ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សាមគ្គីភាពក្នុងសង្គមខ្មែរ លេចត្រដែតឡើងក្នុងសម័យកូវីដ១៩

សំឡេង ០៤:០៨
ទង់ជាតិប្រទេសកម្ពុជា
ទង់ជាតិប្រទេសកម្ពុជា © Internet

និន្នការ​នៃ​ការ​ធ្វើ​សកម្មភាព​ដើម្បី​ជួយ​គ្នា​ក្នុង​សង្គម​ខ្មែរ បាន​លេច​ត្រដែត​ឡើង​ជា​ថ្មី​ម្ដង​ទៀត នៅ​ពេល​ដែល​ជំងឺ​កូវីដ​១៩​កំពុង​តែ​រាត​ត្បាត​ក្នុង​សហគមន៍​។ ក្នុង​នោះ គេ​សង្កេត​ឃើញ​ថា ទាំង​រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​ឯកជន ព្រម​ទាំង​ពលរដ្ឋ​មួយ​ចំនួន បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​សង្គម​តាម​រយៈ​ការ​ចែក​អំណោយ​ជូន​ជន​ក្រ​ខ្សត់​។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា សាមគ្គី​ភាព​ក្នុង​សង្គម​ខ្មែរ​មិន​ទាន់​បាត់​បង់​ទៅ​ណា​ទេ​។

ផ្សាយពាណិជ្ជកម្ម

ការ​ឈឺឆ្អាល​និង​ការជួយ​ទាំង​ស្មារតី​និង​សម្ភារៈ​ដល់​ពលរដ្ឋ​ខ្វះ​ខាត​​ដោយ​សារ​វិបត្តិ​កូវីដ​១៩ នា​​រយៈ​ពេល​ចុង​ក្រោយនេះ ​គឺជា​វិញ្ញាសា​ថ្មី​មួយទៀត​សម្រាប់​វាស់​ស្ទង់​អំពី​សាមគ្គីភាព​និង​ស្មារតី​ជួយ​គ្នា​នៅក្នុង​សង្គម​ខ្មែរ។ នេះ​មិនមែនជា​លើក​ទី១ទេ​ដែល​សកម្មភាព​ជួយ​គ្នា​ក្នុង​គ្រាអាសន្ន​ បាន​កើតឡើង​កាន់តែ​សស្រាក់សស្រាំ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ចុងក្រោយ​នេះ។

ទាំង​រដ្ឋាភិបាល ទាំង​ក្រុមហ៊ុន​ឯកជន រហូតដល់​បុគ្គលម្នាក់ៗ បានធ្វើ​សកម្មភាព​ផ្ដល់​អំណោយ​ដើម្បី​ជួយ​ជនរងគ្រោះ៖ អ្នក​ជំងឺ​កូវីដ​១៩ អ្នក​កំពុង​ធ្វើ​ចត្តាឡីស័ក និង​អ្នក​ដទៃ​ទៀត​ដែល​ជីវភាព​ត្រូវ​រង​ផល​ប៉ះពាល់​ដោយ​សារ​ជំងឺ​កូវីដ​១៩​។ ក្រៅ​ពី​នេះ ក៏​មាន​ផង​ដែរ ការ​ចូល​រួម​ឧបត្ថម្ភ​ថវិកា​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន និង​ឧកញ៉ា​គ្រាក់​ៗ ទៅ​ដល់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​រួម​ចំណែក​ក្នុង​បេសកកម្ម​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​។ នេះ​ជា​សញ្ញា​បង្ហាញថា​ សាមគ្គីភាព​ក្នុងសង្គម​ខ្មែរ​មិនបាន​បាត់បង់​ទៅណា​ទេ។ ​ពោលគឺ​ឲ្យ​តែមាន​ការផ្តួចផ្តើម​តែងតែមាន​ការចូលរួម​ជា​ដរាប។ ប៉ុន្តែ អ្វី​ដែលជា​ឧបសគ្គ​ចម្បង​ដែល​រារាំង​វប្បធម៌​ជួយ​គ្នា​ក្នុងសង្គម​ខ្មែរ​ គឺ​​គំនិត​អាត្មានិយម ​ដែល​បង្ហាញឡើង​ដោយ​មនុស្ស​ខ្មែរ​មួយចំនួន។

ជាការ​ពិតណាស់ រយៈពេល​ជាង៤០ឆ្នាំក្រោយ​ចេញពី​របប​ខ្មែរក្រហម សង្គម​ខ្មែរ​បាន​ស្គាល់​ការវិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់៖ ខ្មែរ​មួយក្រុម​បាន​ក្លាយជា​អ្នកមាន​យ៉ាង​ក្រាស់ក្រែល​និង​យ៉ាង​ងាយស្រួល ខណៈដែល​ខ្មែរ​មួយក្រុម​ទៀត ​បានទទួល​ភាគ​ផល​តិចតួចស្តួចស្តើង​បំផុត​ពី​ការអភិវឌ្ឍ​ប្រទេស។ អ្នកមាន​លទ្ធភាព​គិតតែ​ពី​កើប​លុយ​ទៅតាម​ជំនាញរៀងៗខ្លួន ដោយ​ទុក​ឲ្យ​អ្នក​គ្មាន​លទ្ធភាព​ខំ​រស់​តាម​យថាកម្ម។ គឺ​នៅក្នុង​សម័យកាល​អភិវឌ្ឍ​ន៍​នេះហើយ ​ដែល​មនុស្ស​ខ្មែរ​ហាក់​នាំគ្នា​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​កាន់តែខ្លាំង​ឡើង ហើយ​បាន​ទុក​ប្រយោជន៍​សាធារណៈ​មួយអន្លើ​សិន។

ជំនួស​ឲ្យ​ការជួយ​ដល់​សង្គម​ដែល​ទើបតែ​ងើប​ចេញពី​ភាព​ខ្ទេចខ្ទាំ បុគ្គល​មួយ​ចំនួន​​បែរជា​នាំគ្នា​កេងចំណេញ​ពី​សង្គម​​​​តា​មល​ទ្ធ​ភាព​ដែល​អាចធ្វើ​ទៅបាន ​តាមរ​បៀ​ប «តូច​ស៊ី​តាម​តូច ធំ​ស៊ី​តាម​ធំ»។ ទស្សនៈ «មាន់​ពង​លើ​ស្រូវ​តែងតែ​លួច​ស៊ី​ស្រូវ» ក៏​ប្រហែលជា​បានរួម​ចំណែក​ធ្វើ​ឲ្យម្នាក់ៗចេះតែ​នាំគ្នា​បិ​ច​បោច​ប្រយោជន៍​សង្គម​សម្រាប់​បំប៉ន​ប្រយោជន៍​ផ្ទាល់ខ្លួន។

នៅក្នុង​បរិបទ​បែបនេះ ការ​បំផុស​ចលនា​នាំគ្នា​ចូលរួម​ក្នុង​សកម្មភាព​សង្គម ឬ​ការពង្រីក​វប្បធម៌​ចែករំលែក​ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ​ គឺជា​សកម្មភាព​ដ៏​មាន​សារសំខាន់​មិនអាច​មើលរំលង​បាន។ គេ​នៅ​ចាំបាន​ថា សង្គម​ខ្មែរ​គឺជា​សង្គម​មហា​គ្រួសារ​ដែល​មនុស្ស​ចេះ​ជួយ​គ្នា​បាន​យ៉ាង​ល្អ​បំផុត។  ជាក់ស្តែង ពេល​សង់ផ្ទះ ពេល​ច្រូតកាត់ ពេល​មាន​ពិធីបុណ្យ​សព​ឬ​មង្គលការ មនុស្ស​ខ្មែរ​តែង​ជួយ​គ្នា​ដោយ​ស្ម័គ្រចិត្ត​និង​ដោយ​ឥត​ទារក​ម្រៃ។ វប្បធម៌​ជួយ​គ្នា​បែបនេះ​នៅមាន​នៅឡើយ​ក្នុង​តំបន់​ជនបទ​កម្ពុជា​ បើទោះជា​មនុស្ស​សម័យនេះ​ ហាក់​ទទួល​ឥទ្ធិពល​អាត្មានិយម​កាន់តែខ្លាំង​ក៏ដោយ។

សម្រាប់​ប្រទេសមួយ​ដែល​បាន​​ងើប​ពី​ភាព​ខ្ទេចខ្ទាំ​ដូច​កម្ពុជា ការស្តា​ស្ថានភាព​ឡើងវិញ មាន​កត្តា​សំខាន់​ពីរ​ជា​ស្នូល៖ ទី១គឺ​ការដឹកនាំ​ត្រូវ ​និង​ទី២គឺ​ការចូលរួម​យ៉ាង​សស្រាក់សស្រាំ​ពី​សំណាក់​ប្រជាពលរដ្ឋ។ ប្រទេស​កម្ពុជា​ដែលទើប​តែ​ចាប់​ផ្ដើម​​ស្គាល់​ការអភិវឌ្ឍ​ ​និង​ដែល​កំពុង​ជួបប្រទះ​បញ្ហា​ច្រើន​យ៉ាងដូច​សព្វថ្ងៃ ​ក៏​ព្រោះតែ​កត្តា​ស្នូល​ទាំងពីរ​មិនទាន់​ស៊ីសង្វាក់​គ្នា​នៅឡើយ។ យ៉ាងណាក៏ដោយ ចលនា​ជួយ​គ្នា​បាន​កើតឡើងភ្លាមៗ និង​យ៉ាង​ផុលផុស​នៅពេលដែល​មានគំនិត​ផ្តួចផ្តើម។

ដូច្នេះ ដើម្បី​ឲ្យ​សង្គម​ខ្មែរ​ស្គាល់​ការអភិវឌ្ឍ​បាន​លឿន​រហ័ស​និង​ស្គាល់​ភាព​សុខុមរ​មនា ​អ្នកនយោបាយ​ត្រូវ​នាំគ្នា​ ដឹកនាំ​ប្រទេស​តាម​របៀប​មួយ​ដែល​អំណោយ​ផល​ដល់​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ។ ចំណែកឯ​ពលរដ្ឋ​គ្រប់គ្នា​ ត្រូវ​ចូលរួម​ឲ្យ​បាន​ខ្លាំង​ទៅក្នុង​សកម្មភាព​សង្គម ​ជាពិសេស​សកម្មភាព​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន។ គឺ​មាន​តែ​ធ្វើ​ដូច្នេះ​ទេ ​ទើប​អាច​រក្សា​សាមគ្គីភាព​ក្នុងសង្គម​ខ្មែរ​​មិនឲ្យ​​បាត់​បង់​ទៅ​បាន​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI