ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កូវីដ១៩ក្នុងសហគមន៍ ធ្វើឲ្យការជួបជុំក្នុងពិធីបុណ្យចូលឆ្នាំខ្មែរឋិតក្នុងភាពស្រងេះស្រងោច

សំឡេង ០៣:៤៨
ការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ កាលពីឆ្នាំកន្លងទៅ
ការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ កាលពីឆ្នាំកន្លងទៅ AP - Heng Sinith

នៅ​មិន​ដល់​មួយ​ខែ​ទៀត​ទេ ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នឹង​ឈាន​ចូល​មក​ដល់​។ កាល​ពី​ឆ្នាំ​មុន ការ​ជួបជុំ​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​អាក់ខាន​ដោយ​សារ​ជំងឺ​កូវីដ​១៩​។ នៅ​ក្នុង​ឆ្នាំ​នេះ ​​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ដែល​​មិន​ទាន់​បិទ​បញ្ចប់ ទំនង​ជា​​ធ្វើ​ឲ្យ​ការ​ជួបជុំ​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នា​ពេល​ខាង​មុខ ស្ថិត​នៅ​ក្នុង​ភាព​ស្រងេះស្រងោច​ជាង​ឆ្នាំ​មុន​ទៅ​ទៀត​។

ផ្សាយពាណិជ្ជកម្ម

ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ គឺ​ជា​ប្រពៃណី​ដែល​ពលរដ្ឋ​ខ្មែរ​ប្រកាន់​យក​និង​ប្រារព្ធ​ធ្វើ​តាំង​ពី​បុរាណកាល​មក​ហើយ​។ មិន​ត្រឹម​តែ​ជា​ប្រពៃណី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ក៏​ជា​ឱកាស​ដែល​ប្រជាពលរដ្ឋ​បាន​ជួបជុំ​ក្រុម​គ្រួសារ​របស់​ខ្លួន។ អ្នក​នៅ​ទីក្រុង ធ្វើ​ដំណើរ​ត្រលប់​ទៅ​ស្រុក​កំណើត​។ ចំណែក​ពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដា​ខេត្តក៏​មាន​ឱកាស​បាន​ជួប​ញាតិ​សណ្ដាន​របស់​ខ្លួន​ដែល​ចាក​ចេញ​ពី​ស្រុក​កំណើត​ទៅ​រស់​នៅ​ទីក្រុង​។

កាល​ពី​ឆ្នាំ​មុន ការ​ជួបជុំ​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​អាក់ខាន​ដោយ​សារ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។ រដ្ឋាភិបាល​បាន​សម្រេច​មិន​ឲ្យ​ពលរដ្ឋ​ឈប់​សម្រាក ហើយ​បន្ត​ការងារ​របស់​ខ្លួន​ជា​ប្រក្រតី ដោយ​កំណត់​កាល​បរិច្ឆេទ​ឈប់​សង​ចូល​ឆ្នាំ​ទៅ​ពេល​ក្រោយ​វិញ​។ ជា​ការ​ពិត ដ្បិត​តែ​មិន​បាន​ឈប់​សម្រាក​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដ្បិត​តែ​មិន​បាន​ដើរ​លំហែ ឬ​ទៅ​លេង​ស្រុក​កំណើត​ក្នុង​ឱកាស​ចូល​ឆ្នាំ​ដូច​រាល់​ដង ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​តែ​អាច​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នៅ​តាម​គេហដ្ឋាន​រៀង​ៗ​ខ្លួន​។

នៅ​ឆ្នាំ​នេះ ក្នុង​បរិបទ​ដែល​ជំងឺ​កូវីដ​១៩​នៅ​មិន​ទាន់​ធូរ​ស្រាល​នៅ​ឡើយ ការ​ជួបជុំ​របស់​ពលរដ្ឋ​នា​ឱកាស​ចូល​ឆ្នាំ ទំនង​ជា​ត្រូវ​​ស្ថិត​នៅ​ក្នុង​ភាព​ស្រងេះស្រងោច​​​ជាង​ឆ្នាំ​មុន​ទៅ​ទៀត​។ ស្រងេះស្រងោច​ជាង​ឆ្នាំ​មុន​ក៏​ព្រោះ​តែ​រដ្ឋាភិបាល​កម្ពុជា បើ​ទោះ​បី​ជា​បាន​ប្រកាស​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ទៅ​តាម​ទំនៀម​ក៏​ពិត​មែន ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​បាន​ចេញ​សារាចរ​មួយ​បន្ថែម​ទៀត ណែនាំឲ្យអាជ្ញាធរ​និងប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់នូវការការពារខ្លួន គោរពតាមវិធានសុខាភិបាល និងបញ្ញត្តិច្បាប់ផ្សេងៗទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានអំពាវនាវជាថ្មីម្តងទៀត ឲ្យមានការជួបជុំគ្នានៅក្នុងផ្ទះ មិនឲ្យចេញទៅក្រៅ ឬធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្ត បើមិនចាំបាច់។ តំបន់ដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ ការធ្វើពិធីសាសនា ការជួបជុំ ដែលមានសភាពអ៊ូអរ ក៏ត្រូវបានណែនាំឲ្យចៀសវាងផងដែរ ខណៈវិធាន«៣ការពារ និង៣កុំ» ត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួន។

ក្រៅ​ពីសារាចរ​របស់​រដ្ឋាភិបាល អាជ្ញាធរ​នៅ​តាម​តំបន់​មួយ​ចំនួន ដូច​ជា​នៅរាជធានី​​ភ្នំពេញ បាន​សម្រេច​ដាក់​បម្រាម​គោចរ ចាប់​ពី​ម៉ោង​៨​យប់ដល់​ម៉ោង​៥​ព្រឹក រហូត​ដល់​ថ្ងៃ​ទី​១៤​មេសា ដែល​ជា​ថ្ងៃ​ទី​មួយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំខ្មែរ​។ ការ​ដាក់​បម្រាម​គោចរ​នេះ ជា​ការ​ពិត​ណាស់ ធ្វើ​ឡើង​ក្នុង​គោលដៅ​មួយ​ចម្បង គឺ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា​ ខណៈ​​​ដែល​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ នៅ​តែ​បន្ត​រីក​រាល​ដាល​មិន​ទាន់​ថម​ថយ​នៅ​ឡើយ​។

នៅ​ក្នុង​បរិបទ​នេះ ប្រសិន​បើ​ពលរដ្ឋ​នាំ​គ្នា​រួម​ចំណែក​កាត់​បន្ថយ​ការ​ជួបជុំ កុំ​ចេញ​ទៅ​ក្រៅ​ប្រសិន​បើ​មិន​ចាំ​បាច់ និង​ប្រកាន់​ខ្ជាប់​នូវ​វិធាន​សុខាភិបាល «៣​កុំ និង​៣​ការពារ» នោះ​គឺ​ជា​ការ​រួម​ចំណែក​ដ៏ចាំបាច់​និង​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន ដើម្បី​បញ្ចប់​ព្រឹត្តិការណ៍​២០​កុម្ភៈ​។ ព្រឹត្តិការណ៍​២០​កុម្ភៈ ប្រសិន​បើ​អាច​បិទ​បញ្ចប់​បាន​ក្នុង​អំឡុង​ពេល​ជាង​មួយ​​សប្ដាហ៍​ខាង​​មុខ ថា​មិន​ត្រូវ ពលរដ្ឋ​​នឹង​អាច​មាន​ឱកាស​ជួបជុំញាតិ​មិត្ត​​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ក៏​ថា​បាន​។

យ៉ាង​ណា​ក៏​ដោយ ក្នុង​ករណី​ដែល​ស្ថានភាព​ជំងឺ​កូវីដ​១៩​នៅ​តែ​មិនធូរ​ស្រាល ហើយបម្រាម​គោចរ​និង​វិធានការ​ផ្សេង​ៗ​ត្រូវ​បន្ត​អូស​បន្លាយ​ដល់​​ចូល​ឆ្នាំ​ នោះ​ពលរដ្ឋ​ទំនង​ជា​មាន​ការ​យោគ​យល់។ មែន​ទែន​ទៅ ការ​មិន​បាន​ជួបជុំ​ញាតិ​មិត្ត​​នៅ​​ពេល​ចូល​ឆ្នាំ​ដូច​រាល់​ដង វា​មិន​មែន​ជា​រឿង​អាក្រក់​ទាល់​តែ​សោះប្រសិន​បើ​វា​អាច​ជួយ​កាត់​បន្ថយ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩​​នៅ​កម្ពុជា​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI