ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កូវីដ១៩ជាវិញ្ញាសាវាស់ស្ទង់សមត្ថភាព គ.ជ.ប នៅចំពោះមុខការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២

សំឡេង ០៤:៤៨
ដំណើរការរៀបចំការបោះឆ្នោតរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតនាអាណត្តិកន្លងទៅ
ដំណើរការរៀបចំការបោះឆ្នោតរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតនាអាណត្តិកន្លងទៅ AP - Heng Sinith

រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​ទី​០៥ ខែ​មិថុនា ឆ្នាំ​២០២២ ជា​កាល​បរិច្ឆេទ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៥​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប បាន​អះអាង​ថា ខ្លួន​បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ហើយ​សម្រាប់​ការ​បោះ​ឆ្នោត​នេះ​។ យ៉ាង​ណា​ក៏​ដោយ អ្នក​ជំនាញ​កត់​សម្គាល់​ឃើញ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត ត្រូវ​ប្រឈម​មុខ​នឹង​​វិញ្ញាសា​មួយ​ចំនួន​ ដើម្បី​ធានា​នូវ​ភាព​ជោគជ័យ​នៃ​ការ​បោះ​ឆ្នោត​ខាង​មុខ ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ​១៩​​។

ផ្សាយពាណិជ្ជកម្ម

នៅ​មិន​ដល់​មួយ​ឆ្នាំ​ទៀត​ទេ ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៥ នឹង​ឈាន​ចូល​មក​ដល់​។ បើ​គ្មានការ​ប្រែ​ប្រួល​ណា​មួយ​ទេ គណៈកម្មាធិការជាតិ​​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៅ​ថ្ងៃ​ទី​០៥​ ខែ​មិថុនា ឆ្នាំ​២០២២ ដែល​ជា​កាល​បរិច្ឆេទ​កំណត់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។ ដ្បិត​តែគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​អះអាងពី​ការ​​ត្រៀម​លក្ខណៈ​រួច​រាល់សម្រាប់​​ការ​បោះ​ឆ្នោត​នេះ​ក៏​ពិត​មែន ក៏​គេនៅ​តែ​អាច​កត់​សម្គាល់​ឃើញ​ថា ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​លើក​នេះ រៀបចំ​ធ្វើ​នៅ​ក្នុង​បរិបទ​ដ៏​ប្រឈម​មួយ ខុស​ប្លែក​ពី​លើក​មុន​ៗ​។ សម្រាប់​អ្នក​ជំនាញ នៅ​ចំពោះ​មុខ​នេះ មាន​វិញ្ញាសាមួយ​ចំនួន ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​ត្រូវឆ្លង​កាត់​ឲ្យ​បាន​ ដើម្បី​ធានា​នូវ​ភាព​ជោគជ័យ​នៃ​ការ​បោះ​ឆ្នោត​ខាង​មុខ​។

វិញ្ញាសា​ដំបូង​បង្អស់សម្រាប់ គ.ជ.ប ​គឺ​ចៀស​មិន​ផុត​ពី​ជំងឺ​កូវីដ​១៩ដែល​នៅ​តែ​បន្ត​​ឆ្លង​រាល​ដាលនៅ​ទូទាំង​ប្រទេស​កម្ពុជា ហើយ​ពុំ​ទាន់​មាន​សញ្ញា​ថម​ថយ​នៅ​ឡើយ​។​ ជា​ការ​ពិត គេ​អាច​ប្រកាន់​យក​ភាព​សុទិដ្ឋិនិយម ដោយ​សង្ឃឹម​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អាច​គ្រប់គ្រង​ជំងឺ​កូវីដ​១៩​បាន​ក្នុង​ពេល​ដ៏​ឆាប់​ ខណៈ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស ​ក៏​កំពុង​ប្រព្រឹត្ត​ធ្វើ​ទៅ​យ៉ាង​សស្រាក់សស្រាំ។ យ៉ាង​ណា​ក៏​ដោយ ការ​ពិត​មួយ​ដែល​គេ​ត្រូវ​ទទួល​ស្គាល់​ដែរ​នោះ​គឺ​ថា បើ​ទោះ​បី​ជា​ស្ថានការណ៍​ជំងឺ​កូវីដ​១៩​អាច​គ្រប់​គ្រង​បាន និង​បើ​ទោះ​បី​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​បាន​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ក៏​ដោយ ក៏​ជំងឺ​កូវីដ​១៩​នឹង​នៅ​តែ​បន្ត​មាន​វត្តមាន​នៅ​លើ​ពិភពលោក​យើង​នេះ​ដដែល​។ នៅ​ក្នុង​បរិបទ​នេះ គ.ជ.ប ត្រូវ​ធ្វើ​យ៉ាង​ណា រៀបចំ​វិធានការ​ការពារ​​ប្រកប​ដោយ​សុវត្ថិភាព​ជូនដល់​ពលរដ្ឋ ដោយ​ត្រូវ​បញ្ចៀស​ឲ្យ​បាន​នូវ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ​ក្នុង​ពេល​ដែល​ពលរដ្ឋ​ដែល​​​ទៅ​បោះ​ឆ្នោត​តម្រូវ​ឲ្យ​ជ្រលក់​ដៃ​ក្នុង​ដប​ទឹក​ថ្នាំ​ដើម្បី​បញ្ជាក់​ពី​ការ​បោះ​ឆ្នោត​រួច​។

ទាញ​ចេញ​ពី​វិបត្តិ​កូវីដ​១៩​នេះ​ដែរ គ.ជ.ប ទំនង​ជា​ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​កៀង​គរ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​បោះ​ឆ្នោត។ ការ​ចូល​រួម​របស់​ពលរដ្ឋ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​មាន​សារៈ​សំខាន់​ណាស់ ព្រោះ​កន្លង​មក បើ​តាម គ.ជ.ប ការ​បោះ​ឆ្នោត​ដែល​ជោគជ័យ គឺ​ជា​ការ​បោះ​ឆ្នោត​មួយ​ដែល​មាន​អត្រា​អ្នក​ទៅ​បោះឆ្នោត​ខ្ពស់​។ ប្រសិន​បើ​ការ​បោះ​ឆ្នោត​ឈាន​ចូល​មក​ដល់ ហើយ​ស្ថានភាព​ជំងឺ​កូវីដ​១៩​នៅ​តែ​មិន​ទាន់​ធូរ​ស្រាល តើ គ.ជ.ប ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​អ្វី​ដើម្បី​ជំរុញ​ឲ្យ​ពលរដ្ឋ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន?  នេះ​គឺ​ជា​វិញ្ញាសា​មួយ​ទៀត​សម្រាប់ គ.ជ.ប។

មួយ​វិញ​ទៀត គ.ជ.ប កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​សម្រេច​លុប​ចោល​ការ​បោះ​ឆ្នោត​សាក​ល្បង ដោយ​ផ្អែក​លើ​ស្ថានភាព​ឆ្លង​រាល​ដាល​គួរ​ឲ្យ​បារម្ភ​នៃ​ជំងឺ​កូវីដ​១៩​។ ការ​បោះ​ឆ្នោត​សាក​ល្បង​នេះ មាន​គោលដៅ​វាយតម្លៃ​ពី​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​ទំនើបកម្ម​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត ក្នុង​ក្រប​ខណ្ឌ​កំណែ​ទម្រង់​នៃ​ការ​បោះ​ឆ្នោត​របស់ គ.ជ.ប ដើម្បី​បោះ​ជំហាន​ទៅ​រក​ការ​បោះ​ឆ្នោត​ដោយ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​នា​ពេល​អនាគត​។ ការ​លុប​ចោល​ការ​បោះ​ឆ្នោត​សាក​ល្បង​នេះ បាន​បង្ក​ជា​ក្ដី​បារម្ភ​អំពី​ភាព​មិន​ប្រក្រតី​នានា​ដែល​អាច​កើត​មាន​ឡើង​នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ពិត​ប្រាកដ​។

ជា​ការ​ពិត ការ​រៀបចំ​ការ​បោះ​ឆ្នោត​មិន​មែន​ជា​រឿង​ងាយ​ស្រួលទេ បើ​ទោះ​បី​ជា​កម្ពុជា​ធ្លាប់​ឆ្លង​កាត់​ការងារ​នេះ​ជា​ច្រើន​អាណត្តិ​រួច​មក​ហើយ​ក៏​ដោយ​។ ហើយ​វា​កាន់​តែ​ពិបាក​មួយ​កម្រិត​ថែម​ទៀត នៅ​ពេល​ដែល​ការ​បោះ​ឆ្នោត​នោះ ត្រូវ​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​នៃ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​។ សម្រាប់​​លើក​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មិន​ត្រឹម​តែ​ត្រូវ​ធានា​ឲ្យ​បាន​នូវ​ការ​បោះ​ឆ្នោត​មួយ​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌ ប៉ុណ្ណោះ​ទេ​។ តែ​ត្រូវ​ធានា​ឲ្យ​បាន​ថា ការ​បោះ​ឆ្នោត​នោះ ប្រព្រឹត្ត​ធ្វើ​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​អ្នក​ចូល​រួម​គ្រប់​ៗ​គ្នា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI