តុលាការក្រុងភ្នំពេញ ចុះវាយតម្លៃអតីតទីស្នាក់ការបក្សប្រឆាំង ដើម្បីទូទាត់សងបំណុលជាង២លានដុល្លារ
សាលាដំបូងរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌមានជ័យនៅព្រឹកថ្ងៃទី២០ ធ្នូនេះ បានចុះអនុវត្តដីកាសម្រេចបង្គាប់ឱ្យស្រាវជ្រាវនិងវាយតម្លៃពីស្ថានភាពអចលនទ្រព្យបច្ចុប្បន្នរបស់អតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិដែលជាផ្ទះរបស់លោក សម រង្ស៊ី។ ការចុះវាយតម្លៃនេះ គឺធ្វើឡើង ដើម្បីអនុវត្តតាមអំណាចសាលក្រម សាលដីកាស្ថាពរ យកទៅសងសំណងផ្នែករដ្ឋប្បវេណី និងប្រាក់ពិន័យតាមច្បាប់ដែលមានទំហំបំណុលជាង២លានដុល្លារអាមេរិក។
ចុះផ្សាយនៅថ្ងៃ៖
នៅព្រឹកថ្ងៃទី២០ ធ្នូ តុលាការក្រុងភ្នំពេញ និងអាជ្ញាធរខណ្ឌមានជ័យ បានចុះស្រាវជ្រាវ និងវាយតម្លៃស្ថានភាពអចលនទ្រព្យបច្ចុប្បន្ននៃអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលជាទ្រព្យកម្មសិទ្ធរបស់លោកសមរង្ស៊ី អតីតប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
ការចុះអនុវត្តដីកានេះ គឺធ្វើឡើងបន្ទាប់ពីអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ធ្នូបានចេញលិខិតជូនដំណឹងទៅលោក សម រង្ស៊ី ដើម្បីចុះវាយតម្លៃស្ថានភាពអចលនទ្រព្យ ក៏ដូចជាដើម្បីធ្វើការទូទាត់បំណុលសងទៅកាន់ភាគីរដ្ឋាភិបាលដែលជាម្ចាស់បំណុលប្រមាណ២លានដុល្លារ។
សូមរំឭកថា កាលពីថ្ងៃទី០៤ វិច្ឆិកា ឆ្នាំ២០២១ តុលាការក្រុងភ្នំពេញបានចេញដីកាសម្រេចដាក់លក់ដោយបង្ខំនូវអតីតទីស្នាក់ការរបស់គណបក្សសង្រ្គោះជាតិដែលជាផ្ទះរបស់លោកសម រង្ស៊ី អតីតប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បន្ទាប់ពីមានសំណើសុំឱ្យអនុវត្តវិធានបង្ខំដោយផ្ទាល់ របស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីទាំង៤ និងបណ្តឹងរបស់អយ្យការអមសាលាដំបូងភ្នំពេញចំនួន៤សំណុំរឿងទៀត ក្រោយភាគីអ្នកចាញ់ក្តី គឺលោកសម រង្ស៊ី មិនបានបំពេញកាតព្វកិច្ចសងសំណង តាមសាលក្រម សាលដីកាស្ថាពរ កាលពី៣ឆ្នាំមុន និងសាលក្រមស្ថាពរជាបន្តបន្ទាប់ទៀត។
បើតាមដីការបស់លោក អ៊ឹម វណ្ណៈ ចៅក្រមអនុវត្តរបស់តុលាការក្រុងភ្នំពេញ គឺបានបង្គាប់ឱ្យកូនបំណុល លោក សម រង្ស៊ី ត្រូវសងបំណុលទៅម្ចាស់បំណុលដែលមានដូចជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងទឹកប្រាក់ប្រមាណ ១លានដុល្លារអាមេរិក លោក ស ខេង ប្រមាណ ៥០ម៉ឺនដុល្លារ លោក ហេង សំរិន ជាង ៦ម៉ឺនដុល្លារ និងភាគីដើមបណ្តឹងមួយទៀត គឺរដ្ឋាភិបាលប្រមាណជាង ៤៥ម៉ឺនដុល្លារ។
ជុំវិញការចុះអនុវត្តដីការបស់តុលាការក្រុងភ្នំពេញនាពេលនេះ វិទ្យុបារាំងអន្តរជាតិRFIនៅមិនទាន់អាចសុំការបញ្ជាក់ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ពាក់ព័ន្ធនឹងលទ្ធផលនៃការចុះវាយតម្លៃអតីតទីស្នាក់ការគណបក្សប្រឆាំងបាននៅឡើយនោះទេនៅព្រឹកថ្ងៃចន្ទនេះ៕
តែយ៉ាងណាសម្រាប់គណបក្សប្រឆាំង បានចាត់ទុកថា ដីកាប្រកាសលក់ដោយបង្ខំនេះជារូបភាពប្លន់អំណាច និងទ្រព្យសម្បត្តិឯកជនរបស់នីតិបុគ្គល ក្នុងពេលដែលខ្លួនប្រកាសថាកំពុងជំរុញឱ្យមាននីតិរដ្ឋនៅកម្ពុជា ហើយលោក សម រង្ស៊ី នឹងទាមទារកម្មសិទ្ធិឯកជនដែលមានប្លង់រឹងរបស់លោកមកវិញនៅពេលណាដែលលោកបានវិលទៅប្រទេសកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ