ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាប្រទេសស៊ូដង់យល់ព្រមភ្ជាប់ទំនាក់ទំនងប្រក្រតីជាមួយប្រទេសអ៊ីស្រាអែល?

សំឡេង ០៤:៤៤
ប្រមុខ​ការទូតអាមេរិក​លោក​ Mike Pompeo (រូបឆ្វេង) និងឧត្តមសេនីយ Abdel Fattah al-Burhan ប្រធានក្រុមប្រឹក្សាយោធា​ស៊ូដង់ ថ្ងៃទី២៥ សីហា ២០២០
ប្រមុខ​ការទូតអាមេរិក​លោក​ Mike Pompeo (រូបឆ្វេង) និងឧត្តមសេនីយ Abdel Fattah al-Burhan ប្រធានក្រុមប្រឹក្សាយោធា​ស៊ូដង់ ថ្ងៃទី២៥ សីហា ២០២០ Sudanese Cabinet via AP, File

កាល​ពី​ថ្ងៃ​សុក្រ ទី២៣ តុលា ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ប្រកាស​ពី​ការ​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​រវាង​ប្រទេស​ស៊ូដង់ និង​ប្រទេស​អ៊ីស្រាអែល។ នេះ​ជា​ជោគជ័យ​ការទូត​ថ្មី​មួយ​ទៀត​របស់​លោក​ត្រាំ បន្ទាប់​ពី​អាមេរិក​បាន​អូសទាញ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម និង​បារ៉ែន​ឲ្យ​យល់ព្រម​ភ្ជាប់​ការទូត​ជាមួយ​អ៊ីស្រាអែល។ នៅ​អេមីរ៉ាតអារ៉ាប់រួម​ក៏​ដូច​ជា​នៅ​បារ៉ែន កិច្ចព្រមព្រៀង​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​អ៊ីស្រាអែល​ទទួល​បាន​ការ​គាំទ្រ​ពី​មជ្ឈដ្ឋាន​ទូទៅ។ តែ​នៅ​ស៊ូដង់ ដំណឹង​ស្តីពី​ការ​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​អ៊ីស្រាអែល​ទទួល​បាន​ការ​ស្វាគមន៍​ផង និង​មិន​ស្វាគមន៍​ផង។ ហេតុអ្វី​បាន​ជា​យ៉ាង​ដូច្នេះ និង​ថា ហេតុអ្វី​បាន​ជា​រដ្ឋអំណាច​ស៊ូដង់​យល់ព្រម​ចាប់ដៃ​ជាមួយ​​ប្រទេស​អ៊ីស្រាអែល​នៅ​ពេល​នេះ?

ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ខែ​សោះ រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​បាន​និយាយ​បញ្ចុះបញ្ចូល ៣ប្រទេស​អារ៉ាប់ គឺ​អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និង​ស៊ូដង់​ឲ្យ​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​ប្រទេស​អ៊ីស្រាអែល។ បើ​តាម​លោក​ត្រាំ ចរន្ត​នៃ​ការ​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​រវាង​ប្រទេស​អារ៉ាប់​ជាមួយ​អ៊ីស្រាអែល​នឹង​មាន​ជា​បន្តបន្ទាប់​ទៀត​នា​ពេល​ខាង​មុខ។ នេះ​ពិត​ជា​ជោគជ័យ​ការទូត​មួយ​មិន​អាច​ប្រកែក​បាន​សម្រាប់​លោក​ត្រាំ ខណៈ​ដែល​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ខិត​ចូល​កាន់​តែ​ជិត និង​ដែល​លោក​ត្រាំ​បាន​ឈរ​ឈ្មោះ​មួយ​អាណត្តិ​ទៀត។ តើ​ម្ចាស់​ថ្មី​នៅ​សេតវិមាន​នឹង​បន្ត​មាន​ឈ្មោះ​ដូណាល់ ត្រាំ​ដដែល ឬ​មួយ​ក៏​អ្នក​ថ្មី​មាន​ឈ្មោះ​ចូ បៃដិន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ?។ យើង​ទុក​ចម្លើយ​ចំពោះ​សំណួរ​នេះ​នៅ​ក្រោយ​ថ្ងៃទី៣ វិច្ឆិកា​ដោយ​ងាក​មក​ចាប់​អារម្មណ៍​ពី​ការ​ចាប់​ដៃ​រវាង​ស៊ូដង់ និង​អ៊ីស្រាអែល។

បើ​ធៀប​នឹង​អេមីរ៉ាតអារ៉ាប់រួម និង​បារ៉ែន ការ​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​រវាង​ស៊ូដង់ និង​អ៊ីស្រាអែល​បាន​បំផុស​ឲ្យ​មាន​ប្រតិកម្ម​ពីរ​ផ្ទុយ​គ្នា​នៅ​ក្នុង​មជ្ឈដ្ឋាន​មហាជន​ស៊ូដង់។ អ្នក​ខ្លះ​យល់​ថា ការ​សម្រេច​របស់​រដ្ឋាភិបាល​ពិត​ជា​រឿង​ត្រឹមត្រូវ ព្រោះ​វា​អាច​ជួយ​ឲ្យ​ស៊ូដង់​ងើប​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច ពី​ភាព​ឯកោ និង​អនុញ្ញាត​ឲ្យ​ស៊ូដង់​ទទួល​បាន​កន្លែង​របស់​ខ្លួន​ជា​ថ្មី​នៅ​លើ​ឆាកអន្តរជាតិ។ ចំណែក​អ្នក​ខ្លះ​ទៀត​គិត​ថា ការ​សម្រេច​របស់​រដ្ឋាភិបាល​ជា​អំពើ​ក្បត់​នឹង​បុព្វហេតុ​អារ៉ាប់​ដែល​ការពារ​បុព្វហេតុ​ប្រជាជន​ប៉ាឡេស្ទីន។ លទ្ធផល​ស្ទង់មតិ​ធ្វើ​ឡើង​ក្នុង​ខែ​តុលា​ដោយ​មជ្ឈមណ្ឌល​អារ៉ាប់​ដើម្បី​ស្រាវជ្រាវ និង​នយោបាយ​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ប្រជាជន​ស៊ូដង់​ដែល​គេ​បាន​សួរ មាន​តែ ១៣% បាន​គាំទ្រ​លើ​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល និង​មាន​រហូត​ដល់ ៧៩% បាន​ប្រឆាំង។

គួរ​រម្លឹក​ថា តាំង​ពី​ទទួល​បាន​ឯករាជ្យ និង​ក្នុង​នាម​ជា​ប្រទេស​សមាជិក​ម្នាក់​នៃ​សម្ព័ន្ធអារ៉ាប់ ស៊ូដង់​តែង​ចេញ​មុខ​ប្រឆាំង​នឹង​អ៊ីស្រាអែល​រហូត​មិន​ចង់​ឃើញ​វត្តមាន​ទឹកដី​អ៊ីស្រាអែល​នៅ​លើ​ផែនទីពិភពលោក​ទៀត​ផង។ នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​សហរដ្ឋអាមេរិក​ក៏​ស៊ូដង់​បាន​ស្គាល់​ភាព​ចម្រូងចម្រាស់​ខ្លាំង​ក្នុង​អំណាច​របស់​លោក​អូម៉ារ អ៊ែលបេឆៀរ​រយៈពេល ៣០ឆ្នាំ​ដែល​ស៊ូដង់​បាន​ទទួល​ក្រុម​អ៊ីស្លាមនិយមជ្រុល​ឲ្យ​ជ្រកកោណ ពិសេស​មេ​អង្គការ​ភេរវនិយម​អាល់កៃដា​អូសាម៉ា បិនឡាដិន​ពី​ឆ្នាំ ១៩៩៣ ដល់​ឆ្នាំ ១៩៩៦ មុន​នឹង​បិនឡាដិន​ទៅ​បោះទីតាំង​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ ទង្វើ​របស់​លោក​អ៊ែលបេឆៀរ​ត្រូវ​បាន​អាមេរិក​ដាក់​ទណ្ឌកម្ម​ចាប់​ពី​ទសវត្ស ៩០ ដោយ​បញ្ចូល​ស៊ូដង់​ទៅ​ក្នុង​បញ្ជី​ប្រទេស​គាំទ្រ​ភេរវនិយម។

គេ​ត្រូវ​រង់​ចាំ​ដល់​ការ​ធ្លាក់​ពី​អំណាច​ផ្តាច់ការ​របស់​លោក​អ៊ែលបេឆៀរ​ក្នុង​ខែ​មេសា ឆ្នាំ ២០១៩​នៅ​ក្រោម​បាតុកម្ម​មហាជន​ទើប​អាមេរិក និង​ស៊ូដង់​បាន​ស្គាល់​ទំនាក់ទំនង​ធូរស្រាល​ឡើង​វិញ។ តែ​អ្វី​ដែល​ក្រុង​កាទូម​ចង់​បាន​លើស​ពី​ទំនាក់ទំនង​ធូរស្រាល​នោះ គឺ​ចង់​ឃើញ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ដក​ស៊ូដង់​ចេញ​ពី​បញ្ជី​ប្រទេស​គាំទ្រ​ភេរវនិយម។ ទណ្ឌកម្ម​អាមេរិក​មួយ​នេះ​បាន​ខ្ទប់​ដង្ហើម​សេដ្ឋកិច្ច​ស៊ូដង់​មក​ដល់​សព្វថ្ងៃ។ អតិផរណា​ប្រចាំ​ឆ្នាំ​កើន​លើស ២០០% ហើយ​លុយ​ស៊ូដង់​កំពុង​បន្ត​ដាំ​ក្បាល​ចុះ​ធៀប​នឹង​លុយ​ដុល្លារ​អាមេរិក។ មាន​ការ​លើក​ឡើង​ថា គឺ​ដោយសារ​គំនាប​សេដ្ឋកិច្ច​ដែល​ស៊ូដង់​បាន​បង្ខំ​ចិត្ត​យល់ព្រម​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​អ៊ីស្រាអែល​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សហរដ្ឋអាមេរិក។

ការ​លើក​ឡើង​នេះ​ប្រហែល​មិន​ខុស​ទេ ព្រោះ​ទន្ទឹម​នឹង​ការ​ប្រកាស​ដំណឹង​ពី​ការ​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​រវាង​ស៊ូដង់ និង​អ៊ីស្រាអែល លោក​ដូណាល់ ត្រាំ​ក៏​បាន​ប្រកាស​ពី​ការ​ដក​ស៊ូដង់​ចេញ​ពី​បញ្ជី​ប្រទេស​គាំទ្រ​ភេរវនិយម​នា​ពេល​ខាង​មុខ​ដែរ។ ចំណែក​អ៊ីស្រាអែល​វិញ នាយករដ្ឋមន្រ្តី​លោក​នេតាន់យ៉ាហ៊ូ​បាន​ប្រកាស​ពី​ការ​បញ្ជូន​ស្រូវសាឡី​ក្នុង​តម្លៃ ៥លានដុល្លារ​ទៅ​ឲ្យ​ស៊ូដង់ និង​បញ្ជាក់​ថា​នៅ​សប្តាហ៍​ខាង​មុខ កិច្ចចរចា​រវាង​ប្រទេស​ទាំង​ពីរ​នឹង​ចាប់​ផ្តើម​នៅ​ក្នុង​វិស័យ​ជា​ច្រើន ដូច​ជា​កសិកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច អាកាសចរណ៍ និង​អន្តោប្រវេសន៍។ ពិត​ណាស់ ស៊ូដង់​មិន​ភ្លេច​ពី​បុព្វហេតុ​អារ៉ាប់​ដើម្បី​ការពារ​បុព្វហេតុ​ប្រជាជន​ប៉ាឡេស្ទីន​ទេ។ តែ​ដើម្បី​អាច​បន្ត​ការពារ​បុព្វហេតុ​មួយ​នេះ​បាន ស៊ូដង់​មិន​អាច​បន្ត​រស់​នៅ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ដូច​សព្វថ្ងៃ​បាន​ទៀត​ឡើយ។ ចំណែក​ក្រុម​អ្នក​ជំនាញ​បាន​ស្នើ​រដ្ឋាភិបាល​អន្តរកាល​ស៊ូដង់​ឲ្យ​ស្វែង​រក​កុងសង់ស៊ុស​រួម​មួយ និង​ចៀសវាង​កុំ​ឲ្យ​មាន​ការ​បែកបាក់​ផ្ទៃក្នុង​កាន់​តែ​ខ្លាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI