ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទប់ស្កាត់កូវីដបំប្លែងថ្មី Delta´៖ ជំនួយរបស់រដ្ឋាភិបាលពិតជាចាំបាច់ ដើម្បីទប់ស្កាត់ការចល័តរបស់ពលករ

សំឡេង ០៣:៤៥
ពលករបរទេសដែលធ្វើការនៅក្នុងប្រទេសថៃ ជិះរថយន្តចេញពីកន្លែងការងាររបស់ពួកគេនៅសមុទ្រសាខន ភាគខាងត្បូងក្រុងបាងកក។
ពលករបរទេសដែលធ្វើការនៅក្នុងប្រទេសថៃ ជិះរថយន្តចេញពីកន្លែងការងាររបស់ពួកគេនៅសមុទ្រសាខន ភាគខាងត្បូងក្រុងបាងកក។ AP - Gemunu Amarasinghe

សម្រាប់​អ្នកក្រីក្រ ​ឬអ្នកទីទាល់ក្រ ​និងមិនមាន​ចំណេះវិជ្ជា​ផងនោះ ​បានចាត់ទុក​ថាប្រទេសថៃគឺ​ជាឋានសួគ៌​នៃការងារ​ ដោយសារ​តែទីនោះពលករ​ចំណាក​ស្រុកខ្មែរ ​ទទួល​បានការងារ​ទាំងស្របច្បាប់ ​និងមិន​ស្របច្បាប់ ​ដោយមិនចាំបាច់​មានសញ្ញាបត្រ​អ្វីឡើយ។​ ​ក៏ប៉ុន្តែ​អំឡុងពេល​កូវីដនេះ ​ជាពិសេស​ពេលកំពុង​មានការរាត្បាត​យ៉ាងលឿន​នៃមេរោគ​កូវីដ​បំប្លែង​ថ្មីប្រភេទ​ដែលតា​(Delta) ​ទីផ្សារ​ ការងារ​ ជាច្រើន ​នៅក្នុង​ ប្រទេស ​ថៃត្រូវបានបិទ​  ហេីយពលករ​ចំណាកស្រុក​ខ្មែរជាច្រើន​កំពុង​ស្ថិតនៅ​ក្នុងស្ថានភាព​«ចុះទឹកក្រពើ ​ឡើងលើខ្លា»

ផ្សាយពាណិជ្ជកម្ម

សម្រាប់​អ្នកក្រីក្រ ​ឬអ្នកទីទាល់ក្រ ​និងមិនមាន​ចំណេះវិជ្ជា​ផងនោះ ​បានចាត់ទុក​ថាប្រទេសថៃគឺ​ជាឋានសួគ៌​នៃការងារ​ ដោយសារ​តែទីនោះពលករ​ចំណាក​ស្រុកខ្មែរ ​ទទួល​បានការងារ​ទាំងស្របច្បាប់ ​និងមិន​ស្របច្បាប់ ​ដោយមិនចាំបាច់​មានសញ្ញាបត្រ​អ្វីឡើយ។​ ​ក៏ប៉ុន្តែ​អំឡុងពេល​កូវីដនេះ ​ជាពិសេស​ពេលកំពុង​មានការរាត្បាត​យ៉ាងលឿន​នៃមេរោគ​កូវីដ​បំប្លែង​ថ្មីប្រភេទ​ដែលតា​(Delta) ​ទីផ្សារ​ ការងារ​ ជាច្រើន ​នៅក្នុង​ ប្រទេស ​ថៃត្រូវបានបិទ​  ហេីយពលករ​ចំណាកស្រុក​ខ្មែរជាច្រើន​កំពុង​ស្ថិតនៅ​ក្នុងស្ថានភាព​«ចុះទឹកក្រពើ ​ឡើងលើខ្លា»​។

ប្រទេសកម្ពុជាកាលពីថ្ងៃពុធកន្លងទៅ បានប្រកាសដាក់វិធានការបិទខ្ទប់ខេត្តជាប់ព្រំដែនថៃចំនួន៨ និងដាក់បំរាមគោចរទូទាំងប្រទេសពីម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ រយៈពេល១៤ថ្ងៃ ដោយសារតែរកឃើញពលករខ្មែរ ដែលត្រលប់មកពីប្រទេសថៃមានវិជ្ជមានកូវីដ-១៩ កាន់តែច្រើន ជាពិសេសប្រភេទបំប្លែងថ្មីដែលតា(Delta) ដែលបានឆ្លងចូលសហគមន៍។

ដំណាលគ្នានេះ ពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ បាននិងកំពុងជ្រួលច្របល់ដោយសារពួកគេប្រឈមនឹងបញ្ហាធំៗមួយចំនួន គឺការឆ្លងជំងឺកូវីដ-១៩ ភាពអត់ការងារធ្វើ និងត្រូវធ្វើដំណើរដោយលួចលាក់ ខណៈដែលព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទ និងរឹតបន្តឹងបន្ថែមទៀត។

នៅក្នុងស្ថានភាពបែបនេះ មានការចោទសួរថា តើពលករខ្មែរ នឹងទៅជាយ៉ាងណា ដោយសារតែពេលនេះ ថៃ ដែលជាទីផ្សារការងារដ៏ធំរបស់ពលករទេសន្តប្រវេសន៍ខ្មែរ កំពុងរងការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មីដែលតា?

ជាការកត់សម្គាល់ ប៉ុន្មានថ្ងៃ មុនការប្រកាសបិទខ្ទប់ខេត្តចំនួន៨ រួមទាំងព្រំដែនជាមួយថៃយ៉ាងតឹងរឹងនោះ អង្គការសង្គមស៊ីវិល ដែលធ្វើការងារទាក់ទងទៅនឹងបញ្ហាពលករទេសន្តប្រវេសន៍ បានរាយការណ៍ថា ពលករខ្មែរ បានត្រលប់មកប្រទេសរបស់ខ្លួនវិញក្នុងរង្វង់ពី ៤០០ ទៅ៥០០នាក់ ក្នុងមួយថ្ងៃៗ។

ពួកគេគឺជាក្រុមមនុស្សដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ជាច្រើនជំពូក និងកំពុងត្រូវការជំនួយសង្គ្រោះជាចាំបាច់។ ជាមួយគ្នានេះ ក្រសួងការងារកម្ពុជាក៏បានចេញសេចក្តីជូនដំណឹងទៅពលករដែរ កាលពីថ្ងៃសុក្រមុន ដោយស្នើឲ្យពលករកុំចល័តពីកន្លែងស្នាក់នៅបច្ចុប្បន្នរបស់ខ្លួន ឆ្ពោះមកព្រំដែនកម្ពុជា-ថៃ ចំនួន១៤ថ្ងៃ រហូតដល់ថ្ងៃទី១២ ខែសីហា បើទោះណាជាមានធុរៈចាំបាច់ក៏ដោយ។ ពលករ នឹងត្រូវតម្រូវឲ្យវិលទៅកន្លែងដើមវិញប្រសិនបើនៅតែធ្វើដំណើរមកព្រំដែនកម្ពុជា-ថៃ។

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក៏បាន និងកំពុងមានដំណោះស្រាយដែរ ដោយប្រាប់ឲ្យពលករខ្មែរ ដែលជួបប្រទះនឹងបញ្ហានៅកន្លែងធ្វើការ និងបញ្ហាជីវភាពទាក់ទងទៅស្ថានទូតរាល់ម៉ោងធ្វើការ។

នៅក្នុងដំណាក់កាលនេះ ពលករចំណាកស្រុកខ្មែរ គួរតែមានភាពអត់ធ្មត់កំរិតខ្ពស់ ដោយហេតុថា ការចល័ត ប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ នៃការឆ្លងកូវីដ-១៩ ជាពិសេសប្រភេទដែលតា។ ក៏ប៉ុន្តែភាពអត់ការងារធ្វើ កង្វះដីកសិកម្ម នៅក្នុងប្រទេសកំណើត និងកំរ៉ៃពលកម្មខ្ពស់នៅប្រទេសថៃ គឺជាចលករជម្រុញឲ្យពលករខ្មែរ ត្រូវតែប្រថុយឆ្លងកាត់ឧបសគ្គធំៗជាច្រើន ចូលទៅក្នុងប្រទេសថៃ ដើម្បីរកការងារធ្វើ។

ដូច្នេះអាជ្ញាធរ និងតំណាងកម្ពុជា គួរតែមានការយកចិត្តទុកដាក់លើពលករខ្មែរ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសថៃ ក្នុងតំណាក់កាលដ៏លំបាកនេះ ជាពិសេសផ្តល់ស្បៀងអាហារ និងផ្តល់សេវាសុខភាពដ៏ជាក់លាក់ បើពុំដូច្នោះទេ ការប្រថុយរបស់ពលករ ប្រកបដោយការប្រឈមនៅតែមាន ហើយការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ច្បាស់ណាស់ថានឹងមានការលំបាក។

សូមបញ្ជាក់ថា បច្ចុប្បន្ន​​ពលករ​ខ្មែរ​ ដែលធ្វើ​ការ​ស្រប​ច្បាប់ ​និង​មិន​ស្រប​ច្បាប់​​ នៅក្នុងប្រទេសថៃមាន​ចំនួនជិត ២លាននាក់​។ កាលពីពេលថ្មីៗនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើបច្ចុប្បន្នភាពទិន្នន័យប្រចាំខែ ចំពោះពលករចំណាកស្រុក ត្រឡប់មកពីក្រៅប្រទេសវិញ ទាំងស្របច្បាប់ និងមិនស្របច្បាប់ សរុបចំនួន ១៥០ ៨៨៥នាក់ ដែលក្នុងនោះមានស្ត្រី ៥៤ ៥៥៦នាក់ និង អនីតិជន៥៦៤នាក់ ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI