អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិន​កំពុង​ធ្វើ​ឱ្យ​តម្លៃ​ផលិតផល​កសិកម្មឡើងថ្លៃ?

សំឡេង ០៣:៤២
ចិន​កំពុង​ធ្វើ​ឱ្យ​តម្លៃ​ធញ្ញជាតិ​ឡើង​ថ្លៃ
ចិន​កំពុង​ធ្វើ​ឱ្យ​តម្លៃ​ធញ្ញជាតិ​ឡើង​ថ្លៃ AFP/Archivos
ដោយ៖ អៀង សុខម៉ិញ
១៨ នាទី

ចិន​កំពុង​អង្រួន​ទីផ្សារ​ធញ្ញជាតិ។ ស្រូវ​សាលី ពោត សណ្តែក... នៅ​ពេល​នេះ ប៉េកាំងកំពុង​ប្រមូល​ទិញ​ធញ្ញជាតិ​ស្ទើរ​គ្រប់មុខ និង​ក្នុង​បរិមាណ​ច្រើន​មិនធ្លាប់​មាន​ទេពីមុនមក។ ជាលទ្ធផល​ តម្លៃ​ផលិតផល​កសិកម្មស្ទុះ​ឡើង​ តាំង​ពី​​តែ​ពី​ប៉ុន្មាន​ខែ​មក​ហើយ។

ផ្សាយពាណិជ្ជកម្ម

សម្រាប់អ្នក​វិភាគ​ក្នុង​វិស័យ​កសិកម្ម មានជា​ការិយាល័យ​វិភាគ Agritel ​ ស្ថានភាព​បច្ចុប្បន្ន​ពិត​ជា​ពុំ​ធ្លាប់​កើត​មាន​ពីមុន​មក​ទេ។ សេចក្តី​ត្រូវការ​របស់​ចិន​​ផ្នែក​ធញ្ញជាតិ​ មាន​ទំហំ​ធំ​ក្រៃ​ គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ណាស់។ តាម​ទម្លាប់​មក និង​ជា​ប្រពៃណី​ចិន​ត្រូវការ​ គ្រាប់​ធញ្ញជាតិ​ សណ្តែក​ខ្លាំងណាស់។ ក្នុង​មួយ​ឆ្នាំៗ ប៉េកាំង​ទិញសណ្តែក​ជាមធ្យម​ ៦០%​នៃផលិតផល​ពិភពលោក។ ប៉ុន្តែ​អ្វី​ដែល​ចម្លែក​និង​ថ្មី គឺ​ឆ្នាំ​នេះ ចិន​ក៏​ត្រូវការ​ទិញ ស្រូវសាលី ស្រូវ​អ័ក និង​ពោត​ ក្នុង​បរិមាណ​ដ៏​ច្រើន​លើសលុប​ដែរ។

​ជា​ឧទាហរណ៍​ជាក់ស្តែង ចិនដែល​​តាម​ធម្មតា​អាច​ដាំ​ដុះ​​​ពោត​បម្រើ​ទីផ្សារ​ក្នុង​ស្រុក​បាន​យ៉ាងគ្រប់គ្រាន់​នោះ ស្រាប់​តែ​បញ្ជា​ទិញ​ពោត​ពីបរទេស​ក្នុង​បរិមាណ​ជាង​២០លាន​តោន​ នៅ​ឆ្នាំនេះ។ អ្នកជំនាញ​ពិត​ជាងើយ​ឆ្ងល់​នឹង​ការ​ប្តូរផ្លាស់​ឥរិយាបថ​របស់​ចិន​យ៉ាង​ខ្លាំង និង​សាកល្បងកាត់យល់​ និងផ្តល់ការ​សន្និដ្ឋានផ្សេងៗ។ ប៉េកាំងទំនង​ជាត្រៀម​លក្ខណៈ​ជាមុន​ ខ្លាច​ស្ថានភាព​សុខភាពពិភពលោក​បង្ក​ឡើង​កូវីដ១៩ ទៅ​បង្អាក់​ប្រព័ន្ធ​ស្បៀងអាហារ។ ​ចិនទំនង​ប្រឹង​​បំពេញ​ជង្រុក​​ស្តុក​វិញ ព្រោះរវល់​មិន​បាន​ធ្វើ​​កាលពី​ដើមឆ្នាំ​។ កត្តា​មួយ​ទៀត​ គឺ​ចិន សកម្មភាព​ចិញ្ចឹម​សត្វជ្រូក​ ដែល​ងាប់​រាលកាលពី​ពីរឆ្នាំមុនដោយ​ជំងឺ​គ្រុនជ្រូកទំនងដល់​ពេ​ល​ត្រូវឡើងខ្លាំង ដូច្នេះ​ទើប​ត្រូវ​ការធញ្ញជាតិ​ច្រើន​សម្រាប់​ប្រើ​ជា​​ចំណីអាហារសត្វ។

ទោះ​ដោយ​ហេតុផលអ្វី ក៏​ឥទ្ធិពល​បាន​ស្តែងយ៉ាងជាក់ហើយ។ តាំង​ពី​ប៉ុន្មានខែ​ចុងក្រោយមក​​នេះ​ តម្លៃ​គ្រាប់​ធញ្ញជាតិ​ បាន​ឡើង​ក្រឺតៗ។ ​កត្តា​អាកាសធាតុ ភាព​រាំងស្ងួត បាន​ធ្វើ​ឱ្យ​ទិន្នផលកសិកម្ម​ ដាំដុះពោត​ សណ្តែក ស្រូវ​សាលី នៅ​អឺរ៉ុប អឺរ៉ុប​ខាងកើត ​និង​នៅ​អាមេរិក ធ្លាក់ និង​បាន​មក​ពង្រឹង​តម្លៃពោត​និង​ស្រូវ​សាលី ឱ្យ​នៅខ្ពស់​​ តាំង​ពី​​ប៉ុន្មាន​សប្តាហ៍មក​ហើយ។ ឥលូវ​ត្រូវ​មក​​ជួប​នឹង​តម្រូវការ​ដ៏​ធំធេង​របស់​ចិន​ទៀត តើ​ឱ្យ​តម្លៃ​អាច​ធ្លាក់​ចុះម្តេច​ទៅ​កើត។

ក្រៅ​ពីនេះ នៅ​មាន​​កត្តាមួយ​ទៀត ​ដែល​ចូល​រួមរក្សា​តម្លៃ​គ្រាប់​ធញ្ញជាតិឱ្យ​នៅ​ខ្ពស់​ គឺ​ឥរិយាបថ​របស់​កសិករ​ ផលិតករ​ស្រូវ​សាលី​រុស្ស៊ី។ កសិកររុស្ស៊ី​ភាគច្រើន សុខ​ចិត្ត​ស្តុក​ទុក​ទិន្នផល​ស្រូវ​សាលី​របស់​ខ្លួន ជា​ជាងបញ្ចេញ​​យក​ទៅ​លក់​នៅ​លើ​ផ្សារ​ ព្រោះ​ពេល​នេះ ដោយហេតុតែ​វិបត្តិ​ប្រេង​ឥន្ធនៈ​ប្រាក់​រូប្លរុស្ស៊ី​ធ្លាក់​​ថ្លៃ​ខ្លាំង។

តម្លៃស្រូវ​សាលី គ្រាប់ធញ្ញជាតិ​ឡើង​ថ្លៃ​មែន តែ​ទីផ្សារ​នេះ​មិនរងការ​គំរាមកំហែង​ខ្វះខាត​ ឬ​អស់​ទេ។ ថ្វីបើគ្រាប់​​ធញ្ញជាតិមាន​តម្លៃ​ខ្ពស់​មែន​ ប៉ុន្តែ​​មិនខ្ពស់​ជ្រុលហួសហេតុគួរ​ឱ្យ​ព្រួយ​បារម្ភ​ឡើយ។ វា​ស្ថិត​នៅ​ជា​តម្លៃមធ្យម​ បើគិត​ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​ចុងក្រោយមកនេះ។ គ្រាន់​តែ​ថា​សម្រាប់​ប្រទេស​ដែល​ធ្លាប់តែ​​នាំ​ចូល​ធញ្ញជាតិ​ច្រើនខ្លាំង​ ដូច​យ៉ាង​អេហ្ស៊ីប ឬ​អាល់ហ្សេរី ស្រូវ​សាលី​ឡើង​ថ្លៃ​​មិនមែន​ជា​ដំណឹង​ទេ ព្រោះពេល​នេះប្រទេស​កំពុង​ឆ្លងកាត់​​ដំណាក់កាលនៃ​សេដ្ឋកិច្ច​ដើរ​បន្ថយ​ល្បឿន និង​​ធ្លាក់​ចុះចំណូល​ព្រមទាំង​សមត្ថភាព​ចាយ​វាយ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ