កម្ពុជា-អប់រំ

កម្ពុជាបានដាក់សម្ពោធសៀវភៅ«ស្វែងយល់ពីបដិវត្តន៍ឧស្សាហ៍ទី៤»ឬសេដ្ឋកិច្ចឌីជីថល

សៀវភៅ«ស្វែងយល់ពីបដិវត្តន៍ឧស្សាហ៍ទី៤» ដែលទើបតែដាក់សម្ភោធ
សៀវភៅ«ស្វែងយល់ពីបដិវត្តន៍ឧស្សាហ៍ទី៤» ដែលទើបតែដាក់សម្ភោធ © សហការី

ប្រទេស​កម្ពុជា​នៅថ្ងៃទី​១៤កញ្ញានេះ ​បានដាក់​សម្ពោធ​សៀវភៅ​«ស្វែងយល់​ពីបដិវត្តន៍​ឧស្សាហ៍​ទី៤»ឬសេដ្ឋកិច្ច​ឌីជីថល​។ ​សៀវភៅនេះ​មានកម្រាស់​៣៣០ទំព័រ​ រួមបញ្ចូល​ទាំងភាសាខ្មែរ ​និងអង់គ្លេស​ជាមួយគ្នា។​ បើតាម​ក្រុមយុវជន​ដែលជា​អ្នកនិពន្ធ​សៀវភៅ​ស្វែងយល់​ពីបដិវត្តន៍​ឧស្សាហ៍ទី៤ ​នៃមជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​ សៀវភៅនេះ​បោះពុម្ភ​ចេញផ្សាយ​លើកទី១​ចំនួន១​ពាន់ក្បាល​ និងត្រៀមចែក​ជូនស្ថាប័នរដ្ឋ​និងឯកជន​ពាក់ព័ន្ធ​។ ​បន្ថែម​លើនេះភាគីពាក់ព័ន្ធស្នើឲ្យមាន​ការលើកកម្ពស់អក្ខរកម្ម​ឌីជីថល​ដល់ប្រជាជន​កម្ពុជា​។

ផ្សាយពាណិជ្ជកម្ម

ការត្រៀមខ្លួនរបស់ប្រជាជនកម្ពុជានិងប្រទេសកម្ពុជា នៅក្នុងការទទួលយកប្រយោជន៍ពីបដិវត្តន៍ឧស្សាហ៍ទី៤ ឬសេដ្ឋកិច្ចឌីជីថល នៅតែត្រូវបានចោទសួរ នាឱកាសដាក់សម្ពោធសៀវភៅស្វែងយល់ពីបដិវត្តន៍ឧស្សាហ៍ទី៤ នៅថ្ងៃទី១៤ខែកញ្ញានេះ។ នៅចំពោះមុខសំណួរនេះ អ្នកនិពន្ធនិពន្ធសៀវភៅស្វែងយល់ពីបដិវត្តន៍ឧស្សាហ៍ទី៤ម្នាក់ក្នុងចំណោមអ្នកនិពន្ធផ្សេងទៀត   លោក តាន់ មុន្នីវិសាល  លើកឡើងថា គេត្រូវមើលលើសមត្ថភាពប្រជាជនដើរដល់កម្រិតណា? ហើយយុវជនវិញត្រូ​វត្រៀមខ្លួន​អភិវឌ្ឍន៍ចំណេះដឹងឲ្យបានល្អជាងមុន រៀនសូត្រឲ្យបានច្រើន និងប្រើប្រាស់ពេលវេលាលើអ៊ិនធើណេតឲ្យមានប្រយោជន៍ដើម្បីយកមកពង្រឹងសម្ថភាពខ្លួនឯង។ អ្នកនិពន្ធរូបនេះសង្ឃឹមថា នឹងមានការចូលរួមពីភាគីពាក់ព័ន្ធទាំងរដ្ឋនិងឯកជនរួមគ្នាលើកកម្ពស់អក្ខរកម្មឌីជីថលជាពិសេសតួអង្គរដ្ឋាភិបាលតាមរយៈការបង្កើតគោលនយោបាយ។

ជាមួយគ្នានេះអ្នកនិពន្ធម្នាក់ទៀតកញ្ញា ជា មុយគីម យល់ថា ការត្រៀមខ្លួនទទួលយកប្រយោជន៍ពីបដិវត្តន៍ឧស្សាហ៍ទី៤ ឬសេដ្ឋកិច្ចឌីជីថលមិនមែនជាបន្ទុករបស់រដ្ឋាភិបាលតែឯងទេ គឺទាមទារឲ្យមានការចូលរួមនិងទំនួលខុសត្រូវរបស់ពលរដ្ឋម្នាក់ៗ នៅក្នុងសង្គមពោលគឺទាំងរដ្ឋនិងពលរដ្ឋត្រូវដំណើរទៅព្រមគ្នាដើម្បីដើរឲ្យទាន់ប្រទេសជិតខាង។

ប្រយោជន៍ដែលប្រទេសកម្ពុជាកំពុងទទួលបានពីសេដ្ឋកិច្ចឌីជីថលត្រូវបានលោក សុខ គុណវឌ្ឍន៍មើលឃើញថា នៅក្នុងបរិបទកូវីដ១៩ប្រជាជនកម្ពុជាពេញនិយមទិញទំនិញតាមមធ្យោបាយអនឡាញជំនួសឲ្យទម្លាប់ជាលក្ខណៈប្រពៃណីចុះទៅទិញដោយផ្ទាល់។

បើតាមអ្នកជំនាញបដិវត្តន៍ឧស្សាហកម្ម ៤.០ នឹងធ្វើឲ្យកម្ពុជាផ្លាស់ប្ដូរស្ទើរគ្រប់វិស័យ ជាពិសេសការរីកចម្រើនផ្នែកសេដ្ឋកិច្ចឌីជីថល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI