ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើកម្ពុជាត្រូវធ្វើដូចម្ដេចដើម្បីចៀសផុតពីការឆ្លងកូវីដ១៩ទៅសហគមន៍?

សំឡេង ០៤:៣៥
ពុទ្ធសាសនិកជន ពាក់ម៉ាសកាន់ធូប និងផ្កាឈូក ដើម្បីបួងសួងនៅមុខព្រះបរមរាជវាំង ក្នុងពិធីបុណ្យព្រះពុទ្ធសាសនា នៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០
ពុទ្ធសាសនិកជន ពាក់ម៉ាសកាន់ធូប និងផ្កាឈូក ដើម្បីបួងសួងនៅមុខព្រះបរមរាជវាំង ក្នុងពិធីបុណ្យព្រះពុទ្ធសាសនា នៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ AP - Heng Sinith

លទ្ធភាព​នៃ​ការ​ឆ្លង​កូវីដ​១៩នៅ​ក្នុង​សហគមន៍ កំពុង​ឈាន​យ៉ាង​សន្សឹមៗ​ឆ្ពោះ​មក​កាន់​​កម្ពុជា ទោះ​បីជា​មិន​ទាន់​ចូល​មក​ដល់​ក៏​ដោយ​។ ឥឡូវ​នេះ មនុស្ស​រាប់​រយ​នាក់​កំពុង​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក បន្ទាប់​ពី​បាន​ប្រាស្រ័យ​ទាក់ទង ​ដោយ​ផ្ទាល់ និង​មិន​ផ្ទាល់ ជាមួយ​រដ្ឋ​មន្ដ្រី​ការបរទេស​ហុងគ្រី​។ រដ្ឋ​មន្ដ្រី​ការ​បរទេស​ហុងគ្រី ដែល​រក​ឃើញ​ថា មាន​ផ្ទុក​កូវីដ​១៩។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ព្រមាន​ពី​លទ្ធភាព​នៃ​ការ​ឆ្លងកូវីដ​១៩​នៅ​ក្នុង​សហគមន៍​។ ក្នុង​បរិបទ​នេះ ពលរដ្ឋ​ម្នាក់​ៗ​ដើរ​តួ​សំខាន់​ណាស់ ដើម្បី​បង្ការ​មិន​ឲ្យ​កូវីដ​១៩​នៅ​ក្នុង​សហគមន៍​បាន​។

ផ្សាយពាណិជ្ជកម្ម

«ឆាប់​ភ័យ ឆាប់​បាត់» នេះ​គឺ​ជា​ចរិត​លក្ខណៈ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​គេ​សង្កេត​ឃើញ​មាន​ជា​យូរ​មក​ហើយ​។ កាល​ពី​ខែ​មីនា ពេល​ដែល​កូវីដ​១៩​កំពុង​ផ្ទុះ​ឡើង​ដំបូង​ៗ ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ភ័យ​ស្លន់​ស្លោ នាំ​គ្នា​ដណ្ដើម​ទិញ​ម៉ាស​និង​អាល់កុល​លាង​ដៃ​រហូតទាល់​តែ​​អស់​ពី​ស្តុក​។ ការ​ជួប​ជុំ​ផ្សេង​ៗ​ត្រូវ​គេ​កាត់​បន្ថយ ចំណែក​ការ​ដើរហើរ​ជា​ទូទៅ​ក៏​មិន​សូវ​អ៊ូអរ​។ គួរ​បញ្ជាក់​ថា កាល​ណោះ ករណី​កូវីដ​១៩​នៅ​កម្ពុជា​ទាំង​អស់ សុទ្ធ​សឹង​តែ​ជា​ករណីនាំ​ចូល​ពី​បរទេស​។

៨​ខែ​ក្រោយ​មក ពោល​គឺ​នៅ​ខែ​វិច្ឆិកា​នេះ កម្ពុជា​ស្រាប់​តែ​រក​ឃើញ​​ករណី​វិជ្ជមាន​កូវីដ​១៩​នៅ​ក្នុង​ប្រទេស តាម​រយៈ​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​ជាមួយ​រដ្ឋ​មន្ដ្រី​ការបរទេស​និង​ពាណិ្ជកម្មរបស់​ហុងគ្រី ដែល​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​។ រថយន្ត​សង្គ្រោះ​បន្ទាន់​បើក​ទៅ​មក​ចុះ​ឡើង​គ្មាន​ឈប់​ឈរ​។ មនុស្ស​រាប់​រយ​នាក់ ត្រូវ​ធ្វើ​ចត្តាឡីស័ក ដាក់​ខ្លួន​ឯង​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​១៤​ថ្ងៃ។

បើ​ទោះ​បីអ៊ីចឹង​ក៏​ដោយ គេ​សង្កេត​ឃើញ​ថា ពលរដ្ឋ​ទូទៅ ហាក់​ដូច​ជា​ពុំ​បាន​ចាប់​អារម្មណ៍​ឬ​ភ័យ​ខ្លាច​ទាល់តែ​សោះ​ ចំពោះ​ជំងឺ​កូវីដ​១៩​។ កូវីដ​១៩ ដែល​មិន​ត្រឹម​តែ​លុកលុយ​កម្ពុជា​ទេ ក៏​មាន​ផងដែរ ប្រទេស​ជា​ច្រើន​នៅ​ទូទាំង​ពិភពលោក រួម​ទាំង​ប្រទេស​អាមេរិក និង​ប្រទេសនៅអឺរ៉ុប​ជា​ដើម​។

មែន​ទែន​ទៅ នៅ​ក្នុង​បរិបទ​កម្ពុជា​សព្វ​ថ្ងៃ ពលរដ្ឋ​គួរ​តែ​ត្រឡប់​ទៅ​បារម្ភ​និង​ការពារ​ខ្លួន ដូច​កាល​ពីខែ​មីនា​វិញ​ ព្រោះ​សូម​កុំ​ភ្លេច​ថា ជំងឺ​កូវីដ​១៩​នេះ ឆ្លង​ដោយ​ពុំ​រើស​មុខ​ទេ។ សូម្បី​តែ​ថ្នាក់​ដឹក​នាំ​នៅ​ប្រទេស​ខ្លះ​ក៏​មាន​ឆ្លង​ជំងឺ​នេះ​ដែរ​។ ពលរដ្ឋ​ខ្មែរ​ត្រូវ​យល់​ថា ក្ដី​ព្រួយ​បារម្ភ​និង​ភាព​ភ័យ​ខ្លាច​របស់​ខ្លួន ពុំ​មាន​អ្វី​ខុស​ប្រក្រតី​ទេ ប៉ុន្តែ​ជា​រឿង​ត្រឹម​ត្រូវ​ទៅវិញ ដើម្បី​កុំ​ឲ្យ​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ទៅ​ក្នុង​សហគមន៍​ខ្មែរ​​។ ហេតុ​អ្វី​ការ​បារម្ភ​ពី​កូវីដ​១៩​គឺ​ជា​រឿង​ត្រឹម​ត្រូវ? នោះ​ក៏​ព្រោះ​តែ​ការ​ឆ្លង​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩ អាច​កើត​ឡើង​ដោយអ្នក​ជំងឺ​ខ្លួន​ឯង​​ពុំ​ដឹង​ខ្លួន​, ថ្នាំ​ព្យាបាល​ក៏​គ្មាន, ចំណែក​ករណី​ស្លាប់​ក៏​ចេះ​តែ​កើន​ឡើង​ឥត​ឈប់ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

នៅ​ក្នុង​សំណុំ​រឿង​កូវីដ​១៩​នៅ​កម្ពុជា ប្រមុខ​រដ្ឋាភិបាល​បាន​គូស​បញ្ជាក់​​​ថា ករណី​រក​ឃើញ​កូវីដ​១៩​លើ​ពលរដ្ឋ​ខ្មែរ​ថ្មី​ៗ​នេះ មិន​មែន​ជា​រឿង​តូច​តាច​ទេ​។ ក្នុង​ន័យ​នេះ បន្ថែម​ពី​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​និង​អាជ្ញាធរ​ពាក់ព័ន្ធ ប្រជាពលរដ្ឋ​ត្រូវ​តែ​ចូល​រួម​​គ្រប់​គ្នាៗ​។ អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​អាច​ធ្វើ​បាន គឺ​នាំ​គ្នា​ប្រុង​ប្រយ័ត្ន​សុខភាព​និង​ថែ​ទាំ​អនាម័យ​ខ្លួន​ប្រាណ​ឲ្យ​បាន​ដិត​ដល់៖ លាង​ដៃ​ឲ្យ​បាន​ញឹកញាប់ តាម​ដាន​សុខភាព​ខ្លួន​ឯង ហើយ​ត្រូវ​ប្រញាប់​រាយការណ៍​ជា​បន្ទាន់​ទៅ​កាន់​មន្ដ្រី​ជំនាញ​ប្រសិន​បើ​មាន​រោគ​សញ្ញា​សង្ស័យ​នៃ​ជំងឺ​កូវីដ​១៩​។

ចំណែក​នៅ​តាម​បណ្ដាញ​សង្គម ពលរដ្ឋ​អាច​បន្ត​តាម​ដាន​និង​ចែក​រំលែក​ព័ត៌មាន​ត្រឹម​ត្រូវ​អំពី​ការ​វិវត្ត​នៃជំងឺ​កូវីដ​១៩​​។ ការ​ទទួល​ព័ត៌មាន​និង​ចែក​រំលែក​ព័ត៌មាន​ត្រឹម​ត្រូវ​នេះ មាន​សារៈ​សំខាន់​ណាស់​សម្រាប់​អាជ្ញាធរ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ឆ្លង​រាត​ត្បាត​នៃជំងឺ​កូវីដ​១៩ បាន​ទាន់​ពេល​វេលា​។ ទន្ទឹម​គ្នា​នេះ វា​ក៏​អាច​រួម​ចំណែក​ជួយ​កាត់​បន្ថយ​ក្ដី​បារម្ភ​និង​ភាព​ភ័យ​ខ្លាច​ជ្រួល​ច្របល់​នៅ​ក្នុង​សង្គម​បាន​ផង​ដែរ​។

គេ​ត្រូវ​ចង​ចាំ​ថា បញ្ហា​ចំពោះ​មុខនា​ពេល​នេះ​ ​គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាត​ត្បាត​នៃ​មេរោគ​កូរ៉ូណាថ្មី ឬ​ជំងឺ​កូវីដ​១៩ ដែល​ការងារ​នេះ​តម្រូវ​ឲ្យ​​ពលរដ្ឋ​ទូទៅ​ចូល​រួម​ជាមួយ​អាជ្ញាធរ​​។ ការ​ចូល​រួម​សំខាន់​បំផុត គឺ​នាំ​គ្នា​រក្សា​គម្លាត​សង្គម ចៀស​វាង​ការ​ប្រមូល​ផ្ដុំ ​ប្រយ័ត្ន​ប្រយែង​ និង​ថែ​ទាំ​អនាម័យ​ព្រម​ទាំង​សុខភាព​ខ្លួន​ឯង។ ការងារ​នេះ​សំខាន់​ខ្លាំង​ណាស់​ដើម្បី​ធានា​ថា យើង​ម្នាក់​ៗ មិន​ធ្លាក់​ខ្លួន​ជា​ជន​រង​គ្រោះ​នៃ​ជំងឺ​កូវីដ​១៩ និង​មិន​ក្លាយ​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​នេះ​ទៅ​កាន់​អ្នក​ដទៃ ជា​ពិសេស​មនុស្ស​ចាស់​និង​អ្នក​ដែល​មានសុខភាព​ទន់​ខ្សោយ​។ នេះ​គឺ​​​ការ​​​​​​រួម​ចំណែក​ដ៏​ធំ​ធេង​មិន​អាច​កាត់​ថ្លៃ​​បានរបស់​ពលរដ្ឋម្នាក់​ៗ ដើម្បី​កាត់​បន្ថយ​និង​ទប់​ស្កាត់​ការ​ឆ្លង​​នៃ​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI