ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើកងកម្ម៉ង់ដូអ៊ីស្រាអែលជាអ្នកសម្លាប់មេទី២ របស់អង្គការអាល់កៃដានៅក្នុងទឹកដីអ៊ីរ៉ង់?

សំឡេង ០៤:៤៧
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ AP - ABIR SULTAN /POOL

កាល​ពី​ថ្ងៃ​សុក្រ ទី១៣ វិច្ឆិកា កាសែត « New York Times » បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មួយ​ដែល​បញ្ជាក់​ថា មេទី២ របស់​អង្គការ​ភេរវនិយម​អាល់កៃដា​ឈ្មោះ​អាប៊ូ ម៉ូហាម៉េដ អាល់ ម៉ាស៊្រី​ត្រូវ​បាន​កងកម្ម៉ង់អ៊ីស្រាអែល​សម្លាប់​នៅ​ក្នុង​ទឹកដី​អ៊ីរ៉ង់​ក្នុង​ខែ​សីហា​កន្លង​ទៅ។ តាម « New York Times » ដដែល គឺ​រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​ជា​អ្នក​បញ្ជា​ឲ្យ​កងកម្ម៉ង់ដូ​អ៊ីស្រាអែល​សម្លាប់​អាប់ឌូឡា អាម៉េដ អាប់ឌូឡា។ ក៏​ប៉ុន្តែ អ៊ីស្រាអែល និង​សហរដ្ឋអាមេរិក​មិន​បាន​បញ្ជាក់​លើ​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ « New York Times » ទេ។ ចំណែក​អ៊ីរ៉ង់​បាន​បរិហារ​លើ​ព័ត៌មាន​របស់ « New York Times » ដោយ​ចាត់​ទុក​ជា​ព័ត៌មាន​ប្រឌិត។ តើ​អាប់ឌូឡា អាម៉េដ អាប់ឌូឡា​ជា​នរណា និង​ថា អ្វី​ទៅ​ជា​ការ​ពិត​ជុំវិញ​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត « New York Times »?។

ផ្សាយពាណិជ្ជកម្ម

កើត​ក្នុង​ឆ្នាំ ១៩៦៣ អាប៊ូ ម៉ូហាម៉េដ អាល់ ម៉ាស៊្រី​មាន​ឈ្មោះ​ពិត​អាប់ឌូឡា អាម៉េដ អាប់ឌូឡា។ មុន​នឹង​ក្លាយ​ជា​មេកើយទី២ របស់​អាល់កៃដា អាប់ឌូឡា អាម៉េដ អាប់ឌូឡា​ជា​មនុស្សជំនិត​របស់​មេកើយ​អាល់កៃដា​អ៊ូសាម៉ា បិនឡាដិន។ បន្ទាប់​មក អាប់ឌូឡា អាម៉េដ អាប់ឌូឡា​បាន​ក្លាយ​ជា​ដន្លង​របស់​បិនឡាដិន​ដោយ​បាន​រៀបការ​កូនស្រី​ឈ្មោះ​មៀរីយ៉ាម​ជាមួយ​កូនប្រុសសំណប់ចិត្ត​របស់​បិនឡាដិន​ឈ្មោះ​ហាំហ្សា បិនឡាដិន។ ក្រោយ​មហា​ភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១ នៅ​សហរដ្ឋអាមេរិក បិនឡាដិន​រួម​ទាំង​ថ្នាក់ដឹកនាំ​អាល់កៃដា​គ្រាក់ៗ​មួយ​ចំនួន​បាន​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​នៃ​ការ​តាម​ចាប់​ខ្លួន​របស់​រដ្ឋបាល​អាមេរិក។ ក្នុង​ឆ្នាំ ១៩៩៨ ស្ថានទូត​អាមេរិក​ក្នុង​ប្រទេស​កេនយ៉ា និង​ប្រទេស​តង់ហ្សានី​បាន​រង​ការ​វាយប្រហារ​ភេរវកម្ម​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ២២៤នាក់ និង​របួស​ជាង ៥ ០០០នាក់។

កាលណោះ សហរដ្ឋអាមេរិក​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​អង្គការ​ភេរវនិយម​អាល់កៃដា និង​បាន​ចោទ​អាប់ឌូឡា អាម៉េដ អាប់ឌូឡា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​នោះ។ ក្រសួង​ស៊ើបការណ៍សម្ងាត់​អាមេរិក FBI បាន​ប្រកាស​ផ្តល់​ប្រាក់រង្វាន់​ចំនួន ១០លានដុល្លារ​ដល់​ជន​ណា​ដែល​អាច​ផ្តល់​ព័ត៌មាន​ឈាន​ទៅ​សម្លាប់ ឬ​ទៅ​ចាប់​អាប់ឌូឡា អាម៉េដ អាប់ឌូឡា​បាន​ទាំង​រស់។ បន្ទាប់​ពី​បាន​បាត់​ដំណឹង​សូន្យ​ឈឹង​មួយ​រយៈពេល​ធំ​មក ដំណឹង​មរណៈភាព​អាប់ឌូឡា អាម៉េដ អាប់ឌូឡា និង​កូនស្រី​មៀរីយ៉ាម​ត្រូវ​បាន​ប្រកាស​ដោយ​កាសែត​អាមេរិក « New York Times » ក្នុង​ថ្ងៃ​សុក្រ ទី១៣ វិច្ឆិកា។ កាសែត « New York Times » ដែល​ដក​ស្រង់​ប្រភព​ពី​ក្រសួង​ស៊ើបការណ៍សម្ងាត់​អាមេរិក​បាន​ឲ្យ​ដឹង​ទៀត​ថា អាប់ឌូឡា អាម៉េដ អាប់ឌូឡា និង​មៀរីយ៉ាម​ត្រូវ​បាន​បុរស​កម្ម៉ង់ដូ​ជិះម៉ូតូ​ចំនួន ២នាក់​បាញ់​សម្លាប់​កាល​ពី​ថ្ងៃទី៧ សីហា​កន្លង​ទៅ​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់។

តាម​កាសែត​អាមេរិក « New York Times » ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់​អ៊ីស្រាអែល​បាន​សហការណ៍​យ៉ាង​ជិតស្និត​ជាមួយ​ក្រសួង​ស៊ើបការណ៍សម្ងាត់​អាមេរិក FBI ហើយ​កងកម្ម៉ង់ដូ​ទាំង ២នាក់​ប្រហែល​ជា​ភ្នាក់ងារ​របស់​អ៊ីស្រាអែល​ដែល​ទទួល​បញ្ជា​ពី FBI។ គួរ​បញ្ជាក់​ថា ការ​សម្លាប់​អាប់ឌូឡា អាម៉េដ អាប់ឌូឡា​បាន​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​ខួបកំណើត​នៃ​ការ​វាយប្រហារ​លើ​ស្ថានទូតអាមេរិក​នៅ​កេនយ៉ា និង​តង់ហ្សានី​កាល​ពី ២២ឆ្នាំ​មុន។ តែ​ភាគី​ពាក់ព័ន្ធ​ផ្ទាល់ ពិសេស​អ៊ីស្រាអែល សហរដ្ឋអាមេរិក និង​អង្គការ​អាល់កៃដា​មិន​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទាំង​អស់​លើ​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ដោយ​កាសែត New York Times ពេល​នេះ។ ចំណែក​អ៊ីរ៉ង់​តាម​រយៈ​ក្រសួង​ការបរទេស​បាន​ចេញ​មុខ​បរិហារ​ដោយ​ចាត់​ទុក​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ New York Times ជា​ព័ត៌មាន​ប្រឌិត និង​បញ្ជាក់​ថា គ្មាន​វត្តមាន​ថ្នាក់ដឹកនាំ​អាល់កៃដា​ណា​ម្នាក់​នៅ​លើ​ទឹកដី​អ៊ីរ៉ង់​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​អាមេរិក New York Times បាន​បំផុស​ឲ្យ​មាន​សំណួរ​មួយ​ចំនួន។

អ្វី​ទៅ​ជា​ទំនាក់ទំនង​រវាង​អ៊ីរ៉ង់​និកាយ​ឈីអ៊ីត និង​អង្គការ​អាល់កៃដា​និកាយ​ស៊ុយនីត តើ​អ៊ីស្រាអែល​ពិត​ជា​អ្នក​សម្លាប់​អាប់ឌូឡា អាម៉េដ អាប់ឌូឡា​មែន ឬ ឬ​មួយ​ក៏​ថា ហេតុអ្វី​បាន​ជា​រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​មិន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទាំង​អស់​មក​ទល់​ពេល​នេះ។ តាម​ពិត​ទៅ វត្តមាន​អាប់ឌូឡា អាម៉េដ អាប់ឌូឡា រួម​ទាំង​ថ្នាក់ដឹកនាំ​អាល់កៃដា​ផ្សេង​ទៀត​នៅ​អ៊ីរ៉ង់​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ។ ខណៈ​ដែល​អាមេរិក​តាម​ប្រម៉ាញ់​ពួក​អាល់កៃដា​នៅ​អាហ្វហ្កានីស្ថាន​ចាប់​ពី​ខែ​ធ្នូ ឆ្នាំ ២០០១ ពួក​អាល់កៃដា​បាន​រំដោះ​ក្រុម​គ្រួសារ​ទៅ​កាន់​អ៊ីរ៉ង់ និង​មាន​សមាជិក​ខ្លះ​របស់​អាល់កៃដា ដូច​រូប​អាប់ឌូឡា អាម៉េដ អាប់ឌូឡា​ក៏​បាន​រត់​ទៅ​អ៊ីរ៉ង់​ដែរ នេះ​បើ​យោង​តាម​ឯកសារ​ដែល​ទ័ពអាមេរិក​រឹបអូស​បាន​នា​ឱកាស​ប្រតិបត្តិការ​សម្លាប់​បិនឡាដិន​ក្នុង​ទឹកដី​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃទី២ ឧសភា ឆ្នាំ ២០១១។

ចំណែក​រឿង​អ៊ីស្រាអែល​ប្រើ​ភ្នាក់ងារសម្ងាត់​របស់​ខ្លួន​ទៅ​ធ្វើ​ប្រតិបត្តិការ ឬ​ទៅ​សម្លាប់​ជន​ណា​ម្នាក់​នៅ​ក្នុង​ទឹកដី​សត្រូវ ពិសេស​នៅ​អ៊ីរ៉ង់​ក៏​មិនមែន​ជា​រឿង​ថ្មី​ដែរ។ រីឯ​វិធីសាស្រ្ត​ជិះ​ម៉ូតូ​បាញ់​សម្លាប់​ក៏​អ៊ីស្រាអែល​ធ្លាប់​បាន​ប្រើ​សម្លាប់​អ្នកវិទ្យាសាស្រ្ត​អ៊ីរ៉ង់ ៤នាក់​ដែល​ស្រាវជ្រាវ​ផ្នែក​នុយក្លេអ៊ែរ​នៅ​ចន្លោះ​ឆ្នាំ ២០១០ និង ២០១២។ គ្រាន់​តែ​ថា​ជា​ផ្លូវការ រដ្ឋាភិបាល​អ៊ីស្រាអែល​កម្រ​នឹង​បញ្ជាក់​លើ​ព័ត៌មាន​បែក​ធ្លាយ​របៀប​ហ្នឹង ហើយ​ក៏​មិន​បញ្ជាក់​ពី​វត្តមាន​កម្លាំងពិសេស​ដែល​ចូល​ទៅ​ប្រតិបត្តិការ​នៅ​លើ​ទឹកដី​សត្រូវ។ រឿង​អ៊ីស្រាអែល​មិន​និយាយ​អាច​ជា​រឿង​មួយ​ធម្មតា។ អ្វី​ដែល​ហាក់​មិន​ធម្មតា គឺ​ការ​គ្មាន​ប្រតិកម្ម​ពី​រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​ដែល​កំពុង​ប្រឈម​មុខ​ខ្លាំង​នឹង​អ៊ីរ៉ង់។ មាន​ការ​យល់​ស្រប​ដូច​គ្នា​ថា គួរ​ណាស់​តែ​ដំណឹង​សម្លាប់​បាន​មេទី២ អាល់កៃដា​នៅ​អ៊ីរ៉ង់​ក្នុង​ថ្ងៃទី៧ សីហា​ជា​ប្រធានរឿង​ដែល​លោក​ត្រាំ​ប្រើ​នៅ​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ផង និង​ជា​ភស្តុតាង​បន្ថែម​ដើម្បី​ចោទ​អ៊ីរ៉ង់​ពី​បទ​ឃុបឃិត​ជាមួយ​អង្គការ​ភេរវនិយម​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI