ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អ្នកទេសចរដែលចាក់វ៉ាក់សាំងកូវីដ១៩រួច ជាក្ដីសង្ឃឹមសម្រាប់វិស័យទេសចរណ៍កម្ពុជា?

សំឡេង ០៤:១០
ភ្ញៀវទេសចរណ៍ក្នុងកំឡុងពេលកូវីដ
ភ្ញៀវទេសចរណ៍ក្នុងកំឡុងពេលកូវីដ © សហការី

វិស័យ​ទេសចរណ៍​​ដែល​ជា​សសរ​ស្ដម្ភ​ដ៏​សំខាន់​មួយ​សម្រាប់​ទ្រទ្រង់​​សេដ្ឋកិច្ច​កម្ពុជា បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក ដោយ​សារ​វិបត្តិ​កូវីដ​១៩​។ ដើម្បីស្ដារ​វិស័យ​នេះ​ឡើង​វិញ កម្ពុជា​កំពុង​តែ​សិក្សា​ពី​ក្រប​ខណ្ឌ​នៃ​ការ​​បើក​ទ្វារ​ទទួល​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ដែល​ចាក់​វ៉ាក់សាំង​កូវីដ​១៩ ឲ្យ​ចូល​មក​កាន់​កម្ពុជា​ឡើង​វិញ​។ តើ​ទេសចរ​បរទេស​ទាំង​នេះ ពិត​ជា​អាច​ស្រោច​ស្រង់​វិស័យ​ទេសចរ​កម្ពុជា​បាន​មែន​ឬ​យ៉ាង​ណា? តើ​កម្ពុជា​ត្រូវ​ធ្វើ​ការ​អ្វី​បន្ថែម​ទៀត ដើម្បី​ឲ្យ​វិស័យ​ទេសចរណ៍ ដំណើរការ​បាន​ប្រសើរ​ឡើង​វិញ?

ផ្សាយពាណិជ្ជកម្ម

វិស័យ​ដែល​រង​គ្រោះ​ដោយ​សារ​តែ​វិបត្តិ​កូវីដ​១៩​ដំបូង​គេ​និង​ធ្ងន់ធ្ងរ​ជាង​គេ គឺ​វិស័យ​ទេសចរណ៍​។ វិស័យ​ទេសចរណ៍​​នៅ​គ្រប់​ប្រទេស​ទាំង​អស់ ក្នុង​នោះ​រួម​ទាំង​កម្ពុជា​ផង បាន​ជួប​ប្រទះ​នូវ​ផល​វិបាក​ដ៏​ធ្ងន់ធ្ងរ នៅពេល​អ្នក​ទេសចរ​លែង​អាច​ធ្វើ​ដំណើរ​បាន​ដោយ​សេរី​ដូច​មុន​។ កៅអី​យន្តហោះ​ដែល​ធ្លាប់​ផ្ទុក​មនុស្ស​ពេញ​ៗ ប្រែ​ជា​ទំនេរ​។ សភាព​អ៊ូអរ​នៅ​តាម​ទី​រមណីយដ្ឋាន ប្រែ​ជា​ស្ងប់​ស្ងាត់​។ អ្នក​បម្រើ​សេវាកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ដែល​ធ្លាប់​តែ​មមាញឹក ប្រែ​ជា​បាត់បង់​ការងារ​ធ្វើ​។ ចំណែក​ចំណូល​របស់​ប្រទេស​ដែល​ធ្លាប់​ទទួល​បាន​ពី​វិស័យ​ទេសចរណ៍ ក៏​ធ្លាក់​ចុះ​យ៉ាង​គំហុក។

កាលពីឆ្នាំ​២០២០ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​តែ​១​លាន​៣សែន​នាក់ប៉ុណ្ណោះ​។ ចំនួន​នេះ ថយ​ចុះ​ប្រមាណ ៨០% បើ​ធៀប​នឹង​ឆ្នាំ​២០១៩​កន្លង​ទៅ។ ក្រសួង​ទេសចរណ៍​កម្ពុជា បាន​សង្កត់​ធ្ងន់​ថា ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កាលពី​ឆ្នាំមុន​នេះ បាន​ធ្វើ​ឱ្យ​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា បាត់បង់​ចំណូល​ជាង​៣​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​។

នៅ​ក្នុង​ឆ្នាំ​២០២១​នេះ​ទៀត​សោត របាយការណ៍​ពី​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា ស្ថានការណ៍​នៃ​វិស័យ​ទេសចរណ៍​នៅ​តែ​មិន​ទាន់​ល្អប្រសើរ ដោយ​គិត​ត្រឹម​រយៈ​ពេល​៣​ខែ​ដើម​ឆ្នាំ​២០២១ មាន​ភ្ញៀវ​បរទេស​តែ​ជាង​៧​ម៉ឺន​នាក់​ប៉ុណ្ណោះ ដែល​មក​កម្សាន្ត​នៅ​កម្ពុជា​។ បើ​ប្រៀប​ធៀប​នឹងរយៈ​ពេល​ដូច​គ្នា​ក្នុង​​ឆ្នាំ​២០២០ ចំនួន​នេះ ធ្លាក់​ចុះ​រហូត​ដល់​ទៅ​ជិត​៩៤​ភាគរយ​។ សម្រាប់​ត្រី​មាស​ទី​១​នៃ​ឆ្នាំ​២០២១​នេះ ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​កម្សាន្ត​នៅ​កម្ពុជា​ច្រើន​ជាង​គេ គឺ​ទេសចរ​ជនជាតិ​ថៃ តាម​ពី​ក្រោយ​ដោយ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន និង​ជនជាតិ​វៀតណាម ឥណ្ឌូនេស៊ី កូរ៉េ​ខាង​ត្បូង តៃវ៉ាន់ អាមេរិក បារាំង និង​ជប៉ុន​ជា​ដើម​។

នៅ​ចំពោះ​មុខ​អត្រា​ធ្លាក់​ចុះ​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ​ផ្នែក​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​នេះ ក្រសួង​ទេសចរណ៍​កម្ពុជា​កំពុង​ជំរុញ​ការសិក្សា​អំពី​ការ​បើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ដែលបាន​ចាក់វ៉ាក់សាំង​បង្ការជំងឺ​កូវីដ១៩​ចូលមក​ប្រទេស​កម្ពុជា​ឡើងវិញ​នៅក្នុង​ត្រីមាសទី៤​ ឆ្នាំ២០២១។​ ក្រសួង​ទេសចរណ៍​សង្ឃឹម​ថា ការ​ទទួល​ទេសចរ​អន្ដរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច អាច​​ស្ដារ​ឧស្សាហកម្ម​ទេសចរណ៍​របស់​កម្ពុជា​ ​ដែលកំពុង​ជួបវិបត្តិ​យ៉ាងធ្ងន់ធ្ងរ ដោយ​សារ​វិបត្តិ​កូវីដ១៩​ក្នុងរយៈពេល​ជាងមួយឆ្នាំ​កន្លង​មកនេះ​។

ជា​ជំហាន​ដំបូង ក្រសួង​ទេសចរណ៍​អះអាង​ថា ខ្លួន​នឹង​ពិភាក្សា​ជាមួយ​ក្រសួង​សុខាភិបាល ថា​តើ​ត្រូវ​តម្រូវ​ឲ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​រួចរាល់​ហើយ​ចូល​មក​ប្រទេស​កម្ពុជា ធ្វើ​ចត្តាឡីស័ក​ក្នុង​កម្រិត​ណា ឬ​មិន​ចាំបាច់​ធ្វើ​ចត្តាឡីស័ក​។

អ្នក​ជំនាញ​ផ្នែក​ទេសចរណ៍ បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​គម្រោង​នេះ។ ប៉ុន្តែ​ថា ការណ៍​នេះ​នៅ​មិនទាន់​គ្រប់​គ្រាន់​ទេ​។ ដើម្បី​អាច​ឲ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​ដំណើរការ​ដោយ​រលូន​ឡើង​វិញ អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​នេះ និយាយ​ដោយ​ឡែក និង​ពលរដ្ឋ​កម្ពុជា និយាយ​ជារួម ត្រូវ​តែ​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ផង​ដែរ។ ការ​ចាក់​វ៉ាក់សាំង​ដល់​អ្នកផ្តល់សេវាកម្មទេសចរណ៍និង​ពលរដ្ឋ​ទូទៅ ចាំ​បាច់​ណាស់ ដើម្បីបង្កើន​ទំនុក​ចិត្ត និង​​ធានាសុវត្ថិភាព​ដល់ភ្ញៀវទេសចរអន្តរជាតិ​។ នេះ​បើ​តាម​អ្នក​ជំនាញ​។

គួរ​បញ្ជាក់​ថា ចាប់​តាំង​ពី​ខែ​កុម្ភៈ​រហូត​មក កម្ពុជា​បាន​សម្រុក​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​។ គិត​ត្រឹម​ពេល​នេះ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​១ ដល់​ពលរដ្ឋ​ចំនួន​ជាង​២លាននាក់។ ចំនួន​នៃ​​ការ​ចាក់​វ៉ាក់សាំង​នេះ មាន​អត្រា​ស្មើ​នឹង២០​​ភាគរយ នៃ​អត្រា​ប្រជាជន​គោលដៅចាក់​វ៉ាក់សាំង​​សរុប ដែល​មាន​ចំនួន​១០​លាន​នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI