អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទឹកជំនន់៖ ការរួបរួមគ្នារវាងអ្នកនយោបាយគឺជាសញ្ញាណវិជ្ជមានដើម្បីឈានទៅរកភាពផ្សះផ្សារ

សំឡេង ០៣:៣៩
ព្រះសង្ឃនិមន្តកាត់ទឹកជំនន់ដែលជន់លិចក្នុងវត្តអារាមនៅជាយក្រុងភ្នំពេញ កាលពីថ្ងៃពុធ ទី១៤ តុលា កន្លងទៅ។
ព្រះសង្ឃនិមន្តកាត់ទឹកជំនន់ដែលជន់លិចក្នុងវត្តអារាមនៅជាយក្រុងភ្នំពេញ កាលពីថ្ងៃពុធ ទី១៤ តុលា កន្លងទៅ។ AP - Heng Sinith
ដោយ៖ អ៊ឹម រចនា
២២ នាទី

នៅ​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​រក​គ្រោះ​ដោយ​ទឹក​ជំនន់ គេ​សង្កេត​ឃើញ​ថា អ្នក​នយោបាយ​ពី​គ្រប់​មជ្ឈដ្ឋាន ជា​ពិសេស​គឺ​ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​កាន់​អំណាច និងអតីត​គណបក្ស​ប្រឆាំង​។ ការ​វិវត្ត​ថ្មី​នេះ ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា គឺ​ជា​សញ្ញាណ​ដ៏​វិជ្ជមានដើម្បី​ឈាន​ទៅ​ភ្ជិត​ផ្សារ​របួស​រវាង​អ្នក​នយោបាយ​ទាំង​ពីរនេះ​បាន​។

ផ្សាយពាណិជ្ជកម្ម

គ្រោះ​ធម្មជាតិ ទោះ​ក្នុង​កម្រិត​ណា​ក៏​ដោយ មិន​មែន​ជា​សេចក្ដី​ប្រាថ្នា​របស់​មនុស្ស​ជាតិ ឬ​ប្រទេស​ណា​មួយ​ក៏ទេ​ដែរ​។ នៅ​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​រក​គ្រោះ​ដោយ​​ជំនន់ទឹក​ភ្លៀង​ដូច្នេះ គេ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅតែ​ពី​នាំ​គ្នា​លុយ​ទឹកដើម្បី​ជួយ​សង្គ្រោះ​ប្រជាជន តាម​រយៈ​ការ​ផ្ដល់​ទឹក​ស្អាត អាហារ លុយ​កាក់ និង​សម្ភារៈ​ចាំ​បាច់​ផ្សេង​ទៀត​ឡើយ​។

ចាប់​តាំងគ្រោះ​ទឹក​ជំនន់​វាយ​លុក​កម្ពុជា ទាំង​ថ្នាក់​ដឹក​នាំ​ប្រទេស​និង​មន្ដ្រី​គ្រប់​ជាន់​ថ្នាក់ បានចុះ​ទៅ​ដល់​កន្លែង​រង​គ្រោះដើម្បី​ធ្វើ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​។ ហើយក្រៅពីមាន​វត្តមាន​ថ្នាក់​ដឹក​នាំ​ប្រទេស​និង​មន្ដ្រី​គ្រប់​ជាន់​ថ្នាក់ ក៏​មាន​ផង​ដែរ ការ​ចុះជួយ​ចែក​អំណោយ​ដល់​ជន​រង​គ្រោះពី​សំណាក់​លោក កឹម សុខា ដែល​ជា​ប្រធាន​អតីត​គណបក្ស​ប្រឆាំង​។ ដ្បិត​តែ​ពី​ដំបូង​មាន​ការ​ប្រទាំង​ប្រទើសរវាង​មន្ដ្រី​ថ្នាក់​ក្រោម​ចំពោះ​លោក កឹម សុខា ក៏​ពិត​មែន​ ប៉ុន្តែ​ភាព​ប្រទាំង​ប្រទើស​នេះ​បាន​បាត់​ទៅ​វិញ នៅ​ពេល​ដែល​លោក​ ហ៊ុន សែន ចេញ​មុខ​អន្តរាគមន៍​។ ការ​អន្តរាគមន៍​របស់​លោក ហ៊ុន សែន មិន​ត្រឹម​តែ​បើក​ផ្លូវ​ឲ្យ​លោក កឹម សុខា ចុះ​ចែក​អំណោយ​ដល់​ប្រជាជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ ហ៊ុន សែន បាន​បញ្ជា​ឲ្យដល់​​មន្ដ្រី​ថ្នាក់​ក្រោម​របស់​ខ្លួន ឲ្យ​សម្រួល​ការងារ​របស់​លោក កឹម សុខា ថែម​ទៀត​។

ការ​វិវត្ត​ថ្មី​នេះ បើ​តាម​ការ​មើល​ឃើញ​របស់​អ្នក​វិភាគ​សង្គម គឺ​ជា​សញ្ញាណ​វិជ្ជមានដែល​អាច​ឈាន​ទៅ​បិទ​បញ្ចប់​នូវ​ភាព​ប្រេះ​ឆាររវាង​គណបក្ស​កាន់​អំណាច​និង​អតីត​គណបក្ស​ប្រឆាំង​ក៏​ថា​បាន​។ អ្វី​ដែល​គេ​បារម្ភ​នោះ​គឺថា ភាគ​ត្រូវ​គ្នា​និង​យោគយល់​គ្នា​រវាង​ភាគី​ទាំង​ពីរ​នេះ មាន​រយៈ​ពេល​ខ្លី ហើយ​អាច​នឹង​បញ្ចប់​ទៅ​វិញ​នៅ​ពេល​ដែល​គ្រោះទឹក​ជំនន់​បាន​ធូរ​ស្រាល​។

ជា​ការ​ពិត ភាព​យោគយល់​គ្នា​រវាង​អ្នក​នយោបាយ​ដែល​មាន​និន្នាការ​ផ្ទុយ​គ្នា មាន​រយៈ​ពេល​ខ្លី​ណាស់ ហើយ​រមែង​តែ​បែក​បាក់​គ្នា​ទៅវិញ​ ដោយ​សារ​តែ​ការ​មិន​ទុក​ចិត្ត​គ្នា ឬ​អាក្រក់​ជាង​នេះ គឺ​បណ្ដាល​មក​ពី​ភាព​មិន​ស្មោះ​ត្រង់​រវាង​គ្នា​។

ទំនាក់​ទំនង​យោគ​យល់​គ្នា​រយៈ​ពេល​ខ្លី ផ្ដល់​ផល​វិបាក​រយៈ​ពេល​វែង​។ ទី​១ វា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់​បង់​ទំនុក​ចិត្ត។ ទី​២ វា​បង្កើត​ឲ្យ​មាន​ភាព​មិន​ទុក​ចិត្ត​គ្នា​កាន់​តែ​ខ្លាំង​ឡើង​រវាង​អ្នក​នយោបាយ​។ និង​ទី​៣ វា​ធ្វើ​ឲ្យ​មាន​ការ​បែង​ចែកនិង​បែក​បាក់​នៅ​ក្នុង​សង្គម​ជាតិ​។ នៅទី​បំផុត តើ​អ្នក​ដែល​រង​គ្រោះ​ដោយ​សារ​តែ​ផល​វិបាក​ទាំង​នេះ មិន​មែន​ជា​ប្រជា​ពលរដ្ឋ​និង​ប្រជាជាតិ​ខ្មែរ​ខ្លួន​ឯង​ឬ​យ៉ាង​ណា?

ផ្ទុយ​មកវិញ ប្រសិន​បើ​ទំនាក់​ទំនង​យោគយល់​គ្នា​រវាង​អ្នក​នយោបាយ​ខ្មែរ ធ្វើ​ឡើង​ដោយឆន្ទះ​ពិត​ប្រាកដ មាន​ភាព​យូរ​អង្វែង ដោយ​គិតគូរ​ពីផល​ប្រយោជ​ន៍​ជាតិ​ជា​ធំ នោះ​វា​នឹង​ផ្ដល់​ផល​​ប្រយោជន៍​ដ៏​មហិមា សម្រាប់​ប្រជាពលរដ្ឋ​និង​ប្រជាជាតិ​។ អ្នក​នយោបាយ ​នឹង​ទទួល​បាន​ប្រជាប្រិយភាព​កាន់​តែ​ច្រើ​និង​ថែម​ទាំង​អាច​​បង្ហាញ​ពី​ភាព​ចាស់ទុំ​ផ្នែក​នយោបាយ​របស់​ខ្លួន​ផងដែ​រ។

សរុប​មក​វិញ ទំនាក់ទំនង​យោគយល់​គ្នា​រវាង​អ្នក​នយោបាយ​ទាំង​អស់ មិន​គួរ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​តែ​ផល​ប្រយោជន៍​បក្ស ឬ​ផល​ប្រយោជន៍​ផ្ទាល់​​ខ្លួន និង​ភាព​ល្អ​មើល​នៅ​ក្នុង​រយៈ​ពេល​ខ្លី​នោះ​ទេ​។ ផ្ទុយ​មក​វិញ ទំនាក់​ទំនង​នេះ​គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ជាប់​ជា​ប្រចាំ ដោយ​មិន​ចាំ​បាច់​កម្រិត​នៅ​ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ដែរ​។ នៅ​ពេល​ដែល​អ្នក​នយោបាយ​យោគយល់​គ្នា​ដោយ​ផុស​ចេញ​ពី​ទឹក​ចិត្ត​ពិត​ប្រាកដ នោះ​ប្រជាពលរដ្ឋ​នឹង​មាន​ភាព​កក់​ក្ដៅ​។ ចំណែកសម្រាប់​អ្នក​នយោបាយខ្លួន​ឯង ទំនាក់​ទំនង​យោគ​យល់​គ្នាចេញ​ពី​ទឹក​ចិត្ត​ពិត​ប្រាក​ គឺ​ជា​ទង្វើ​ប្រកប​ដោយ​គតិ​បណ្ឌិត ដើម្បី​បុព្វហេតុ​ស្នេហា​ជាតិ ការ​បង្រួបបង្រួម​ជាតិ និង​សាមគ្គី​ភាព​យូរ​អង្វែង​នៅ​ក្នុង​សង្គម​ខ្មែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ