ទស្សនៈព្រឹត្តិការណ៍ខ្មែរ

មាតុភូមិនិវត្តន៍មន្ដ្រីអតីតបក្សប្រឆាំង ធ្វើឡើងដើម្បីស្ដារប្រជាប្រិយភាព?

សំឡេង ០៤:១១
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ រួមនឹងលោកស្រី មួរ សុខហួរ និងមន្រ្តីជាន់ខ្ពស់អតីតបក្សប្រឆាំង
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ រួមនឹងលោកស្រី មួរ សុខហួរ និងមន្រ្តីជាន់ខ្ពស់អតីតបក្សប្រឆាំង AP - Vincent Thian

រាប់​ចាប់​ពី​ពេល​នេះ​ទៅ មិន​ដល់​ពីរ​សប្ដាហ៍​ផង​ទេ នឹង​ដល់​ថ្ងៃ​កំណត់​នៃ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​​របស់​មន្ដ្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ដំណើរ​មាតុភូមិ​និវត្តន៍ដែល​គ្រោង​ធ្វើ​នា​ថ្ងៃទី​០៤​ខែ​មករា​ឆ្នាំ​២០២១​ខាង​មុខ​នេះ ធ្វើ​ឡើង​ក្នុង​បរិបទ​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ និងទំនង​ជាមាន​កម្មវត្ថុសំខាន់ គឺ​ស្ដារ​ប្រជាប្រិយភាព​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​ហាក់​មាន​ការ​ថម​ថយ​ចុះ​ច្រើន​។

ផ្សាយពាណិជ្ជកម្ម

«ថ្ងៃ​ទី​០៤​ខែ​មករាឆ្នាំ​២០២១» នេះ​ជា​កាល​បរិច្ឆេទ​ដែល​អតីត​គណបក្ស​ប្រឆាំង​សម្រេច​ឲ្យ​ក្រុម​មន្ដ្រី​ជាន់​ខ្ពស់​របស់ខ្លួន ធ្វើ​ដំណើរ​ត្រឡប់​មក​កម្ពុជា​វិញ​ ក្រោម​ការ​ដឹក​នាំពី​​​លោក​ស្រី មួរ សុខហួរ អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ នេះគឺជាគម្រោងធ្វើមាតុភូមិនិវត្តន៍លើកទី២ហើយរបស់ថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ បន្ទាប់ពីដំណើរ​មាតុភូមិ​និវត្តន៍​មិន​បាន​សម្រេចកាលពីថ្ងៃទី០៩​ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។

សម្រាប់​គម្រោងត្រឡប់​មកថ្ងៃទី០៤ខែ​មករាឆ្នាំ២០២១ ក្រុមថ្នាក់ដឹកនាំនិងមន្រ្តីអតីតបក្សប្រឆាំងគូស​បញ្ជាក់​ថា ពួក​គេ​ចង់មកឱ្យទាន់ចូលរួមសវនាការនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ ថ្ងៃ​ទី​១៤​មករាឆ្នាំ២០២១ ដែលតុលាការ​កម្ពុជា​បាន​កោះ​ហៅ​ជំនុះ​ជម្រះ​ក្ដី លើសំណុំរឿងរួមគំនិតក្បត់និងញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍។

បើ​ទោះ​បី​ជា​យ៉ាង​ដូច្នេះ​ក៏​ដោយ នៅ​ក្រោម​ក្រសែ​ភ្នែក​អ្នក​តាម​ដាន​បញ្ហា​នយោបាយ ដំណើរ​មាតុភូមិ​និវត្តន៍​របស់​មន្ដ្រី​អតីត​បក្ស​ប្រឆាំង​នា​ពេល​នេះ ធ្វើ​ឡើងដើម្បី​​​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​។ និង​ថា ដំណើរ​មាតុភូមិ​និវត្តន៍​នេះ មាន​កម្មវត្ថុ​សំខាន់​គឺ​​ស្ដារ​ប្រជាប្រិយភាព ច្រើន​ជាង​ដើម្បី​ត្រឡប់​មក​ឲ្យ​តុលាការ​កាត់​សេចក្ដី​។

ការ​លើក​ឡើង​នេះ​មិន​ខុស​ទាំង​ស្រុង​ទេ ព្រោះ​សូម​កុំ​ភ្លេច​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ក្រុម​អតីត​គណបក្ស​ប្រឆាំង​ចាក​ចេញ​ពី​កម្ពុជា គឺ​ដើម្បី​ចៀស​ផុត​ពី​រឿង​រ៉ាវ​ក្ដី​ក្ដាំ​នៅ​តុលាការ​​។ ហើយ​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​រវល់​ផ្ដោត​តែ​ទៅ​លើ​ជំងឺ​កូវីដ​១៩ដូច​បច្ចុប្បន្ន​នេះ​ទៀត​សោត សំណុំ​រឿង​អតីត​បក្ស​ប្រឆាំង​ហាក់​អណ្ដែត​ត្រសែត​ទៅកាន់​តែ​​ឆ្ងាយ​សែន​ឆ្ងាយ​។

ការ​ប្រកាស​ត្រឡប់​វិល​ចូល​ស្រុក​របស់​អតីត​គណបក្ស​ប្រឆាំង ចង់​ឬ​មិន​ចង់ បាន​ទាញ​ចំណាប់​អារម្មណ៍​និង​ការ​យក​ចិត្ត​ទុក​ដាក់​ចាំ​ឃ្លាំ​មើល​ពី​សំណាក់​គ្រប់​ភាគី​ពាក់​ព័ន្ធ​ ក្នុង​ពេល​ដែល​គណបក្ស​កាន់​អំណាច​ឯ​ណេះ​វិញ បាន​ប្រកាស​រួច​ហើយ​ថា ចូល​មក​ដល់​ពេល​ណា អាជ្ញាធរ​កម្ពុជា​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​នា​ពេល​នោះ​ដែរ​។

តើ​អាជ្ញាធរ​កម្ពុជា​ពិត​ជា​ហ៊ាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ឬ​ចាប់​ខ្លួន​មន្ដ្រី​គ្រាក់​ៗ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មែន​ឬ? គេ​អាច​សួរ​សំណួរ​នេះ​បាន​តែ​ក្នុង​ករណី​ដែល​មន្ដ្រី​នៃ​អតីត​បក្ស​ប្រឆាំង​​ហ៊ាន​ត្រឡប់​ចូល​ស្រុក​ដូច​ការ​ប្រកាស​អះអាង​ប៉ុណ្ណោះ​។

ការ​ត្រឡប់​ចូល​ស្រុក​របស់​មន្ដ្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​អាច​សម្រេច​បាន វា​អាច​នឹង​ក្លាយ​​ជា​ពន្លឺ​នៃ​ក្ដីសង្ឃឹម​សម្រាប់​អ្នក​គាំទ្រ។ សម្រាប់​អ្នក​គាំទ្រ វត្តមាន​មន្ដ្រី​ជាន់​ខ្ពស់​នៃ​អតីត​បក្ស​ប្រឆាំង​នៅ​ក្នុង​ស្រុក មាន​អត្ថន័យ​ណាស់​ចំពោះ​ទំហំ​ទឹក​ចិត្ត​ដ៏​មហាសាល​របស់ពួក​គេ។ គឺ​ទឹក​ចិត្ត​ដ៏​មហាសាល​នេះ​ហើយ ដែល​បណ្ដាល​ឲ្យ​ពួក​គេ​ហ៊ាន​ប្ដូរ​ផ្ដាច់​តតាំង​ជំនួស​និង​មិន​អស់​មិន​ហើយ ​ដើម្បី​អតីត​បក្ស​នយោបាយ​ដែល​ខ្លួន​ស្រឡាញ់​។

យ៉ាង​ណា​ម៉ិញ ប្រសិន​បើ​មន្ដ្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច ឬ​មិន​​វិល​ចូល​ស្រុក​បាន​ដូច​ការ​សន្យា​ទេ នោះ​បន្តិច​ម្ដង​ៗ ពាក្យ​សម្ដី​នៃ​អតីត​គណបក្ស​នេះ​នឹង​ប្រែ​ជា​សាប​ជាង​ទឹក​ទន្លេ​។ សម្ដី​ដែល​គ្មាន​សច្ចៈ ពិបាក​នឹង​មាន​អ្នក​ជឿ​ណាស់​។ ម្ល៉ោះ​ហើយ អតីតគណបក្ស​ប្រឆាំង​ខ្លួន​ឯង​ត្រូវ​ពិចារណា​ឲ្យមែនទែន និង​គោរព​ឲ្យ​បាន​ចំពោះ​សម្ដី​ខ្លួន​ឯង​។ ល្បែង​មួយ​ក្ដារ​នេះ បើ​ជ្រុល​ជា​លេង​ហើយ ត្រូវ​ហ៊ាន​ស៊ី ហ៊ាន​សង បើហ៊ាន​ផ្លោះ​របង ត្រូវ​ហ៊ានជាប់​គុក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI