ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ហេតុអ្វីបានជាពលរដ្ឋមួយចំនួនហ៊ានល្មើសបម្រាមបិទខ្ទប់?

សំឡេង ០៣:៤៤
ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩
ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ AP - Heng Sinith

ដើម្បី​ទប់​ទល់​នឹង​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្ដាល រយៈ​ពេល​១៤​ថ្ងៃ​។ តាម​រយៈ​ការ​បិទ​ខ្ទប់​នេះ ពលរដ្ឋ​ដែល​មិន​មាន​ការងារ​ចាំ​បាច់ មិន​អាច​ចេញ​ពី​ផ្ទះ​បាន​ទេ​។ យ៉ាង​ណា​ក៏​ដោយ រហូត​មក​ទល់​ពេល​នេះ គេ​នៅ​តែ​សង្កេត​ឃើញ​មាន​មនុស្ស​ធ្វើ​ចរាចរណ៍​ទៅ​មក​ ល្មើស​នឹង​បម្រាម​​បិទ​ខ្ទប់​ដដែល។ ហេតុ​អ្វី​បាន​ជា​ដូច្នេះ?

ផ្សាយពាណិជ្ជកម្ម

ភាព​ស្ងប់ស្ងាត់​បាន​ចូល​មក​គ្រប​ដណ្ដប់​រាជធានី​ភ្នំពេញ​តាំង​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៥​ខែ​មេសា បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ចេញ​បម្រាម​បិទ​ខ្ទប់​ទីក្រុង​ដ៏​ទំនើប​នេះ ដើម្បី​ទប់ទល់​នឹង​ជំងឺ​កូវីដ​១៩​។ ប៉ារ៉ាស​ជា​ច្រើន​ត្រូវ​បាន​ដាក់​ពង្រាយ​​គ្រប់​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ។ នៅ​តាម​ប៉ារ៉ាស​ទាំង​នោះ គេ​ឃើញ​មាន​វត្តមាន​មន្ដ្រីមាន​សមត្ថកិច្ច ដែល​នៅ​ចាំ​ស្ទាក់​សាកសួរ​​ប្រជាពលរដ្ឋ។ ពលរដ្ឋ​​​មួយ​ចំនួន​ដែល​នៅ​តែ​ចចេស​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ ល្មើស​នឹង​បម្រាម​​បិទ​ខ្ទប់ ជា​ហេតុ​ធ្វើ​ឲ្យ​អាជ្ញាធរ​ត្រូវ​ចាត់​ការ​ទៅ​តាម​វិធាន​ច្បាប់​។

ជាក់​ស្ដែង បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ចកសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​កាន់​តុលាការ ដោយ​សារ​តែ​បាន​បំពាន​លើ​វិធានការ​បិទ​ខ្ទប់​ភ្នំពេញ តាម​រយៈ​ការ​កាត់​ខ្សែ​បិទ​ផ្លូវ​របស់​សមត្ថកិច្ច​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ​។ ក្រៅ​ពី​បុរស​ម្នាក់​នេះ នៅ​មាន​មន្ដ្រី​នគរបាល​ជាតិ​ម្នាក់​ទៀត ដែល​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​តុលាការ​ដែរ ដោយ​សារ​តែ​បាន​រៀបចំ​ការ​ជួបជុំ​ជាមួយ​អ្នក​ជួល​ផ្ទះ​របស់​ខ្លួន សេព​គ្រឿង​ស្រវឹង និង​លេង​ប៉ាតម្សៅ​អបអរ​សាទរ​ឆ្នាំ​ថ្មី​។ មួយ​ករណី​ទៀត កើត​ឡើង​លើ​មន្ដ្រីនគរបាល​មួយ​រូប ដែល​ហ៊ាន​បើក​រថយន្ត​​នៅ​ទីក្រុង​ភ្នំពេញ ហើយ​បាន​​​បង្ហោះ​វីដេអូ​និយាយ​សម្ដី​ឌឺដង ក្នុង​ពេល​ដែល​ទីក្រុង​នេះ​កំពុង​ស្ថិត​ក្នុង​ការ​បិទ​ខ្ទប់​។

តើ​ហេតុ​អ្វីបាន​ជាអ្នក​ទាំង​នេះ ហ៊ាន​ល្មើស​បម្រាម​បិទ​ខ្ទប់​?

មូលហេតុ​សំខាន់​ទី​មួយ​ គឺ​ដោយ​សារ​តែ​អ្នក​ទាំង​នោះ មិន​គោរព​ច្បាប់ មើល​ស្រាល​ច្បាប់។ កន្លង​មក ច្បាប់​ជា​ច្រើន​នៅ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង ប៉ុន្តែ​មិន​ត្រូវ​បាន​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទេ​។ នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​មើល​ស្រាល​ច្បាប់ ហើយ​មិន​សូវ​គោរព​ច្បាប់ បើ​ទោះ​បី​ជា​ច្បាប់​នោះ​ធ្វើ​ឡើង​ដើម្បី​ការពារ​ពលរដ្ឋ​ខ្លួន​ឯង​ក៏​ដោយ​។

មូលហេតុ​សំខាន់​មួយ​ទៀត ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ហ៊ាន​ល្មើស​ច្បាប់​ដែរ​នោះ គឺ​ដោយ​សារ​តែ​ពួក​គេ​គិត​ថា ការ​ល្មើស​នឹង​ច្បាប់ អាច «ដោះ​ស្រាយ​បាន»​។ អ្នក​ខ្លះ​គិត​ថា ​បុណ្យ​សក្តិ​របស់​ខ្លួន​អាច​ជួយ​សង្គ្រោះ​ខ្លួន​បាន នៅ​ពេល​ដែល​ខ្លួន​ប្រព្រឹត្ត​ទង្វើ​ល្មើស​នឹង​ច្បាប់​។ ខ្លះ​ទៀត​ទំនង​ជា​អាង​លើ​ទ្រព្យ​ធន ដែល​យក​ជា​ទុន​សម្រាប់​ដោះ ស្រាយ​បញ្ហា​។ មែន​ទែន​ទៅ ការ​យល់​ឃើញ​ដូច្នេះ​របស់​ពលរដ្ឋ​មួយ​ចំនួន មិន​មែន​កើត​ឡើង​ដោយ​ចៃដន់​ទេ​។ សង្គម​ខ្មែរ​កន្លង​មក តែង​តែ​កើត​មាន​អំពើ​ទុច្ចរិត ពុក​រលួយ យក​ច្បាប់​ទ្រាប់​អង្គុយ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​មិន​ខ្លាច​ច្បាប់​។

ដើម្បីកម្ចាត់​ចោល​នូវ​ទស្សនៈ​នេះ និង​ដើម្បីឲ្យ​ការ​បិទ​ខ្ទប់​រាជធានី​និង​ក្រុង​តាខ្មៅ​មាន​ប្រសិទ្ធភាព អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​តែ​ចាត់​វិធានការ​ឲ្យ​ខាង​តែ​បានចំពោះ​អ្នក​ទាំង​ឡាយ​ណា​ដែល​ល្មើស​នឹង​វិធាន​បិទ​ខ្ទប់​។ យ៉ាង​ណា​ក៏​ដោយ សមត្ថកិច្ច​គួរ​មាន​ការ​យោគយល់​ដល់​អ្នក​ទាំង​ឡាយ​ណា ដែល​មាន​ការងារ​ចាំបាច់​និង​បន្ទាន់ ដូច​មាន​ចែង​ក្នុង​ករណី​លើក​លែង​នៃ​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គាត់​អាច​ធ្វើ​ដំណើរ​ទៅ​មក​បាននៅក្នុង​ស្ថានភាព​បិទ​ខ្ទប់​​។ ​

ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​អាច​មាន​ប្រសិទ្ធភាព​ទៅបាន លុះ​ណា​តែ​សមត្ថកិច្ចធ្វើ​បាន​ស្រប​តាម​សេចក្ដី​សម្រេច​រដ្ឋាភិបាល​។ ការ​ធូរ​រលុង​ណាមួយ អាច​នាំ​មក​នូវ​ហានិភ័យ​ដ៏​គ្រោះ​ថ្នាក់​សម្រាប់​សុខភាព​សាធារណៈ ខណៈ​ការ​អនុវត្ត​តឹង​តែង​ពេក​ហួស​ពី​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល នឹង​នាំ​មក​នូវ​ការ​ថ្នាំងថ្នាក់​ពីសំណាក់​ពលរដ្ឋ​ជាក់​ជា​ពុំ​ខាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI