៅ។

ត្រង់ចំណុចនេះ លោកឡុង រី បានប្រកាសគាំទ្រភា្លមតែម្តង ហើយលោកបានគូសបញ្ជាក់ថា ការជេរប្រទេចគ្នា និងលាបពណ៌គ្នានេះមិនមែនជាគោលការណ៍បណ្តុះគំនិតរបស់អតីតគណបក្សសង្រ្គោះជាតិឡើយ។ ប៉ុន្តែលោកថា រូបលោកនឹងរិះរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីលុបបំបាត់បញ្ហានេះ។ ដោយឡែក លោកសម​ រង្ស៊ី វិញកាលពីថ្ងៃទី១២ ខែកញ្ញាបានអះអាងថា ការចូលរួមរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែននេះ គឺរូបលោកហាក់ដូចជាចង់បង្ហាញថា រូបលោកមិនរារាំងដល់ការឈានទៅរកការជជែកចរចាគ្នារកច្រកចេញរវាងអតីតបក្សប្រឆាំង និងបក្សកាន់អំណាច។

ក៏ប៉ុន្តែ​លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាដែលបានបញ្ជាក់ពីភាពពិតនៃការចូលរួមរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែននៅក្នុងកិច្ចប្រជុំតាមZOOMនោះ បានចោទសួរថា តើត្រូវចរចាពីអ្វី ហើយចរចា ដើម្បីអី? លោកផៃ ស៊ីផាន បានគូសបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលកម្ពុជាមិនអាចទៅចរចាជាមួយក្រុមប្រឆាំងដែលធ្វើឱ្យខុសច្បាប់ទម្លាប់ ប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌ និងបំផ្លាញនីតិរដ្ឋរបស់កម្ពុជានោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI