ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អំណាចនៅលើឆាកនយោបាយកម្ពុជា

សំឡេង ០៤:៥០
ទង់ជាតិកម្ពុជា (រូបតំណាង)
ទង់ជាតិកម្ពុជា (រូបតំណាង) @Internet

ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​កំពុង​តែ​ខិត​ជិត​ចូល​មក​ដល់​ហើយ​។ នេះ​គឺ​ជា​មូលហេតុ​ដែល​អ្នក​នយោបាយ​មួយ​ចំនួន​ចាប់​ផ្ដើម​គិត​គូរ​បង្កើត​គណបក្ស និង​ខ្លះ​ទៀត​​ចង​សម្ព័ន្ធ​ភាព​រួម​គ្នា ដើម្បី​ផ្ដុំ​កម្លាំង​ឈាន​ទៅ​កាន់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​។ ដោយ​មិន​និយាយ​ពី​ល្បិច​កល​និង​ល្បែង​នយោបាយ​នានា គោល​ដៅ​មួយ​នៃ​ការ​បង្កើត​គណបក្ស​របស់​អ្នក​នយោបាយ គឺ​ការ​ទទួល​បាន​អំណាច​​តាម​រយៈ​សន្លឹក​ឆ្នោត​របស់​ពលរដ្ឋ​។  សម្រាប់​ឆាក​នយោបាយ​កម្ពុជា តើ​អំណាច​មាន​គុណ​សម្បត្តិ​និង​គុណ​វិបត្តិ​អ្វី​ខ្លះ​?

ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា ស្រប​​ពេលដែល​​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ បញ្ញវន្ត​និង​អ្នក​នយោបាយ​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​ប្រមូល​បក្ស​ពួក​ដើម្បី​​បង្កើត​គណបក្ស​នយោបាយ​ ក្នុង​នោះ​មាន​ជា​អាទិ៍ គណបក្ស​កែ​ទម្រង់​កម្ពុជា​ដែល​ផ្ដួច​ផ្ដើម​បង្កើត​ឡើង​ដោយ​លោក អ៊ូ ច័ន្ទរ័ត្ន មន្ដ្រីអតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ចំណែក​គណបក្ស​មួយ​ចំនួន​ទៀត​ដែល​មាន​ស្រាប់ ក៏បាន​​​ចង​សម្ព័ន្ធភាព​ជាមួយ​គ្នាដើម្បី​ពង្រឹង​កម្លាំង​របស់​ខ្លួន​​​ដែរ​ ក្នុង​នោះ​មាន​ដូច​ជា គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ខ្មែរ​តែ​មួយ ដែល​សម្រេច​ចង​សម្ព័ន្ធ​ភាព​រួម​គ្នា។ ជា​សម្ព័ន្ធ​ភាព​ដែល​​​ដាក់​ឈ្មោះ​ថា «សម្ព័ន្ធ​ភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​»​។

ដោយ​មិន​និយាយ​ពី​របៀប​វារៈ​ក្រោយ​ឆាក​និង​ល្បិច​កល​នយោបាយ និន្នាការ​របស់​គណបក្ស​អស់​ទាំង​​នេះ ជា​ការ​ពិត​ណាស់ គឺ​​មាន​គោលដៅ​​​ឈាន​ទៅ​កាន់​អំណាច​។ ចង់​កាន់​អំណាច ព្រោះ​អំណាច ដ្បិត​តែ​​ជា​វត្ថុអរូបី តែ​​មាន​ក្លិន​ក្រអូប​ឈ្ងុយឈ្ងប់​ ជា​ទី​ចង់​បាន​របស់​​​មនុស្ស​គ្រប់​យុគ​គ្រប់​សម័យ​។

មនុស្ស​ជា​ច្រើន​យល់​ថា អំណាចអាច​លុប​បំបាត់​ទុក្ខ​សោក ហើយ​​អាច​នាំ​មក​នូវ​កេរ្តិ៍​ឈ្មោះ កិត្តិយស មាស​ប្រាក់ និង​សេចក្ដី​សុខ​សុភមង្គល។ សម្រាប់​មនុស្ស​មួយ​ចំនួន​ទៀត អំណាច គឺ​ជា​មធ្យោបាយ ជា​ឈ្នាន់ សម្រាប់​ឈាន​ទៅ​សម្រេច​គោលដៅ​ណាមួយ​ដែល​គេ​ចង់​បាន​។ អ្នក​ខ្លះទៀត​យល់​ថា ពេល​មាន​អំណាច ពួក​គេ​អាច​ធ្វើ​អ្វី​បាន​តាម​អំពើ​ចិត្ត និង​អាច​ធ្វើ​ឲ្យ​អ្នក​នៅ​ជុំវិញ​ខ្លួន​គោរព​ស្ដាប់​តាម​ខ្លួន​បាន​។

នៅ​ពេល​អំណាច​ត្រូវ​សង្គម​វាយ​តម្លៃ​យ៉ាង​ដូច្នេះ មនុស្ស​ទាំង​ឡាយ​ដែល​ចង់​បាន​អំណាច ក៏​តាំង​ស្វែង​រក​វិធី​គ្រប់​សព្វ​បែប​យ៉ាងដើម្បី​ទទួល​បាន​អំណាច។ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ដើម្បី​ទទួល​បាន​អំណាច អ្នក​នយោបាយ​ចាំ​បាច់​ត្រូវ​បង្កើត​​គណបក្ស ដើម្បី​ទទួល​បាន​សេចក្ដី​ទុក​ចិត្ត​និង​ការ​គាំទ្រ​​តាម​រយៈ​សន្លឹក​ឆ្នោត​របស់​​ប្រជាពលរដ្ឋ​។

ការ​ចង់​បាន​អំណាច​ជា​រឿង​មួយ ប៉ុន្តែ​ការ​ប្រើ​ប្រាស់​អំណាច​ជា​រឿង​សំខាន់​មួយ​ផ្សេង​ទៀត ដែល​​គណបក្ស​នយោបាយទាំង​អស់​មិន​ត្រូវ​មើល​រំលង​។ អំណាច តើ​យក​មក​ធ្វើ​អ្វី​? ដើម្បី​សម្រេច​ការងារ​អ្វី? ហើយ​សម្រេច​តាម​របៀប​ណា? នេះ​គឺ​ជា​សំណួរ​ចាំ​បាច់​មួយ​ចំនួន ដែល​អ្នក​នយោបាយត្រូវ​ឆ្លើយ​។

នៅ​កម្ពុជា ជាង​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រៅ​តែ​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គ្មាន​គណបក្ស​ណា​ផ្សេង​ដែលធ្លាប់​​មាន​អំណាច​ប្រតិបត្តិ​ដឹក​នាំ​ប្រទេស​ឡើយ​។ និយាយ​ពី​ប្រទេស​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ តាំង​ពី​ឆ្នាំ​១៩៩៨ រហូត​មក​ទល់​បច្ចុប្បន្ន ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​អំណាច​គ្រប់​គ្រង​សឹង​តែ​ផ្ដាច់​មុខ​របស់​គណបក្ស​ប្រជាជនកម្ពុជា ដែល​មាន​លោក ហ៊ុន សែន ជា​ប្រមុខ​ដឹក​នាំ​។ អំណាច​សឹង​តែ​ផ្ដាច់​មុខរបស់​គណបក្ស​ប្រជាជនកម្ពុជា​​​នេះ ត្រូវ​គេ​មើល​ឃើញ​ថា បាន​ធ្វើ​ឲ្យ​​ឥទ្ធិពល​និង​ឯករាជ្យភាព​របស់​ស្ថាប័ន​នីតិប្រតិបត្តិ និតិបញ្ញត្តិ និង​ស្ថាប័ន​តុលាការ​ ស្ទើរ​តែ​សាប​រលាប​អស់​។ អំពើ​ពុក​រលួយ វប្បធម៌​និទណ្ឌភាព ជម្លោះ​ដី​ធ្លី បញ្ហា​អសន្តិសុខ​សង្គម និង​ការ​រំលោភ​សិទ្ធិ​​មនុស្ស​នៅ​តែ​មាន បើ​ទោះ​បី​ជា​គណបក្ស​កាន់​អំណាច​ចាស់​វស្សា​មួយ​នេះ ប្រឹង​ប្រែង​ឆ្លុះ​កញ្ចក់ ងូត​ទឹក និង​ដុះ​ក្អែល​យ៉ាង​ណា​ក៏​ដោយ​​​។

ប្រសិន​បើ​គណបក្សប្រជាជន​​ដែល​កាន់​អំណាច​៥អាណត្តិ​បន្ត​បន្ទាប់​គ្នា​នៅ​មិន​ទាន់​ចេះ​ប្រើ​​អំណាច​ឲ្យ​បាន​ល្អ​ដើម្បី​បាន​ជា​ប្រយោជន៍​ពេញ​លេញ​សម្រាប់​ប្រទេស​ជាតិ​ផង សួរ​ថា​តើ​គណបក្ស​បង្កើត​ក្រោយ​ៗ​ដែល​មិន​ធ្លាប់​មាន​អំណាច​ក្នុង​ដៃ អាច​នឹង​ចេះ​ប្រើ​អំណាច​ឲ្យ​បាន​ត្រឹម​ត្រូវ​ល្អ​ប្រសើរ​​យ៉ាងដូច​ម្ដេច​? ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​គណបក្ស​ផ្សេង​ទៀត មិន​ធ្លាប់​​​ដឹក​នាំ​ប្រទេស​ផង សួរ​ថា​តើពួក​គេ​មាន​ឱកាស​ឯណា​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួន ថា​ចេះ​​ប្រើ​​អំណាច​ឲ្យ​បាន​ជា​ប្រយោជន៍​សម្រាប់​ជាតិ​?​

អំណាច មាន​ទាំងគុណ​សម្បត្តិ​និង​គុណ​វិបត្តិ​​។ បើ​ប្រើ​ប្រាស់​ត្រឹម​ត្រូវ ដើម្បី​ជាប្រយោជន៍​រួម​របស់​សង្គម​ជាតិ នោះ​អំណាច​នឹង​នាំ​មក​នូវ​តែការ​អភិវឌ្ឍ​រីក​ចម្រើន​ប្រកប​ដោយចីរភាព​និង​​និរន្ដរភាព​​។ ប៉ុន្តែ ប្រសិន​បើ​ប្រើ​ប្រាស់​​ដើម្បី​តែ​ផល​ប្រយោជន៍​ខ្លួន​និង​បក្ស​ពួក តែ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ក្ដៅ​ក្រហាយ នោះ​អំណាច​នឹង​នាំ​មក​នូវ​ក្ដី​វិនាស​មហន្តរាយ​​ជាក់​ជា​ពុំ​ខាន​។ អ្នក​មាន​អំណាច ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ប្រើ​អំណាច​។ ចំណែក​អ្នក​ចង់​បាន​អំណាច ក៏​ត្រូវ​ប្រយ័ត្ន​ដែរ​។ ប្រយ័ត្នមិន​ចេះ​ប្រើ​អំណាច​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI