ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ថែរក្សាតំបន់អេកូទេសចរណ៍ ដើម្បីផ្ដល់ចំណូលដល់ពលរដ្ឋនិងបន្តនិរន្ដរភាពនៃធនធានធម្មជាតិ

សំឡេង ០៤:២១
តំបន់អេកូទេសចរណ៍មួយកន្លែងនៅកម្ពុជា
តំបន់អេកូទេសចរណ៍មួយកន្លែងនៅកម្ពុជា © RFI/IM Rachna
ដោយ៖ អ៊ឹម រចនា
២៥ នាទី

​វិបត្តិកូវីដ​១៩​ដែល​ផ្ទុះ​ឡើង​នៅ​ទូទាំង​ពិភពលោក​នៅ​ឆ្នាំ​២០២០​នេះ ធ្វើ​ឲ្យ​សកម្មភាព​ទេសចរណ៍​ទៅ​ក្រៅ​ប្រទេស​របស់​ពលរដ្ឋ​ខ្មែរ ​ត្រូវ​ជាប់​គាំង​​។ នេះ​គឺ​ជា​មូលហេតុ​ដែល​ពលរដ្ឋ​កម្ពុជា​នាំ​គ្នា​រុក​រក​កន្លែង​ទេសចរណ៍​ថ្មី​ៗ ដើម្បី​ទៅ​លេង​កម្សាន្ត​។ ក្នុង​ចំណោម​ទីតាំង​ទេសចរណ៍​ទាំង​នោះ តំបន់​អេកូ​ទេសចរណ៍​ក៏​ជា​គោលដៅ​សំខាន់​មួយ​ដែរ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។ ការ​ថែ​រក្សា​តំបន់​អេកូ​ទេសចរណ៍​នៅ​កម្ពុជា មាន​សារៈ​សំខាន់​ណាស់ ព្រោះ​វា​ជា​ប្រភព​ចំណូល​ដល់​ពលរដ្ឋ​នៅ​ក្នុង​តំបន់ និង​ពិសេស​ជាង​នេះ វាអាច​រួម​ចំណែក​ថែ​រក្សា​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​បានប្រកប​ដោយ​ប្រសិទ្ធភាព​។

ផ្សាយពាណិជ្ជកម្ម

ចាប់​តាំង​ពី​​ជំងឺ​កូវីដ​១៩​ផ្ទុះ​ឡើង​នៅ​ទូទាំង​ពិភពលោក សកម្មភាព​ទេសចរណ៍​ទៅ​ក្រៅ​ប្រទេស​របស់​ពលរដ្ឋ​ខ្មែរ​ត្រូវ​បាន​កាត់​ផ្ដាច់​ទាំង​ស្រុង​។ ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​តែ​ចេញ​ទៅក្រៅ​ប្រទេស​ដើម្បី​ធ្វើ​ដំណើរ​កម្សាន្ត លែង​អាច​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​ដោយ​ងាយ​ស្រួល​ទៀត​ហើយ​។ ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ត្រូវ​ឆ្លង​កាត់​ដំណាក់​កាល​សាំញ៉ាំ​ជា​ច្រើន ហើយ​​ប្រទេស​គោលដៅ​ទៀត​សោត ក៏​លែង​មាន​អ្វី​គួរ​ឲ្យ​កម្សាន្ត​ទៀត​ដែរ នៅ​ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​តែ​រវល់​ទប់​ទល់​នឹង​ជំងឺ​រាត​ត្បាត​កូវីដ​១៩​ដ៏​កាច​សាហាវ​។

នៅ​ក្នុង​បរិបទ​បែប​នេះ ពលរដ្ឋ​ខ្មែរ​បាន​បង្វិល​ផែនការ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស មក​ក្នុង​ប្រទេស​វិញ​ម្ដង ដោយ​ខ្លះ​នាំ​គ្នា​ទៅ​កម្សាន្ត​នៅ​ខេត្ត​ជា​គោលដៅ​ទេសចរណ៍​ដ៏​ល្បី​ល្បាញ ដូច​ជា​ខេត្ត​កំពត ខេត្ត​កែប សៀមរាប ព្រះសីហនុ មណ្ឌល​គិរី និង​រតនគិរី​ជា​ដើម។ ​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​នឿយ​ណាយ​នឹង​តំបន់​ទេសចរណ៍​ទាំង​នេះ បាន​នាំ​គ្នា​ទាំង​ហ្វូង​ទាំង​ហ្វាយ​ ទៅ​កម្សាន្ត​នៅ​តំបន់​អេកូ​ទេសចរណ៍​នានា​ក្នុង​ប្រទេស​កម្ពុជា​។

អេកូ​ទេសចរណ៍ គឺ​ជា​ការ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​តំបន់​ធម្មជាតិ​ដែល​សម្បូរ​ទៅ​ដោយ​ប្រព័ន្ធ​អេកូឡូស៊ី។ ដើរ​ព្រៃ ឡើង​ភ្នំ បោះ​តង់ ឬ​ចង​អង្រឹង​គេង​មើល​ផ្កាយ​ពេល​យប់​​នៅ​ក្នុង​ព្រៃ​ឆ្ងាយ​ពី​ទីក្រុង​ ស្ដាប់​សំឡេង​សត្វ​យំ​ឆ្លើយ​ឆ្លង​គ្នា​​។ ទាំង​នេះ​សុទ្ធ​សឹង​តែ​ជា​សកម្មភាព​ដែល​គេ​អាច​ធ្វើ​បាន ​តាម​រយៈ​ការ​ទៅ​កម្សាន្ត​នៅ​តំបន់​អេកូ​ទេសចរណ៍​ដែល​មាន​នៅ​ពាស​ពេញ​ផ្ទៃ​ប្រទេស​​។

តាម​រយៈ​​សកម្មភាព​ទេសចរណ៍​របៀប​នេះ ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​មូលដ្ឋាន បាន​ទទួល​ចំណូល​តាម​រយៈ​ការ​ទទួល​ភ្ញៀវ​ទេសចរ​ឲ្យ​ស្នាក់​នៅ​ជាមួយ ចម្អិន​ម្ហូប​អាហារ​ឲ្យ​អ្នក​ទេសចរ​ទទួល​ទាន និង​ជូន​ភ្ញៀវ​ទស្សនា​ធម្មជាតិ ​ជា​ដើម។ បច្ចុប្បន្ន បើ​តាម​ក្រសួង​ទេសចរណ៍ សក្ដានុពល​នៃ​តំបន់​អេកូ​ទេសចរណ៍​របស់​កម្ពុជា​ ​ជា​អាថិ៍ ព្រៃ​ភ្នំ ទឹក​ជ្រោះ​ធម្មជាតិ សត្វ​ព្រៃ ព្រម​ទាំង​ជីវចម្រុះ​ច្រើន​សន្ធឹក​សន្ធាប់   មាន​នៅ​ខេត្ត​ចំនួន​ ៤​ក្នុង​ភាគ​ឦសាន ខេត្ត​ចំនួន​ ៤​នៅ​តំបន់​មាត់​សមុទ្រ និង​ខេត្ត​ចំនួន​ ៦​ផ្សេង​ទៀត​នៅ​ជុំ​វិញ​បឹង​ទន្លេសាប​។ ប៉ុន្តែ​តំបន់​អេកូ​ទេសចរណ៍​ដ៏​សម្បូរ​បែប​អស់​ទាំង​នេះ មាន​តិច​តួច​ណាស់​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ និង​រៀប​ចំ​បាន​ស្រួល​បួល​។ តំបន់​មួយ​ចំនួន​ធំ​ទៀត នៅ​មិន​ទាន់​មាន​លក្ខណៈ​ជា​កន្លែង​ទេសចរណ៍​នៅ​ឡើយ ហើយ​ក៏​មិន​សូវ​មាន​ដែរ អ្នក​ទេសចរ​ដែល​ស្គាល់​និង​បាន​ទៅ​កម្សាន្ត​ដល់​ទី​នោះ​។

ការ​រៀប​ចំ​និង​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​តំបន់​អេកូ​ទេសចរណ៍ មិន​ត្រឹម​តែ​អាច​បង្កើត​ឱកាស​ការងារ​និង​ប្រាក់​ចំណូល​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​រួម​ចំណែក​ជួយ​ថែ​រក្សា​ធនធាន​ធម្មជាតិ​បាន ​ប្រកប​ដោយ​ប្រសិទ្ធភាព​ផង​ដែរ​។ ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ដែល​បាន​ទទួល​ចំណូល​ពី​សកម្មភាព​ទេសចរណ៍ ជា​ទូទៅ​លែង​ធ្វើ​ចំណាក​ស្រុក ហើយ​បញ្ឈប់​រាល់​ទង្វើ​បំផ្លាញ​ធនធាន​ធម្មជាតិ ដូច​ជា​កាប់​ទន្ទ្រាន​ព្រៃ និង​សម្លាប់​សត្វ​ព្រៃ​ជា​ដើម ដើម្បី​ទុក​សម្រាប់​ទេសចរ​កម្សាន្ត​។

អ្នក​ជំនាញ​ផ្នែក​ធនធាន​ធម្មជាតិ​និង​ទេសចរណ៍​បាន​ពន្យល់​បន្ថែម​ថា ការ​ទៅ​កម្សាន្ត​នៅ​តំបន់​អេកូ​ទេសចរណ៍ ធ្វើ​ឲ្យ​អ្នក​ទេសចរ​យល់​ដឹង និង​គោរព​ផ្ដល់​តម្លៃ​ដល់​ធនធាន​ធម្មជាតិ​។ ហើយ​ផ្ដើម​ចេញ​ពី​ការ​គោរព​នេះ អ្នក​ទាំង​នោះ​នឹង​ចូល​រួម​ការពារ​ធនធាន​ធម្មជាតិ​ដោយ​ចិត្ត​ឯង មិន​ចាំ​បាច់​មាន​ការ​អំពាវនាវ ឬ​ជំរុញ​ពី​នរណា​ឡើយ​។

ជា​ការ​ពិត ការ​រៀបចំ​និង​ផ្សព្វ​ផ្សាយ​អំពី​តំបន់​អេកូ​ទេសចរណ៍​តែ​ម្យ៉ាង មិន​អាច​ការពារ​ធនធាន​ធម្មជាតិ​បាន​ទាំង​ស្រុង​ទេ​។ ការ​ការពារ​ធនធាន​ធម្មជាតិ គឺ​ជា​ការងារ​ដ៏​ធំ​ធេង​និង​ស្មុគ​ស្មាញ ដែល​ត្រូវ​ការ​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ទាំង​រាជរដ្ឋាភិបាល ទាំង​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​​។ ប៉ុន្តែ​យ៉ាង​ហោច​ណាស់ នៅ​ពេល​បាន​ទៅ​ដល់​និង​ស្គាល់​តំបន់​អេកូ​ទេសចរណ៍​ដ៏​សម្បូរ​បែប​របស់​កម្ពុជា ឆន្ទៈ​របស់​អ្នក​ទេសចរ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​នឹង​កាន់​តែ​ពុះ​កញ្ជ្រោល​ជាក់​ជា​ពុំ​ខាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI