ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៖ ការបិទខ្ទប់ប្រទេសចាំបាច់ដែរឬទេសម្រាប់កម្ពុជា?

សំឡេង ០៤:១៣
ប្រជាជនកម្ពុជាបន្ទាប់ពីព្រឹត្តិការណ៍ ២០កុម្ភៈ
ប្រជាជនកម្ពុជាបន្ទាប់ពីព្រឹត្តិការណ៍ ២០កុម្ភៈ AP - Heng Sinith

អស់​រយៈ​ពេល​ជាង​៣​សប្ដាហ៍មក​ហើយ ដែល​កម្ពុជា​ត្រូវប្រយុទ្ធ​នឹង​​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។ ជា​ព្រឹត្តិការណ៍​ឆ្លង​ជំងឺ​កូវីដ​១៩​ក្នុង​សហគមន៍​ជា​លើក​ទី​៣ និង​មាន​វិសាលភាព​ទូលំទូលាយ​ជាង​ព្រឹត្តិការណ៍​មុន​ៗ​។ គិត​រហូត​ម​កទល់​ពេល​នេះ ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ មិន​ត្រឹម​តែ​បាន​វាយ​លុក​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​រីក​រាល​ដាល​ទៅ​ដល់​បណ្ដា​ខេត្ត​ផ្សេង​ទៀត​ដែរ​។ ដើម្បី​ទប់​ស្កាត់​ជំងឺ​នេះ​កុំ​ឲ្យ​រីក​រាល​ដាល​កាន់​តែ​ខ្លាំង​ថែម​ទៀត តើការ​​បិទ​ខ្ទប់​ប្រទេស​ ចាំ​បាច់​ដែរ​ឬ​ទេ​សម្រាប់​កម្ពុជា?

ផ្សាយពាណិជ្ជកម្ម

មិន​ដូច​ព្រឹត្តិការណ៍​​ឆ្លង​ជំងឺ​កូវីដ​១៩​ជា​សហគមន៍​មុន​ៗ​ទេ ព្រឹត្តិការណ៍​សហគមន៍​លើក​នេះ មាន​លក្ខណៈ​ធំ​ធេង និង​អូស​បន្លាយ​យូរ​។ រហូត​មក​ទល់​ពេល​នេះ ចំនួន​ឆ្លង​ក្នុង​ករណី​សហគមន៍​២០​កុម្ភៈ នៅ​តែ​មាន​ចំនួន​ច្រើន និង​ឆ្លង​រាល​ដាល​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​យ៉ាង​លឿន​រហ័ស​។

គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ទី​១៤​មីនា កម្ពុជា​មាន​អ្នក​ឆ្លង​កូវីដ​១៩​សរុប​ចំនួន ១៣០៥​នាក់ ក្នុង​នោះ ករណី​សហគមន៍​២០​កុម្ភៈ មាន​រហូត​ដល់​ទៅ​៧៩២​នាក់ ដែល​ស្ថិត​នៅ​រាជធានី​និង​ខេត្ត​ចំនួន​១០ ដូច​ជា ភ្នំពេញ ព្រះសីហនុ ​​កណ្ដាល ​ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និង​ខេត្ត​បាត់​ដំបង​។

នៅ​ចំពោះ​មុខ​ការ​ឆ្លង​រីក​រាល​ដាល​គួរ​ឲ្យ​បារម្ភ​នេះ មតិ​ខ្លះ​បាន​លើក​ឡើង​អំពី​ការ​បិទ​ខ្ទប់​ប្រទេស​ថា​អាច​ជួយ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩​បាន​។ តើ​កម្ពុជា​គួរ​ពិចារណា​បិទ​ខ្ទប់​ប្រទេស​ដូច​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ដែរ​ឬ​ទេ ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩ ​កុំ​ឲ្យ​រីក​រាល​ដាល​កាន់​តែ​ខ្លាំង​ថែម​ទៀត?

មុន​នឹង​ឆ្លើយ​សំណួរ​នេះ គេ​ត្រូវ​ក្រឡេក​មើល​ពី​ស្ថានភាព​ទូទៅ​របស់​កម្ពុជា បន្ទាប់​ពី​មាន​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ជា​មុន​សិន​។ ចាប់​តាំង​ពី​ថ្ងៃ​ទី​២០​កុម្ភៈ​រហូត​មកទល់​ពេលនេះ ក្រៅ​តែ​ពី​មាន​រកឃើញ​ករណីឆ្លង​កូវីដ​១៩​រាប់​សិប​ករណី​ក្នុង​មួយ​ថ្ងៃ​ៗ អាជ្ញាធរ​កម្ពុជា​បាន​ដាក់​ចេញ​នូវ​ចំណាត់ការ​​ជា​ច្រើន​ដើម្បី​បង្ការ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​។ ចំណាត់ការ​ទាំង​នោះ​រួម​មាន៖ ការ​ស្វែង​រក​អ្នក​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល​នឹង​អ្នក​ជំងឺ​កូវីដ​១៩​យក​ទៅ​ធ្វើ​ចត្តាឡីស័ក ពង្រឹង​សន្តិសុខ​នៅ​តំបន់​ធ្វើ​ចត្តាឡីស័ក និង​ដាក់​បិទ​ខ្ទប់​តំបន់​ដែល​មាន​ផ្ទុះ​ជំងឺ​កូវីដ​១៩​ជា​ដើម​។

សាលារៀន​នៅ​តាម​ខេត្ត​និង​តំបន់​ដែល​មាន​ការ​ប្រឈម ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ រួម​ទាំង​ក្លិប​ហាត់​ប្រាណ សារមន្ទីរ និង​រោង​ភាពយន្ត​ទាំង​ឡាយ​ផង​ដែរ​។

បន្ថែម​ពី​លើ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ច្បាប់​ព្រម​ទាំង​អនុក្រឹត្យ​បន្ទាន់​និង​ចាំបាច់ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ​និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​។ ច្បាប់​និង​អនុក្រឹត្យ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​បន្ទាន់​នេះ បាន​កំណត់​ពិន័យ​អ្នក​បំពាន​វិធានការ​ការពារ​ជំងឺ​កូវីដ​១៩ ជា​ទឹក​ប្រាក់​ចន្លោះ​ពី​១​លាន​ដល់​២០​លាន​រៀល និង​អាច​ត្រូវ​ជាប់​ពន្ធនាគារ​ពី​៦​ខែ​រហូត​ដល់​​២០​ឆ្នាំ​។

តាម​រយៈ​ចំណាត់ការ​បន្ទាន់​ៗ​ដូច​ដែល​លើក​ឡើង​មក​នេះ គេ​សង្កេត​ឃើញ​ថា ស្ថិតិឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃនៅ​ទីក្រុងភ្នំពេញនិងខេត្តព្រះសីហនុដែលផ្ទុះជំងឺកូវីដ១៩ដំបូងគេ ហាក់មានចំនួនឆ្លងថយចុះ។ ចំណែកបណ្ដា​ខេត្តមួយ​ចំនួន​ទៀត​ដែល​បន្ត​រក​ឃើញ​ករណី​ថ្មី​នៃ​ជំងឺ​កូវីដ​១៩​ជា​បន្ត​បន្ទាប់​ ត្រូវ​បាន​អាជ្ញាធរ​ចាត់​វិធានការ​បិទ​ខ្ទប់​តំបន់​ឆ្លង និង​ហាម​ឃាត់​ការ​ជួបជុំ​រួច​រាល់ហើយ​​​។

ការ​បិទ​ខ្ទប់​តំបន់​ឆ្លង​និង​ហាម​ឃាត់​ការ​ជួបជុំ​ដែល​ធ្វើ​ឡើង​នៅ​តាម​តំបន់​ប្រឈម​នឹង​ការ​ឆ្លង​ទាំង​នេះ មាន​ប្រសិទ្ធភាព​ដើម្បី​កាត់​ផ្ដាច់​បណ្ដាញ​ឆ្លង​នៃ​ជំងឺ​កូវីដ​១៩។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​អាច​ជួយ​សម្រួល​វិស័យ​សេដ្ឋកិច្ច​ឲ្យ​នៅ​តែ​អាច​ដំណើរការ​បាន​ជា​ប្រក្រតី​។

ក្នុង​ន័យ​នេះ និង​យោង​លើចំណាត់ការ​ទាំង​ឡាយ​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​និង​អនុវត្ត ការ​បិទ​ខ្ទប់​ប្រទេស​ទាំង​មូល មិន​ទាន់​ចាំ​បាច់​និង​មិន​ទាន់​ដល់​ពេល​ទេ​សម្រាប់​កម្ពុជា​។ បើ​ទោះ​បី​ជា​ដូច្នេះ​ក៏​ដោយ កម្ពុជា​ត្រូវ​បន្ត​ប្រុង​ប្រយ័ត្នបន្ថែមទៀត ក្នុង​ពេល​ដែល​ការ​ឆ្លង​ជា​សហគមន៍​នៃ​ជំងឺ​កូវីដ​១៩ នៅ​មិន​ទាន់​អាច​គ្រប់គ្រង​បាន​ទាំង​ស្រុង​នៅ​ឡើយ​។

ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ មិន​មែន​ជា​ការងារ​ផ្ដាច់​មុខ​របស់​នរណា​ម្នាក់​ទេ ប៉ុន្តែ​វា​ជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​គ្រប់​គ្នា​។ ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ​១៩ និង​ការពារ​កុំ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​នេះ​ទៅ​កាន់​អ្នក​ដទៃ​។ នេះ​គឺជា​ការងារ​ចាំ​បាច់​ដែល​ពលរដ្ឋ​គ្រប់​គ្នា​ត្រូវ​ចូល​រួម​ប្រតិបត្តិ​ ដើម្បី​ឈាន​ទៅ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ឲ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI