ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការចាប់ខ្លួនសកម្មជនបរិស្ថាន៖ រដ្ឋាភិបាលខាតបង់ច្រើនជាងចំណេញ

សំឡេង ០៤:០០
សកម្មជនបរិស្ថាន​ទាំង​៣​រូប ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី​១៦ មិថុនា ឆ្នាំ​២០២១។ ពី​ឆ្វេង​ទៅ​ស្ដាំ៖ កញ្ញា ស៊ុន រដ្ឋា, លោក យឹម លាងហ៊ី, និង លោក លី ចាន់ដារ៉ាវុត។
សកម្មជនបរិស្ថាន​ទាំង​៣​រូប ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី​១៦ មិថុនា ឆ្នាំ​២០២១។ ពី​ឆ្វេង​ទៅ​ស្ដាំ៖ កញ្ញា ស៊ុន រដ្ឋា, លោក យឹម លាងហ៊ី, និង លោក លី ចាន់ដារ៉ាវុត។ © សហការី

អាជ្ញាធរ​កម្ពុជា​កាល​ពី​សប្ដាហ៍​មុន បាន​ចាប់​ខ្លួន​យុវជន​ការពារ​បរិស្ថាន​ចំនួន​៣​រូប​បញ្ជូន​ទៅ​កាន់​តុលាការ ដោយ​ចោទ​ថា​បាន «បង្ក​ឲ្យ​អសន្តិសុខ​សង្គម»។ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​យុវជន​ការពារ​បរិស្ថាន​ត្រូវ​រង​ការ​ចាប់​ខ្លួនបញ្ជូន​ទៅ​កាន់​តុលាការ ដោយ​សារ​តែ​សកម្មភាព​ដែល​ពួក​គេ​ធ្វើ​ដើម្បី​បរិស្ថាន​។ ​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ជា​បន្ត​បន្ទាប់​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​យ៉ាង​ដូច្នេះ មិន​ត្រឹម​តែ​មិន​ផ្ដល់ផល​ចំណេញ​ដល់​រដ្ឋាភិបាល​ប៉ុណ្ណោះទេ​ ប៉ុន្តែ​​ផ្ទុយ​ទៅ​វិញ វា​បាន​បង្ក​ការ​ខាត​បង់ និង​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ស្មារតី​នៃ​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការងារ​សង្គម​ថែមទៀត​។

ផ្សាយពាណិជ្ជកម្ម

ចំណាត់ការ​ច្បាប់​ចំពោះ​សកម្មជន​បរិស្ថាន​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា មែន​ទែន​ទៅ ធ្លាប់​កើត​មាន​ជា​ច្រើន​ដង​រួច​មក​ហើយ​។ សកម្មជន​បរិស្ថាន ដែល​ប្រើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដើម្បី​រិះ​គន់​រដ្ឋាភិបាល ត្រូវ​អាជ្ញាធរ​តាម​រំខាន​និង​ចាប់​ខ្លួន​។ មួយ​ចំនួន​ត្រូវ​បង្ខំ​ចិត្ត​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ចំណែក​ខ្លះ​ទៀត​ត្រូវ​រដ្ឋាភិបាល​បណ្ដេញ​ចេញ​លែង​ឲ្យ​ត្រឡប់​ចូល​មក​កម្ពុជា​វិញ​តែ​ម្ដង​។  

តើអ្វី​ទៅ​ជា​ផល​ចំណេញ​នៃ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សកម្មជន​បរិស្ថានយ៉ាង​ដូច្នេះ? អាជ្ញាធរ​​និង​អ្នក​គាំទ្រ​រដ្ឋាភិបាល ទំនង​ជា​ឆ្លើយ​ការពារ​ចំណាត់ការ​ទាំង​នេះ​​ថា វា​ជា​វិធានការ​ចាំបាច់​ដើម្បី​ការពារ​សន្តិសុខ​សណ្ដាប់​ធ្នាប់​សាធារណៈ និង​ជា​ពិសេស​គឺ​បង្ការ​ការ​ប៉ុនប៉ង​​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ពី​សំណាក់​ក្រុម​ណាមួយ​នៅ​ក្រៅ​ប្រទេស​។ ចំពោះ​ការ​អះអាង​នេះ គេ​អាច​ចោទ​សួរ​ទៅ​វិញ​ថា តើ​រដ្ឋាភិបាល​កម្ពុជា ពិត​ជា​ងាយ​នឹង​រង​ការ​គំរាម​កំហែង​ពី​សំណាក់​ភាគី​ប្រឆាំង ដោយ​ចំពោះ​ក្រុម​យុវជន​ក្មេង​ៗ​ដែល​ផលិត​វីដេអូ​ផ្សព្វផ្សាយ​ពី​រឿង​បរិស្ថាន​មែន​ឬ​យ៉ាង​ណា?

ការ​ចាប់​ខ្លួន​យុវជន​ដែល​ធ្វើ​ការ​អប់រំ​ផ្សព្វផ្សាយ​ពី​បរិស្ថាន មិន​ផ្ដល់​ផល​ចំណេញ​អ្វី​ទាល់​តែ​សោះ​ដល់​រដ្ឋាភិបាល​។ ផ្ទុយ​មក​វិញ វា​បែរ​ជា​បង្ក​ការ​ខាត​បង់៖ ខាត​បង់​ទាំង​កម្លាំង និង​កេរ្តិ៍​ឈ្មោះ។ ពី​ក្រសែ​ភ្នែក​ប្រជាពលរដ្ឋ​ទូទៅ រដ្ឋាភិបាល​មាន​រឿង​សំខាន់​ច្រើន​ណាស់​ដែល​គួរ​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​អាទិភាព ជា​ពិសេស​ធ្វើ​យ៉ាង​ណា​ឈាន​ទៅ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ឆ្លង​ជា​សហគមន៍​នៃ​ជំងឺ​កូវីដ​១៩ ព្រម​ទាំង​ស្ដារ​ឡើង​វិញ​នូវ​សេដ្ឋកិច្ចជាតិ​។

ក្នុង​ពេល​ដែល​ពលរដ្ឋជា​ច្រើន​នៅ​ទូទាំង​ប្រទេស​​កំពុង​រង​ទុក្ខ​ព្រោះ​ខ្វះ​ប្រាក់​ចំណូល​ចិញ្ចឹម​ជីវិត ការ​ចំណាយ​កម្លាំង​និង​ពេល​វេលា​ទៅ​លើ​យុវជន​បី​បួន​នាក់ក្រោម​ហេតុផល​សន្តិសុខជាតិ មិន​គួរ​ជា​រឿង​អាទិភាព​ទេ​។ មិន​គួរ​​ជា​រឿង​អាទិភាព មិន​មែន​ដោយ​សារ​សន្តិសុខ​ជាតិ​មិន​សំខាន់​ទេ​។ សន្តិសុខជាតិ ជា​បញ្ហា​សំខាន់​ណាស់ និងត្រូវ​តែ​ការពារ​ឲ្យ​បាន​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​យុវជន​បី​បួន​នាក់​ថា​បង្ក​អសន្តិសុខ ដោយ​សារ​តែ​សកម្មភាព​ចូល​រួម​របស់​ពួក​គេ​ក្នុង​បញ្ហា​បរិស្ថាន គឺ​ជា​ចំណាត់ការ​ធ្ងន់ធ្ងរ​បន្តិច​។

ដោយ​ឡែក ពី​ក្រសែ​ភ្នែក​អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍​អន្ដរជាតិ​វិញ ចំណាត់ការ​របស់​រដ្ឋាភិបាល​ទៅ​លើ​យុវជន​សកម្មជន​បរិស្ថាន ប្រៀប​បាន​ទៅ​នឹង​ការ​បំបិទ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ជា​ការ​គំរាម​កំហែង និង​ព្រមាន​ទៅ​ដល់​អ្នក​ដទៃ​ទៀត​ដែល​ធ្វើ​សកម្មភាព​ផ្ទុយ​នឹង​ជំហរ​របស់​រដ្ឋាភិបាល​។

ជំនួស​ឲ្យ​ការ​ចាប់​ខ្លួន​និង​ប្ដឹង​ផ្ដល់​ទៅ​កាន់​តុលាការ អាជ្ញាធរ​អាច​​អប់រំ​ទូន្មាន​ពួក​គេ​ប្រកប​ដោយ​ហេតុផល​និង​គុណធម៌ ធ្វើ​យ៉ាង​ណា​ឲ្យ​សកម្មភាព​របស់​ក្រុម​យុវជន រួម​ចំណែក​ជា​វិជ្ជមាន​ដល់​ការ​អភិវឌ្ឍ​នៃ​សង្គម​ជាតិ​។ ប្រសិន​បើ​ធ្វើ​ដូច្នេះ​បាន រដ្ឋាភិបាល​មិន​ត្រឹម​តែ​អាច​បញ្ចៀស​​នូវ​ការ​រិះ​គន់​ពី​សំណាក់​មតិ​ទូទៅ​ទេ តែ​ថែម​ទាំង​អាចជំរុញ​លើក​ទឹក​ចិត្ត​យុវជន​ដទៃ​ទៀត ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ការ​សង្គម​បាន​កាន់​តែ​ច្រើន​។ ការ​ចូល​រួម​របស់​យុវជន​នៅ​ក្នុង​ការងារ​សង្គម មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​អភិវឌ្ឍប្រទេស​ជាតិ​ទៅ​ថ្ងៃ​អនាគត​ ដូច​ពាក្យ​ស្លោក​ខ្មែរ​​ថា «ទំពាំង​ស្នង​ឫស្សី»។ តើ​ទៅ​ថ្ងៃ​មុខ​នឹង​មាន​ឫស្សី​អ្វី​បន្ត​វេន នៅ​ពេល​ដែល​ទំពាំង​ចេះ​តែ​ត្រូវ​គេ​ជីក​ចោល​ម្ដង​ហើយ​ម្ដង​ទៀត​យ៉ាង​ដូច្នេះ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI