ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ពិភពលោកនិង​ការប្រឈមនឹងភាពអត់ការងារធ្វើយូរអង្វែងនាពេលអនាគត

សំឡេង ០៤:២២
បញ្ហា​អត់ការងារធ្វើ​ជា​បញ្ហាប្រឈម​កាន់តែ​ធ្ងន់​ដោយ​វិបត្តិកូវីដ
បញ្ហា​អត់ការងារធ្វើ​ជា​បញ្ហាប្រឈម​កាន់តែ​ធ្ងន់​ដោយ​វិបត្តិកូវីដ GETTY IMAGES NORTH AMERICA/AFP/File

អំឡុងមួយទសវត្សរ៍ចុងក្រោយ ភាពអត់ការងារធ្វើ របស់ប្រជាជនពិភពលោកក្នុងចំនួនយ៉ាងច្រើន បានក្លាយជាបញ្ហាប្រឈមរួចស្រេចស្រាប់ ទាំងក្នុងបណ្ដាប្រទេសជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍ។ ក៏ប៉ុន្តែ វិបត្តិជំងឺរាតត្បាតសកលកូវីដ១៩ បានធ្វើឱ្យ​បញ្ហានេះក្លាយជាបញ្ហាប្រឈមយូរអង្វែង នាពេលអនាគត។ វិស័យដែល​ត្រូវប្រឈមនឹងការបាត់បង់ការងារខ្លាំង រួមមាន វិស័យឧស្សាហកម្មផលិត វិស័យដឹកជញ្ចូន វិស័យទេសចរណ៍ និងពាណិជ្ជកម្មលក់រាយ។ ផ្ទុយទៅវិញ វិស័យហិរញ្ញវត្ថុ វិស័យសុខាភិបាល និងវិស័យបច្ចេកវិទ្យា ស្ថិតក្នុងវិស័យដែលអាចមានពន្លឺរីកចម្រើន។

ផ្សាយពាណិជ្ជកម្ម

ប្រសិន​បើយើង​ក្រឡេកមើល​ទៅគ្រប់​ទីកន្លែង​ជុំវិញ​ពិភពលោក បញ្ហាទីផ្សារការងារ ឬបញ្ហាអត់ការងារធ្វើរបស់ប្រជាជនក្នុងចំនួនយ៉ាងច្រើន ​នឹង​ក្លាយជា​បញ្ហាប្រឈមយ៉ាង​ចម្បង នាពេល​អនាគត។ ទំនោរនៃភាពអត់ការងារធ្វើក្នុងរយៈពេលយូរអង្វែង បានកើតឡើងក្នុងបណ្ដាប្រទេសយ៉ាងច្រើនលើពិភពលោក មិនថាប្រទេសជឿនលឿន ឬប្រទេសកំពុងអភិវឌ្ឍ។

ជាការពិត បញ្ហាអត់ការងារធ្វើ មិន​មែនជាបញ្ហាថ្មីនោះទេ ពោលគឺពិភពលោកត្រូវប្រឈមបញ្ហានេះ តាំងពីមិនទាន់មានវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩។ ពលរដ្ឋមានចំណូលមធ្យម បាន​ប្រឈមនឹងបញ្ហាប្រាក់ចំណូលរបស់ខ្លួនជាប់គាំង ជាពិសេស ពលរដ្ឋភាគច្រើននៅក្នុងប្រទេសជឿនលឿន លើកលែងប្រទេសមួយចំនួន ឧទាហរណ៍ ប្រទេសស៊ុយអែត និងប្រទេសសិង្ហបុរី។ ក្នុងទីផ្សារការងារពិភពលោក ការងារភាគច្រើនត្រូវបង្កើតឡើង ក្នុងវិស័យដែលទាមទារជំនាញបច្ចេកទេសកម្រិតទាប និងកម្រិតខ្ពស់។ ផ្ទុយទៅវិញ ការងារមិនសូវមានច្រើនដូចពីមុន សម្រាប់វិស័យដែលទាមទារជំនាញបច្ចេកទេសមធ្យម។ ដូច្នេះ ពលរដ្ឋដែលមានជំនាញបច្ចេកទេសមធ្យមត្រូវប្រឈមនឹងបញ្ហាធ្លាក់ចុះប្រាក់ចំណូលខ្លួនកាន់តែខ្លាំង។

អំឡុងវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩ ការរក្សាគម្លាតសុវត្ថិភាពឆ្ងាយពីគ្នា និងគោលការណ៍ណែនាំសង្គម និងច្បាប់ថ្មីផ្សេងៗ ត្រូវដាក់ចេញឱ្យអនុវត្ត។ ពិភពលោកទំនងត្រូវបន្ដរស់នៅជាមួយវិធានការទាំងនេះបន្តទៀត នៅរាប់ឆ្នាំខាងមុខ។ ជាក់ស្ដែង ប្រភេទការងារយ៉ាងច្រើនត្រូវប្រឈមបាត់បង់ និងជំនួសដោយ ពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) និងការធ្វើការងារពីចម្ងាយ។ ផ្អែកតាមអ្នកជំនាញ ប្រឈមនឹងបញ្ហានេះ ពិភពលោកអាចមានទាំងដំណឹងអាក្រក់ និងដំណឹងល្អ៖

ដំណឹងអាក្រក់

សម្រាប់ដំណឹងអាក្រក់ ពិភពលោកនឹងត្រូវបន្ដប្រឈមនឹងបញ្ហាទីផ្សារការងារ ឬបញ្ហាអត់ការងារធ្វើសម្រាប់មនុស្សក្នុងចំនួនយ៉ាងច្រើន នៅប៉ុន្មានឆ្នាំបន្ទាប់ ឬក៏អាចយូរជាងនេះ។ ជំងឺកូវីដ១៩ ស្ថិតក្នុងដំណាក់កាលឆ្ងាយនៅឡើយពីស្ថានភាពល្អប្រសើរទាំងស្រុង។ ពិភពលោកនៅមិនទាន់រកឃើញថ្នាំវ៉ាក់សាំង ដើម្បីដោះស្រាយវិបត្តិជំងឺនេះឱ្យ​​ឆាប់រហ័ស។ វាអាចលឿនពេកក្នុងការនិយាយអំពីលទ្ធភាពដែល​វ៉ាក់សាំងអាចមានប្រសិទ្ធិភាពល្អ តួយ៉ាង មនុស្សចាស់។ វ៉ាក់សាំងក៏មិនប្រាកដថាមានចំនួនច្រើនគ្រប់គ្រាន់ សម្រាប់មនុស្សគ្រប់គ្នាលើពិភពលោក។ ដូច្នេះ យើងអាចរំពឹងដល់​ លទ្ធភាពដែល​សេដ្ឋកិច្ចពិភពលោកងើបឡើងវិញយឺតៗ និងលទ្ធភាពដែលការបិទប្រទេសអាច​កើតមានឡើងច្រើនដងទៀត ក្នុងប្រទេសនានា។

ដំណឹងល្អ

សម្រាប់ដំណឹងល្អ ប្រសិនបើប្រទេសណាអាចមានសមត្ថភាពគ្រប់គ្រងវិបត្តិជំងឺកូវីដ១៩ នុ៎ះប្រទេសទាំងនោះទំនងជាអាចគ្រប់គ្រងបញ្ហាអត់ការងារធ្វើបាន ក្នុងកម្រិតមួយល្អប្រសើរ។ ជាក់ស្ដែង ក្នុងប្រទេសអាល្លឺម៉ង់ និងប្រទេសសិង្ហបុរី។ ត្បិតជាប្រទេសមួយដែលមានប្រជាជនច្រើន អាល្លឺម៉ង់បានអនុវត្តនូវវិធានការសេដ្ឋកិច្ចបានយ៉ាងល្អ ប្រឈមទល់នឹងវិបត្តិជំងឺកូវីដ១៩។ រដ្ឋាភិបាលអាល្លឺម៉ង់ បានកាត់បន្ថយអត្រាអ្នកគ្មានការងារធ្វើបានយ៉ាងច្រើន។ វិធានការទល់នឹងវិបត្តិនេះ ត្រូវបានសាទរដោយពិភពលោកទាំងមូល ខណៈបណ្ដាប្រទេសអឺរ៉ុបផ្សេងទៀតបានបន្តអនុវត្តដើរតាមប្រទេសអាល្លឺម៉ង់។

គួររំលឹកផងដែរថា អំឡុងប្រឈមវិបត្តិហិរញ្ញវត្ថុពិភពលោក កាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០០៩ អាល្លឺម៉ង់ មានកំណត់ត្រាល្អរួចទៅហើយ ដោយរដ្ឋាភិបាលបានដាក់ចេញនូវវិធានការផ្សេងៗ ដើម្បីចៀសវាងការបាត់បង់ការងារធ្វើរបស់ពលរដ្ឋអាល្លឺម៉ង់ ក្នុងទំហំមួយយ៉ាងច្រើន។ អំឡុងពេលនោះ រដ្ឋាភិបាលអាល្លឺម៉ង់បានផ្តល់ថវិកាជំនួយ ទៅឱ្យពលរដ្ឋអាល្លឺម៉ង់ភាគច្រើន ដែលបានផ្អាកធ្វើការងារជាបណ្ដោះអាសន្ន ជាជាងអនុញ្ញាតឱ្យពួកគេត្រូវបញ្ឈប់ពីការងារដោយក្រុមហ៊ុន។ គួរបញ្ជាក់ផងដែរ វិធានការទាំងនេះ មិនបានកាត់បន្ថយផលអវិជ្ជមានពីវិបត្តិសេដ្ឋកិច្ចទាំងស្រុងនោះទេ ប៉ុន្តែ យ៉ាងហោចណាស់ វាក៏បានបង្ការកុំឱ្យចំនួនអ្នកអត់ការងារធ្វើកើនឡើងជ្រុលខ្លាំងពេក។

សរុបជារួម វិបត្តិជំងឺរាតត្បាតសកលកូវីដ១៩ បានធ្វើឱ្យបញ្ហាប្រឈមរួចស្រេចស្រាប់ ពោលគឺភាពអត់ការងារធ្វើ របស់ប្រជាជនពិភពលោកក្នុងចំនួនយ៉ាងច្រើន ក្លាយជាបញ្ហាប្រឈមយូរអង្វែង នាពេលអនាគត។ វិស័យដែលត្រូវប្រឈមនឹងការបាត់បង់ការងារខ្លាំង រួមមាន វិស័យឧស្សាហកម្មផលិត វិស័យដឹកជញ្ចូន វិស័យទេសចរណ៍ និងពាណិជ្ជកម្មលក់រាយ។ ផ្ទុយទៅវិញ វិស័យហិរញ្ញវត្ថុ វិស័យសុខាភិបាល និងវិស័យបច្ចេកវិទ្យា ស្ថិតក្នុងវិស័យដែលអាចមានពន្លឺរីកចម្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI