ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​ចិន​អាច​ចង់​ឲ្យ​លោក​ដូ​ណាល់​ ត្រាំ​ឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ជា​ថ្មី​?

សំឡេង ០៦:០៨
រូបគំនូរពីប្រធានាធិបតីចិនលោកស៊ី ជីនពីង និងលោកដូណាល់ ត្រាំ មេដឹកនាំអាមេរិក។
រូបគំនូរពីប្រធានាធិបតីចិនលោកស៊ី ជីនពីង និងលោកដូណាល់ ត្រាំ មេដឹកនាំអាមេរិក។ AFP/Archivos

ចាប់តាំងពី​ជាប់ឆ្នោត​ឡើងកាន់​តំណែងជា​ប្រធានាធិបតី​អាមេរិក​ក្នុង​អាណត្តិទី១​ លោក​ ដូណាល់​ ត្រាំ​ បាន​លេង​នយោបាយ​អុកឡុក​ធ្វើឲ្យចិន​ជួប​ភាពច្របូក​ច្របល់​ជាច្រើន​។ ពីដំបូងឡើយ​ ចិន​ ទំនងជា​រង់ចាំឲ្យតែ​ដល់ថ្ងៃ​ដែល​លោក​ដូណាល់ ត្រាំ​ ចាញ់​ការ​បោះឆ្នោត​និង​ឆាប់ដើរ​ចេញពី​សេតវិមាន​នោះទេ​។ ក៏ប៉ុន្តែ​នាពេលនេះ​ ក្រុមអ្នកវិភាគ​យល់​ឃើញថា​ ទីក្រុងប៉េកាំង​ប្រហែលជា​បានផ្លាស់ប្តូរចិត្ត​ និង​បែរចង់​ឲ្យ​លោកត្រាំ​នៅ​បន្ត​គ្រង​តំណែង​ជា​មេដឹកនាំ​សហរដ្ឋអាមេរិក​ជាថ្មីទៀត​។ បើ​លោកដូណាល់​ ត្រាំ​ ធ្វើព្យុះ​ធ្វើភ្លៀង​ដាក់ចិន​ច្រើន​បែបនេះ​ហើយ​ ចុះ​ហេតុអ្វី​បានជាចិន​បែរ​ចង់ឲ្យ​លោកត្រាំ​ជាប់ឆ្នោត​ក្លាយជា​ប្រធានាធិបតី​អាមេរិក​មួយអាណត្តិទៀត​ទៅវិញ​?

ផ្សាយពាណិជ្ជកម្ម

ក្រោយបានឡើង​ក្លាយជា​ម្ចាស់​សេតវិមាន​​នាឆ្នាំ​ ២០១៧​ ភ្លាម​ លោក​ដូណាល់​ ត្រាំ​ បាន​ដាក់​ផល​ប្រយោជន៍​របស់​អាមេរិក​ជា​អាទិភាព​​មួយ​ក្នុង​គោលនយោបាយ​របស់​ខ្លួន​ ដូចគេដឹង​ស្រាប់​តាមរយៈ​ពាក្យ​មួយឃ្លា​ថា​ 'America First'។ ប្រធានាធិបតី​អាមេរិក​ទី ៤៥​ រូបនេះ​ បាន​បង្ហាញឲ្យគេ​ដឹងថា​ប្រទេស​ចិន​គឺជា​ការគំរាមកំហែង​ដ៏ធំបំផុត​ចំពោះ​សហរដ្ឋ​អាមេរិក ​និងលទ្ធិ​ប្រជាធិបតេយ្យ​ពិភពលោក​។

លោកដូណាល់ ត្រាំ​ បានផ្តើម​សកម្មភាពធំៗ​ជាច្រើន​ប្រឆាំងទល់នឹង​ក្រុងប៉េកាំង​ មានតាំង​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បានធ្វើឲ្យចិន​ខាតបង់​ប្រាក់​រាប់ពាន់លាន​ដុល្លារ​ ធ្វើឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ជួប​ភាព​រអាក់រអួល​ដើរលែង​រលូនល្អ​ និង​ដាក់​ការ​ស្តីបន្ទោសលើ​ចិន​ជុំវិញការ​រីករាលដាល​នៃ​ជំងឺរាតត្បាត​កូវីដ១៩​។

ជួប​ភាព​ច្របូកច្របល់ច្រើន​បែបនេះហើយ ទើបធ្វើឲ្យចិន​ដំបូងឡើយ​ដេករង​ចាំឲ្យតែ​ដល់​ថ្ងៃ​បោះឆ្នោត​អាមេរិក​មក​ដល់​ និង​សង្ឃឹមថា​លោកត្រាំ​ នឹង​ចាញ់​ឆ្នោត​លែង​អាច​ដឹកនាំ​អាមេរិក​បានទៀត​។

ក៏ប៉ុន្តែ​ នៅពេលថ្មីៗនេះ​មាន​ការលើកឡើងថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​របស់​លោក​ស៊ី ជីនពីង​ អាចប្រែហើយ​ គឺ​ប្រែ​មកចង់ឃើញ​ជ័យជម្នះ​របស់​លោកត្រាំ​ នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នាដើម​ខែវិច្ឆិកា​ក្រោយនេះ​ទៅវិញ​។

ហេតុអ្វី​បានជា​ចិន​អាច​ចង់ឲ្យ​លោកដូណាល់ ត្រាំ​ នៅ​បន្ត​គ្រប់គ្រង​សេត​វិមាន​អាមេរិក?

នៅចំពោះមុខ​បញ្ហា​ នៅចំពោះ​មុខ​ឧបសគ្គ​ដែល​ចិន​បាន​ពើបប្រទះ​រយៈពេល​ជិត​៤ ​ឆ្នាំ​កន្លង​មក​នេះ​ នៅក្នុង​អាណត្តិ​ដឹកនាំ​របស់​លោកដូណាល់​ ត្រាំ ចិន​នៅទីបំផុតទៅ​បាន​សម្លឹង​ឃើញ​ឱកាស​នៅពីក្រោយនោះ​។ ហើយនោះ​ គឺជា​ឱកាសដ៏ល្អ​កម្រ​រកបាន​ដែល​អាច​ជួយ​ទាញដៃ​ចិន​ឲ្យ​ហក់ឈោងចាប់​យក​តំណែង​ជាមហា​អំណាចពិភពលោក​ជំនួស​អាមេរិក​បាន​។

ប្រសិនណា​បើ​លោកដូណាល់​ ត្រាំ​ នៅ​កាន់តំណែង​មេដឹកនាំ​អាមេរិក​ នោះ​ភាព​ជា​អ្នក​ដឹកនាំ​របស់ចិន​ អាចនឹង​កាន់តែ​រីកធំ​ជាងមុន​នៅក្នុងពិភពលោក​ទាំង​សម្រាប់​សាកល​ភាវូបនីយកម្ម​ ពហុភាគីនិយម​ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។ នេះ​បើតាម​ប្រសាសន៍​របស់​លោកស៊ូ​ ជីឈុន​ (Zhu Zhiqun) សាស្ត្រាចារ្យ​ផ្នែក​នយោបាយ​ និង​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ Bucknell ក្នុង​សហរដ្ឋអាមេរិក​។

ជាការពិត​ ចាប់តាំងពី​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ លោក​ដូណាល់ ត្រាំ​ មិន​ត្រឹមតែ​ធ្វើឲ្យចិន​ជួប​បញ្ហានោះទេ​ តែលោក​ក៏​បាន​សាង​ភាពភ្ញាក់​ផ្អើលជាច្រើន​ផ្សេងទៀត​ចំពោះ​បណ្តាប្រទេស​ដែលជា​សម្ព័ន្ធមិត្ត​ និង​ស្ថាប័នអន្តរ​ជាតិធំៗ​ជាច្រើន​។

កន្លែងណា​ដែល​អាមេរិក​ដកខ្លួន​ចេញ​ចិន​បាន​បោះ​ជើង​ចូល

ជាក់ស្តែង​ ចូល​កាន់​តំណែង​បាន​៣ថ្ងៃ​ លោកត្រាំ​ បាន​ដក​អាមេរិក​ចេញពីកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តរ​ប៉ាស៊ីហ្វិក និង​ក្រោយមកទៀត​ ដកខ្លួនចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ និង​ដក​អាមេរិកចេញពី​អង្គការសុខភាពពិភពលោក​ទាំងខណៈដែល​ជំងឺ​រាតត្បាតសកល​កូវីដ១៩​ កំពុង​លុកលុយ​សកល​លោក​ជាដើម។ល។

នៅកន្លែងណា​ ដែល​អាមេរិក​របស់ត្រាំ​ ដកខ្លួនវិញ​ ចិនរបស់​លោកស៊ី​ បានបោះ​ជំហាន​ទៅ​ចាប់យក​។ លោកស៊ី ជីនពីង​ បាន​ឆ្លៀតយកឱកាសនេះ​បង្ហាញថា​ប្រទេស​របស់​លោកគឺជាជើង​ឯក​នៃ​ពាណិជ្ជកម្មសេរី​ និង​ជាអ្នកដឹកនាំ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ ក៏ដូចជា​បានប្តេជ្ញាចែកចាយ​វ៉ាក់សាំង​កូវីដ១៩​ ដល់​ប្រទេសក្រីក្រ​ជាដើម​។

សម្រាប់​អ្នកជំនាញ​ខាងផ្នែក​នយោបាយ​ ក្នុងករណី​លោកត្រាំ​ឈ្នះឆ្នោត​ឡើងដឹកនាំ​អាមេរិកជាលើកទី ២​ វាអាច​ផ្តល់ឲ្យ​ប្រទេសចិន​នូវពេលវេលា​បន្ថែមទៀត​ ​ដើម្បីរះ​ក្លាយជា​មហាអំណាច​ដ៏អស្ចារ្យមួយនៅ​លើឆាក​អន្តរជាតិ​។

មិនខុសពី​លោកស៊ូ ជីឈុន​ នោះទេ​ អ្នកជំនាញ​ចិន​នៅ​សាលា​ Harvard Kennedy នៃ​សហរដ្ឋអាមេរិកលោក Philippe Le Corre បានឯកភាពថា​គោល​នយោបាយ​ ''America First'' ​ដែលគិតដល់​ប្រយោជន៍​អាមេរិក​មុន​ដំបូងបង្អស់​​របស់​លោកត្រាំ នឹងផ្តល់អត្ថ​​ប្រយោជន៍​យូរអង្វែង​សម្រាប់ទីក្រុងប៉េកាំង​។

គោលនយោបាយ​របស់​លោកត្រាំ​នេះ​ អាច​ប៉ះពាល់ផង​ដែរ​ដល់​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធមិត្ត​ជាប្រពៃណី​របស់អាមេរិក​ ហើយវា​ក៏​អាចផ្តល់ឱកាស​បន្ថែម​ដល់​ចិនក្នុងការ​បង្កើន​ប្រទេសជាមិត្ត​ពី​អាមេរិក​។

ចិន​បារម្ភ​ចំពោះគោលនយោបាយ​ដឹកនាំ​របស់​លោកចូ បៃដិន

គោលនយោបាយ​របស់​ ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន​លោក​ដូណាល់ ត្រាំ ទោះជាបី​ប្រហែល​ហុច​ផលប្រយោជន៍​ឲ្យចិន​ដោយ​ប្រយោល​យ៉ាងណាក្តី​ តែវា​ក៏បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ និង​នយោបាយ​របស់​ក្រុងប៉េកាំង​មិនតិចដែរ​។

ដោយឡែក​ ចិន​ក៏​ប្រហែលជា​មិនអាច​ជួប​ភាពធូរស្បើយ​ច្រើនឡើយ​ ប្រសិនណាបើ​លោកចូ បៃដិន​ បេក្ខជន​ប្រធានាធិបតី​មកពី​បក្សប្រជាធិបតេយ្យ​ ឈ្នះឆ្នោត​ក្លាយជា​ប្រមុខ​រដ្ឋាភិបាល​អាមេរិក​។

ក្រុងប៉េកាំង​ មានការព្រួយបារម្ភថា​ លោកបៃដិន​ ទំនងជា​នឹង​ផ្តើមភាពជា​អ្នក​ដឹកនាំ​របស់​អាមេរិកជា​ថ្មី​ ដោយ​ផ្តោត​សំខាន់​លើបញ្ហា​សិទ្ធិមនុស្ស​ដោយ​ដាក់​សម្ពាធចិន​លើ​បញ្ហា​របស់​ជនជាតិ​អ៊ុយហ្គួរ​ នៅស៊ីនជាំង​ ទីបេ​ និង​សេរីភាព​នៅហុងកុង​។

ចំណែក​រឿង​ពាក់ព័ន្ធ​នឹង​បញ្ហាប​ច្ចេកវិទ្យា​ ហើយនិង​ពាណិជ្ជកម្ម​វិញ​ ចិន​ទំនងជា​នៅមិន​ទាន់​ស្មាន​ដឹងថាតើ​លោកចូ បៃដិន​ នឹង​សម្រេចជ្រើស​យកយុទ្ធសាស្ត្រ​ណាលេង​ជាមួយចិន​នោះទេ​។

យ៉ាងណាក៏ដោយ​ សំណុំរឿង​បច្ចេកវិទ្យា​ និង​ពាណិជ្ជកម្ម​ សុទ្ធតែជា​ចំណុចរសើប​ខ្លាំង​ ដូច្នោះហើយ​ ក្រុមអ្នកវិភាគ​យល់ឃើញថា​ ប្រសិនជា​ទទួលជ័យជម្នះ​និង​អាច​ឡើង​គ្រប់គ្រង​សហរដ្ឋ​អាមេរិក​មែននោះ​ លោកចូ​ បៃដិន​ នឹង​បន្ត​យុទ្ធសាស្ត្រ​ប្រឆាំងទល់នឹង​ចិន​ ហើយ​អាច​ដាក់លក្ខខណ្ឌ​លំបាកជាង​លោក ដូណាល់ត្រាំទៅទៀត​ក៏ថាបាន​​។

សរុបសេចក្តីមក​ ទាំង​លោកដូណាល់​ ត្រាំ​ និង​លោកចូ បៃដិន​ សុទ្ធតែ​លេង​នយោបាយ​ប្រឆាំង​ទល់​នឹងចិន​។ តែ​ចំណុច​ខុសគ្នានោះ​គឺនៅត្រង់ថា​ លោកចូ បៃដិន​ ទំនងជា​មាន​ចិត្ត​គំនិតចាស់​ទុំ​ជាង​លោកត្រាំ។ លោកដូណាល់ ត្រាំ គេដឹងថាជាមនុស្ស​ចិត្ត​ក្តៅ ​សម្រេចធ្វើ​អ្វីតាម​ចិត្ត​ និងបានដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀងមួយចំនួន​ ចេញពីអង្គការ​លំដាប់​ពិភពលោក និងធ្វើឲ្យប៉ះពាល់ដល់​ទំនាក់ទំនងល្អ​ជាមួយ​ប្រទេស​​សម្ព័ន្ធមិត្ត​ជាច្រើន​។ ទាំងនេះ​គឺ​ជាចំណុចដែលគេ​យល់ឃើញថា​ជាការ​ហុច​ប្រយោជន៍​ឲ្យ​ចិន​កាន់តែ​លេច​មុខ​ត្រដែត​ខ្លាំង​ឡើង​ក្នុង​ឆាក​អន្តរជាតិ​ ជំនួស​កន្លែង​របស់អាមេរិក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI