ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ហេតុអ្វីបានជាពលរដ្ឋខ្មែរមួយចំនួនមិនទុកចិត្តចំពោះវ៉ាក់សាំង Sinopharm?

សំឡេង ០៤:៣១
វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ចិន ឈ្មោះស៊ីណូហ្វាម (Sinoparm)
វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ចិន ឈ្មោះស៊ីណូហ្វាម (Sinoparm) AP - Ng Han Guan

វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ឈ្មោះ ស៊ីណូហ្វាម បាន​ធ្លាក់​មក​ដល់​ដៃ​កម្ពុជា​​ហើយ​នៅ​ថ្ងៃ​អាទិត្យ​ទី​០៧​កុម្ភៈ​។ យ៉ាង​ណា​ក៏​ដោយ គេ​កត់​សម្គាល់​ឃើញ​ថា ពលរដ្ឋ​មួយ​ចំនួន​ហាក់​នៅ​មិន​ទាន់​មាន​ទំនុក​ចិត្ត​ចំពោះ​វ៉ាក់សាំង​ដែល​ផលិត​នៅ​ប្រទេស​ចិន​នេះ​នៅ​ឡើយ​។ ម្ល៉ោះ​ហើយ ដើម្បី​បង្កើន​ទំនុក​ចិត្ត​របស់​ប្រជាពលរដ្ឋ​និង​លើក​ទឹក​ចិត្ត​ពួក​គាត់​ឲ្យទៅ​ចាក់​វ៉ាក់សាំង អាជ្ញាធរ​សុខាភិបាល​កម្ពុជា​ចាំ​បាច់​ត្រូវ​តែ​ចេញ​មុខ​ពន្យល់​អំពី​វ៉ាក់សាំង​នេះ​ឲ្យ​បាន​លម្អិត ​ទាំង​តាម​បែប​វិទ្យាសាស្ត្រ​និង​ទាំង​លក្ខណៈ​​បច្ចេកទេស​​។

ផ្សាយពាណិជ្ជកម្ម

វ៉ាក់សាំង​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិនដល់​កម្ពុជា​​ក្នុង​ដំណាក់​កាល​ដំបូង មាន​​ចំនួន​៦០​ម៉ឺន​ដូស និង​អាច​ចាក់​បាន​ទៅ​លើកង​ទ័ព​ចំនួន​៣០​ម៉ឺន​ដូស និង​ចាក់​ទៅ​លើ​​ប្រជាពលរដ្ឋ​ចំនួន៣០​​ម៉ឺនដូស​​។ ចំពោះ​វ៉ាក់សាំង​នេះ​ទៀត​សោត អ្នក​ដែល​អាច​ចាក់​បានត្រូវ​មាន​អាយុ​ចន្លោះ​ពី​១៨​ទៅ​៥៩​ឆ្នាំ​។ ទាំង​នេះ​ជា​ព័ត៌មាន​ត្រួស​ៗ​ដែល​ពលរដ្ឋ​កម្ពុជា​យល់​ដឹង​អំពី​វ៉ាក់សាំង​ស៊ីណូហ្វាម​របស់​ចិន​។

ការ​យល់​ដឹង​មាន​កម្រិត​​​ដូច្នេះ បាន​ធ្វើ​ឲ្យ​ទំនុក​ចិត្ត​របស់ប្រជាពលរដ្ឋ​ចំពោះ​វ៉ាក់សាំង​មាន​កម្រិត​ដូច​គ្នា​​ដែរ​។ ពលរដ្ឋ​មួយ​ចំនួន​មាន​ការ​ស្ទាក់ស្ទើរមិន​ចង់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ម្ដង​ជា​ពីរ​ដង​រួច​មក​ហើយ​ថា ការ​ចាក់​វ៉ាក់សាំង​នេះ​ធ្វើ​ឡើង​តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត និង​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​កាស​អ្វី​ទាំង​អស់​។

មែន​ទែន​ទៅ ភាព​ស្ទាក់ស្ទើរ មិន​ជឿជាក់​ទៅ​លើ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នា​ពេល​នេះ​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ​។ មាន​មូលហេតុ​សំខាន់​ៗ​យ៉ាង​ហោច​ណាស់​ចំនួន​៣​ដែល​អាច​ពន្យល់​អំពី​ការណ៍​នេះ​បាន​។

ទី​១៖ អាជ្ញាធរ​សុខាភិបាល​កម្ពុជា រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​ចេញ​មុខ​បំភ្លឺ​ឬ​ពន្យល់​ឲ្យ​បាន​លម្អិត​អំពី​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ជា​ពិសេស​វ៉ាក់សាំង​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន និង​ដែល​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ពលរដ្ឋ​ខ្មែរ​នា​ពេល​នេះ​។ ពលរដ្ឋ​នៅ​មិន​ទាន់​​ស្គាល់ មិន​ទាន់​ដឹង មិន​ទាន់​យល់​ទាល់​តែ​សោះ​ថា តើ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ដូច​ម្ដេច មាន​ធាតុ​ផ្សំ​អ្វី​ខ្លះ មាន​ប្រសិទ្ធភាព​កម្រិត​ណា និង​ថា​តើ​ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​នេះ​រួច​ហើយ រាងកាយ​មនុស្ស​នឹង​មាន​ប្រតិកម្ម​យ៉ាង​ដូច​ម្ដេច​។

មូលហេតុ​ទី​២​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​សង្ស័យ​មិន​ទុក​ចិត្ត​ចំពោះ​វ៉ាក់សាំង គឺ​ដោយ​សារ​តែ​ពលរដ្ឋ​ខ្មែរ​មាន​ផ្នត់​គំនិត​យ៉ាង​មុត​មាំ​តាំង​ពី​យូរ​មក​ហើយ​ថា ផលិតផល​ដែល​ផលិត​ដោយ​ចិន​និង​ដែល​មាន​តម្លៃ​ថោក​ ពុំ​មាន​គុណភាព​ល្អទេ​។ ផ្នត់​គំនិត​នេះ​ពិបាក​នឹង​ជីក​រំលើង​ណាស់ ជា​ពិសេស​ក្នុង​ពេល​ដែល​អង្គការ​សុខភាព​ពិភពលោក មិន​ទាន់​ទទួល​ស្គាល់​វ៉ាក់សាំង​ស៊ីណូហ្វាម​នេះ​នៅ​ឡើយ​។ មួយ​វិញទៀត វ៉ាក់សាំង​ស៊ីណូហ្វាម​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​សាក​ល្បង​ទី​៣។ ចំណែក​វិទ្យាស្ថាន​ដែល​ផលិត​វ៉ាក់សាំង​នេះទៀត​សោត មិន​ដែល​បើក​បង្ហាញ​ជា​សាធារណៈ​អំពី​លទ្ធផល​នៃ​ការ​សាកល្បង​របស់​ខ្លួន​ឡើយ​ ដោយ​គ្រាន់តែ​​អះអាង​ផ្ទាល់​មាត់​ថា វ៉ាក់សាំង​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​ប្រមាណ ៧៩,៣៤​%។

ដោយ​ឡែក មូលហេតុ​ទី​៣​ចុង​ក្រោយ​ដែល​ជា​ដើម​ចម​នៃ​ភាព​មិន​ទុក​ចិត្ត​ទៅ​លើ​វ៉ាក់សាំង​ស៊ីណូហ្វាម គឺ​ការ​ប្រកាស​របស់​លោក​នាយករដ្ឋ​មន្ដ្រី​ហ៊ុន សែន ដក​ខ្លួន​លែង​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​ទៅ​វិញ ដោយ​សារ​តែ​អាយុ​របស់​លោក​លើសលក្ខខណ្ឌ​កំណត់​របស់​វ៉ាក់សាំង​។ ការ​ពិត​ទៅ បើ​តាម​គេហទំព័រ​របស់​វិទ្យាស្ថាន​ដែល​ផលិត​វ៉ាក់សាំង​ស៊ីណូហ្វាម វ៉ាក់សាំង​នេះ​ពិត​ជា​បាន​កំណត់​អាយុ​ស្រប​តាម​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន មែន​។ ចំណែក​ប្រទេស​ប៉ាគីស្ថាន​ដែល​ទទួល​បាន​ជំនួយ​វ៉ាក់សាំង​ស៊ីណូហ្វាម​ពី​ប្រទេស​ចិន ក៏​អះអាង​ដូច​គ្នា​ដែរ ដោយ​ពន្យល់​ថា វ៉ាក់សាំង​នេះ​ពុំ​មាន​ប្រសិទ្ធភាព​លើ​មនុស្ស​ដែល​មាន​វ័យ​លើស​ពី​៦០​ឆ្នាំ​ឡើយ​​។

ដើម្បី​ស្រាយ​មន្ទិលដែល​បាន​លើក​ឡើង​អស់​ទាំង​នេះ អាជ្ញាធរ​សុខាភិបាល​​​ត្រូវ​តែ​ចេញ​មុខ​ពន្យល់​ឲ្យ​បាន​ត្រឹម​ត្រូវ​ ច្បាស់​លាស់ និង​ទូលំទូលាយ ទៅ​ដល់​ប្រជាពលរដ្ឋ​។ ការងារ​នេះ​ចាំ​បាច់​ខ្លាំង​ណាស់​ដើម្បី​បង្កើន​ការ​យល់​ដឹង​និង​ទំនុក​ចិត្ត​របស់​ពលរដ្ឋ ចំពោះ​វ៉ាក់សាំង​ដែល​ត្រូវ​ចាក់​ទៅ​លើ​ពួក​គេ​។ ជា​ការ​ពិត​ហើយ​ថា រដ្ឋាភិបាល​កម្ពុជា មិន​យក​អាយុ​ជីវិត​ពលរដ្ឋ​របស់​ខ្លួន​ជា​ដើម​ទុនទេ ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។ ប៉ុន្តែ ប្រសិន​បើ​ពលរដ្ឋ​នៅ​តែ​មាន​មន្ទិល​ ​មិន​ទុក​ចិត្ត និង​មិន​ស្ម័គ្រ​ចិត្ត​ចាក់​​វ៉ាក់សាំង​នេះ​ទេ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដុត​ដៃ​ដុត​ជើង​របស់​រដ្ឋាភិបាល​ដើម្បី​ទទួល​បាន​​​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ពី​គ្រប់​ទិស​ទី​នោះ ក៏លែង​មានអត្ថ​​ន័យ​អ្វីដែរ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI