ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ព្រះចន្ទ​សម្បូរ​ទៅ​ដោយ​ទឹក​ច្រើន​ជាង​ការ​គិត​របស់​អ្នក​វិទ្យាសាស្ត្រ​ទៅ​ទៀត

សំឡេង ០៤:៣០
យោងតាមការសិក្សាថ្មី ព្រះចន្ទសម្បូរទៅដោយទឹកច្រើនជាងការគិតរបស់អ្នកវិទ្យាសាស្ត្រទៅទៀត។
យោងតាមការសិក្សាថ្មី ព្រះចន្ទសម្បូរទៅដោយទឹកច្រើនជាងការគិតរបស់អ្នកវិទ្យាសាស្ត្រទៅទៀត។ AP - Michael Probst

យោង​តាម​ការសិក្សាថ្មី​ចំនួន​ពីរ​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃចន្ទ​ ទី២៦​ តុលា​ បរិមាណទឹក​អាច​មាន​ច្រើន​នៅ​លើ​ផ្ទៃព្រះចន្ទ​ ពោលគឺ​ច្រើនជាង​អ្វីដែល​អ្នកជំនាញ​ធ្លាប់​បាន​ប៉ាន់​ស្មាន​កាលពី​មុន​ទៅទៀត​។ ការសិក្សាថ្មីនេះ ​ជំរុញឲ្យ​កាន់តែមានក្តីសង្ឃឹម​ថា ​អវកាស​យានិក​ដែលនឹង​ធ្វើ​បេសកកម្ម​ទៅ​អវកាស​នាពេល​អនាគត​ ​អាច​រកឃើញ​ប្រភពទឹក​ និង​សូម្បីតែ​ឥន្ធនៈ​នៅលើព្រះចន្ទ​ដែលជាទ្វីបទី៨ របស់​ភពផែនដី​យើងនេះ​។

ផ្សាយពាណិជ្ជកម្ម

កាលពីដើមឡើយ​ គេជឿថា​ព្រះចន្ទ​គឺជា​កន្លែង​ដែល​ស្ងួត​។ ក៏​ប៉ុន្តែអ្វីៗ​បាន​ប្តូរផ្លាស់​នៅ​ប្រមាណជា​មួយ​ទសវត្សរ៍​មុននេះ​នៅពេល​មាន​ការរកឃើញជា​បន្តបន្ទាប់​ដែល​លើក​ឡើងថា​មាន​ដាន​ទឹក​ជាប់​នៅ​លើផ្ទៃ​របស់​ព្រះចន្ទ​។ ព្រះចន្ទ​ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជាង​ ៣៨ ម៉ឺន​គីឡូ​ម៉ែត​ពី​ភព​ផែនដី ពោល​គឺ​មាន​ចម្ងាយជិត​បំផុត​បើ​ធៀបទៅ​នឹងភពឬក៏ព្រះចន្ទ​ផ្សេងទៀត​នៅ​ក្នុងប្រព័ន្ធព្រះអាទិត្យ​។

ការសិក្សាស្រាវជ្រាវថ្មី​ចំនួន​ពីរ​ដែលមានចេញផ្សាយ​នៅក្នុង​ទស្សនាវដ្តី​វិទ្យាសាស្រ្ត​ Nature Astronomy កាលពី​ថ្ងៃចន្ទ​ដើមសប្តាហ៍​នេះ​បង្ហាញថា​បរិមាណ​ទឹក​នៅលើ​ព្រះចន្ទ​អាច​មាន​ចំនួនច្រើន​ជាង​ការគិត​របស់​អ្នកស្រាវជ្រាវ​រួមបញ្ចូល​ទាំង​ទឹកកក​ដែល​មាន​ផ្ទុកទុក​ជាអចិន្ត្រៃយ៍​នៅតំបន់​ប៉ូលលើ​ព្រះចន្ទផងដែរ​។

ការស្រាវជ្រាវ​លើកមុនៗ​បាន​រកឃើញ​សូចនាករ​ទឹក​ដោយការ​សង្កេតមើល​ព្រះចន្ទ ប៉ុន្តែ​ឧបករណ៍​ពីមុន​មិនអាច​បែងចែក​នោះទេ​រវាងទឹក​ (H2O) និង​អ៊ីដ្រូហ្សូលី​ដែលជា​ម៉ូលេគុល​បង្កើតឡើងដោយ​អាតូមអ៊ីដ្រូសែន​ និងអាតូម​អុកស៊ីសែន​មួយ។

ដោយឡែក​ ការសិក្សា​ចុងក្រោយ​ផ្តល់​នូវ​ភស្តុតាគីមី​បន្ថែមទៀត​ដែលថា​ព្រះចន្ទ​ផ្ទុក​ទុក​ម៉ូលេគុល​ទឹក​សូម្បីតែនៅ​ក្នុង​តំបន់​ដែលមាន​រលកខ្យល់​ព្រះអាទិត្យ (The solar wind) ទៅដល់​ក៏ដោយ​។

ដោយ​ប្រើប្រាស់​ទិន្នន័យ​បានពី​ការ​អង្កេត​ស្រទាប់​បរិយាកាស​ និង​តារាសាស្ត្រ​របស់​ SOFIA ដែលជា​គម្រោង​រួមគ្នា​របស់​អង្គការ​ណាសា​និងមជ្ឈមណ្ឌល​អវកាស​អាល្លឺម៉ង់​ ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​ការសិក្សា​ទី១​ បាន​សង្កេតមើល​ព្រះចន្ទកាន់តែលម្អិតជាង​មុន​។

អ្នកស្រាវជ្រាវ​ម្នាក់​ដែល​ចូលរួម​ក្នុងការសិក្សា​ខាងលើ​នេះ​គឺ​អ្នកស្រី​ Casey Honniball មកពី​វិទ្យាស្ថាន​ហាវ៉ៃ​ដែល​សិក្សា​អំពី​ភូគរូបវិទ្យា​ និង​ផែនដី​វិទ្យា​បាន​មាន​ប្រសាសន៍ថា​ ការសង្កេត​មើល​ព្រះចន្ទ​ដោយ​ប្រើតេឡេស្តុកថ្មី​អនុញ្ញាតឲ្យ​ក្រុមអ្នកស្រី​អាច​បែង​ចែក​ច្បាស់ជាង​មុន​នូវក្រិតស្នាម​គួរឲ្យកត់​សម្គាល់​នៃម៉ូលេគុល​ទឹក​។

ក្រុមអ្នកជំនាញ​ជឿជាក់ថា​ទឹក​អាច​ជាប់នៅ​នឹង​អង្កាំកែវ​កញ្ចក់ ​ឬក៏សារធាតុ​ផ្សេងទៀតដែល​ការពារវា​ពី​បរិយាកាស​ដ៏លំបាក​នៅលើផ្ទៃ​ព្រះចន្ទ​។ ទន្ទឹមគ្នានេះ​ អ្នកស្រី​បាន​បន្ថែម​ទៀត​ថា​ការសង្កេត​តាមដាន​បន្ថែម​នឹង​ជួយឲ្យ​គេយល់​កាន់តែច្បាស់​ពីទីតាំង​នៃ​ប្រភពទឹក​ ហើយនិង​ដឹងថាតើ​ទឹកទាំងនោះ​ត្រូវបាន​រក្សាទុក​ដោយ​របៀបណា​។

ប្រសិនណាបើ​គេ​រកឃើញថាទឹក​មាន​បរិមាណ​គ្រប់គ្រាន់​នៅទីតាំង​ជាក់លាក់​ណា​មួយ​នៅលើ​ព្រះចន្ទ​ នោះ​អ្នកស្រាវជ្រាវ​អាចប្រើវា​ជាធនធាន​សម្រាប់​បេសកកម្ម​រុករក​របស់​មនុស្ស​នាពេលខាងមុខ​។​ មានន័យថា​វាអាច​ត្រូវបាន​ប្រើជា​ទឹក​សម្រាប់​បរិភោគ​ ខ្យល់​អុកស៊ីសែន​សម្រាប់ដកដង្ហើម​ និង​ឥន្ធនៈរ៉ុកែត​។

ស្រមោលតូច​ៗ (Tiny shadows)

សម្រាប់ការ​សិក្សាទីពីរ​ អ្នកស្រាវជ្រាវ​សង្កេតមើល​ទីតាំងនានា​នៃ​តំបន់ប៉ូល​របស់​ព្រះចន្ទ​ដែលជា​កន្លែង​គេជឿថាទឹកកក​មានជាប់​នៅក្នុងរូង​ ឬប្រហោងរណ្តៅ​ធំៗ​នៅក្នុង​ផ្ទៃ​របស់​ព្រះចន្ទ​ដែល​មិនធ្លាប់បាន​ជួបនឹង​ពន្លឺព្រះអាទិត្យ​។

ប្រហោងរណ្តៅធំៗ​ ត្រូវបាន​គេរកឃើញ​តាំងពី​ ១១ ឆ្នាំ​មុនមកម្ល៉េះ​ ពោលរកឃើញ​ដោយ​អង្គការ​ណាសាក្នុងឆ្នាំ​ ២០០៩​។ កាលណោះ​ ណាសា​រកឃើញថា​មានទឹក​កកនៅក្នុង​រណ្តៅ​ជ្រៅមួយ​ក្បែរតំបន់ប៉ូល​ខាងត្បូ​ងលើផ្ទៃរបស់​ព្រះចន្ទ​។

ក៏ប៉ុន្តែ ការសិក្សាថ្មីចុងក្រោយ​បានរកឃើញ​ភស្ដុតាង​នៃ​រណ្តៅ​រាប់ពាន់លានបន្ថែមទៀត​ដែលអាច​ផ្ទុក​ទឹក​កក​ក្នុងទំហំតូចៗ​បាន​។ តឹកតាងនេះ​បង្ហាញថា​ទឹក​អាច​រីកធំ​ច្រើន​នៅលើ​ព្រះចន្ទ​ ជាងអ្វី​ដែល​អ្នកស្រាវជ្រាវ​បាន​គិតពី​មុនទៅទៀត​។

បើតាមអ្នកជំនាញ​ នេះ​អាច​មានន័យថា​ផ្ទៃ​ព្រះចន្ទ​ប្រមាណជា​ ៤ ម៉ឺន​គីឡូម៉ែត​មាន​សមត្ថភាព​អាចចាប់យកទឹក​បាន​។ ក្រុមអ្នកវិទ្យាសាស្ត្រ​សង្ឃឹមថា​សំណាកពី​ទឹក​ត្រជាក់​ទាំងនោះ អាចប្រាប់​ពិភពលោក​បន្ថែមទៀត​អំពី​មធ្យោបាយ​ដែល​ព្រះចន្ទ​ ក៏ដូចជា​ផែនដី​ទទួល​បាន​ប្រភពទឹក​។ អាចថា​វា​ផ្តល់​ភស្តុតាង​ដែល​បញ្ជាក់ថា​ទឹកត្រូវបាន​បញ្ជូន​ដោយ​ អាចម៍ផ្កាយ​ ផ្កាយដុះកន្ទុយ​ ហើយនិង​ខ្យល់​ព្រះអាទិត្យ​។

លើសពីនេះ​ ស្នាម​ទឹកកក​នៅលើ​ផ្ទៃព្រះចន្ទ​ក៏បង្ហាញ​ផងដែរ​ពីធនធាន​ជាក់ស្តែង​ដែលមាន​សក្តានុពល​សម្រាប់​អវកាសយានិក​ទាំងនៅលើ​ព្រះចន្ទ​ និង​សម្រាប់​បេសកកម្ម​មនុស្ស​ទៅកាន់​ភពព្រះអង្គារ​។

អង្គការ​អវកាស​ណាសា​របស់​អាមេរិក​ដែល​គ្រោងនឹង​បង្កើតស្ថានីយ​អវកាសមួយ​ក្នុង​កន្លងព្រះចន្ទ​បានប៉ាន់ស្មានថា​ទឹកកក​ដែលយកចេញពី​តំបន់ប៉ូល​លើ​ព្រះចន្ទ​ អាច​ក្លាយជា​ប្រភព​ផ្គង់ផ្គង់​ទឹកផឹក​នៅថ្ងៃណាមួយ​។ មិនតែប៉ុណ្ណោះ​ ណាសា​និយាយទៀតថា​ទឹកកក​ទាំងនោះ​ក៏អាច​បំបែក​ជា​ម៉ូលេគុលដាច់ពីគ្នា​ដើម្បី​បង្កើត​ជាឥន្ធនៈ​រ៉ុកែត​សម្រាប់​បន្តដំណើរ​បេសកកម្ម​របស់ពួកគេ​ទៅមុខទៀតផង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI