ទស្សនៈព្រឹត្តិការណ៍ខ្មែរ

«មតិរិះគន់» នៅក្នុងសង្គមប្រជាធិបតេយ្យ

សំឡេង ០៤:២៩
និមិត្តសញ្ញានៃលទ្ធិប្រជាតេយ្យ
និមិត្តសញ្ញានៃលទ្ធិប្រជាតេយ្យ © Internet

នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ មតិ​រិះគន់​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​នូវ​ចំណុច​ខ្វះ​ខាត​របស់​អ្នក​នយោបាយ។ ការ​ស្ដាប់​​និង​ទទួល​យក​មតិ​រិះគន់​ទៅ​ពិចារណា​គឺ​ជា​មធ្យោបាយ​ដ៏ល្អ​ដែល​អនុញ្ញាត​ឲ្យ​​​អ្នក​នយោបាយ​អាច​ឈាន​ទៅ​កែ​លម្អ​ខ្លួន​ឯង​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ជាង​មុន​។ យ៉ាង​ណា​ក៏​ដោយ នៅ​កម្ពុជា អ្នក​នយោបាយ​ខ្មែរនៅ​តែ​មិន​ទាន់​មាន​ទម្លាប់ស្ដាប់​ឬ​ទទួល​យក​ការ​រិះ​គន់​ពី​សំណាក់​សាធារណជន​ទូទៅ​នៅ​ឡើយ​។

ផ្សាយពាណិជ្ជកម្ម

កម្រិត​ប្រជាធិបតេយ្យ​នៃ​ប្រទេស​មួយអាច​​កំណត់ទៅ​​បាន​តាម​រយៈ​កត្តា​ជា​ច្រើន​។ កត្តា​មួយ​ក្នុង​ចំណោម​នោះ គឺ​ចរិត​អ្នក​នយោបាយ​និង​សកម្មជន​នយោបាយ ដែល​ជា​តួ​អង្គ​សំខាន់​ជាង​គេ​ក្នុង​ការ​បង្ហាញ​គំរូ​ប្រជា​ធិបតេយ្យ​ដល់​ប្រជាពលរដ្ឋ​។ ក្នុង​ប្រទេស​មួយ​ដែលប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ អ្នក​នយោបាយ​នៃ​ប្រទេស​នោះ ត្រូវ​តែ​ជា​អ្នក​ដែល​អាច​បន្សាំ​ខ្លួន​បាន​យ៉ាង​ល្អ​ទៅ​នឹង​វប្បធម៌​ពហុ​គំនិត​ ពោល​គឺ​ពាក្យ​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា​ឬ​ក៏​មតិ​ផ្ទុយ​ពី​គំនិត​របស់​ខ្លួន មិន​មែន​ជា​រឿង​គួរ​ឲ្យ​ខឹង​ច្រឡោត​ទេ​។

ការ​ស្ដាប់​ពាក្យ​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា​ឬ​មតិ​ផ្ទុយ មែន​ទែន​ទៅ​មាន​សារៈ​សំខាន់​ណាស់​ដើម្បី​ឲ្យ​អ្នក​នយោបាយ​ប្រជាធិបតេយ្យ​មាន​ឱកាស​ពិនិត្យ​និង​កែ​លម្អ​នូវ​ចំណុច​ខ្វះ​ខាត​ដែល​ខ្លួន​ឯង​មើល​មិន​ឃើញ​។ អ្នក​នយោបាយ​ប្រជាធិបតេយ្យតែងតែ​ត្រៀម​ខ្លួន​ជានិច្ច​ក្នុង​ការ​ទទួល​យក​ពាក្យ​រិះ​គន់​និង​ស្ដាប់​មតិយោបល់​របស់​អ្នក​ដទៃ​មក​ត្រិះរិះ​ពិចារណា ហើយ​ឈាន​ទៅ​កែ​លម្អ​ខ្លួន​ឯង​ឲ្យ​បាន​កាន់​តែ​ប្រសើរ​។

នៅ​កម្ពុជា ​ដ្បិតតែ​​ប្រទេស​នេះ​​ប្រកាន់​យកវប្បធម៌​​ប្រជាធិបតេយ្យ ប៉ុន្តែ​គេ​កត់​សម្គាល់​ឃើញ​ថា អ្នក​នយោបាយ​ខ្មែរនៅ​តែ​មិន​ទាន់​មាន​ទម្លាប់ស្ដាប់​ឬ​ទទួល​យក​ការ​រិះ​គន់​ពី​សំណាក់​សាធារណជន​ឲ្យ​បាន​ទូលំទូលាយ​នៅ​ឡើយ​​។ ទម្លាប់​នេះ​មិន​មែន​មាន​តែ​ចំពោះ​អ្នក​នយោបាយ​នៃ​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ​ទេ។ សូម្បី​តែ​អ្នក​នយោបាយ​ប្រឆាំង​ក៏​បង្ហាញ​អាការៈ​មិន​ពេញ​ចិត្តដូច​គ្នា​​ដែរ នៅ​ពេល​ដែល​មាន​ការ​រិះ​គន់​តវ៉ា​ប្រឆាំង​នឹង​ខ្លួន​ម្ដង​ៗ​។

អ្នក​ដែល​ហ៊ាន​រិះ​គន់ បើ​ជា​មនុស្ស​នៅ​ក្នុង​បក្ស​ជាមួយ​គ្នា រមែង​ត្រូវ​គេ​លាប​ពណ៌​ភ្លាម​ថា​ជា​មនុស្ស​ក្បត់​បក្ស។ ក្នុង​ករណី​ដែល​អ្នក​រិះ​គន់​នោះ​ស្ថិត​នៅ​ក្នុង​មជ្ឈដ្ឋាន​ផ្សេង​វិញ ពួក​គេ​នឹង​ត្រូវ​រង​នូវ​ប្រតិកម្ម​គំរោះគំរើយ​​ដៀល​ត្មះ​គួរ​ឲ្យ​សង្កៀរ​ត្រចៀក​ ឬ​អាក្រក់​ជាង​នេះ​អាច​រង​ការ​គំរាម​ឬ​ចាប់​ចង​ដាក់​គុក​ច្រវាក់​តែ​ម្ដង​។ ស្ថានភាព​នេះ​បាន​បង្ខំ​ឲ្យ​អ្នក​ដែល​ចង់​បាន​សុខ ចង់​មាន​មុខ​តំណែង​និង​លាភសក្ការៈ ត្រូវ​ចេះ​ពោល​ពាក្យវិជ្ជមាននិង​លើក​​សរសើរ បើ​ទោះ​បី​ជា​ការ​សរសើរ​នោះ​ដើរ​ផ្ទុយ​ពី​ការ​ពិត​ក៏​ដោយ​។

មែន​ទែន​ទៅ ការ​និយម​ចូល​ចិត្ត​ស្ដាប់​តែ​ភាសា​លើក​សរសើរ ឬ​ពាក្យ​ពេចន៍​វិជ្ជមាន មិន​មែន​ជា​រឿង​ទាស់​ខុស​អ្វី​ទេ​។ ប៉ុន្តែ​ពាក្យ​សរសើរ​ដែល​មាន​ន័យ​បញ្ចើច​បញ្ចើ​ហួស​ពី​ការ​ពិត គឺ​ជា​គ្រោះ​ថ្នាក់​សម្រាប់​អ្នក​នយោបាយ​។ គ្រោះ​ថ្នាក់​នៅ​ត្រង់​ថា វា​អាច​ក្លាយ​ជា​ថ្នាំ​សណ្ដំ​ដែល​ធ្វើ​ឲ្យ​អ្នក​នយោបាយ​ស្រវាំង​ភ្នែក មើល​លែង​ឃើញ​ពី​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន​។

ជា​ការ​ពិត ពាក្យ​រិះ​គន់​និង​មតិ​ផ្ទុយ​មិន​មែន​ស្រួល​លេប​ដូច​សម្ដី​ពោល​សរសើរ​ក៏​ពិត​មែន​។ ប៉ុន្តែ​ដូច​លើក​ឡើង​ពី​ខាង​ដើម​អ៊ីចឹង ពាក្យ​សម្ដី​អស់​ទាំង​នេះ​ដើរ​តួ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​ចំណុច​ខ្វះ​ខាត​របស់​អ្នក​នយោបាយ​។ ការ​ស្ដាប់​ពាក្យ​រិះ​គន់​និង​មតិ​ផ្ទុយ មិន​មែន​មាន​ន័យ​ថា អ្នក​នយោបាយ​ចាំ​បាច់​ត្រូវ​ធ្វើ​តាម​ទាំង​អស់​ឡើយ​ប្រសិន​បើ​ពាក្យ​រិះ​គន់​​ធ្វើ​ឡើង​ក្នុង​ន័យ​ជាន់​ពន្លិច ចំណែក​​មតិ​ផ្ទុយ​ធ្វើ​ឡើង​ដោយ​ការ​យល់​ពុំ​បាន​ស៊ី​ជម្រៅ​ទៅ​ដល់​ឫស​គល់​នៃ​បញ្ហា​។ ហើយ​ប្រសិន​បើ​ក្នុង​ករណី​នោះ​មែន ជា​ជាង​ការ​តប​ត​ទៅ​វិញ​ដោយ​ការ​ព្រមាន​គំរាម​និង​ចាប់​ចង​ដាក់​គុក​ច្រវាក់ អ្នក​នយោបាយ​អាច​ពិចារណា​ប្រើ​ប្រាស់​យន្តការ​ទន់​ភ្លន់ ដូច​ជា​ការ​ពន្យល់​បំភ្លឺប្រកប​ដោយ​ការ​យោគយល់​ទៅ​វិញ​ទៅ​មក​។

​ទម្លាប់​ធ្វើ​នយោបាយ​ចង់​ឈ្នះ និង​គុំកួន​សង​សឹង​ចំពោះ​អ្នក​រិះគន់​និង​មាន​មតិ​ផ្ទុយ ពុំ​មាន​ប្រយោជន៍​អ្វី​ក្រៅ​តែ​ពី​សរ​បង្ហាញ​ឲ្យ​ឃើញ​ពី​កម្រិត​នៃ​ភាព​ចាស់​ទុំ​របស់​អ្នក​យោបាយ និង​ភាព​ទន់​ខ្សោយ​នៃ​វប្បធម៌​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​​នោះ​ឡើយ​។ សម្រស់​នៃ​ប្រជាធិបតេយ្យ​មិន​មែន​ឋិត​នៅ​ត្រង់​ការ​ប្រកាន់​ជំហរ​រឹង​កំព្រឹស​ដោយ​មិន​ស្ដាប់​មតិ​យោបល់​អ្នក​ដទៃ ហើយ​លាប​ពណ៌​និង​ផាត់​ចោល​អ្នក​ដែល​មាន​ទស្សនៈ​ផ្ទុយ​ពី​ខ្លួន​នោះ​ឡើយ​។ សម្រស់​នៃ​ប្រជាធិបតេយ្យ គឺ​​បើក​ចិត្ត​ទទួល​យក​ភាព​ចម្រុះ​នៃ​ទស្សនៈ​ ដែល​ជា​នឹង​ក្លាយ​ទៅ​ជា​ចលករ​​​ជំរុញ​ឲ្យ​​​វប្បធម៌​ប្រជាធិបតេយ្យ​លូតលាស់​ទៅ​មុខបាន​លឿន​ និង​មាន​​អត្ថន័យ​ពេញ​លេញ​ពិត​ប្រាកដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI