ទស្សនៈព្រឹត្តិការណ៍ខ្មែរ

វ៉ាក់សាំងបង្ការកូវីដ១៩ មិនត្រឹមតែជាអាវុធយុទ្ធសាស្ត្រ តែជាអាវក្រោះការពារជីវិត

សំឡេង ០៣:៤២
វ៉ាក់សាំងកូវីដ១៩
វ៉ាក់សាំងកូវីដ១៩ AP - Esteban Felix

ដំណើរ​ការ​ចាក់​វ៉ាក់សាំងកូវីដ​១៩​​នៅ​កម្ពុជា ​ដែល​បាន​ចាប់​ផ្ដើម​តាំង​ពី​ខែ​កុម្ភៈ កំពុង​បន្ត​ជាប់​ជា​ប្រចាំ ខណៈ​ពេល​ដែល​វ៉ាក់សាំង​ត្រូវ​បាន​បញ្ជូន​ពី​ក្រៅ​ប្រទេស​មក​ជា​បន្ត​បន្ទាប់​។ យ៉ាង​ណា​ក៏​ដោយ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ត្រូវ​បាន​ជន​មួយ​ចំនួន​លាប​ពណ៌ ដោយ​ទាញ​​​ភ្ជាប់​ទៅ​នឹង​យុទ្ធសាស្ត្រ​នយោបាយ ហើយ​ញុះញង់​ពលរដ្ឋ​មិន​ឲ្យ​ចាក់​វ៉ាក់សាំង​។ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ជា​ការ​ពិត គឺ​ជា​អាវុធ​យុទ្ធសាស្ត្រ ប៉ុន្តែ​វា​ក៏​ជា​អាវ​ក្រោះ​ការពារ​ជីវិត​ពលរដ្ឋ នៅ​ក្នុង​ពេល​ដែល​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩​នៅ​មិន​ទាន់​ធូរ​ស្រាល​ផង​ដែរ​។

ផ្សាយពាណិជ្ជកម្ម

ចាប់​តាំង​ពី​កម្ពុជា​ចាប់​ផ្ដើម​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​នៅ​ថ្ងៃ​ទី​១០​ខែ​កុម្ភៈ មាន​ពលរដ្ឋ​ខ្មែរ​រាប់​សិប​ម៉ឺន​នាក់​ហើយ ដែល​បាន​ទទួល​វ៉ាក់សាំង​នេះ។ ទន្ទឹម​នឹង​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ រដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ស្វះ​ស្វែង​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ពី​ប្រទេស​នានា ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​របស់​ខ្លួន ឲ្យ​បាន​ចំនួន​យ៉ាង​ហោច​ណាស់​ពី​១០​លាន ទៅ​១៣​លាន​នាក់​។

នៅ​ក្នុង​ស្ថានភាព​ដែល​ជំងឺ​កូវីដ​១៩​បន្ត​រាត​ត្បាត​ពិភពលោក វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ត្រូវ​បាន​ប្រទេស​មហា​អំណាច​មួយ​ចំនួន ប្រើ​ប្រាស់​ជា​អាវុធ​សម្រាប់​ប្រកួត​ប្រជែង​គ្នា​នៅ​លើ​សង្វៀន​ភូមិ​សាស្ត្រ​នយោបាយ​ ដើម្បី​បង្ហាញ​ពី​ឥទ្ធិពល និង​​ពង្រីក​អំណាច​របស់​ខ្លួន​ជា​ដើម​។ ការ​ប្រើ​ប្រាស់​វ៉ាក់សាំង​ជា​អាវុធ មិន​មែន​មាន​តែ​ក្នុង​បរិបទ​សកល​នោះ​ទេ​។ ក៏​មាន​ដែរ​នៅ​កម្ពុជា ដែល​ក្រុម​មនុស្ស​មួយ​ចំនួន​ព្យាយាម​ទាញ​ភ្ជាប់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ទៅ​នឹង​យុទ្ធសាស្ត្រ​នយោបាយ ហើយ​ញុះញង់​ពលរដ្ឋ​មិន​ឲ្យ​ទៅ​ចាក់​វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ​១៩​។

វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ជា​ការ​ពិត គឺ​ជា​អាវុធ​យុទ្ធសាស្ត្រ។ លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ធ្លាប់​បាន​គូស​បញ្ជាក់​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០២១​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ គឺជា​ទំនិញ​យុទ្ធសាស្ត្រ ហើយ​ការ​ចាក់វ៉ាក់សាំង​នេះជូន​ដល់​ប្រជាពលរដ្ឋ នឹងអាច​ផ្ដល់​ជំនឿ​ចិត្ត​ដល់​អ្នក​វិនិយោគ ដោយ​មិន​ចាត់​ទុក​កម្ពុជា ជា​ប្រទេស​គ្រោះ​ថ្នាក់​ដោយ​សារ​ជំងឺ​កូវីដ​១៩​។

លើសពីជា​ទំនិញ​យុទ្ធសាស្ត្រ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ គឺ​ជាអាវ​ក្រោះ​ដ៏​សំខាន់​ក្នុង​ការ​ការពារ​អាយុ​ជីវិតប្រជា ​ពលរដ្ឋខ្មែរ នៅ​ក្នុង​ពេល​ដែល​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩​នៅ​មិន​ទាន់​ធូរ​ស្រាល​ផង​ដែរ​​ តាម​រយៈ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ។ អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​សម្រេច​ផ្អាក​ដំណើរការ​សាលារៀន​ រោង​ភាពយន្ត រោង​សម្ដែង​សិល្បៈ និង​សារមន្ទីរ​នៅ​ទូទាំង​ប្រទេស។ ក្រៅពី​នេះ តំបន់​មួយ​ចំនួន​ត្រូវ​បាន​បិទ​ខ្ទប់ ខណៈ​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​នៅ​តាម​មណ្ឌល​ធ្វើ​ចត្តាឡីស័ក​នៅ​ទូទាំង​ប្រទេស​។ គិត​មក​ទល់​ពេល​នេះ ករណី​កូវីដ​១៩​ដែល​រក​ឃើញ​នៅ​កម្ពុជា កើន​ឡើង​រហូត​ដល់​ជាង​២​ពាន់​ករណី ក្នុង​នោះ​មានអ្នក​ជំងឺ​​ជាង​១​ពាន់​នាក់​​កំពុង​ទទួល​បាន​ការ​ព្យាបាល ខណៈ​ចំនួន​អ្នក​ស្លាប់​ចាប់​មាន​កំណើន​ជា​បន្ត​បន្ទាប់​។

នៅ​ក្នុង​បរិបទ​ដូច្នេះ ការ​រិះ​គន់និង​បន្តុះ​បង្អាប់​វ៉ាក់សាំង ហើយ​ញុះញង់​មិន​ឲ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង មិន​ត្រឹម​តែ​ជា​រឿង​មិន​គួរ​ឲ្យ​ធ្វើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ទង្វើ​ដ៏​គ្រោះ​ថ្នាក់ ដែល​អាច​ឈាន​ទៅ​បង្អាក់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​ឲ្យ​រួច​ផុត​ពី​ជំងឺ​កូវីដ​១៩​ដ៏​កាច​សាហាវ​។

ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា ធ្វើ​ឡើង​តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត និង​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​កាស​មួយ​រៀល​ណា​ទេ​។ ម្ល៉ោះ​ហើយ ប្រសិន​បើ​បុគ្គល​ណា​មិន​ពេញ​ចិត្ត​និង​មិន​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់សាំង​ទេ គួរ​តែ​កុំ​បង្អាក់​សេចក្ដី​ស្ម័គ្រ​ចិត្ត​របស់​អ្នក​ដទៃ​។ ការ​បង្អាក់​សេចក្ដី​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់សាំង​របស់​អ្នក​ដទៃ ដែល​មាន​ន័យ​ស្មើ​នឹង​ការ​មិន​ចង់​ឲ្យ​អ្នក​ដទៃ​ទទួល​បាន​ការ​ការពារ​ពី​ជំងឺ​កូវីដ​១៩​ដ៏​កាច​សាហាវ​​ដូច្នោះ​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI