ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ៖ អាស៊ីបោះជំហានទៅមុខ អាមេរិកបានត្រឹមឈរមើល

សំឡេង ០៤:៤១
ពិធី​ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី RCEP ថ្ងៃទី១៥ វិច្ឆិកា ២០២០
ពិធី​ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី RCEP ថ្ងៃទី១៥ វិច្ឆិកា ២០២០ © Dr.

កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី ដែល​អាស៊ាន និង​ប្រទេស​ដៃគូ​បាន​ចុះហត្ថលេខា​ កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ពហុភាគី​លើកទីមួយ ដែល​មាន​វត្តមាន​ចិន ហើយ​ក៏​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​លើកទីមួយ​ដែរ ដែល​ប្រមូលផ្តុំ​​​មហាអំណាច​សេដ្ឋកិច្ច​​​​អាស៊ី​ទាំង​៣ នៅ​ជាមួយគ្នា គឺ ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង។ សម្រាប់​ចិន នេះ​គឺ​ជា​ជោគជ័យ​ដ៏​ធំមួយ នៅ​ក្នុង​ពេល​ដែល​អាមេរិក ដែល​ជា​គូប្រជែង​ ត្រូវ​អវត្តមាន។

ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី ដែល​ហៅកាត់​តាម​ភាសា​អង់គ្លេស​ថា “អាសិប” (RCEP) ថ្វីដ្បិតតែ​​​មិនសូវ​ស៊ីជម្រៅ​ដូច​កិច្ចព្រមព្រៀង​​​មួយទៀត គឺ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វិក ដោយផ្តោត​អាទិភាព​​តែ​ទៅលើ​ផ្នែក​ពន្ធ​គយ ចំណែក​​វិសាលភាព​ក៏​តូច​ជាង​ការ​គ្រោងទុក ដោយសារ​តែ​ឥណ្ឌា​បាន​ដកខ្លួន​ចេញ ក៏ប៉ុន្តែ ទោះជា​យ៉ាងណា វានៅតែ​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​​ធំជាងគេ​​បំផុតនៅលើ​ពិភពលោក ហើយ​ក៏​ជា​តំបន់ពាណិជ្ជកម្ម​សេរី​ដ៏​មាន​សក្តានុពល​ខ្ពស់​ផងដែរ បើ​គេ​មើល​ទៅ​លើ​ផលិតផល​ក្នុងស្រុកសរុប ចំនួន​ប្រជាជន និង​ជាពិសេស អត្រា​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ជា​សមាជិក។

សម្រាប់​តំបន់​អាស៊ី នេះ​គឺ​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​លើកដំបូង​បង្អស់ ដែល​រួមបញ្ចូល​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង ៣​ នៅ​អាស៊ី គឺ​ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ហើយ​បើ​តាម​មើល​ទៅ គឺ​ប្រទេស​ទាំង ៣​នេះ ដែល​នឹង​អាច​ទាញ​យក​ផលប្រយោជន៍​សេដ្ឋកិច្ច​ពី​កិច្ចព្រមព្រៀង​នេះ​បាន​ច្រើន​ជាង​គេ។

ក៏ប៉ុន្តែ សារៈសំខាន់​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ មិនមែន​មាន​តែ​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​មួយ​នោះទេ ដោយ​គេ​ក៏​ត្រូវ​សំឡឹង​មើល​ទៅលើ​ជ្រុង​មួយ​ទៀត​ផងដែរ គឺ​ខាង​ផ្នែក​ការទូត និង​ភូមិសាស្ត្រ​នយោបាយ ហើយ​នៅត្រង់​ចំណុច​នេះ គេ​គួរ​ផ្តោត​ទៅលើ​តួអង្គ​សំខាន់​ចំនួន​ ៣ គឺ​អាស៊ាន ចិន និង​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ RCEP នេះ ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង គឺ​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច ក៏ប៉ុន្តែ អ្នក​ដែល​បាន​ដើរតួនាទី​ស្នូល ក្នុង​ការ​​ជំរុញ​ឲ្យ​កិច្ចព្រមព្រៀង​នេះ​បាន​ចេញ​ជា​រូបរាង​ឡើង​នៅពេល​នេះ គឺ​អាស៊ាន។ អាស៊ាន គឺ​ជា​អ្នក​ផ្តួចផ្តើម​គំនិត​ ហើយ​តាមរយៈយន្តការ​អាស៊ាន​បូក​ប្រទេស​ដៃគូ ដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ត្រូវ​បាន​គេ​ចរចា រហូត​​ទទួល​ជោគជ័យ​ឈាន​ដល់​ការ​ចុះហត្ថលេខា​ ហើយ​​ការ​ចុះហត្ថលេខា​​នេះ​ទៀត​សោត ក៏​ធ្វើ​ឡើង​ផងដែរ នៅ​ក្នុង​ក្របខណ្ឌ​នៃ​ជំនួបកំពូល​អាស៊ាន។

ដូច្នេះ ជោគជ័យ​ក្នុងការ​ផ្តួចផ្តើម​គំនិត សម្របសម្រួល ប្រមែរប្រមូល​ប្រទេស ដែល​ខ្លះ​មើលមុខគ្នា​មិន​សូវ​ចំ​ផង ដូចជា ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ជាដើម ឲ្យ​មក​រួមគ្នា​បង្កើត​បាន​​ជា​កិច្ចព្រមព្រៀង​​​ពាណិជ្ជកម្ម​សេរី​ដ៏​ធំបំផុត​នៅលើ​ពិភពលោក​​បែបនេះ គឺ​វា​ប្រាកដ​ណាស់​ថា នឹង​អាច​លើកមុខលើកមាត់​អាស៊ាន នៅ​លើ​ឆាក​អន្តរជាតិ។ ជោគជ័យ​របស់​អាស៊ាន នៅ​ក្នុង​វិស័យ​ការទូត​ពាណិជ្ជកម្ម​សេរី នៅពេលនេះ កើតឡើង នៅ​ក្នុង​បរិបទ​ភូមិសាស្រ្ត​នយោបាយ​ដ៏​សំខាន់​មួយទៀត គឺ​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក ដែល​ធ្វើឡើង នៅ​ក្នុង​យន្តការ​ប្រហាក់ប្រហែល​គ្នា គឺ​យន្តការ​អាស៊ាន​បូកដៃគូ ហើយ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​អាស៊ាន​​មាន​តួនាទី​​រឹតតែ​សំខាន់​នៅ​ក្នុង​តំបន់។

និយាយ​ដល់​ចំណុច​នេះ គេ​ប្រាកដ​ជា​ត្រូវ​កត់សម្គាល់​ អំពី​ចំណុច​សំខាន់​មួយ គឺ​អវត្តមាន​របស់​អាមេរិក ពី​តំបន់​ពាណិជ្ជកម្មសេរី​អាស៊ី។

តាមការពិត កាល​ពីដំបូង អាមេរិក​​ចង់​យក​កិច្ចព្រមព្រៀង​​​មួយទៀត ដែល​គ្របដណ្តប់​តំបន់​អាស៊ី​ដែរ ដើម្បី​ប្រជែង​ជាមួយ​ចិន គឺ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តរ​ប៉ាស៊ីហ្វិក។ ក៏ប៉ុន្តែ អាមេរិក​បាន​ដក​ខ្លួន​ចេញ​ទៅវិញ ក្រោយ​លោក​ដូណាល់ ត្រាំ ជាប់ឆ្នោត​ជា​ប្រធានាធិបតី ហើយ​​ក្រោយ​ការ​ដកខ្លួន​របស់​អាមេរិក ​ប្រទេស​ដែល​នៅ​សេសសល់​ក៏​បាន​បន្ត​ចរចា ​រហូត​អាច​ឈាន​ទៅ​​​ចុះ​កិច្ចព្រមព្រៀង​ដោយ​គ្មាន​អាមេរិក។ ​នៅទីបំផុត​ទៅ អាមេរិក​ក៏​ត្រូវ​ស្ថិត​នៅ​ក្រៅ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​សំខាន់​ទាំងពីរ ដែល​គ្រប​ដណ្តប់​តំបន់​​អាស៊ី ដែល​គេ​ចាត់ទុក​ជា​តំបន់​ដ៏​សំខាន់​បំផុត​មួយ ទាំង​ខាង​ផ្នែក​សេដ្ឋកិច្ច និង​ខាង​ភូមិសាស្ត្រ​នយោបាយ នៅ​ក្នុង​សតវត្សរ៍​ទី២១​នេះ។

សម្រាប់​ចិន អវត្តមាន​របស់​អាមេរិក គឺ​ជា​ដំណឹង​ល្អ​មួយ ពីព្រោះ ដូចដែល​យើង​ដឹង​ស្រាប់ហើយ​ថា នៅ​ក្នុងរយៈពេល​ជាច្រើន​ឆ្នាំ​កន្លងទៅនេះ ចិន ដែល​​​​ព្យាយាម​ពង្រីក​ឥទ្ធិពល នៅ​ក្នុង​តំបន់​អាស៊ី ​ជា​រឿយៗ ​ត្រូវ​ប្រឈម​ជាមួយ​នឹង​អាមេរិក ដែល​ចូល​មក​ប្រជែង​ឥទ្ធិពល​ជាមួយ​ចិន នៅ​ក្នុង​តំបន់។

តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី RCEP ​នេះ ចិន​អាច​យកប្រៀប​លើ​អាមេរិក​បាន​មួយ​ជំហាន គឺ​ចិន​អាច​មាន​យន្តការ​មួយ ក្នុងការ​​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាស៊ាន ក៏ដូចជា​ប្រទេស​ដៃគូ​ផ្សេងទៀត ហើយ​ដែល​អាច​បើក​ផ្លូវ​ឲ្យ​ចិន​បង្កើន​ឥទ្ធិពល​សេដ្ឋកិច្ច និង​នយោបាយ ដោយ​គ្មាន​អាមេរិក​មករារាំង។

តាមការពិត​ទៅ បើទោះ​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ ​នៅមិនទាន់​អាច​អនុវត្ត​បាន​ភ្លាមៗ​ ក៏ប៉ុន្តែ សម្រាប់​ចិន ត្រឹមតែ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុននេះ គឺ​អាច​រាប់​ថា​ជា​ជោគជ័យ​ខាង​ផ្នែក​ការទូត​ដ៏​សំខាន់​មួយ​រួចទៅហើយ ដោយ​វា​ជា​ឱកាស​មួយ​អាច​ឲ្យ​ចិន​លើកមុខមាត់​ជា​ជើងឯក​ខាង​ពាណិជ្ជកម្មសេរី និង​កិច្ចសហប្រតិបត្តិការ​ពហុភាគី ក្នុងពេល​ដែល​អាមេរិក តាមរយៈ​នយោបាយ America First របស់​លោក​ដូណាល់ ត្រាំ​ ត្រូវ​ថមថយ​ឥទ្ធិពល​​ ដោយ​បាន​ដកខ្លួន​ចេញ​ពី​យន្តការពហុភាគី និង​ធ្វើ​ខ្លួន​ជា​សត្រូវ​នឹង​ពាណិជ្ជកម្ម​សេរី​​ស្ទើរតែ​ជាប់​ជា​ប្រចាំ ក្នុងរយៈពេល ៤ឆ្នាំ​កន្លងទៅ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI