ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បោះឆ្នោត​អាមេរិក៖ មិនថា​លោកត្រាំឈ្នះ ឬ​លោកបៃដិន​ឈ្នះ ​នយោបាយអាមេរិក​ចំពោះចិន​អាច​នឹង​នៅតែ​តឹងរ៉ឹង?

សំឡេង ០៤:៣៩
ប្រធានាធិបតី​ចិន ស៊ី ជិនពិង និង​លោក​ដូណាល់ ត្រាំ រូបថត​ឆ្នាំ​២០១៧
ប្រធានាធិបតី​ចិន ស៊ី ជិនពិង និង​លោក​ដូណាល់ ត្រាំ រូបថត​ឆ្នាំ​២០១៧ AP - Andrew Harnik

ជា​ផ្លូវការ​ ប៉េកាំង​មិន​ខ្វល់​ខ្វាយ​ថា​នរណា មកពី​បក្ស​ណា​​ជាប្រធានាធិបតី​អាមេរិក​ទេ។ ប៉ុន្តែ​របប​​កុម្មុយនិស្ត​ចិន តែង​តែ​តាមដាន​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ខ្លាំងណាស់ និង​ឃ្លាំ​មើល​ការ​ស្ទង់​មតិ​មិន​របូត​ភ្នែក​ទេ។ មេដឹកនាំ​រដ្ឋាភិបាល​ចិន​ មិនបាន​បង្ហាញ​ជំហរ ​គាំទ្រ​បេក្ខជន​​​​រូប​ណាម្នាក់មែន ប៉ុន្តែ​បើ​លោក​ដូណាល់ ត្រាំ ជាប់​ឆ្នោត​ជា​ថ្មី នោះ​ចិន​នឹងអាច​មាន​ឱកាស​ជា​យុទ្ធ​សាស្ត្រ​ច្រើន។ 

ផ្សាយពាណិជ្ជកម្ម

ដូណាល់ ត្រាំ ឬ​ ចូ បៃដិន ? ​​ ជា​ផ្លូវការ​ចិន​​មិន​ខ្វល់​នឹង​ពណ៌​សំបុរនយោបាយ​របស់​មេដឹកនាំ​អាមេរិក​ឡើយ។ ចិន​ចង់​បាន​តែ​ទំនាក់ទំនង​ល្អ និង​ស្ងប់​ស្ងាត់​ជាមួយ​សហរដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​សំដី​របស់​លោក​អនុរដ្ឋមន្ត្រីក្រសួងការ​បរទេស​ចិន នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​កាលពី​សប្តាហ៍​មុន ដែល​បាន​អះអាង​ទៀត​ថា កាល​​អាមេរិក ស្ថិត​ក្រោម​ការ​ដឹកនាំរបស់ប្រធានាធិបតី​មក​ពី​​បក្ស​ប្រជាធិបតេយ្យទំនាក់ទំនងចិ​ន​អាមេរិក​​ក៏​មាន​ភាព​រកាំរកូសច្រើន​ដែរ។

​តាំង​ពី​ឆ្នាំ​២០១៦​មក ទំនាក់ទំនង​ទ្វេ​ភាគ​ចិន-អាមេរិក​ បាន​ធ្លាក់​ចុះ​ដុន​ដាប​យ៉ាង​ខ្លាំង​ ខ្លាំង​មិន​​ធ្លាប់​កើត​មានទេ​នា​រយៈ​ពេល​កន្លះ​សតវត្សរ៍​កន្លង​មកនេះ។ ដូច្នេះ​វា​ប្រាកដ​ណាស់​ដែល​ថា​ប៉េកាំង​ទន្ទឹង​រង់ចាំចង់​ដឹង​លទ្ធផល​បោះឆ្នោតប្រធានាធិបតី​​ថ្ងៃ​៣​វិច្ឆិកា​ដើម្បី​ត្រៀម​លក្ខណៈ​ប្រឈម​ ព្រោះ​ពេល​នេះ​ចង់​ឬ​មិន​ចង់ ចិន​បានក្លាយ​ជា​គូប្រជែង​​លេខ​១​របស់​អាមេរិកទៅហើយ។​

​រវាង​បេក្ខជន​ប្រធានាធិបតីអាមេរិក​ពីរ​រូប​ ដែល​ខុស​គ្នា​ទាំង​ស្ទីល​ ទាំង​នយោបាយ ប៉េកាំង​​​ប្រាកដ​ជា​ជ្រើសរើស​បុគ្គល​មាន​ជំហរ​តឹងរឹងខ្លាំងប្រឆាំង​ចិន តែ​អាច​ផ្តល់​ឱកាស​ឱ្យ​ចិន​បានបង្ហាញ​ខ្លួន​​ជា​មហា​អំណាច​ពិតៗ​ហើយ បើ​គិត​តាម​ផ្នែក​យុទ្ធ​សាស្ត្រ។

បន្ទាប់​ពី​ជួប​ភាព​តាន​តឹង​នឹងគ្នាយ៉ា​ងខ្លាំង ដោយ​ហេតុ​សង្គ្រាម​ពាណិជ្ជកម្ម​​ បន្ត​ដោយ​វិបត្តិ​កូរ៉ូណាវីរុស ជោគជ័យ​របស់​លោក ចូ បៃដិន ទំនង​ជាង​អាចពាំនាំ​មកនូវ​ភាព​ស្ងប់​ស្ងាត់​ និង​ផ្តល់​ឱកាសឱ្យ​ចិន​បាន​ដក​ដង្ហើម​ មិន​ខ្វល់នឹង​ទទួល​គំនាប​សេដ្ឋកិច្ច និង​វិធានការ​របស់​​រដ្ឋបាលត្រាំ។ ជា​ឱកាស​មាស​ដែល​អនុញ្ញាត​ឱ្យ​ប៉េកាំង​មាន​ពេល​ប្រមូល​កម្លាំង​ មាន​ពេល​​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យានិងយោធា​ដែល​ចិន​នៅ​យឺត​យ៉ាវ​ខ្លាំង។ នេះ​បើ​តាមអ្នក​​វិភាគ​នយោបាយ​ឯករាជ្យ​ លោក ចិន ទាវយីង។ លោកស៊ី ជិនពីង អាច​រំពឹង​លើ​ទំនាក់ទំនង​ដ៏​សិ្នទ្ធ​ស្នាល់​បែប​បុគ្គល​ ជាមួយ​លោក​ចូ ដៃដិន ដែល​កាលនៅ​ជាអនុប្រធានាធិបតី ធ្លាប់​ទទួល​បេសកកម្មចុះ​ទៅ​ផ្សាចំណង​មិត្ត​ភាព​ជាមួយ​អនុប្រធានាធិបតី​ចិនផ្ទាល់។

ប៉ុន្តែ​ការវិល​ត្រលប់​របស់​លោក ចូ បៃដិន​ អាច​ជាកាំបិត​មុខ​ពីរ វាយបកមកប្រឆាំង​នឹងចិនវិញ។ ​ប្រសិន​បើ​លោក​ចូ បៃដិន ជាប់​ឆ្នោត លោក​នឹង​ស្តារ​ទំនាក់ទំនង​​ជាមួយ​មិត្ត​ចាស់ (​​អឺរ៉ុប អូតង់ និង​អាស៊ី) ឡើង​វិញ។​ ការនេះ​មិន​ចំណេញ​ដល់​ចិនសោះ។

សម្ព័ន្ធ​ភាព គោលការណ៍​ពហុជាតិ​​ ត្រូវ​បាន​​រដ្ឋបាលលោកដូណាល់​ត្រាំ​បាន​ចោះ​បង់ចោល​។ ដោយ​ឈរ​លើ​គំនិត​ផ្តល់​​ប្រយោជន៍​ដល់​អាមេរិក​ជា​ចំបង​និង​តែម្នាក់ឯង សហរដ្ឋ​អាមេរិក​ក្រោម​អាណត្តិរបស់​លោកត្រាំ បានដើរ​ចេញ​ពី​ស្ថាប័ន​អង្គការ​អន្តរជាតិ​ធំៗ​របស់​អង្គការ​សហប្រជាជាតិ មាន​​ជាអាទិ៍ ​​អង្គការ​សុខភាព​ពិភពលោក​។ ទង្វើ​​​នេះ​បានបើក​ឱកាស​យ៉ាង​ខ្លាំង​ឱ្យ​ចិន បាន​ចេញ​មុខ​ចេញ​មាត់​។ ក្នុង​ទស្សនវិស័យ​បែប​នេះ ប្រសិន​បើ​លោក​ដូណាល់ ត្រាំ​ ជាប់​ឆ្នោត​ជា​ថ្មី លោកត្រាំ​ច្បាស់​ជា​នឹងមិន​ប្តូរ​ផ្លាស់​ជំហរនយោបាយ​ការបរទេស ដែល​គ្រប់​គ្នា​ពិបាកស្មាន ពិបាក​រត់​តាម​មែន ប៉ុន្តែ​ចិន​ពេញ​ចិត្ត​នឹងឃើញ​អាមេរិកមាន​ប្រធានាធិបតី​ដែលបង្ខូច​សណ្តាប់ធ្នាប់​អន្តរជាតិ​ ដែលធ្វើ​ក្រុម​បស្ចឹមលោក​ប្រេះឆា​​គ្នា​រហូត តាមរយៈ​នយោបាយ America first។ នេះ​បើ​តាម​ការ​វិភាគ​របស់​អ្នកជំនាញ​នយោបាយ​ចិន Philippe Le Corre នៅ​សកលវិទ្យាល័យ Harvard Kennedy School សហរដ្ឋ​អាមេរិក ដែល​បាន​បញ្ជាក់ទៀត​ថា កាលពី​ខែ​ឧសភា នាយកនិពន្ធ​កាសែត Global Times កាសែត​របស់​បក្ស​កុម្មុយនិស្ត​ចិន​ជា​ភាសា​អង់គ្លេស​បាន​សរសេរសារ​ទ្វីត​ ​ថា អាជ្ញាធរ​មិន​អាចបង្ហាញជំហរ​​ជា​សាធារណៈ​ទេ តែ​ចិន​ចង់​ឃើញ​លោកត្រាំជាប់​ឆ្នោត​ជា​ថ្មី ដើម្បី​ឱ្យ​អាមេរិក​នៅ​ដាច់​តែឯង ហើយ​ពិភពលោក​ទាំង​មូល​​ស្អប់​ និង​ដើម្បីបាន​ការ​​រួបរួមជាមួយ​​ចិន។

លើ​វិស័យ​សេដ្ឋកិច្ច​វិញ ​ប្រសិន​បើ​លោក​បៃដិន​ជាប់​ឆ្នោត ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​នេះ ពិត​ជា​មិន​សើរើវិធានការរបស់​លោកត្រាំជុំ​វិញ​ការ​​ដំឡើងពន្ធនាំ​ចូល និង​វិវាទផ្នែក​​បច្ចេកវិទ្យាដែល​ចិន​រង​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ​ឡើយ។ ហើយ​ជា​ចុងក្រោយ ដែល​ចិន​អំពល់ក្នុង​ចិត្ត​ចិន​ខ្លាំងបំផុតនោះ គឺ​តាមទម្លាប់​អ្នកប្រជាធិបតេយ្យ​ តឹង​តែង​រឿង​សិទ្ធមនុស្ស​ខ្លាំង​ជាង​អ្នក​សាធារណរដ្ឋ​ណាស់។ លោក ដូណាល់ ត្រាំ បាន​រិះគន់​ចិន​រឿង​ជំរំ​លត់ដំ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ នៅ​ស៊ីងជាំង និង​ការ​បង្ក្រាប​របស់​ប៉ូលិស​ហុងកុង​លើ​បាតុករមែន តែ​មិនបានភ្ជាប់​ទៅ​នឹង​សំណុំ​រឿង​ជម្លោះ​ទ្វេភាគី​ទេ។ ប៉ុន្តែ​ប្រសិន​បើ​ជា​លោក​បៃដិន​វិញ អាមេរិក​ពិត​ជាមិន​កំរិត​ត្រឹមការរិះគន់​តែ​មាត់ តែ​គ្មាន​សកម្មភាព​នយោបាយ​ពិតៗ​នោះ​ឡើយ។

ទោះ​ប្រធានាធិបតី​អាមេរិក​ថ្មី​ ជា​លោកត្រាំ​ក៏​ដោយ ជា​លោក បៃដិន​ ក៏​ដោយ ក៏​ចិន​របស់លោកស៊ី ជិនពីង ត្រូវ​​តទល់​ ដើម្បី​សម្រេចកម្មវត្ថុ​តែមួយ ក្លាយ​ជាមហា​ប្រទេស​ថ្មី​ មាន​គំរូ​នយោបាយ​ផ្តាច់ការ​ មាន​​សេដ្ឋកិច្ច​រំពឹង​លើ​ទីផ្សារ​ផ្ទៃក្នុង និង​កម្លាំងការពារ​ព្រំដែន​ តាមបែប​នយោបាយ​ជាតិ​និយម​ពិតៗ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI