ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បស្ចិមលោក បដិសេធសំណើលោកពូទីន ឲ្យស្តារឡើងវិញ សន្ធិសញ្ញាហាមប្រាមមីស៊ីលនុយក្លេអ៊ែរ នៅអឺរ៉ុប

សំឡេង ០៥:៥៥
ថ្ងៃទី​៦ តុលា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានស្នើទៅបក្សសម្ព័ន្ធអូតង់ ឲ្យទម្លាយ ចេញមកដូចគ្នា ព័ត៌មានស្តីអំពី សព្វាវុធណា ដែល នាំឲ្យម្ខាងៗ ព្រួយបារម្ភ។
ថ្ងៃទី​៦ តុលា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានស្នើទៅបក្សសម្ព័ន្ធអូតង់ ឲ្យទម្លាយ ចេញមកដូចគ្នា ព័ត៌មានស្តីអំពី សព្វាវុធណា ដែល នាំឲ្យម្ខាងៗ ព្រួយបារម្ភ។ Alexei Nikolsky/Kremlin Pool Photo via AP

ថ្ងៃទី​ ២៨ តុលា កន្លងទៅ ក្រសួងការបរទេសរុស្ស៊ី ចាត់ទុក ឥរិយាបថបស្ចិមលោក ដែលនាំគ្នាងាកចេញពី គំនិតផ្តួចផ្តើម បំផុសមកដោយលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទ ដើម សប្តាហ៏នេះ ទាក់ទងនឹង សន្ធិសញ្ញាហាមប្រាមមីស៊ីលនុយក្លេអ៊ែររយៈខ្លីនិងមធ្យម នៅអឺរ៉ុប ថា «គ្មាន ការទទួលខុសត្រូវ» ចំពោះសន្តិសុខ នៅ ទ្វីបនេះ។

ផ្សាយពាណិជ្ជកម្ម

ទោះយ៉ាងណាក្តី ក៏ការទូតរុស្ស៊ី  ត្រៀមពន្យល់បំភ្លឺយ៉ាង ក្បោះក្បាយអំពី ខ្លឹមសារគំនិតផ្តួចផ្តើមនេះ ទាំងអំពាវនាវ បស្ចិមលោកឲ្យជញ្ជឹងគិតដោយស៊ីជម្រៅជុំវិញ អត្ថន័យនៃសំណើ ប្រមុខរដ្ឋរុស្ស៊ី។ ម៉ូស្គូ ព្រួយកង្វល់ ដោយមកពី ក្រុងវ៉ាស៊ីនតោន ថ្លែងថ្ងៃទី​២៨ តុលាថា  ក្នុងករណីចាំបាច់ សហរដ្ឋអាមេរិក នឹង ពង្រាយជាថ្មី មីស៊ីលនុយក្លេអ៊ែររយៈខ្លីនិងមធ្យម នៅអឺរ៉ុប សម្រាប់ទប់នឹងរុស្ស៊ី ប៉ុន្តែតាមធាតុពិត មីស៊ីលបែបនេះ  ត្រូវការពេលតែ ប៉ុន្មាននាទីសោះ ដើម្បីហោះមកផ្ចាញ់ទឹកដីរុស្ស៊ីតែម្តង។ នៅពីមុខ គ្រោះថ្នាក់បែបនេះ តាមប្រសាសន៍លោក ពូទីន រុស្ស៊ី ពិតជានឹងពង្រាយដែរ នៅលើដែនដីខ្លួន មីស៊ីលបែបនេះ ដែលនឹងតម្រង់ទៅលើ ប្រទេសណានៅអឺរ៉ុបជាទី ដែលនឹងមាន មីស៊ីលអាមេរិកាំង ប្រចាំការ សម្រាប់ហោះចេញ មកវាយប្រហាររុស្ស៊ី។ 

ថ្ងៃទី​៦ តុលា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានស្នើទៅបក្សសម្ព័ន្ធអូតង់ ឲ្យទម្លាយ ចេញមកដូចគ្នា ព័ត៌មានស្តីអំពី សព្វាវុធណា ដែល នាំឲ្យម្ខាងៗ ព្រួយបារម្ភ។ ខ្លឹមសារសំណើលោកពូទីន គឺ ថា រុស្ស៊ី អនុញ្ញាតឲ្យ អូតង់ធ្វើអធិការកិច្ច នៅតាមទីតាំងយោធាទាំងឡាយរបស់ខ្លួន ដែលស្ថិតនៅក្នុងខេត្ត Kalinningrad ប៉ែងខាងលិចបង្អស់ របស់រុស្ស៊ីនៅជាប់នឹងព្រំដែនខាងកើតរបស់បក្សសម្ព័ន្ធនេះ ។ ពិតជា នៅលើដែនដីខេត្តរុស្ស៊ីនេះ ដែលមានដំឡើង មីស៊ីលធុន 9M729 ជាមីស៊ីលដែលបស្ចិមលោក ចាត់ទុកថា រំលោភលើ សន្ធិសញ្ញាមីស៊ីលនុយក្លេអ៊ែរអន្តរជាតិ International Nuclear Forces  ហៅកាត់ថា INF ដ្បិត ចម្ងាយហោះ របស់វា តាមបស្ចិមលោក គឺ ហួសពី ៥០០ គ.ម.។  

ជាថ្នូរ អូតង់ ត្រូវអនុញ្ញាតឲ្យ ពួក អ្នកឯកទេសរុស្ស៊ី ទៅធ្វើអធិការកិច្ចនៅតាមមូលដ្ឋានណា ដែលមានដំឡើងទីតាំងរបស់ សហរដ្ឋអាមេរិក នៅលើ ដែនដី ប៉ូឡូញ និង រូម៉ានី ក្រោម ឈ្មោះ ថា Mk-41 ដែលអាចបាញ់បង្ហោះមីស៊ីលធុន Aegis Ashore ដែល តាមមតិរុស្ស៊ី គឺបំពានលើ សន្ធិសញ្ញា INF ពីព្រោះ វាអាចបាញ់បង្ហោះមីស៊ីលបណ្តែត Cruise ធុន Tomahawk ទៅចម្ងាយ ដល់ ៥.៥០០ គ.ម. ដែលអាចលុកចូលជ្រៅមកក្នុងដែនដីរុស្ស៊ី  និង ដែល ហាមដោយសន្ធិសញ្ញានោះ។

ប៉ុន្តែ ក្រុង វ៉ាស៊ីនតោន អះអាងថា កម្មវិធី ដែល បំពាក់នៅនឹង ទីតាំង Mk-41 មិនអនុញ្ញាតឲ្យបង្ហោះមីស៊ីលបណ្តែត ឡើយ។ ម៉ូស្គូ ពីចំណែកខ្លួន មិនជឿឡើយលើ អំណះអំណាងនេះ ដ្បិតកម្មវិធីដែលបំពាក់លើទីតាំងនោះ អាចផ្លាស់ប្តូរតែក្នុងពេលដ៏ខ្លី សោះ។

លោកពូទីន ក៏ស្នើទៅអូតង់ ឲ្យប្រកាសដោយរួមជាមួយរុស្ស៊ី អំពី ការបំពេញដោយស្ម័គ្រចិត្ត តាមមាត្រានៃ សន្ធិសញ្ញា INF នៅអឺរ៉ុប គឺ កុំពង្រាយនៅទ្វីបនេះ អាវុធណាដែលបំពានលើ សន្ធិសញ្ញានេះ  បូកទាំង មីស៊ីលរុស្ស៊ីធុន 9M729 ។

ក្រោយពី រដ្ឋាភិបាលអាល្លឺម៉ង់ ប្រទេសមួយដែលនាំមុខ បក្សសម្ព័ន្ធអូតង់ ប្រកាសបដិសេធសំណើ លោក ពូទីន  ក្រសួងការបរទេសរុស្ស៊ី ថ្ងៃទី​ ២៨ តុលា បានចេញសេចក្តីថ្លែងការណ៍ ដែលលើកឡើង ជាអាទិ៍​៖

-បណ្តាប្រទេសដៃគូ នៅបស្ចិមលោក នាំគ្នា ងាកចេញពី ការខិតខំរបស់រុស្ស៊ី ផ្តល់ស្ថិរភាពដល់ ស្ថានការណ៍ នៅអឺរ៉ុប។ តាមពិត មេដឹកនាំរុស្ស៊ី ក្នុងសំណើខ្លួន អំពាវនាវ បស្ចិមលោកឲ្យតាក់តែងឡើងជា ឧបករណ៍ សម្រាប់ត្រួតពិនិត្យទៅវិញទៅមក។ ក្រុមប្រទេសដៃគូ របស់រុស្ស៊ី នៅឯលោកខាងលិច បែរទៅជានាំគ្នា ប្រកាន់ឥរិយាបថ ខ្វះជំនឿ លើសំណើនេះ របស់ក្រុងម៉ូស្គូ។ ជាអាទិ៍ ក្រុង Berlin ថ្លែងថា គំនិតផ្តួចផ្តើម បែបនេះ របស់រុស្ស៊ី «មិនស័ក្តិសមនឹងទុកចិត្តឡើយ»។

-នរណាដែលប៉ុនប៉ង ធ្វើថ្លង់ធ្វើខ្វាក់ ចំពោះសំណើលោកប្រធានាធិបតី ពូទីន ដែលប៉ុនប៉ង ងាកចេញពី សំណើនេះ គឺបង្ហាញឲ្យឃើញ« ឥរិយាបថគ្មានការទទួលខុសត្រូវទាល់តែសោះ»ចំពោះ សន្តិសុខទ្វីបអឺរ៉ុប​។

ការទូតរុស្ស៊ី បន្ថែមថា ៖ ភាពមធ្យ័តនៃសំណើដែលមានបន្លឺឡើង ទាមទារឲ្យធ្វើការសិក្សាយ៉ាងដិតដល់ បំផុត។ ជម្រៅនៃសំណើម៉ូស្គូ ទាមទារឲ្យជញ្ជឹងគិតរហូតដល់ឫសគល់។  សំណើដែលមាន ឆ្លុះឲ្យឃើញ ពី ការតាំងចិត្តរបស់ ថ្នាក់ដឹកនាំ សហព័ន្ធរុស្សី ស្វែងរកផ្លូវដើម្បី ផ្តល់ស្ថិរភាពដល់ស្ថានការណ៍យោធា-នយោបាយ នៅអឺរ៉ុប ដើម្បី កុំបណ្តោយឲ្យមានលេចចេញមកនៅទ្វីបនេះ ជា«វិបត្តិថ្មីនៃមីស៊ីល»។ សំណើលោកពូទីន ជា ជំហានឆ្ពោះទៅ បន្ធូរបន្ថយ ភាពតានតឹង បណ្តាលមកពី ការបញ្ឈប់ធរមានដៃ សន្ធិសញ្ញាហាមប្រាមមីស៊ីលរយៈខ្លី ដែលអាចបាញ់ ទៅ ចម្ងាយពី ៥០០ ដល់ ១.០០០ គ.ម. និង រយៈ មធ្យម ដែលអាចបាញ់បង្ហោះទៅ ចម្ងាយពី ១.០០១ គម ដល់ ៥.៥០០ គម។

អំពី សន្ធិសញ្ញា INF ៖

ឯកសារនេះ  ចុះនៅក្រុង វ៉ាស៊ីតោន ថ្ងៃទី៨ ខែធ្នូ ឆ្នាំ ១៩៨៧ ដោយ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Ronald  Reagan និង មេដឹកនាំសូវៀត លោក Mikhail Gorbachev ដោយបន្ទាប់មក វាចូលជាធរមាន គឺ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៨៨ ដើម្បីធានា ស្ថិរភាពយុទ្ធសាស្ត្រក្នុងលោក សម្រាប់ថិរវេលាឥតកំណត់។  ប៉ុន្តែ នៅខែសីហា ឆ្នាំ ២០១៩ សហរដ្ឋអាមេរិក  ក្រោមការដឹកនាំនៃលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាស ដកខ្លួនចេញពីសន្ធិសញ្ញានេះ ក្រោមលេសថា មានការរំលោភបំពានលើឯកសារនេះ ពីខាងរុស្ស៊ី -ប្រទេស បន្តកេរ្តិ៍ពី សហភាពសូវៀត។ រុស្ស៊ី ត្រូវក្រុង វ៉ាស៊ីតោន ចោទថា បានស្រាវជ្រាវ ផលិត ហើយបន្ទាប់មក សាកល្បង មីស៊ីលដែលហាមប្រាម ពោលគឺ មីស៊ីលធុន 9M729 ដែលតាមអំណះអំណាង សហរដ្ឋអាមេរិក គឺ អាច បាញ់បង្ហោះទៅចម្ងាយជាង ៥០០ គម ។ ម៉ូស្គូ ពី ចំណែកខ្លួន គូសបញ្ជាក់ថា វង់សកម្មមីស៊ីលនេះ អាច ប្រតិបត្តការ ទៅចម្ងាយ មិនដល់ ៥០០ គម ឡើយ​។

-ស្របនឹង សន្ធិសញ្ញានេះ គិតមកទល់ឆ្នាំ ១៩៩១  គូភាគី បានកម្ទេច ប្រព័ន្ធមីស៊ីល រយៈខ្លីនិងមធ្យម អស់ ប្រមាណ ២.៧០០ ប្រព័ន្ធ ដែលពីក្នុងនោះ សហភាពសូវៀត បានកម្ទេច អស់ ១.៨៤៦ ប្រព័ន្ធ ចំណែក សហរដ្ឋអាមេរិក បាន កម្ទេចអស់ ៨៤៦ ប្រព័ន្ធ។

-ម្ខាងៗ បានទទួលសិទ្ធិ ធ្វើ អធិការកិច្ច នៅតាមទីតាំងនៃ មីស៊ីលបែបនេះ របស់ភាគីម្ខាងទៀត ។

ក្នុងឆ្នាំ ២០១៩ អគ្គលេខាធិការ អូតង់ លោក Jens Stoltenberg បានថ្លែងថា បក្សសម្ព័ន្ធនេះ «គ្មានចេតនា រត់ប្រណាំងបំពាក់សព្វាវុធ» ទេ និងគ្មានគម្រោងពង្រាយមីស៊ីលខ្លួន ដែលមានទីតាំងលើដីគោក ឡើយ។

ក្នុងន័យជាទូទៅ បញ្ហាពាក់ព័ន្ធនឹង សន្ធិសញ្ញា INF គឺបណ្តាលមកពី “ វិបត្តិនៃជំនឿទុកចិត្តគ្នា” ។ គូភាគី ចេះតែមន្ទិលសង្ស័យទៅវិញទៅមក ក្នុងរឿងរំលោភបំពានលើសន្ធិសញ្ញា ប៉ុន្តែម្ខាងៗ មិនអាចបង្ហាញឡើយ ភស្តុតាងជាក់ស្តែងនៃ ការបំពាននោះ។ ចំណែក ការពន្យល់បំភ្លឺ របស់ម្ខាង មិនព្រមទទួលយកឡើយ ដោយ ម្ខាងទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI