ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិនផ្តើមយុទ្ធនាការធ្វើជំរឿនប្រជាជន ក្រោយពីបានបោះបង់នយោបាយកូនទោលក្នុងឆ្នាំ ២០១៥

សំឡេង ០៤:៥៨
ចិនផ្តើមយុទ្ធនាការធ្វើជំរឿនប្រជាជន ក្រោយពីបានបោះបង់នយោបាយកូនទោលក្នុងឆ្នាំ ២០១៥
ចិនផ្តើមយុទ្ធនាការធ្វើជំរឿនប្រជាជន ក្រោយពីបានបោះបង់នយោបាយកូនទោលក្នុងឆ្នាំ ២០១៥ AP - Andy Wong

ចិន​បាន​ផ្តើម​យុទ្ធនាការ​ធ្វើ​ជំរឿនប្រជាជន​ក្រោម​ទ្រង់ទ្រាយ​ធំ​ក្នុង​ឆ្នាំ ២០២០។ ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​គេ​ក្នុង​លោក ចិន​បាន​ធ្វើ​ជំរឿន​ប្រជាជន​នៅ​រៀងរាល់ ១០ឆ្នាំ​ម្តង។ ជំរឿន​ចុង​ក្រោយ​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ ២០១០ តែ​ជំរឿន​ឆ្នាំ ២០២០ នេះ​មាន​លក្ខណៈ​ពិសេស​ជាង​ឆ្នាំ ២០១០។ ជំរឿន​ឆ្នាំ ២០២០ ធ្វើ​ឡើង ក្រោយ​ពី​រដ្ឋាភិបាល​បាន​បោះបង់​ក្នុង​ឆ្នាំ ២០១៥ នូវ​នយោបាយ​កូនទោល ឬ​នយោបាយ​ដែល​គ្រួសារ​មួយ​អាច​មាន​កូន​តែ​ម្នាក់​គត់។ តើ​ក្នុង​រយៈពេល ១០ឆ្នាំ​កន្លង​ទៅ ចិន​ស្គាល់​កំណើន​ប្រជាជន​ប៉ុន្មាន​នាក់ និង​ថា តើ​ការ​បោះបង់​នយោបាយ​កូនទោល​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ចិន​ផលិត​កូន​បន្ថែម​ដែរ ឬ​ទេ?។

ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ថ្ងៃ​អាទិត្យ ទី១ វិច្ឆិកា ឆ្នាំ ២០២០ និង​មាន​រយៈពេល ២ខែ ភ្នាក់ងារ​រដ្ឋបាល និង​អ្នកស្ម័គ្រចិត្ត​សរុប​មាន​គ្នា​ប្រមាណ ៧លាននាក់​នឹង​ចុះ​ស្រង់​ចំនួន​ប្រជាជន​នៅ​គ្រប់​ទីកន្លែង​ទាំង​អស់​តាំង​ពី​ទីប្រជុំជន​រហូត​ដល់​ទី​ជនបទ​ដាច់ស្រយាល។ ទន្ទឹម​គ្នា​នេះ និង​ជា​លើកទី១ សម្រាប់​ជំរឿន​ឆ្នាំ ២០២០ គ្រួសារ​នីមួយៗ​ក៏​អាច​ផ្តល់​ទិន្នន័យ​តាម​រយៈ​កម្មវិធី​នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​បាន​ដែរ។ កម្មវត្ថុ​នៃ​ជំរឿន គឺ​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​យល់​កាន់​តែ​ប្រសើរ​អំពី​កំណើន​ប្រជាសាស្ត្រ និង​ការ​ផ្លាស់ទី​របស់​ប្រជាជន។ ម្យ៉ាងទៀត ជំរឿន​ក៏​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ថ្លឹងថ្លែង និង​បែងចែក​ត្រឹមត្រូវ​ពី​តម្រូវការ​ផ្នែក​អប់រំ សុខាភិបាល ដឹកជញ្ជូន ឬ​មួយ​ការងារ​នៅ​តាម​តំបន់​នីមួយៗ។ ការ​សិក្សា វិភាគ​លើ​លទ្ធផល​ជំរឿន​នឹង​ត្រូវ​ប្រើ​ពេល​ចំនួន ២ឆ្នាំ។ នៅ​ក្នុង​ប្រទេស​ចិន ជំរឿន​ប្រជាជន​ត្រូវ​បាន​រដ្ឋាភិបាល​រៀបចំ​ធ្វើ​នៅ​រៀង​រាល់ ១០ឆ្នាំ​ម្តង។ តែ​ជំរឿន​ឆ្នាំ ២០២០ មាន​លក្ខណៈ​ពិសេស បើ​ធៀប​នឹង​ជំរឿន​ឆ្នាំ ២០១០។

ជំរឿន​ឆ្នាំ ២០២០ មាន​លក្ខណៈ​ពិសេស​ព្រោះ​រដ្ឋាភិបាល​កំពុង​ត្រៀម​អុត​មើល​ថា តើ​ការ​បោះបង់​នយោបាយ​កូនទោល​ក្នុង​ឆ្នាំ ២០១៥ បាន​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​ប្រជាជន​ដែរ ឬ​ទេ ឬ​អាច​និយាយ​បែប​ផ្សេង​ថា បាន​ជំរុញ​ឲ្យ​ប្រជាជន​បង្កើត​កូន​បន្ថែម​ដែរ​ឬ​អត់?។ គួរ​រម្លឹក​ថា​នៅ​ដំណាច់​ទសវត្ស ៧០ និង​ដើម្បី​ទប់​កំណើន​ប្រជាជន រដ្ឋាភិបាល​បាន​កម្រិត​ឲ្យ​គ្រួសារ​មួយ​មាន​កូន​តែ​ម្នាក់​គត់​ដោយ​គ្មាន​សិទ្ធិ​តាម​រក​កូនស្រី បើ​បាន​កូនប្រុស ឬ​តាម​រក​កូនប្រុស បើ​បាន​កូនស្រី។ គេ​ត្រូវ​រង់​ចាំ​ដល់​ឆ្នាំ ២០១៥ ពោល​ខណៈ​ដែល​ប្រទេស​ប្រឈម​នឹង​កំណើន​មនុស្ស​ចាស់ និង​កង្វះ​កម្លាំង​ពលកម្ម​ទើប​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​គ្រួសារ​មួយ​អាច​មាន​កូន ២នាក់​បាន។

គិត​ត្រឹម​ឆ្នាំ ២០១០ ចិន​មាន​ប្រជាជន​ចំនួន ១ ៣៣៩ ៧២៤ ៨៥២នាក់ ពោល​កើន​ចំនួន ៥,៨៣% ឬ​ស្មើ​ជាង ៧៣លាននាក់ បើ​ធៀប​នឹង​ឆ្នាំ ២០០០។ ចុះ​នៅ​ឆ្នាំ ២០២០​នេះ តើ​ចិន​មាន​ចំនួន​ប្រជាជន​ប៉ុន្មាន​នាក់​ដែរ?។ បើ​តាម​ការ​ប៉ាន់ស្មាន​របស់​រដ្ឋាភិបាល គឺ​មាន​ប្រមាណ ១ ៤២០ ០០០ ០០០លាននាក់ ពោល​កើន​ប្រមាណ​តែ ៥,៩៩% ក្នុង​រយៈពេល ១០ឆ្នាំ​កន្លង​ទៅ។ ហេតុអ្វី​បាន​ជា​អនុញ្ញត​ឲ្យ​គ្រួសារ​មួយ​មាន​កូន​​ដល់​ទៅ ២នាក់​ហើយ បែរ​ជា​កំណើន​ប្រជាជន​នៅ​មាន​អត្រា​តិចតួច​ដដែល?។ តើ​គ្រួសារ​ចិន​មិន​ចាប់​អារម្មណ៍ និង​មិន​ខ្វាយខ្វល់​នឹង​បង្កើត​កូន​បន្ថែម​ឲ្យ​លើស​ពី​ម្នាក់ ឬ​យ៉ាង​ណា?។ គ្រួសារ​ចិន​ភាគ​ច្រើន​បាន​សារភាព​ដោយ​មិន​លាក់លៀម​នៅ​តាម​​បណ្តាញ​សង្គម​ថា មិនមែន​ពួក​គេ​មិន​ចង់​បង្កើត​កូន​បន្ថែម​ទេ។ តែ​មក​ពី​រដ្ឋ​មិន​ជួយ​ឧបត្ថម្ភ និង​គាំទ្រ​លើ​ការ​ចំណាយ​គ្រប់​បែប​យ៉ាង ពិសេស​ចំណាយ​លើ​ការ​សិក្សា រៀនសូត្រ​របស់​កូន។

« កុំ​ថា​ឡើយ​អនុញ្ញាត​ឲ្យ​មាន​កូន ២នាក់ សូម្បី​អនុញ្ញាត​ឲ្យ​មាន ១០នាក់​ក៏​គ្មាន​ប្រយោជន៏​អ្វី​ដែរ ដរាប​ណា​សង្គម​មិន​ស្វាគមន៍​ចំពោះ​ទារក​ទើប​កើត​ថ្មី និង​មិន​អើពើ​លើ​ការ​អប់រំ​កុមារ​នោះ » នេះ​ជា​ចំណាប់​អារម្មណ៍​របស់​ប្រជាជន​ចិន​ម្នាក់​នៅ​តាម​បណ្តាញសង្គម WeChat។ ហេតុអ្វី​បាន​ជា​នយោបាយ​អនុញ្ញាត​ឲ្យ​គ្រួសារ​មួយ​មាន​កូន ២នាក់​ចាប់​ពី​ឆ្នាំ ២០១៥ ទទួល​បាន​លទ្ធផល​ស្តួចស្តើង​ខ្លាំង​ម្ល៉េះ?។ ដោយ​រង់ចាំ​លទ្ធផល​ជំរឿន​ផ្លូវការ រដ្ឋាភិបាល​ព្យាយាម​មិន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទេ។ តែ​ក្រុម​អ្នកជំនាញ​បាន​យល់​ឃើញ​ថា ដើម្បី​ចង់​ដឹង​ពី​នយោបាយ​កូន ២នាក់​ហុច​លទ្ធផល​ជាក់ស្តែង​យ៉ាង​ម៉េច​នោះ គេ​ត្រូវ​រង់ចាំ​ការ​អនុវត្តន៍​ឲ្យ​បាន ១៥ឆ្នាំ​សិន។ ការ​ហ៊ាន​អះអាង​យ៉ាង​ដូច​នេះ​ដោយ​ក្រុម​អ្នកជំនាញ​សំអាង​លើ​កត្តា​ផ្សេង ពិសេស​ការ​ចំណាយ​ពេល​សិក្សា រៀនសូត្រ​ច្រើន​ឆ្នាំ​របស់​ស្រ្តី និង​ឆន្ទៈ​របស់​ស្រ្តី​ដែល​មិន​ទាន់​ចង់​បាន​កូន​ភ្លាមៗ​នៅ​ក្រោយ​រៀបការ។ ពិត​ណាស់ នយោបាយ​អនុញ្ញាត​ឲ្យ​មាន​កូន ២នាក់​របស់​រដ្ឋាភិបាល​នៅ​មិន​ទាន់​គ្រប់គ្រាន់​ដើម្បី​ជំរុញ​គ្រួសារ​ចិន​ឲ្យ​បង្កើត​កូន​បន្ថែម​ទេ។ នយោបាយ​មួយ​នេះ​នឹង​ត្រូវ​ចូលរួម​ដោយ​ខាន​មិន​បាន​នូវ​ការ​ផ្តល់​ប្រាក់ឧបត្ថម្ភ និង​ការ​គាំពារសង្គម​ចំពោះ​កុមារ​ដើម្បី​ជួយ​សម្រាល​ការ​ចំណាយ​របស់​គ្រួសារ។ បើ​មិន​ដូច្នោះ​ទេ ប្រជាជន​ចិន ពិសេស​អ្នក​មាន​ជីវភាព​ក្រីក្រ និង​មធ្យម​នឹង​មិន​បង្កើត​កូន​បន្ថែម​ឡើយ។

អ្វី​ដែល​ច្បាស់ ចំនួន​ប្រជាជន​ចិន​មាន​ការ​កើន​ឡើង​តិច ឬ​ច្រើន​ក្នុង​រយៈ​ពេល ១០ឆ្នាំ​កន្លង​ទៅ ហើយ​អ្វី​ដែល​រឹត​តែ​ច្បាស់ ចិន​នៅ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើ​លោក​បន្ត​ដោយ​ប្រទេស​ឥណ្ឌា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI