ទស្សនៈព្រឹត្តិការណ៍ពិភពលោក

របាយការណ៍៖ ព្រៃឈើ​ជា​ដៃគូ​សំខាន់​សម្រាប់​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​មនុស្ស

សំឡេង ០៤:១៣
ស្រ្តីភូមា រែកនិង ស្ពាយកូន​ទៅ​ស្រែ។ ភូមា​ជា​ប្រទេស​ក្រីក្រមួយ ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ខ្លាំងជាងគេ​ក្នុង​ពិភពលោក
ស្រ្តីភូមា រែកនិង ស្ពាយកូន​ទៅ​ស្រែ។ ភូមា​ជា​ប្រទេស​ក្រីក្រមួយ ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ខ្លាំងជាងគេ​ក្នុង​ពិភពលោក AP - Gemunu Amarasinghe

នៅក្នុង​កាលៈទេសៈ ដែល​ពិភពលោក​កំពុង​ប្រឈម​វិបត្តិកូវីដ ភាពក្រីក្រ ហួសហេតុ បាន​កើនឡើង​ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់ មិនធ្លាប់មាន នៅក្នុង​រយៈពេល ២៥​ឆ្នាំ​ចុងក្រោយនេះ។ នេះ​បើ​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក។ ពី​ពេល​នេះ រហូត​ដល់​ចុងឆ្នាំ ២០២១ មនុស្ស​ដល់​ទៅ ១៥០លាននាក់ នៅលើ​ផែនដី នឹង​ធ្លាក់​ខ្លួន រស់នៅ​ក្រោម​ខ្សែបន្ទាត់​ភាពក្រីក្រ ជាមួយ​នឹង​ប្រាក់ចំណូល តិច​ជាង ២ដុល្លារ ក្នុង​មួយថ្ងៃ។ នៅពេល​វិបត្តិ​សេដ្ឋកិច្ច​កើតមាន​គ្រប់កន្លែង ការសិក្សា​មួយ​របស់​សហភាព​អន្តរជាតិ​សម្រាប់​ស្រាវជ្រាវ​ព្រៃឈើ បាន​បង្ហាញ​ថា ព្រៃឈើ ជាដៃគូ​សំខាន់ ដើម្បី​អាច​កាត់បន្ថយ​ភាពក្រីក្រ មិនថា នៅ ពេល នេះ ឬ​ទៅ​ថ្ងៃ​អនាគត។

ផ្សាយពាណិជ្ជកម្ម

មានកម្រាស​៣០០​ទំព័រ និង​ចូលរួម​សរសេរ​បញ្ចេញគំនិត​ដោយ​អ្នកជំនាញ​អន្តរជាតិ ២១នាក់ របាយការណ៍ ស្តីពី​ប្រយោជន៍​របស់​ព្រៃឈើ ត្រូវ​បាន​ចងក្រងឡើង នៅជួន​ចំពេល ដែល​ប្រជាជន​ជាច្រើន​រយលាននាក់ កំពុង​រស់នៅ ក្នុង​ជីវភាពដ៏​ក្រីក្រ ដោយសារ​តែ ការប្រែប្រួល​អាកាសធាតុ ហួសហេតុ ហើយ​និង​ការបែងចែក​មិនស្មើគ្នា នៅក្នុង​សង្គម។ ជំងឺរាតត្បាត​កូវីដ បាន​បន្ថែមបន្ទុក​មួយជាន់ទៀត ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​រស់នៅ​ក្នុង​ស្ថានភាព​លំបាក​ហើយនោះ កាន់តែ​ធ្លាក់ខ្លួនក្រីក្រ ទ័លខ្លាំង។

សម្រាប់ប្រធាន​វិទ្យាស្ថាន ស្រាវជ្រាវ​កសិកម្ម ចំណីអាហារ និង​បរិស្ថាន វា​ដល់​ពេលហើយ ដែល​គេ​ត្រូវ​ក្រឡេកមើល ស្វែងរក​ប្រយោជន៍​ពីព្រៃឈើ សម្រាប់​អភិវឌ្ឍ​សង្គម​ជាទូទៅ និង​ជា​ពិសេស​ សម្រាប់ លុបបំបាត់ ភាពក្រីក្រ។

ហេតុអ្វី​បានជាគេត្រូវ​ប្រើប្រយោជន៍ព្រៃឈើ សម្រាប់​ប្រយុទ្ធប្រឆាំង​ភាពក្រីក្រ? ព្រៃ និង​ដើមឈើ ដើរតួសំខាន់ សម្រាប់​ការរស់រាន​មានជីវិត​របស់​មនុស្ស ទាំង​ខាងផ្នែក​ចំណីអាហារ ហើយនិង​សុខភាព។ តាមរបាយការណ៍ ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន មនុស្ស​ជាង ១ពាន់ ៦រយលាននាក់ នៅលើ​ផែនដី រស់នៅ​ចម្ងាយ តិចជាង ៥គីឡូម៉ែត្រ​ពី​តំបន់ព្រៃ។ ក្នុងចំណោម​មនុស្ស ជាង ១ពាន់​លាននាក់ មាន ២៥០​លាននាក់ ដែល​រស់នៅ​ក្នុង​ភាពក្រីក្រខ្លាំង និង​ត្រូវការ​ពឹងអាស្រ័យ លើ​ព្រៃឈើ សម្រាប់​ជា​ប្រភព​អាហារ ជំរក ថ្នាំព្យាបាល និង​ប្រភពថាមពល។

ប៉ុន្តែ បើតាមការសិក្សា​របស់​អ្នកជំនាញ​ខាងលើ ប្រជាជន​មូលដ្ឋាន​កម្រ​នឹង​ទទួល​បាន​ផលប្រយោជន៍ ១០០ភាគរយ ពី​តំបន់​ព្រៃនោះទេ។ សម្រាប់​រយៈពេល​វែង វិស័យ​ព្រៃឈើ មួយភាគធំ នៅលើ​ផែនដី ផ្តល់​ប្រយោជន៍​ភាគច្រើន សម្រាប់​ចម្រុងចម្រើន​សេដ្ឋកិច្ច របស់​ក្រុមប្រទេស​អ្នកមាន ជាពិសេស បណ្តា​ប្រទេស​នៅអឺរ៉ុប ដែល​ធ្លាប់មាន​ប្រវត្តិ​គ្រប់គ្រង និង​ធ្វើ​អាជីវកម្ម​ព្រៃឈើ នៅក្នុង​ប្រទេស​ដែល​ខ្លួន​ធ្លាប់​ធ្វើ​អាណានិគម។ ឧទាហរណ៍ ដីព្រៃឈើ​នៅ​ប្រទេស​កុងហ្កោ បាន​ចម្រុងចម្រើន ភាពមានបាន​របស់​ប្រទេស​បែលហ្ស៊ិក បារាំង និង​អាល្លឺម៉ង់ ប៉ុន្តែ ប្រជាជន​ម្ចាស់ផ្ទះ គឺ​គ្មាន​បានអ្វីទេ និង​ត្រូវ​រស់នៅ​ក្រីក្រ តែរហូតមក។

សព្វថ្ងៃនេះ បែលហ្ស៊ិក ឬ​បារាំង លែង​ធ្វើ​អាណានិគម​លើ​កុងហ្កោទៀត ប៉ុន្តែ ប្រជាជន​នៅតែ មិន​បាន​ទទួល​ប្រយោជន៍​ពីព្រៃឈើ ដដែល ព្រោះថា អស់​ពី​អាណានិគមអឺរ៉ុប គឺ​ចិន ដែល ចូល​ធ្វើ​អាជីវកម្ម កាប់ព្រៃឈើ នៅប្រទេស​កុងហ្កោ។

សម្រាប់អ្នកស្រាវជ្រាវ​ព្រៃឈើ​អន្តរជាតិ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាជន រដ្ឋាភិបាល​ត្រូវ​បង្វែរផលប្រយោជន៍ នៃ​ប្រភពធនធាន​ធម្មជាតិ ព្រៃឈើ ទៅ​ឲ្យ​ប្រជាជន​មូលដ្ឋាន។ អ្វីដែល​សំខាន់ គឺ​មិនមែន​ចេះតែ​ការពារថែរក្សា​ព្រៃឈើ​តែមួយមុខ​តែប៉ុណ្ណោះ។ ប៉ុន្តែ គេ​ត្រូវ​គេចេះ​គ្រប់គ្រង ទាញ​យក​ប្រយោជន៍​ព្រៃឈើ តាមរយៈ ទេសចរណ៍​អេកូសាស្រ្ត ការបង្កើត​សហគមន៍​ព្រៃឈើ អង្គការ​គ្រប់គ្រង អ្នកធ្វើអាជីវកម្មព្រៃឈើ ហើយ​និង​កសិចំណីអាហារ​ដែលបានមកពីក្នុង​ព្រៃ។ ចំណុច​រួម​នៃ​ប្រព័ន្ធ​គ្រប់គ្រង​ទាំង៤​ខាងលើនេះ គឺ ប្រជាជន អ្នកភូមិ ក្នុងស្រុក​ជាអ្នកគ្រប់គ្រង ហើយ​គឺ​ប្រជាជន​ដែល​ក្រីក្រ ដែល​នឹង​ទទួល​បាន​ផលប្រយោជន៍​សេដ្ឋកិច្ច​ពីព្រៃឈើ។

របាយការណ៍​របស់​សហភាព វិទ្យាស្ថាន​ស្រាវជ្រាវ​ព្រៃឈើ បានលើក​យក​ឧទាហករណ៍​ករណី​ប្រទេស​កេនយ៉ា ជាទី ព្រៃឈើ ដើរតួនាទី​សំខាន់ សម្រាប់​សកម្មភាព​ទេសចរណ៍ ដែល​តំណាង​ឲ្យ​១ភាគ៤ នៃ​ផលិតផល​ក្នុង​ស្រុកសរុប​របស់​កេនយ៉ា។

ព្រៃឈើ មិនត្រឹម​តែអាច​ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​ដល់​ប្រជាជន​ក្រីក្រ នៅតែតាមទីជនបទ​តែប៉ុណ្ណោះទេ។ ប៉ុន្តែ បើសិន​គេ​អាច​គ្រប់គ្រង ព្រៃឈើ​បានល្អ គេ​អាច​ទាញ បាន​ផលប្រយោន៍​យូរអង្វែង និង​កាត់បន្ថយ ផលប៉ះពាល់ ដែល​ជា​លទ្ធផល​នៃ​ការប្រែប្រួល​អាកាសធាតុ ហើយ​និង​ជំងឺរាតត្បាត​ដូចករណី ជំងឺ​កូវីដ​សព្វថ្ងៃនេះ។ សម្រាប់​អ្នកជំនាញ វិបត្តិកូវីដ បាន​បង្ហាញ​យ៉ាង​ច្បាស់ថា នៅពេល​មនុស្ស​កាប់បំផ្លាញ​ព្រៃឈើ ព្រៃឈើ​មាន​កាន់តែតិច នោះ​សត្វព្រៃ ដែល​បាន​បាត់បង់​ជំរក ឬ​ត្រូវ​គេ​ចាប់យក​មកធ្វើ​អាហារ ងាយ​នឹង​មក​ចម្លងមេរោគ ផ្សេងៗ​ដល់​មនុស្ស។ មនុស្ស​ដែល​រងគ្រោះ ប៉ះពាល់​មុនគេ គឺ​អ្នកក្រ​នេះឯង។

បើសិនបាត់បង់ អស់​ព្រៃឈើ គេមិនត្រឹមតែ បាត់បង់​លទ្ធភាព ដើម្បី​ជួយស្តារ អូសទាញ ប្រជាជន​ពីក្រោម​ខ្សែបន្ទាត់ ​ភាពក្រីក្រ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ គ្មានព្រៃឈើ នោះ គ្រោះមហន្តរាយ​ធម្មជាតិ ទឹកជំនន់ ដោយសារតែ​គ្មានគម្របព្រៃ  ក៏​នឹង​មកធ្វើបាប រុញច្រាន​មនុស្ស​ឲ្យ​កាន់តែ​ក្រីក្រ​ខ្លាំង​ឡើង​ថែម​មួយកម្រិត​ទៀត៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI