ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ព័ត៌មានមិនពិតគឺជាមហន្តរាយដ៏គ្រោះថ្នាក់ ក្នុងបរិបទកូវីដ១៩

សំឡេង ០៣:៥៩
ប្រព័ន្ធបណ្ដាញសង្គមមួយឈ្មោះថា Facebook ដែលមានការពេញនិយមប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា
ប្រព័ន្ធបណ្ដាញសង្គមមួយឈ្មោះថា Facebook ដែលមានការពេញនិយមប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា REUTERS - Carlos Jasso

ព័ត៌មាន​មិន​ពិត​អំពី​ជំងឺ​កូវីដ​១៩​និង​វ៉ាក់សាំង​កូវីដ​១៩ កំពុង​តែ​រីក​ដុះ​ដាល​ដូច​ផ្សិត​គួរ​ឲ្យ​បារម្ភ​។ នៅ​ពេល​ដែលបណ្ដាញ​សង្គម​​ត្រូវ​បាន​ប្រើ​ប្រាស់​កាន់​តែ​ទូលំទូលាយ​ ព័ត៌មាន​មិន​ពិត​អំពី​ជំងឺ​កូវីដ​១៩​​កាន់​តែ​សាយ​ភាយ​បាន​លឿន​រហ័ស ​បណ្ដាល​ឲ្យ​មានការ​ភាន់​ច្រឡំ​និង​ជ្រួល​ច្របល់​។ តើ​គេ​អាច​បែង​ចែក​បាន​យ៉ាង​ដូច​ម្ដេច រវាង​ព័ត៌មាន​ពិត និង​ព័ត៌មាន​មិន​ពិត? និង​ថា​តើ​ព័ត៌មាន​មិនពិត​អាច​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ណា​ខ្លះ​ដល់​សង្គម?

ផ្សាយពាណិជ្ជកម្ម

នៅក្នុងជីវភាពប្រចាំថ្ងៃ មិនចាំបាច់និយាយដល់ព័ត៌មានមិន​ពិតឬដំណឹងចចាមអារាមអ្វីណាទេ គ្រាន់តែព័ត៌មានពិតប្រាកដក៏មានច្រើន ស្វែងយល់មិនអស់ទៅហើយ។ ឥឡូវនេះ បន្ថែមពីលើព័ត៌មានដែលមានស្រាប់ គេសង្កេតឃើញមានព័ត៌មានមិន​ពិត​ថែមទៀត។ ព័ត៌មានបែបណាដែលគេអាចចាត់ទុកថា ជាព័ត៌មានមិន​ពិត​?

ព័ត៌មានមិន​ពិត គឺជាពាក្យចចាមអារាមមួយប្រភេទ ឬព័ត៌មានប្រឌិត ដែលត្រូវបានបង្កើតឡើងដោយ​ជនណាម្នាក់ ឬក្រុមណាមួយ ក្នុងគោលដៅបង្កាច់បង្ខូច បង្កើតជាការភាន់ច្រឡំ និងភាពជ្រួលច្របល់។ ព័ត៌មានមិន​ពិត ពេលខ្លះក៏ត្រូវបានប្រឌិតឡើងផងដែរ ដើម្បីទទួលបានប្រយោជន៍ផ្នែកសេដ្ឋកិច្ច ឬកេញចំណេញផ្នែកនយោបាយ​។

កាលពីមុន ព័ត៌មានមិន​ពិត​ពិបាកនឹងធ្វើឲ្យសង្គមជ្រួលច្របល់ ព្រោះលទ្ធភាពនៃការផ្សព្វផ្សាយនៅមានកម្រិត​។ ប៉ុន្តែឥឡូវនេះ នៅពេលបច្ចេកវិទ្យាកាន់តែរីកចម្រើន លទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានមិន​ពិត​មានកាន់តែទូលំទូលាយ ពិសេសនៅតាមបណ្ដាញសង្គម។ តាមរយៈមធ្យោបាយនេះ ព័ត៌មានដែលពេលខ្លះត្រូវបានប្រឌិតឡើង អាចទៅដល់ដៃមនុស្សរាប់ម៉ឺន រាប់សែន ឬរហូតដល់រាប់លាននាក់ក្នុងពេលតែមួយ។

សព្វថ្ងៃ ព័ត៌មានបែកធ្លាយនិងដំណឹងចចាមអារាមកាន់តែច្រើនឡើង ត្រូវបានបង្ហោះលើបណ្ដាញសង្គម ដែលព័ត៌មានទាំងនេះ មួយចំនួនធំមិនអាចស្វែងរកការបញ្ជាក់ពីការពិតបាន ឬខ្លះទៀតត្រូវបានបុគ្គលពាក់ព័ន្ធច្រានចោលតែម្ដង ថាជាព័ត៌មានមិន​ពិត​។ ប៉ុន្តែ បើទោះបីជាមានឬគ្មានការបដិសេធក៏ដោយ ចង់ឬមិនចង់ ព័ត៌មានមិនពិត​ទាំងនេះ បានបង្កឲ្យមានការភាន់ច្រឡំ និងជ្រួលច្របល់ទោះក្នុងកម្រិតណាមួយក្ដី។

ជាការពិតហើយថា ការសេពព័ត៌មានគឺជារឿងសំខាន់សម្រាប់ជីវិតប្រចាំថ្ងៃ ប៉ុន្តែនៅក្នុងបរិបទដែលព័ត៌មានមិនពិត​ចាប់ផ្ដើមរាតត្បាតបណ្ដាញសង្គម ប្រជាពលរដ្ឋខ្មែរ​គួរតែសេពព័ត៌មានយ៉ាងប្រយ័ត្នប្រយែងជាទីបំផុត ធ្វើយ៉ាងណាចៀសឲ្យផុតពីការលង់ជឿលើព័ត៌មានមិនពិត ធ្វើឲ្យមានការយល់ច្រឡំ។

ក្នុងនោះ អ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវពិនិត្យមើលប្រភពព័ត៌មានឲ្យបានច្បាស់មុននឹងដាក់ចិត្តជឿ។ ឬបើព័ត៌មាននោះមិនមានបញ្ជាក់ប្រភពទេ ការផ្ទៀងផ្ទាត់លើគេហទំព័រព័ត៌មាន កាសែត ឬស្ថាប័នព័ត៌មានដទៃទៀត គួរតែត្រូវធ្វើឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

ក្នុងករណីសង្កេតឃើញថា ចំណងជើងព័ត៌មានមានលក្ខណៈទាក់ទាញខ្លាំងពេក ចម្លែកពេក ឬពិបាកជឿខ្លាំងពេក អ្នកអានរឹតតែត្រូវពិនិត្យមើលឲ្យបានច្បាស់លាស់មុននឹងដាក់ចិត្តជឿ។

សម្រាប់អ្នកដែលចូលចិត្តចែករំលែកបន្តព័ត៌មាន អមដោយការបញ្ចេញមតិ។ នេះគឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ។ ប៉ុន្តែ មុនពេលប្រតិកម្មលើព័ត៌មាន អ្នកប្រើប្រាស់បណ្ដាញសង្គមត្រូវច្បាស់ខ្លួនឯងជាមុនសិនថា ព័ត៌មាននោះគឺជារឿងពិត។ ព្រោះក្នុងករណីដែលវាជាព័ត៌មានមិនពិត អ្នកដែលចែករំលែកព័ត៌មាននោះ អាចរងការប្ដឹងផ្ដល់តាមផ្លូវតុលាការ។

ក្រៅពីការការពារខ្លួនឯងមិនឲ្យរងគ្រោះព្រោះព័ត៌មានមិន​ពិត អ្នកប្រើបណ្ដាញសង្គមក៏អាចរួមចំណែកក្នុងការទប់ស្កាត់កុំឲ្យវារីករាលដាលវែងឆ្ងាយបានដែរ ដោយការសរសេរសារបញ្ជាក់លើគណនីរបស់ខ្លួនឯង ឬដាស់តឿនអ្នកដែលចែករំលែកព័ត៌មានមិន​ពិតជាដើម។

សរុបមកវិញ នៅក្នុងបរិបទដែលព័ត៌មានក្លែងក្លាយកំពុងវាយលុកបណ្ដាញសង្គម អ្នកប្រើប្រាស់ត្រូវប្រយ័ត្នប្រយែងឲ្យមែនទែន មុនពេលដាក់ចិត្តជឿ ឬ ចែករំលែកបន្ត។ ពោលនៅពេលឃើញព័ត៌មានដែលគួរឲ្យសង្ស័យ ពលរដ្ឋមិនត្រូវឆាប់ប្រតិកម្ម ជឿ ឬចែករំលែកភ្លាមៗទេ ដោយត្រូវពិនិត្យពិច័យស្វែងរកប្រភពឲ្យបានច្បាស់លាស់សិន។ ព្រោះព័ត៌មានមិនពិត ភាគច្រើនលើសលុបត្រូវបានប្រឌិតឡើងដើម្បីជាប្រយោជន៍សេដ្ឋកិច្ច ឬដើម្បីកេងចំណេញនយោបាយតែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI