ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សិទ្ធិមនុស្សក្នុងផ្នត់គំនិតថ្នាក់ដឹកនាំខ្មែរ គួរតែផ្លាស់ប្ដូរឲ្យទាន់សម័យ

សំឡេង ០៤:២១
ការប្រារព្ធទិវាសិទ្ធិមនុស្សនៅកម្ពុជាកាលពីឆ្នាំ២០១៦
ការប្រារព្ធទិវាសិទ្ធិមនុស្សនៅកម្ពុជាកាលពីឆ្នាំ២០១៦ © RFI

ថ្ងៃ​ទី​១០​ធ្នូ​កន្លង​ទៅ​នេះ គឺ​ជា​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។ បើ​ទោះ​បីជា​រៀបចំ​ឡើង​យ៉ាង​ស្ងៀម​ស្ងាត់​នៅ​ក្នុង​បរិបទ​កូវីដ​១៩​ក៏​ដោយ ក៏​គេ​នៅ​តែ​បាន​ឮ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ភាគី​ពាក់ព័ន្ធ ទាំង​អង្គការ​សង្គម​ស៊ីវិល ទាំង​អតីត​បក្ស​ប្រឆាំង ទាំង​រដ្ឋាភិបាល​បក្ស​កាន់​អំណាច សុទ្ធតែ​បានអះអាង​ពី​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​​លើកស្ទួយ​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ គេ​កត់​សម្គាល់​ឃើញ​ថា ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​តែ​មាន​វត្តមាន​នៅ​ឡើយ​ក្នុង​សង្គម​ខ្មែរ ដែល​​ជា​ទូទៅ​បាន​បង្កប់​ក្នុង​ផ្នត់គំនិត​ដឹកនាំ​បែប​ចាស់​គំរឹល។

ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​និយាយ​ដល់​​សិទ្ធិមនុស្ស រដ្ឋាភិបាល​តែង​រម្លឹក​ពី​ការ​រំដោះ​ប្រទេស​ចេញ​ពី​របប​ខ្មែរក្រហម ​ដើម្បី​បង្ហាញ​ពី​ស្នាដៃ​របស់ខ្លួន​សម្រាប់​បុព្វហេតុ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ គណបក្សកាន់អំណាច​ចង់​រំលេច​ឲ្យ​ឃើញថា ខ្លួន​ពិតជា​បាន​នាំមក​នូវ​សិទ្ធិសេរីភាព​ដ៏​សំខាន់​ដល់​ប្រជាជន​កម្ពុជា​ នោះ​គឺ​សិទ្ធិ​រស់រានមានជីវិត​ ដែល​ធ្លាប់​ត្រូវបាន​ដកហូត​ដោយ​ពួក​ខ្មែរក្រហម​។ សម្រាប់​បក្ស​កាន់អំណាច សមិទ្ធផល​ទាំងឡាយ​ដែល​ប្រជាជន​កម្ពុ​ជាមាន​នៅពេល​នេះ​គឺ​បានមក​ដោយសារ​ ថ្ងៃ៧មករា។ ហេតុផល​នេះ​មិន​ខុស​ឡើយ​ពីព្រោះថា​កាលណោះ ​ការ​បន់ស្រន់​ដ៏​សំខាន់បំផុត​របស់​ពល​រដ្ឋ​ខ្មែរ​គ្រប់រូប ​គឺ​សុំ​ឲ្យ​មាន​អ្នក​ជួយសង្គ្រោះ​ចេញពី​របប​មច្ចុរាជ​ខ្មែរក្រហម។

ពិតណាស់ បើ​ធៀប​នឹង​របប​ប៉ុលពត អ្វីដែល​កម្ពុ​ជាមាន​សព្វ​ថ្ងៃ​ពិតជា​សមិទ្ធផល​ដ៏​សម្បើម​មួយ។ ប៉ុន្តែ សិទ្ធិសេរីភាព​របស់​ម​នុស្ស​ មិនមែន​ត្រឹមតែ​ការរស់រានមានជីវិត​នោះទេ តែ​មនុស្ស​ត្រូវការ​សិទ្ធិសេរីភាព​ច្រើនជាង​នេះ ​ទៅតាម​ការវិវឌ្ឍ​នៃ​សង្គម​ បរិយាកាស​ដែល​ខ្លួន​កំពុង​រស់នៅ។

បច្ចុប្បន្ន ពោល​គឺ​៤០​ឆ្នាំ​ក្រោយរបប​ប៉ុលពត​ដួល​រលំ សេចក្តីត្រូវការ​របស់​ពលរដ្ឋ​ខ្មែរ​ប្រែប្រួល​ខុសពី​របប​ខ្មែរក្រហម​ឆ្ងាយ​​ណាស់។ ខណៈ​ដែល​ប្រជាជន​មួយ​ក្រុម​ដែល​មានអំណាច​និង​មាន​ប្រាក់ កំពុង​រស់​នៅ​ដោយ​សមបំណង​ ប្រជាជន​ខ្មែរ​មួយក្រុម​ទៀត​ដែលជា​អ្នកក្រីក្រ​ ជាពិសេស​អ្នករងគ្រោះ​ដោយសារ​​បញ្ហាដីធ្លី​និង​ដោយសារ​អយុត្តិធម៌​សង្គម​ផ្សេងទៀត ​ហាក់​នៅមាន​អារម្មណ៍​ថា ខ្លួន​កំពុង​រស់ក្នុង​សង្គម​បរិយាកាស​ដែល​រង​ការរំលោភបំពាន​សិទ្ធិ ​មិន​ខុស​ឆ្ងាយ​ពី៤០​ឆ្នាំមុន​ប៉ុន្មានឡើយ។ នេះ​នៅ​មិនទាន់​រាប់ដល់​សិទ្ធិ​ក្នុង​ការធ្វើ​នយោបាយ សិទ្ធិ​បញ្ចេញមតិ និង​សិទ្ធិ​ទទួលបាន​ប្រាក់កម្រៃ​សមរម្យ​ផង​ទេ។

មាន​មូលហេតុ​ច្រើនយ៉ាង​ដែល​បណ្តាល​ឲ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស​នៅ​​កម្ពុជា។ មូលហេតុ​សំខាន់​ជាងគេ​គឺ​មកពី​មន្ត្រី​មានអំណាច​ដើរ​មិនទាន់​សភាពការណ៍​វិ​វ​​ឌ្ឍ​របស់​ប្រទេសជាតិ។ ៤០​ឆ្នាំ​កន្លងផុតទៅ មន្ត្រី​មួយចំនួន​ជាពិសេស​គឺ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​តែម្តង ​នៅតែ​គិតថា អំណាច​អាចធ្វើ​អ្វី​ក៏បាន ហើយ​ពួកគេ​នៅតែ​ប្រើ​វិធី​គ្រប់គ្រង​មនុស្ស​តាមបែប​ចាប់បង្ខំ​ដដែល។

ជាក់ស្តែង សមត្ថកិច្ច​ខ្លះ​នៅតែ​ប្រើ​វិធី​គំរាមកំហែង​កុំ​ឲ្យ​ពលរដ្ឋ​ប្រឆាំង​តវ៉ាជាមួយ​ខ្លួន។ អាជ្ញាធរ​នៅតែ​ប្រើ​វិធី​រារាំង​សូម្បីតែ​ការដើរ​ដង្ហែ​ក្បួន​ដោយ​សន្តិវិធី ​ដែលមាន​មនុស្ស​តែ​ប៉ុន្មាន​សិប​នាក់​ចូលរួម។ មន្ត្រី​អ្នកមាន​បុណ្យស័ក្តិ​ខ្លះទៀត​នៅតែ​គិតថា អំណាច​អាច​ការពារ​ពួកគេ​ឲ្យ​ផុតពី​សំណាញ់​ច្បាប់​បាន។ ផ្នត់គំនិត​ទាំងនេះ​មិន​ត្រឹមតែ​ជា​បុព្វហេតុ​នាំ​ឲ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ធ្វើ​ឲ្យ​វប្បធម៌​និ​ទណ្ឌ​ភាព​បន្ត​មាន​អត្ថិភាព​មិន​ងាយ​គាស់រំលើង​ឲ្យ​អស់​ពី​កម្ពុជា​ផងដែរ។ និយាយ​ដោយ​ខ្លី អ្នកនយោបាយ​ ឬ​មន្ត្រី​អាជ្ញាធរ​មួយចំនួន ​ហាក់ដូចជា​ទទួលបាន​ផ្នត់គំនិត​ថ្មី​​តាមបែប​ប្រជាធិបតេយ្យ ​តិចជាង​ប្រជាពលរដ្ឋ​របស់ខ្លួន​ផង។

ដូច្នេះ ដើម្បី​លើកស្ទួយ​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា គេ​ត្រូវ​ផ្តើម​ពី​ការផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​អ្នកនយោបាយ​និង​ជាពិសេស​គឺ​មន្ត្រី​និង​អាជ្ញាធរ​មានអំណាច​តែម្តង។ របៀប​ដឹកនាំ​ដែល​បង្ខំ​ឲ្យ​គេ​ជឿ «រឿង​ខុស​ថា​ជា​ត្រូវ»លែងមាន​ប្រសិទ្ធភាពទៀតហើយ ​ក្នុង​បរិបទ​ដែល​ពលរដ្ឋ​យល់ដឹង​ច្រើនជាង​មុន។ រីឯ​ការ​លាក់បាំង​ព័ត៌មាន​ក៏​មិនអាច​ទៅរួច​ទៀត​ដែរ ​ក្នុង​បរិបទ​ដែល​បណ្តាញ​ផ្សាយ​ព័ត៌មាន​រីកដុះដាល​ព្រោងព្រាត។

សរុប​មកវិញ អំណឹះតទៅ ប្រសិទ្ធភាព​នៃ​ការដឹកនាំ​គឺ​ស្ថិតនៅលើ​ការព្យាយាម​ស្វែងយល់​ពី​សេចក្តីត្រូវការ​របស់​ព​ល​រដ្ឋ​ និង​ឆ្លើយតប​តាម​តម្រូវការ​ជាក់ស្តែង​រប​ស់​ពួកគេ​ឲ្យ​បាន​សមស្រប។ នេះ​ជា​វិ​ញ្ញា​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ដែល​អ្នកនយោបាយ​ត្រូវប្រឡងប្រជែង​គ្នា។ អ្នកណា​ឈ្នះ​ក្នុង​វិញ្ញាសា​នេះ​នឹង​ទទួលបាន​ការផ្តល់​ពិន្ទុ​ល្អ​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​។ រីឯ​អ្នកចាញ់​នឹង​ត្រូវគេ​ផាត់​ចេញពី​សង្វៀន​ជា​ស្វ័យប្រវត្តិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI