លោក ហ៊ុន សែន ថាមិនខ្វល់នឹងច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិកមកលើមន្ត្រីជាន់ខ្ពស់កម្ពុជា
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានបញ្ចេញប្រតិកម្មទៅនឹងការអនុម័តច្បាប់ដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើមន្ត្រីជាន់ខ្ពស់កម្ពុជាថាលោកមិនលោកខ្វល់សោះឡើយ។ តែជាមួយគ្នានេះលោកបានលើកចំឈ្មោះមន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងជួររដ្ឋាភិបាលរបស់លោកដែលមានសញ្ជាតិអាមេរិក ហើយដែលសង្ស័យថាមានឈ្មោះនៅក្នុងបញ្ជីដាក់ទណ្ឌកម្មនេះដែរ។
ចុះផ្សាយនៅថ្ងៃ៖
នៅពេលចុះពិនិត្យការសាងសង់ព្រលានយន្តអន្តរជាតិថ្មីនៅក្រុងតាខ្មៅ នៅថ្ងៃទី៩ខែធ្នូនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកចំឈ្មោះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជួន ថាជាអ្នកមានសញ្ជាតិអាមេរិក។
បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា ប្រសិនបើអាមេរិកដកហូតព្រទ្យសម្បត្តិរបស់លោក ស៊ុន ចាន់ថុល ដែលមាននៅអាមេរិក គឺស្មើនឹងការដកហូតព្រទ្យរបស់ពលរដ្ឋអាមេរិកខ្លួនឯងដែរ។ តែលោក ហ៊ុន សែន អះអាងថា ទាំងរូបលោក ទាំងលោក ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ មិនមានប្រាក់លាក់ទុកនៅអាមេរិកនោះឡើយ។
ទោះជាយ៉ាងលោក ហ៊ុន សែន បានចំអកថា ប្រសិនរកឃើញថាលោកមានទ្រព្យសម្បត្តិរក្សាទុកនៅអាមេរិកមែន គឺលោកជំរុញឲ្យមានការដកហូត ឬបង្កកទុកដោយគ្មានការតវ៉ាឡើយ។
ខ្លឹមសារច្បាប់ដាក់ទណ្ឌកម្មលើបុគ្គលដែលគេចាត់ទុកថា ជាអ្នករំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងរំលាយប្រជាធិបតេយ្យនៅកម្ពុជា ដែលមានឈ្មោះថា H.R.4686 ដែលសមាជិកសភាអាមេរិកចំនួន៤០៣ លើ៤៣៥រូបបានអនុម័តនោះ គឺទណ្ឌកម្មមានដូចជា បង្កកទ្រព្យសម្បត្តិរបស់បុគ្គលទាំងនោះ ដែលមាននៅសហរដ្ឋអាមេរិកបិទជីពចរនៃប្រតិបត្តិការហិរញ្ញវត្ថុជាមួយអាមេរិករបស់បុគ្គល និងក្រុមហ៊ុនរបស់បុគ្គលទាំងនោះ និងបិទទិដ្ឋាការមិនឲ្យចូលទឹកដីអាមេរិកជាដើម។
សម្រាប់អ្នកនយោបាយរបស់អតីតបក្សប្រឆាំងដែលកំពុងនៅក្រៅប្រទេសបង្ហាញក្តីសង្ឃឹមថ្មីចុងក្រោយ ខណៈសភាអាមេរិកបានសើរើឡើងវិញនូវសេចក្តីព្រាងច្បាប់នេះមកអនុម័តជាឯកច្ឆ័ន កាលីចុងខែកញ្ញា២០២១ ក្រោយពីជាប់គាំងក្នុងរដ្ឋបាល លោក ដូណាល់ ត្រាំ កន្លងមក។ ពួកគេនិយាយថា ច្បាប់ក្នុងន័យដូចគ្នានេះនឹងត្រូវបានអនុម័តជាបន្តបន្ទាប់ទៀតនៅប្រទេសអូស្ត្រាលី អង់គ្លេស កាណាដា និងសហភាពអឺរ៉ុប។
បើតាម លោក សម រង្ស៊ី ទណ្ឌកម្មថ្មីដែលស្តែងចេញពីឥទ្ធិពលនៃច្បាប់នេះ គឺសំដៅតែលើ លោក ហ៊ុន សែន និងអ្នកដែលទទួលខុសត្រូវពីការសម្លាប់លទ្ធិប្រជាធិបតេយ្យ និងធ្វើបាបរាស្ត្រតែប៉ុណ្ណោះ ពោលទណ្ឌកម្មនេះ មិនប៉ះពាល់ដល់ប្រជារាស្ត្រជាទូទៅឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ